លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លើកឡើងថា លោកនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលនឹងត្រូវឡើងជានាយករដ្ឋមន្ត្រីថ្មីនាចុងខែសីហាខាងមុខ មានគ្រោះថ្នាក់ដល់ជីវិតដោយប្រការណាមួយ។
លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ក្នុងរាជធានីភ្នំពេញ។ លោកថា ឆ្លើយតបនឹងការលើកឡើងថា ការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថ្មីរបស់លោក ហ៊ុន ម៉ាណែត នៅចុងខែសីហានេះ ថាជាការបន្តវេន ឬថាជាការបន្តពូជពង្ស។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «តែខ្ញុំសុំព្រមានមួយទុកឱ្យហើយ ប្រសិនជាកូនខ្ញុំមានគ្រោះថ្នាក់ដល់ជីវិត លទ្ធភាពនៃការវិញត្រឡប់មកធ្វើនាយករដ្ឋមន្ត្រីវិញ គឺខ្ញុំត្រូវតែមកធ្វើជានាយករដ្ឋមន្ត្រីវិញ។ បញ្ជាក់ឱ្យច្បាស់។ ខ្ញុំអត់ទាន់ឱ្យទៅ អត់ទាន់ឱ្យប្រទេសនេះច្របូកច្របល់ទេ»។
លោកនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ក្នុងលក្ខខណ្ឌដែលលោកវិលមកធ្វើជានាយករដ្ឋមន្ត្រីម្តងទៀត នោះលោកនឹងធ្វើមួយរយៈពេល ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីឡើងកាន់តំណែងបន្ត។
ពាក់ព័ន្ធនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី អ្នកវិភាគនយោបាយ លោក សេង សារី កត់សម្គាល់ថា ការលើកឡើងនេះ គឺមិនមែនចង់សំដៅតែទៅលើអ្វីដែលកើតឡើងមកលើអាយុជីវិតរបស់លោក ហ៊ុន ម៉ាណែត តែមួយផ្នែកនោះទេ។ លោកថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អាចមកពីភាពស្ទាក់ស្ទើរក្នុងការប្រគល់តំណែងជានាយករដ្ឋមន្ត្រីទៅឱ្យកូនប្រុសរបស់លោក។
លោកថ្លែងថា៖ «ការលើកឡើងនេះ គឺមិនមែនជាការ គឺមិនមែនសំដៅគ្រាន់តែទៅលើអ្វីដែលគ្រាន់តែប៉ះពាល់ដល់អាយុជីវិតលោក ហ៊ុន ម៉ាណែត ទេ។ ខ្ញុំគិតថា នឹងអាចកើតឡើងក្នុងករណីដែលលោក ហ៊ុន ម៉ាណែត មិនមានសមត្ថភាពដឹកនាំរដ្ឋាភិបាលដែលរៀបចំឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
ទោះជាយ៉ាងណា អ្នកវិភាគរូបនេះបញ្ជាក់ថា លោក ហ៊ុន សែន នៅតែមានលទ្ធភាពដែលអាចវិលត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែអ្វីដែលជាបន្ទុកធំហើយដែលខ្ញុំមើលឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែបារម្ភ ហើយនិងអាចក្លាយជាអំរែកដ៏ធ្ងន់របស់លោក ហ៊ុន ម៉ាណែត ហ្នឹងគឺគំនាបសង្កត់ពីអន្តរជាតិ។ អ៊ីចឹងហើយបើ លោក ហ៊ុន ម៉ាណែត មិនអាចរែកពន់បាន ខ្ញុំជឿថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រឡប់មកវិញក្នុងការដឹកនាំប្រទេសកម្ពុជាឡើងវិញ»។
ចំណែកប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើងថា ការណ៍ដែលលោក ហ៊ុន សែន ប្រកាសថានឹងត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញ បើសិនជាកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត បានឆ្លុះបញ្ចាំងថា អំណាចដែលគ្រប់គ្រងទាំងអស់នោះ គឺស្ថិតក្នុងកណ្តាប់ដៃក្រុមគ្រួសារត្រកូល ហ៊ុន។
កញ្ញាថ្លែងថា៖ «បើយើងមើលកន្លែងនេះ វាហាក់ឆ្លុះបញ្ចាំងថា អំណាចគ្រប់គ្រងហ្នឹងគឺមាននៅក្នុងដៃរបស់គ្រួសារត្រកូល ហ៊ុន ពេញដៃ មានន័យថា បើទោះបីជាជម្រើសទីមួយមិនបានសម្រេច ឬក៏បេក្ខភាពដែលដាក់នោះគាត់មានបញ្ហាកើតឡើង តែគណបក្សត្រកូល ហ៊ុន នៅតែមានអ្នកបន្ត ឬក៏អំណាចហ្នឹង អាចនឹងវិញត្រឡប់ទៅដល់នាយករដ្ឋមន្ត្រីដែលធ្លាប់ធ្វើពីមុនមក»។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសថា លោក ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំលើកដំបូង។ លោកក៏បានប្រកាសថា ការសម្រេចលាឈប់ពីតំណែងជា នាយករដ្ឋមន្ត្រីនាពេលនេះ គឺដើម្បីរក្សាស្ថិរភាពប្រទេស។
លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធា West Point សហរដ្ឋអាមេរិក និងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ Bristol នៅចក្រភពអង់គ្លេស។
ទោះយ៉ាងណាក្តី ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី គេឃើញអង្គការអន្តរជាតិ រួមទាំងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិផង បានបង្ហាញការបារម្ភថា កម្ពុជានឹងមានវិបត្តិលទ្ធិប្រជាធិបតេយ្យបន្ថែមទៀត ក្នុងការដឹកនាំប្រទេសបន្តពីឪពុកទៅកូនបែបនេះ៕