ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ នឹង​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវ៉ូស​ប្រទេស​ស្វីស


រូបឯកសារ​៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូពាណិជ្ជកម្មអាមេរិក នៅក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។
រូបឯកសារ​៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូពាណិជ្ជកម្មអាមេរិក នៅក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន​ នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ទៅចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​នៅ​ទីក្រុង​ដាវ៉ូស​ប្រទេស​ស្វីស ទីដែល​លោកនឹង​ដឹកនំាកម្មវិធីមួយ​ចំនួន​ដើម្បី​ជំរុញ​សកម្ម​ភាព​ជំនួញ​បរទេស​នៅកម្ពុជា​។

​បើតាមទីភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា​ (AKP) ដែលជា​អង្គភាព​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជាបាន​ឲ្យដឹង​ថា​ លោក​ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ានប្តូរ​វេន​ផងនោះ​ នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកាប្រចាំ​ឆ្នាំ​នោះ​ តប​ទៅ​តាម​ការ​អញ្ជើញ​របស់​ស្ថាបនិក​ និង​ ជា​ប្រធាន​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​គឺ​លោក​សាស្ត្រាចារ្យ​ Klaus Schwab​។

អំឡុង​ពេល​ដំណើរ​ការ​នៃវេទិកា​សាកលនោះ​ លោក​ហ៊ុន សែន នឹង​ផ្តល់​ការ​កត់​សម្គាល់​នៅ​ក្នុង​ពិធី​បិទបញ្ចប់​នៃ​កិច្ចពិភាក្សា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ ក្រោម​ប្រធានបទ៖ «​ទស្សនវិស័យ​យុទ្ធសាស្ត្រ​លើ​អាស៊ាន​» និង​នៅ​ក្នុង​កម្ម​វិធី​អាហារ​ការងារ​ថ្ងៃត្រង់​ក្រៅ​ផ្លូវ​ការ​ជាមួយថ្នាក់​ដឹកនាំ​សេដ្ឋកិច្ច​ពិភពលោក​ ក្រោម​ប្រធាន​បទ​«ការស្តារ​សន្តិ​ភាព​ និងសណ្តាប់​ធ្នាប់​ឡើងវិញ​»។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​កម្ពុជា​ចេញផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​។

ក្រសួង​ការ​បរទេស​កម្ពុជា​បានបញ្ជាក់​ឱ្យដឹង​ទៀត​ថា​ ក្នុង​ឱកាស​ស្នាក់​នៅ​ប្រទេស​ស្វីស​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ «រាត្រីកម្ពុជា​» (Cambodia Night) ដែល​ជា​ព្រឹត្តិការណ៍រៀប​ចំ​ដោយ​ក្រុម​ហ៊ុន វើលដ៏​ ប្រ៊ីជ​ គ្រុប​ (WorldBridge Group) ក្នុង​គោលបំណង​ដើម្បីលើក​ស្ទួយ​ធុរកិច្ច​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទី​ក្រុងដាវ៉ូស​ ប្រទេស​ស្វីស​ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​គឺចាប់ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃ២៦ ខែឧសភា​ ឆ្នាំ​២០២២​ ដោយ​មាន​មេដឹកនាំប្រទេស​ ​និងអ្នក​ជំនាញជាង​២០០០នាក់​ចូលរួម​។ នេះបើតាម​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters​៕

XS
SM
MD
LG