អ្នកប្រើបណ្តាញសង្គមពីរនាក់ ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ និងប្រមាថ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ខណៈកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការត្រៀមផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យទៅអ្នកជំនាន់ថ្មី។
ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនពីដាច់ដោយឡែកពីគ្នា ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាឱ្យបញ្ជូនស្រ្តីម្នាក់ឈ្មោះ ឌី សូរនាត ទៅឃុំនៅពន្ធនាគារម២ ដោយដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ» ប្រព្រឹត្តនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ ចៅក្រមស៊ើបសួរដដែល ក៏បានបញ្ជាឱ្យបញ្ជូនបុរសម្នាក់ឈ្មោះ ឌី អ៊ួក ទៅឃុំនៅពន្ធនាគារ «ម១» ដោយដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ» ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២៣។
វីអូអេមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា និងលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
បើតាមសារព័ត៌មាន FreshNews ដែលស្និទ្ធនឹងរដ្ឋាភិបាល ផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ថា ពួកគាត់ទាំងពីរដែលត្រូវបានចាប់ខ្លួន គឺម្នាក់បានបង្ហោះវីដេអូលើបណ្តាញសង្គម ដោយនិយាយប៉ះពាល់ លោក ហ៊ុន ម៉ាណែត និងម្នាក់ទៀតបានកាត់តរូប និងសំឡេងរបស់លោកនាយករដ្ឋមន្ត្រីថាខុសពីការពិត។
ក្នុងឃ្លីបវីដេអូដែលត្រូវបានចែកចាយតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok ស្ត្រីឈ្មោះ ឌី សូរនាត បាននិយាយថា ខ្លួនជាព្រះម៉ែគង្គារ និងបានហៅឈ្មោះ លោក ហ៊ុន ម៉ាណែត ចំៗ ដោយប្រាប់ឱ្យដឹកនាំប្រទេសកម្ពុជាឱ្យបានល្អ។ ស្ត្រីឈ្មោះ ឌី សូរនាត បន្តក្នុងវីដេអូឃ្លីបនោះថា លោក ហ៊ុន ម៉ាណែត សាងអាក្រក់ជាច្រើនណាស់ ដូច្នេះត្រូវកែខ្លួន ហើយថាប្រសិនបើលោក ហ៊ុនម៉ាណែត នៅបន្តសាងអាក្រក់ នោះនាងនឹងមិនឱ្យលោក ហ៊ុន ម៉ាណែត មានអាយុបន្តធ្វើជាមនុស្សទៀតទេ។
អ្នកតាមដានសង្គមយល់ថា ការចាប់ខ្លួនអ្នកប្រើបណ្តាញសង្គមទាំងពីរនាក់នេះបង្ហាញថា ការប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ នៅតែមានការរឹតត្បិត និងនៅតែរងការចោទប្រកាន់ពី«ញុះញង់»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ ថ្លែងថា
ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពបញ្ចេញមតិ ប៉ុន្តែត្រូវតែសម្តែងមតិប្រកបដោយក្រមសីលធម៌ និងកុំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ។
ប៉ុន្តែលោកថា ការរិះគន់ក្នុងន័យស្ថាបនា ការរិះគន់គោលនយោបាយ ការរិះគន់ទង្វើមន្ត្រីសាធារណៈដែលប្រព្រឹត្តខុសអ្វីមួយ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលក្នុងករណីខ្លះមានការលើសលស់ ដោយសារបញ្ហាផ្លូវចិត្តជាដើម។
លោកបន្តថា៖ «មនុស្សគ្រប់រូបទាំងអស់ យើងឃើញថាមានអ្នកខ្លះ ដែលគាត់អាចនឹងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ គឺប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ ហាក់នឹងអាចមានការលើសលស់អីអ៊ីចឹងទៅ ត្រូវតែមានការពិនិត្យឱ្យបានត្រឹមត្រូវទៅប្រសិនបើគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដែលត្រូវការពិនិត្យ និងត្រូវការព្យាបាលអាហ្នឹងយើងចេះតែចាប់ទោស ចេះតែប្រកាន់ទោស ចេះតែដាក់ទោសវាក៏អត់កើតដែរ ពីព្រោះវាទាក់ទងនឹងជំងឺផ្លូវចិត្ត អីហ្នឹង។ អាហ្នឹងត្រូវមានការពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ»។
បើតាមលោក អំ សំអាត កន្លងមកនិងក្នុងអំឡុងពេលបោះឆ្នោតដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ ប្រជាពលរដ្ឋ និងសកម្មជននយោបាយជំទាស់មួយចំនួន ក៏រងការចាប់ខ្លួន និងចោទប្រកាន់ ពាក់ព័ន្ធបទ«ញុះញង់» តាមរយៈការប្រើប្រាស់បណ្តាញសង្គមនានា និងតេឡេក្រាមនេះផងដែរ ខណៈអាជ្ញាធរតែងតែលើកឡើងថា ពលរដ្ឋទាំងនោះ បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ឬប៉ះពាល់ថ្នាក់ដឹកនាំ ឬមនុស្សជាន់ខ្ពស់ផ្សេងៗទៀត។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា ចាប់តាំងពីចុងឆ្នាំ២០១៧មក សេរីភាពនៃការបញ្ចេញមតិ និងលំហស៊ីវិល ត្រូវបានរួមតួច ដែលធ្វើឱ្យប្រជាពលរដ្ឋលែងហ៊ាននិយាយអំពីបញ្ហាសង្គម ដោយសារការភ័យខ្លាច។
លោកថា៖ «តាមការសិក្សាមួយចំនួន បានបង្ហាញថា សេរីភាពនៃការបញ្ចេញមតិ និងលំហស៊ីវិល លំហប្រជាពលរដ្ឋក្នុងសង្គមយើង មានការរួមតូច តាំងពីការរំលាយគណបក្សប្រឆាំងធំជាងគេ គណបក្សសង្គ្រោះជាតិតាំងពីចុងឆ្នាំ២០១៧មក។ ហើយនៅពេលដែលបរិយាកាស និងលំហកាន់តែចង្អៀត វាធ្វើឱ្យប្រជាពលរដ្ឋពិបាកនៅក្នុងការនិយាយ។ ហើយការភ័យខ្លាច បារម្ភហ្នឹង ពេលខ្លះមិនមែនធ្វើឱ្យពលរដ្ឋ ភ័យខ្លាចនិយាយតែរឿងនយោបាយទេ ប៉ុន្តែសូម្បីពេលខ្លះរឿងសង្គម រឿងបរិស្ថាន»។
ខណៈដែលកម្ពុជាកំពុងត្រៀមផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែសីហានេះ លោក ប៉ា ច័ន្ទរឿន យល់ថា នៅក្នុងសង្គមកម្ពុជា ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការប្រើប្រាស់សិទ្ធិនៅមានកម្រិត ដូច្នេះលោកថា អាជ្ញាធរ និងអ្នកពាក់ព័ន្ធ គួរតែអប់រំបណ្តុះបណ្តាលអំពីសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋបន្ថែមទៀត ជាជាងការប្រើប្រាស់ច្បាប់ ដើម្បីចាប់ខ្លួន និងចោទប្រកាន់។
លោកថ្លែងថា៖ «សម្រាប់អ្នកដឹកនាំជំនាន់ក្រោយ ខ្ញុំចង់ឃើញការដឹកនាំដែលបើកចិត្តទូលាយទទួលយកនូវមតិរិះគន់របស់ប្រជាពលរដ្ឋ មិនថាមតិរិះគន់ដោយស្ថាបនា ប៉ុនអ្នកខ្លះ រិះគន់ជ្រុលនិយមដែរ តិចឬច្រើនវាមាននៅក្នុងសង្គមហើយ។ សំខាន់កុំប្រកាន់ទោសអូសដំណើរច្រើនពេក ខ្ញុំគិតថាប្រសិនជា ប៉ះដៃ យកដៃ ប៉ះជើង យកជើង សង្គមយើងនឹងពិការទាំងអស់គ្នាហើយ»។
លោក ប៉ា ច័ន្ទរឿន បន្ថែមថា នៅពេលពលរដ្ឋភ័យខ្លាច លែងហ៊ាននិយាយស្តីអំពីបញ្ហាសង្គម គឺមិនមែនជារឿងដែលចំណេញនោះទេ ប៉ុន្តែបានធ្វើឱ្យថ្នាក់ដឹកនាំមិនបានដឹងអំពីតម្រូវការពិតរបស់ប្រជាពលរដ្ឋទៅវិញ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់វីអូអេថា ការនិយាយអ្វីមួយដែលមានចេតនា វាយប្រហារអ្នកដទៃ មិនមែនជាការបញ្ចេញមតិ ហើយក៏មិនមែនជាទិសដៅនៃការកែលម្អ ឬពង្រឹងសេរីភាពបញ្ចេញមតិក្នុងប្រទេសនោះទេ។
លោកថ្លែងថា៖ «កម្ពុជាកំពុងតែកសាង។ យើងមិនទាន់មានគ្រឹះផង ហើយយើងបណ្តោយឱ្យមានការប្រទូសរ៉ាយ ក្នុងការបញ្ចេញមតិហ្នឹង មិនមែនជាទិសដៅនៃការកែលម្អ ឬពង្រឹងសេរីភាពបញ្ចេញមតិទេ»។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូចេញកាលពីចុងឆ្នា២០២១ បង្ហាញថា នៅឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន ១៥៨នាក់ ក្នុងនោះស្រ្តី៣៤នាក់ត្រូវបានចាប់ខ្លួនដោយសារការបញ្ចេញមតិរបស់ពួកគេលើប្រព័ន្ធអនឡាញ។ ហើយគិតត្រឹមចុងឆ្នាំ២០២០មនុស្ស៧៣នាក់ស្ថិតក្នុងពន្ធនាគារ។ អង្គការលីកាដូ បានចាត់ទុកថា ការបៀតបៀនពលរដ្ឋដែលបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត គួរតែត្រូវបានបញ្ឈប់៕
មនុស្សពីរនាក់ត្រូវបានចោទប្រកាន់ថាប្រមាថលោកនាយករដ្ឋមន្រ្តី និងកូនប្រុស
ភ្នំពេញ —