ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ លោក​​ ផែង វណ្ណៈ​សុំទោស​ជា​សាធារណៈ​ រឿង​ប្រមាថ​អ្នក​កាសែត


អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ មក​ការិយាល័យ​​វីអូឌីនា​ថ្ងៃ​ចន្ទ ដែល​ជា​ថ្ងៃ​បិទ​ការផ្សាយតាម​បញ្ជា​រដ្ឋាភិបាល ។ 
អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ មក​ការិយាល័យ​​វីអូឌីនា​ថ្ងៃ​ចន្ទ ដែល​ជា​ថ្ងៃ​បិទ​ការផ្សាយតាម​បញ្ជា​រដ្ឋាភិបាល ។ 

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ​និង​អ្នក​ធ្វើ​ការ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ​បាន​ស្នើ​ឱ្យ​លោក​ផែង​ វណ្ណៈ ​ដែល​តែង​តែ​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ ​សុំទោស​ជា​សាធារណៈ​ទាក់ទង​លើ​ការ​បង្ហោះ​សារ​ដែល​មាន​លក្ខណៈ​ប្រមាថ​ទៅ​លើ​ស្រី្ត​ដែល​ជា​អ្នក​សារ​ព័ត៌មាន​វីអូឌី។​

អ្នក​ស្រី​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR) ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា ​ការ​សរសេរ​របស់លោកផែង​ វណ្ណៈ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ​មាន​លក្ខណៈ​ជេរ​ប្រមាថ​ទៅ​លើ​អ្នក​កាសែត​ជា​ស្រ្តី​នៅ​វីអូឌី ​ដែល​អ្នកស្រី​ចាត់​ទុក​ថា​ ជា​សម្តី​«អសីលធម៌» ​ដែល​មនុស្ស​ប្រុស​មិន​គួរ​ប្រើ​មក​លើ​មនុស្ស​ស្រី​នោះ​ទេ។ ​អ្នកស្រី​បន្ថែម​ថា​ ការ​ធ្វើ​បែប​នេះ​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​របស់​លោកផែង​ វណ្ណៈ​ផ្ទាល់​ទៅ​វិញ​ទេ។​

អ្នក​ស្រី​ប្រាប់​វីអូអេ​ថា៖ ​«សម្រាប់​ករណី​នេះ ​ខ្ញុំ​គិត​ថា ​ចាំ​បាច់​ហើយ​ដែល​ថា​ បុគ្គល​សាមី​ហ្នឹងគឺ​ត្រូវ​ចេញ​មុខ​ក្នុង​ការ​សុំទោស​ជា​សាធារណៈ​ចំពោះ​អ្នក​សារ​ព័ត៌មាន​ជា​ស្រី្ត​ហ្នឹង​ ហើយ​ជាពិសេស​គឺ​ត្រូវ​សុំ​ទោស​ជា​ទូទៅ​ដែរ​ ព្រោះ​ថ្វី​ដ្បិត​តែ​ភាសា​ដែល​គាត់​ប្រើ​ប្រាស់​ចំពោះ​តែ​អ្នក​កាសែត​ស្រី​រូប​ហ្នឹង​មែន​ ប៉ុន្តែ​វា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ឱ្យ​តម្លៃ​ទាប​ទៅ​លើ​ស្រ្តី​ទាំង​មូល​ដែរ​ចា៎»។​

អ្នក​ស្រី​បន្ថែម​ថា​ ចំពោះ​រឿង​សីលធម៌​វិញ ​បើ​មាន​ការ​បន្ត​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​បែប​នេះ​ទៅ​មុខ​ទៀត​ ដោយមិន​មាន​ចំណាត់ការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ​ គឺ​វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​វប្ប​ធម៌​មួយ​ដែល​មិន​ឱ្យ​តម្លៃ​ទៅ​លើ​ស្រ្តី​ ហើយ​តម្លៃ​សីលធម៌​នៅ​ក្នុង​សង្គម​ធ្លាក់​ចុះ ​ប្រសិន​បើ​មាន​ការ​អត់​ឱន​ចំពោះ​ការ​ប្រើ​ប្រាស់​ភាសា​បែប​នេះ។​

នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ​លោក​ផែង វណ្ណៈ​ត្រូវ​បាន​រិះគន់​ជា​បន្ត​បន្ទាប់ ​និង​មានការ​ទាមទារ​ឲ្យ​មាន​ចំណាត់​ការ​លើ​រូប​លោក​ផង​ដែរ។​

អ្នកស្រី​អេង ចាន់ឌី ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ (GADC)​ប្រាប់វីអូអេ​ថា ​អ្នក​ស្រី​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្ហោះ​របស់​លោកផែង វណ្ណៈ ​ដែល​មក​ដល់​ពេល​នេះ ​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​ទៅ​លើ​រូប​លោក​នៅ​ឡើយ។​

អ្នក​ស្រី​បញ្ជាក់​ថា៖ ​«បើ​សិន​ជា​អត់​មាន​ចំណាត់​ការ​ណា​មួយ​ពី​ដៃ​គូ​ពាក់​ព័ន្ធ ​ក៏​ដូច​ជា​ខាង​រដ្ឋាភិបាល​ទេ ​មាន​ន័យ​ថា ​ការ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ស្រ្តី​វ័យ​ក្មេង​ជា​អ្នក​សារ​ព័ត៌មាន​ និង​ធ្វើ​ឱ្យ​មាន​ចំនួន​ស្រ្តី​អ្នក​សារ​ព័ត៌​មាន​វ័យ​ក្មេងហ្នឹង​ធ្លាក់​ចុះ​កាន់​តែ​ច្រើន​ទៅៗ​ ពី​ព្រោះ​ពួក​គាត់​មាន​អារម្មណ៍​ថា​ វា​អត់​មាន​សុវត្ថិភាព​ នៅ​ពេល​ដែល​គេ​ធ្វើ​អំពើ​ហិង្សា​មក​លើ​គាត់​ មិន​ថា ​អំពើ​ហិង្សា​ហ្នឹង​ ដោយ​ផ្ទាល់ ​ឬ​ក៏​អំពើ​ហិង្សា​ហ្នឹង​ដោយ​អន​ឡាញ​ទេ»។​

អ្នក​ស្រី​បន្ថែម​ទៀត​ថា​ ទង្វើ​របស់​លោកផែង​ វណ្ណៈ​ក៏​អាច​ជា​ការ​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​ស្រ្តី​ដែល​កំពុង​តែ​ធ្វើ​ការ​ខាង​ផ្នែក​សារ​ព័ត៌មាន​នេះ​ផងដែរ ​ជា​ពិសេស​គឺ​ស្រ្តី​វ័យ​ក្មេង។​

លោក​ ម៉ម មុនីរតន៍ ​អ្នក​កាសែត​វីអូឌី​ ប្រាប់វីអូអេ​ថា ​ប្រសិន​ជា​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​នោះ​ពិត​ជា​របស់​លោកផែង វណ្ណៈ​មែន​នោះ​ គឺ​មាន​ន័យ​ថា ​វា​គឺ​ជា​ការ​ប្រមាថធ្ងន់​ធ្ងរ​ទៅ​លើ​ស្រ្តី​អ្នក​សារ​ព័ត៌មាន។​

លោក​ថ្លែង​ថា៖ ​«ប្រសិន​ជា​រឿង​ហ្នឹង​វា​ជា​ផេក​របស់​គាត់​មែន​ មាន​ន័យ​ថា ​ស្ថាប័ន​ជំនាញ​ ស្ថាប័ន​សមត្ថកិច្ច​អី​ផ្សេងៗគួរ​តែ​កោះ​ហៅ​គាត់ដើម្បី​អប់រំ​ថា ​ការ​រស់​នៅ​ក្នុង​សង្គមគឺ​វា​មិន​អាច​រស់​នៅ​ដោយ​ប្រើប្រាស់​ឥរិយាបថ​បែប​ហ្នឹង​ទេ»។

នៅ​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ ​អង្គការ​សមាគម ​និង​បណ្តាញ​សហគមន៍​ប្រមាណ​១០០​ស្ថាប័ន​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ដោយ​ «ថ្កោល​ទោស​ចំពោះ​ភាសា​ដែល​ប្រកប​ដោយ​ការ​រំលោភ​បំពាន ​និង​ការ​រើសអើង​ចំពោះ​ស្រ្តី​ភេទ ​ដោយ​លោក​ផែង វណ្ណៈ​ និង​អ្នក​ផ្សេង​ទៀត ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ប្រឆាំង​នឹង​ស្រ្តី​អ្នក​រាយ​ការណ៍​ព័ត៌មាន​ម្នាក់​ ដែល​បាន​និពន្ធ​អត្ថបទ​វីអូឌី​ដ៏​ចម្រូង​ចម្រាស​នេះ»។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ ​«យើង​ខ្ញុំ​សង្ឃឹម​ថា​ រាជ​រដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​ពាក់ព័ន្ធ ​ដូចជា​ក្រសួង​ព័ត៌មាន ​និង​ក្រសួង​កិច្ចការ​នារី ​នឹង​ចូល​រួម​ជាមួយ​ពួក​យើង​ ក្នុង​ការ​អំពាវនាវ​ឱ្យ​លោក​ផេង វណ្ណៈ ​និង​អ្នក​ផ្សេង​ទៀត​ធ្វើការ​សុំទោស​ចំពោះ​ ស្រ្តី​អ្នក​រាយ​ការណ៍​ព័ត៌មាន​នោះ​ព្រម​ទាំង​បញ្ឈប់​សកម្មភាព​មិន​ត្រឹមត្រូវ​នៃ​ការ​បៀតបៀន​ផ្លូវ​ភេទ​ចំពោះ​ស្រ្តី​អ្នក​រាយ​ការណ៍​ព័ត៌មាន»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ផែង វណ្ណៈ​បាន​នៅ​ឡើយ​ទេ។​

លោក​ផែង វណ្ណៈ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​សង្គម​ស៊ីវិល​ និង​អ្នក​កាសែត​មួយ​ចំនួន ​ព្រម​ទាំង​បណ្ឌិត​វិភាគ​មួយ​ចំនួន​ផង ​បាន​ស្នើ​សុំ​ឲ្យ​លោក​សុំទោស​អ្នក​កាសែត​វីអូឌី។ ​លោក​បាន​ឆ្លើយ​តប​វិញ​ថា៖​ «...ចង់​សួរ​ត្រឡប់​ទៅ​វិញ​ថា​ តើ​សង្គម​ស៊ីវិល ​និង​អ្នក​កាសែត​មួយ​ចំនួន​រួម​ទាំង​បណ្ឌិត​វិភាគ​មួយ​ចំនួន​ផង​នោះ​ មាន​បាន​ស្នើ​សុំឲ្យ ​VOD ​សុំទោស​រាជ​រដ្ឋាភិបាល​ និង​ឯក​ឧត្តម​បណ្ឌិត​ ហ៊ុន ម៉ាណែតហើយ​ឬ​នៅ? ​ ឬ​មួយ​ក្រុម​សង្គម​ស៊ីវិល​ និង​អ្នក​កាសែត​រួមទាំង​អ្នក​វិភាគ​មួយ​ចំនួនជា​ក្រុម​តែ​មួយ​ជាមួយ VOD?»

លោក​ប៉ែន បូណា ​រដ្ឋលេខាធិការក្រសួង​ព័ត៌មាន ​ប្រាប់​វីអូអេ​ថា ​ត្រូវ​មាន​ការ​បែង​ចែក​ឲ្យ​ដាច់​ពី​គ្នា​រវាងវិជ្ជាជីវៈ​នៃ​ការ​ផ្សាយ​ព័ត៌មាន ​និង​រឿង​ឯកជន​របស់​បុគ្គល ​ដែល​លោក​ថា​ ក្រសួង​ព័ត៌មាន​មិន​អាច​គ្រប់​គ្រង​លើ​ឯកជន​ភាព​នៃ​បុគ្គល​ម្នាក់ៗ​បាន​ឡើយ។​ដូច្នេះ​លោក​ថា ​ក្រសួង​ព័ត៌មាន​មិន​មាន​ចំណាត់​ការ​អ្វី​លើ​លោក​ផែ​ង វណ្ណៈ​ឡើយ។​

លោក​ថ្លែង​ថា៖ ​«សុំ​សំណូមពរ​ជា​ទូទៅ​សូម​ឱ្យ​បង​ប្អូន​យើង​អ្នក​លេង​ហ្វេស​ប៊ុក​ហ្នឹង​ ធ្វើ​អធិប្បាយ​អី​ក៏​ដោយ ​សូម​គោរព​ក្រម​សីលធម៌ ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​យើង​ធ្វើ​ម៉េច​ចៀស​វាង​បញ្ហា​អរិភាព ​ការ​បែក​បាក់​ បាទ»។​

គួរ​បញ្ជាក់​ថា ​ការ​ថ្លែង​របស់​លោក​ផែង វណ្ណៈ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​របស់​វីអូឌី​កាល​ពី​សប្តាហ៍​មុន​ជុំវិញ​រឿង​រ៉ាវ​ដែល​មាន​ការ​លើក​ឡើង​ថា​ លោក​ហ៊ុន ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​ជើងគោក​កម្ពុជា ​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ច្បាប់​ស្តីពី​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​តួកគី។ ​ករណី​នេះ ​លោក​ហ៊ុន ម៉ាណែត ​និង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​បាន​ទាមទារ​ឲ្យ​ស្ថាប័ន​វីអូឌី​សុំ​ទោស​ជា​សាធារណៈ៕

XS
SM
MD
LG