ស្ថានទូតបរទេសមួយចំនួនប្រចាំនៅកម្ពុជាបានប្រតិកម្ម ហើយសម្តែងការព្រួយបារម្ភ និងខកចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបិទសារព័ត៌មានវីអូឌី (VOD) ដែលបានដំណើរការ២០ឆ្នាំមកហើយ។ ប៉ុន្តែការលើកឡើងរបស់ពួកគេត្រូវបានក្រសួងការបរទេសកម្ពុជាច្រានច្រោលនិងថា ធ្វើឡើងក្រោមហេតុផល«នយោបាយ»។
ស្ថានទូតបរទេសទាំងនោះ រួមមានស្ថានទូតអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប ព្រមទាំងស្ថានទូតអូស្ត្រាលីផងដែរ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានសម្តែងការរំខានចិត្ត កាលពីថ្ងៃចន្ទ ដោយសារការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដកហូតអាជ្ញាបណ្ណផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងទទូចឱ្យកែប្រែការសម្រេចចិត្តនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យកិច្ចការសាធារណៈរបស់ស្ថានទូតនេះបានថ្លែងថា៖ «យើងមានការរំខានចិត្តជាខ្លាំងដោយការសម្រេចចិត្តភ្លាមៗក្នុងការដកអាជ្ញាបណ្ណសារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD)»។
ចំណែកតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដោយរួមស្ថានទូតជាង១០ប្រទេស បានលើកឡើងនៅក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃចន្ទថា ពួកគេមានការព្រួយបារម្ភ និងខកចិត្តចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា។
តំណាងសហភាពអឺរ៉ុបបញ្ជាក់ថា៖ «ការសម្រេចចិត្តនេះពិតជាបំផ្លាញនូវសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងពហុនិយមយ៉ាងខ្លាំង ដែលអ្វីទាំងនេះពិតមានសារៈសំខាន់សម្រាប់សង្គមបើកចំហ និងសេរី។ ការទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិគឺជាមូលដ្ឋានគ្រឹះនៃសង្គមប្រជាធិបតេយ្យ»។
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា ក្នុងនាមជាប្រទេសប្រជាធិបតេយ្យដ៏សកម្ម អូស្ត្រាលីដឹងអំពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ ជាពិសេសក្នុងការឈានទៅរកការបោះឆ្នោត។
ស្ថានទូតអូស្ត្រាលីបញ្ជាក់ថា៖ «ហេតុនេះហើយទើបយើងមានការព្រួយបារម្ភអំពីការបិទដំណើរការ វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៅថ្ងៃនេះ»។
ទោះជាយ៉ាងណា ក្រសួងការបរទេសកម្ពុជា នៅថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធនូវក្តីព្រួយបារម្ភ និងថា ស្ថានទូតបរទេសទាំងនោះមានភាពលម្អៀងផ្នែកនយោបាយ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «ចំណាត់ការរដ្ឋបាលចំពោះអង្គភាពបំពានច្បាប់មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារនៃគោលការណ៍សិទ្ធិមនុស្ស និងសេរីភាព»។
ក្រសួងការបរទេសកម្ពុជាក៏បានអះអាងដែរថា ការទាមទារឱ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាម្ចាស់ផ្ទះ ដែលនេះរំលោភទៅនឹងសន្ធិសញ្ញាស្តីពីទំនាក់ទំនងការទូតវីយ៉ែន។
ក្រសួងព័ត៌មាន កាលពីថ្ងៃចន្ទ បានចេញសេចក្តីសម្រេចមួយដោយលុបចោលអាជ្ញាបណ្ណរបស់វិទ្យុ VOD តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទាមទារឱ្យស្ថាប័នវីអូឌីសុំទោសពាក់ព័ន្ធនឹងអត្ថបទមួយ ដែលលើកឡើងអំពីការចុះហត្ថលេខារបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោកលើលិខិតមួយច្បាប់អំពីជំនួយដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួកគី។ លោក ហ៊ុន ម៉ាណែត បានបដិសេធថា លោកមិនបានចុះហត្ថលេខាលើលិខិតណាមួយជំនួសឪពុករបស់លោកឡើយ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការដែលរដ្ឋាភិបាលសម្រេចចិត្តបិទការផ្សាយរបស់សារព័ត៌មានវីអូឌីជាការរំលោភទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ជាពិសេសច្បាប់អន្តរជាតិផ្សេងៗពាក់ព័ន្ធជាមួយការអនុវត្តសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ ខណៈថា ស្ថានទូតបរទេសគ្រាន់តែចង់ឱ្យកម្ពុជាគោរពទៅតាមអ្វីដែលខ្លួនបានឯកភាពនៅក្នុងច្បាប់អន្តរជាតិប៉ុណ្ណោះ។
បើតាមសាស្ត្រាចារ្យរូបនេះ ប្រសិនជាកម្ពុជាមិនអើពើនឹងការអំពាវនាវរបស់ប្រទេសទាំងនោះទេ កម្ពុជានឹងខាតបង់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចច្រើន ជាពិសេសទំនាក់ការទូតហាក់មិនសូវល្អជាមួយបណ្តាប្រទេសទាំងនោះ។
លោកបញ្ជាក់ថា៖ «បើកម្ពុជាមិនអើពើ មិនឆ្លើយតបទេ ខ្ញុំគិតថា បញ្ហានេះវាអាចប៉ះពាល់ទៅដល់អត្ថប្រយោជន៍របស់កម្ពុជា ដែលទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធដូចជា EBA ឬក៏ GSP ជាដើម។ ហើយកាលណាយើងបាត់ប្រព័ន្ធអនុគ្រោះពន្ធ និងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហគមន៍អន្តរជាតិ អ៊ីចឹងការគាំទ្រ និងការទទួលស្គាល់ផ្នែកការទូតពីសហគមន៍អន្តរជាតិក៏កម្រិតនៃទំនាក់ទំនង ក៏វាធ្លាក់ចុះដែរ»។
បើតាមលោក ឯម សុវណ្ណារ៉ា ការបិទវិទ្យុវីអូឌីជាការបង្ហាញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ ហេតុនេះការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខនេះនឹងមិនប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ពេញលេញឡើយ។ សាស្ត្រាចារ្យរូបនេះជំរុញឱ្យរដ្ឋាភិបាលរដ្ឋាភិបាលពិចារណាឡើងវិញចំពោះការសម្រេចរបស់ខ្លួន៕