ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តម​ស្នងការ​អ.ស.ប.​និង​អង្គការ​សង្គម​ស៊ីវិល​ថា ការលុប​អាជ្ញា​បណ្ណ​វីអូឌី​បំពាន​ច្បាប់​ស្តីពី​របប​សារព័ត៌មាន


ការិយាល័យ​វីអូឌី កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃបិទ​ការផ្សាយ​ តាម​បញ្ជា​របស់​រដ្ឋាភិបាល ។ (ស៊ុន ណារិន/វីអូអេ)
ការិយាល័យ​វីអូឌី កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃបិទ​ការផ្សាយ​ តាម​បញ្ជា​របស់​រដ្ឋាភិបាល ។ (ស៊ុន ណារិន/វីអូអេ)

មន្រ្តី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ ​និង​អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចាត់​ទុក​ថា​ ការ​ដក​អាជ្ញា​បណ្ណ​សារ​ព័ត៌មាន​វីអូឌី​មិន​បាន​អនុលោម​ទៅ​តាម​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន ​និង​ចាត់​ទុក​ការកំណត់​ឱសានវាទ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ជា​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​មួយ។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ពួក​គេ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​កាល​ពី​ថ្ងៃ​ចន្ទ​ លោក ​Volker Türk​ ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ថ្លែង​ថា ​លោក​មាន​ការ​ភ្ញាក់​ផ្អើល ​និង​ព្រួយ​បារម្ភ​ចំពោះ​ការ​ដក​អាជ្ញា​បណ្ណ​វីអូឌី។​

រូបឯកសារ៖ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) លោក Volker Turk ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) លោក Volker Turk ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ថា ​សេចក្តី​សម្រេច​នេះ​ហាក់​ដូចជា​ការ​សម្រេច​ចិត្ត​ដោយ​បំពាន ​ដោយ​សារតែ​ការ​សម្រេច​ចិត្ត​នេះ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ហ្មត់ចត់ ​និង​តម្លា​ភាព ​ដូចមាន​ចែង​ក្នុង​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​របស់​ប្រទេស​កម្ពុជា ​ហើយ​ខកខាន​ក្នុង​ការ​បំពេញ​នូវ​លក្ខខណ្ឌ​ភាព​ស្របច្បាប់ ​ភាព​ចាំបាច់ ​និង​សមាមាត្រ​ដែល​តម្រូវ​ដោយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​ចំពោះ​ការ​រឹត​បន្តឹង​នានា​មក​លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ»។​

លោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​នូវ​សេចក្តី​សម្រេច​នេះ​ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ​សម្រាប់​បុគ្គល​ទាំង​អស់​គ្នា ​និង​ធានា​ឱ្យ​មាន​បរិយាកាស​អំណោយ​ផល​សម្រាប់​សង្គម​ស៊ីវិល ​រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ផង​ដែរ។​

លោក ​ណុប វី ​នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​ហៅ​កាត់​ថា​ ខេម​បូចា ​ថ្លែង​ថា​ ការ​ដក​អាជ្ញា​បណ្ណ​នេះ​បង្ហាញ​ថា ​សេរីសារព័ត៌មាន​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ។ ​លោក​ស្នើ​ទៅក្រសួង​ព័ត៌មាននិង​រដ្ឋា​ភិបាល​អនុវត្ត​ច្បាប់​ស្តីពី​របប​សារព័ត៌​មាន​ឱ្យ​បាន​ត្រឹមត្រូវ​ មុន​នឹង​ការ​ដក​អាជ្ញា​បណ្ណ។​

លោក​ថ្លែង​ថា៖ ​«តាម​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​គឺ​ថា​ សម្តេច​[នាយក​រដ្ឋមន្រ្តី]​ក៏​គួរ​តែ​ផ្តល់​ពេល​វេលា​ឱ្យ​ទៅ​តាម​ខ្លឹមសារ​នៃ​ច្បាប់ដែរ​ ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​យើង​មាន​ពេល​១​សប្តាហ៍​ ក្នុង​ការ​កែ​តម្រូវ ​មុន​ពេល​ដែល​មាន​ការ​ប្តឹង​ផ្តល់ ​ឬ​ក៏មាន​ការ​សម្រច​ឈាន​ទៅ​ដក​អាជ្ញាបណ្ណ។ ​នេះ​ជា​ចំណុច​មួយ​សំខាន់​ណាស់ ​ហើយ​យើង​ទទូច​ស្នើ​សុំ​ឱ្យ​រាជ​រដ្ឋាភិបាល​ធ្វើយ៉ាង​ណា​ពិនិត្យ ​និង​អនុវត្ត​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ដែល​យើង​មាន​ជាធរមាន​ហ្នឹង ​ដើម្បី​ផ្តល់នូវ​ការ​គាំពារ ​ក៏ដូច​គាំទ្រ​ចំពោះ​ការ​អនុវត្ត​ការ​ងារ​របស់​អ្នក​សារ​ព័ត៌មាន»។​

លោក​ ណុប​ វី​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ ខេមបូចា​ ចូល​រួម​សិក្ខាសាលា​បង្កើត​បណ្តាញ​អ្នកកាសែត​ស្ត្រី​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ២០២១។ (រូប​ថត​ដោយ​ មុំ​ សុផុន​ អ្នក​ថតរូប​មិន​ជាប់​កិច្ចសន្យា)
លោក​ ណុប​ វី​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ ខេមបូចា​ ចូល​រួម​សិក្ខាសាលា​បង្កើត​បណ្តាញ​អ្នកកាសែត​ស្ត្រី​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ២០២១។ (រូប​ថត​ដោយ​ មុំ​ សុផុន​ អ្នក​ថតរូប​មិន​ជាប់​កិច្ចសន្យា)

លោក​បន្ថែម​ថា៖ ​«ជា​ធម្មតា​លក្ខណៈ​ដែល​ជា​ការ​ប្រកប​វិជ្ជាជីវៈ​ អ្នក​សារព័ត៌មាន​ដែល​មាន​វិជ្ជា​ជីវៈ​ខ្ពស់​ គេត្រូវ​តែ​មាន​ការ​កែ​តម្រូវ​ហើយ​ប្រសិន​បើ​អត្ថបទ​ហ្នឹង​មាន​ការ​ខុស​ឆ្គង។ ​ហើយ​យើង​ក៏​បាន​ឃើញ​ដែរ​ថា​ វីអូឌី​ក៏​បាន​បន្ថែម​នៅ​ក្នុង​ការ​កែ​តម្រូវ​របស់​ខ្លួន​ដែរ​ ដោយ​សារ​តែ​យើង​ឃើញថា​ យើង​មាន​ចំណុច​ខ្វះ​ខាត​តិច​តួច​នៅ​ក្នុង​អត្ថបទ​ហ្នឹង​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ការ​ខ្វះ​ខាត​តិច​តួច​នេះ​ក៏​វា​មិន​ឈាន​ទៅ​ដល់​ការ​ដក​អាជ្ញា​បណ្ណ​ហ្នឹង​ដែរ»។​

កាលពី​ថ្ងៃ​ចន្ទ ​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ ដោយ​លុប​ចោល​អាជ្ញា​បណ្ណ​របស់​វីអូឌី ​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​អត្ថបទ​ថា​ លោក​ហ៊ុន ម៉ាណែតចុះ​ហត្ថ​លេខា​ផ្តល់​ជំនួយ​ ១០០.០០០ ដុល្លារ​ដល់​ប្រទេស​តួក​គី ​ក្នុង​គ្រោះ​រញ្ជួយដី។​ ​លោក​ហ៊ុន សែន​បាន​ទាមទារ​ឱ្យ​ស្ថាប័ន​មួយ​នេះ​សុំទោស​ជា​សាធារណៈ។​

​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​ ​វីអូឌី​«រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស ​និង​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​មិន​ព្រម​ធ្វើ​ការ​កែ​សម្រួល​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន»។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ ចុះ​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ ​អង្គការ​សមាគមចំនួន​៩៣​ស្ថាប័ន​បាន​ប្រតិកម្ម​នឹង​ការ​ដក​អាជ្ញាបណ្ណ​នេះ។ ​ពួកគេ​បញ្ជាក់​ថា៖​ «ការ​កំណត់​ឱសានវាទ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បង្ហាញ​ពី​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​ និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ទាំង​អស់​នៅ​កម្ពុជា។ ​កម្ពុជា​មាន​ច្បាប់​ដែល​មាន​ស្រាប់​សម្រាប់​ដោះ​ស្រាយចំពោះ​ការ​សម្រង់​សម្តី ​ឬ​អង្គ​ហេតុ​មិន​ត្រឹម​ត្រូវ ​នៅ​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​មួយ»។​

ពួកគេ​បាន​លើក​យក​មាត្រា​១០​នៃ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​នៅ​កម្ពុជា ​ដែល​ចែង​ថា​ មនុស្ស​មាន​សិទ្ធិ​ទាម​ទារ​ឱ្យ​មាន​ការ​កែ​តម្រូវ ​និង​ការ​ឆ្លើយ​តប​ពី​អ្នក​ផ្សាយ​ព័ត៌មាន​នៅ​ពេល​ដែល​ពួក​គេ​យល់​ថា ​សេចក្តី​ថ្លែង​ការណ៍​មួយ​មិន​ត្រឹម​ត្រូវ​ ហើយ​អ្នកផ្សាយ​ព័ត៌មាន​ត្រូវ​ឆ្លើយ​តប​ក្នុង​រយៈ​ពេល​៧​ថ្ងៃ។ ​ពួក​គេ​ក៏​មាន​សិទ្ធិ​ផង​ដែរ​ក្នុង​ការ​ប្តឹង​ទៅ​តុលាការ​ពី​បទ​បរិហារ​កេរ្តិ៍ ​និង​បទ​មួល​បង្កាច់។​

លោក ​ប៉ែន បូណា ​រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន ​ប្រាប់​វីអូអេ​ថា​ ការ​ដក​អាជ្ញា​បណ្ណ​នេះ ​ដោយសារ​អត្ថបទ​របស់​សារ​ព័ត៌មាន​មួយ​នេះ​ប៉ះពាល់​ស្ថិរភាព​នយោបាយ​ធ្ងន់ធ្ងរ​ ហើយ​វីអូឌី​មិន​បាន​កែ​តម្រូវ​អត្ថបទ​របស់​ខ្លួន​ភ្លាមៗ។​

រូបឯកសារ៖ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និង​ជានិពន្ធនាយក​នៃ​ទូរទស្សន៍​ PNN ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មានក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និង​ជានិពន្ធនាយក​នៃ​ទូរទស្សន៍​ PNN ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មានក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​បញ្ជាក់​ថា៖​ «រាជ​រដ្ឋាភិបាល​ចាត់​ទុក​ថា​ ជា​ការ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្ថិរ​ភាព​នយោបាយ ​ស្ថិរភាព​របស់​ប្រទេស​ក្នុង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល។ ​អ៊ីចឹង​បាន​ទាមទារ​ឱ្យ​វីអូឌី​កែ​តម្រូវ​ព័ត៌មាន​ហ្នឹង ​ព្រោះ ​ជា​ព័ត៌មាន​មួយ​ដែល​ខុស​ទាំង​ស្រុង ​ប្រឌិត​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ ​ដែល​ប៉ះ​ពាល់​ទៅ​ដល់​បុគ្គល​សាធារណៈ ​ហើយ​នឹង​ប៉ះ​ពាល់​ទៅ​ដល់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ទាំង​មូល»។​

កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ប្រតិកម្ម​ និង​ទាមទារ​ឱ្យ​វីអូឌី​សុំ​ទោស​ជា​សាធារណៈ ​ លោក​បាន​លើក​ឡើង​ថា​ «មិត្តភក្តិ​បរទេស​ឬសង្គម​ស៊ីវិល ​មុន​បញ្ចេញ​មតិ​ សូម​ស្រាវ​ជ្រាវ​រឿង​នេះ​ជា​មុន​សិន​ទាំង​អង្គ​ហេតុ ​និង​អង្គ​ច្បាប់»។​

អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ស៊ឹង សែនករុណាយល់​ថា​ នៅ​ពេល​ការ​ដក​អាជ្ញា​បណ្ណ​សារ​ព័ត៌មាន​មិន​ធ្វើ​ឡើង​តាម​យន្តការ​តុលាការ ​តែ​បែរ​ជា​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ ​តាម​រយៈ​ស្ថាប័ន​រដ្ឋាភិបាល​វិញ​នោះ ​គឺ​ជា​គ្រោះ​ថ្នាក់ ​និង​ហានិភ័យ​ខ្ពស់​ណាស់​ចំពោះ​អ្នក​បំពេញ​ការ​ងារ​វិជ្ជាជីវៈ​សារ​ព័ត៌មាន។ ​ដូច្នេះ​លោក​ថា ​ត្រូវតែ​មាន​ការ​បែង​ចែង​អំណាច​នីតិបញ្ញត្តិ ​នីតិ​ប្រតិបត្តិ ​និង​តុលាការ​ឱ្យ​ដាច់ពី​គ្នា ​ហើយ​តុលាការ​ត្រូវ​តែឈ​រលើ​ភាព​ត្រឹមត្រូវ ផ្តល់យុត្តិធម៌ ​កុំ​លម្អៀង​លើ​និន្នាការ​នយោបាយ​ណា​មួយ។​

លោក​ថ្លែង​ថា៖​ «ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​អត់​អាច​ចៀស​ផុត​អំពី​ការ​រិះ​គន់​ទេ​ អ៊ីចឹង​បើ​ផ្តល់​សិទ្ធិ​អំណាច​ឱ្យ​ទៅ​រដ្ឋាភិបាល ​ឬ​ស្ថាប័ន​រដ្ឋាភិបាល​ជា​អ្នក​សម្រេច​ដោយ​លុប​បំបាត់​នូវ​អំណាច​របស់​តុលាការ​ អា​ហ្នឹង​គឺ​ជា​គ្រោះថ្នាក់ ​និង​ហានិភ័យ​ខ្ពស់​ណាស់ ចំពោះ​អ្នក​បំពេញ​ការ​ងារ​ជា​វិជ្ជាជីវៈ​សារ​ព័ត៌មាន»។​

លោក​ ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិ​បតេយ្យ​កម្ពុជា​ កត់​សម្គាល់​ថា​ កំហុស​ឆ្គង​របស់​សារ​ព័ត៌មាន​វីអូឌី​គឺ​មិន​មាន​អ្វី​ខុស​គ្នា​ទៅ​នឹង​ការ​ខុស​ឆ្គង​របស់​កាសែត The Guardian ​របស់​អង់​គ្លេស ​ដែល​បាន​ផ្សាយ​ព័ត៌​មានយល់​ច្រឡំ​អំពី​រដ្ឋាភិបាល​កម្ពុជា ​កាលពី​ឆ្នាំ​២០២១​នោះ​ទេ​ ហើយ​ពេល​នោះ​កាសែត The Guardian ​បាន​កែ​តម្រូវ ​និងប្រើ​ពាក្យ ​Apology ​ក្នុង​ការ​សុំទោស​រដ្ឋាភិបាល​កម្ពុជា​ ដែល​កម្ពុជា​ទទួល​យក​ និង​មិន​យក​ទោស​ពៃរ៍​អ្វី​នោះ​ទេ។​

ដោយ​ឡែក​ លោក​ថា ​ការ​អនុវត្ត​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​នេះនៅ​មាន​ការ​ខ្វះខាត​ច្រើន ​ដែល​លោក​លើក​ជាឧទាហរណ៍​ថា​ ការ​ដក​អាជ្ញា​បណ្ណ​វីអូឌីនេះគឺ​មិន​បាន​អនុលោម​តាម​ច្បាប់​សារ​ព័ត៌មាន​ឆ្នាំ​១៩៩៥​ ដែល​បានជះ​ឥទ្ធិពល​ដល់​ប្រព័ន្ធ​នីតិ​រដ្ឋ ​និង​ការ​អនុវត្ត​ការងារ​សារ​ព័ត៌មាន​នៅ​កម្ពុជា។​

លោកបន្ថែម​ថា​ ​ការ​ផ្សាយ​ព័ត៌មានតែង​តែ​មាន​ត្រជាក់ ​មាន​ក្តៅ ​និង​រសើប ​ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ការ​អត់​ឱន​ឱ្យ​បាន​ខ្ពស់៕

XS
SM
MD
LG