ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន ​ថា​ អាស៊ាន​មិន​មែន​ជា​«កូនជឹង»​របស់​មហា​អំណាច​ណា​ឡើយ


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែល​ជា​ប្រធាន​ប្តូរ​វេន​សមាគម​អាស៊ាន ​កាល​ពី​ថ្ងៃអាទិត្យ ​បាន​ថ្លែង​ថា ​អាស៊ាន​មិន​មែន​ជា​«កូន​ជឹង»​របស់​ប្រទេស​មហា​អំណាច​ណាមួយ​ឡើយ​ ខណៈ​ថា​ប្លុក​ដែល​មាន​សមាជិក​១០​ប្រទេស​នេះ​រក្សា​ភាព​ជា​កណ្តាល​ឬ​ហៅ​ថា​មជ្ឈភាព​អាស៊ាន។​

លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​ស្ដីពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០-៤១ ​និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​ នៅ​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២។​

បើ​តាម​លោក ​ហ៊ុន សែន​ អាស៊ាន​ទាក់​ទង​ជាមួយ​ដៃគូ​ខាង​ក្រៅ​ឬ​ក៏​មហា​អំណាច​ស្មើៗ​គ្នា​ ដោយ​មិន​ខ្លាច​នរណា​ខឹង​នរណា​ឡើយ ​ដោយ​ហេតុថា​ អាស៊ាន​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​របស់​ខ្លួន។​

លោក​ថ្លែង​ថា៖ ​«អាស៊ាន​អត់​ជា​កូន​ជឹង​របស់​នរណា​ដូច​ដែល​ប្រធានាធិបតី​របស់​ឥណ្ឌូណេស៊ី ​ដែល​គាត់​បាន​ប្រកាស​ក្នុង​ពេល​ដែល​ទទួល​ភាព​ជា​ប្រធាន​ពី​ខ្ញុំ​នោះ​ទេ។​ អាស៊ាន​មិន​ខ្វល់​ថា​ នរណា​ខឹង​នរណា​ទេ។ ​យើង​ទទួល​យក​ស្មើៗ​គ្នា។ យើង​ស្ថិត​នៅ​ភាព​ជា​កណ្តាល។ ដូច្នេះ​យើង​ទទួល​យក​អ៊ុយក្រែន។ យើង​មិន​ធ្វើ​អាស៊ាន​គ្រាន់​តែ​ដើម្បី​បម្រើ​ឱ្យ​រុស្ស៊ី​ឬ​ធ្វើ​អាស៊ាន​សម្រាប់​ឱ្យ​អ៊ុយក្រែន​នោះ​ទេ។​ យើង​ធ្វើ​អាស៊ាន​ដើម្បី​ទាក់​ទង​ដៃគូ​របស់​យើង​ទាំង​អស់​ដែល​ចង់​ធ្វើ​ទំនាក់​ទំនង​ជាមួយ​យើង»។​

ប្រទេស​សមាជិក​របស់​អាស៊ាន​ទាំង​១០ ​ត្រូវ​បាន​អ្នក​តាម​ដាន​បញ្ហា​នយោ​បាយ​និង​សន្តិ​សុខ​អន្តរ​ជាតិ​យល់​ថា​ មាន​ទំនោរ​ឬ​ក៏​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​មហា​អំណាច​ទី​ទៃ​ពី​គ្នា​ ខណៈ​ប្រទេស​ដែល​ជាប់ដែន​ទឹក​មួយ​ចំនួន​ដូច​ជា​ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី ​ព្រុយណេ​ និង​វៀតណាម​ ហាក់​មាន​ភាព​ស្និទ្ធ​ស្នាល​ខ្លាំង​ជាមួយ​សហ​រដ្ឋ​អាមេរិក​ ហើយ​ប្រទេស​នៅ​ដែន​គោក​ដូច​ជា​កម្ពុជា​ ឡាវ​ និង​មីយ៉ាន់ម៉ា ​ហាក់​មាន​ការ​ស្អិត​រមួត​ជា​មួ​យ​មហា​អំណាច​ចិន។​

លោក ​រ៉ឹម សុខវី ​សហ​ស្ថាបនិក ​The Thinker Cambodia ​ដែល​ជា​វេទិកា​វិភាគ​គោល​នយោបាយ ​និង​ជា​អ្នក​វិភាគ​មួយ​រូប ​ប្រាប់​វីអូអេ​ថា​ ប្រទេស​ជា​សមាជិក​របស់​អាស៊ាន​មាន​ការ​ទោរ​ទន់​ទៅ​រក​មហា​អំណាច​ផ្សេង​គ្នា ​ ដោយ​ហេតុថា​ពួក​គេ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រទេស​មហា​អំណាច​ទាំង​នោះ។​ ប៉ុន្តែ​លោក​ថា​ ការ​គាំទ្រ​របស់​ពួក​គេ​ទៅ​លើ​ប្រទេស​មហា​អំណាច​មិន​សូវ​ខ្លាំង​ឡើយ​ ពី​ព្រោះ​ការ​គាំទ្រ​នោះ​មាន​លក្ខណៈ​ប្រយោល។​

បើ​តាម​លោក​ សុខវី​ អង្គការ​តំបន់​អាស៊ាន​ព្យាយាម​ប្រកាន់​ខ្ជាប់​ទៅ​តាម​គោល​ការណ៍​របស់​ខ្លួន​ តាម​រយៈ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ដោយ​មិន​គាំទ្រ​ភាគី​ណា​មួយ​ឡើយ ​និង​ថា​ អាស៊ាន​មិន​អាច​បម្រើ​ផល​ប្រយោជន៍​យុទ្ធ​សាស្ត្រ​ឱ្យ​មហា​អំណាច​ណា​មួយ​ទេ ជាពិសេស​មិន​ទទួល​ស្វាគមន៍​ការ​ប្រឈម​មុខ​ដាក់​គ្នា​របស់​ពួកគេ។ ​ ប៉ុន្តែ​អាស៊ាន​ទទួល​ស្វាគមន៍​ចំពោះ​ការ​សហ​ការ​ផ្នែក​សេដ្ឋ​កិច្ច​ជា​មួយ​បណ្តា​ប្រទេស​ខាង​ក្រៅ។​

លោក​ថ្លែង​ថា៖​ «អាស៊ាន​មិន​មែន​ជាកូន​ជឹង​របស់​ប្រទេស​ណា​មួយ​គឺ​ពាក្យ​នេះ​សំដៅ​ទៅ​លើ​ថា​ អាស៊ាន​ គឺ​អត់​អាច​ឱ្យ​ប្រទេស​មហា​អំណាច​ណា​មួយ​ប្រើ​ប្រាស់​តំបន់​ហ្នឹង​ជា​ឧបករណ៍​ផល​ប្រយោជន៍​យុទ្ធ​សាស្ត្រ​របស់​ខ្លួន​ឯង​អ៊ីចឹង។ ​ ក៏​ប៉ុន្តែ​ខាង​ផ្នែក​សេដ្ឋកិច្ច​ អាស៊ាន ​នៅ​តែ​បើក​ចំហ​អាច​ទទួល​នូវ ​cooperation​ (ការ​សហការ)​ពី​ប្រទេស​ទាំង​អស់​ ក៏​ប៉ុន្តែ​លើក​លែង​តែ​រឿង​យុទ្ធសាស្ត្រ ​រឿង ​confrontation​ (ការ​ប្រឈម​មុខ​ដាក់​គ្នា)​គឺ​អាស៊ាន​អត់​អាច​ទទួល​យក​ទេ»។​

លោក ​សុខវី​ អះអាង​ថា​ ការ​ងាក​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទៅ​កាន់​មហា​អំណាច​ផ្សេង​គ្នា​ដោយសារ​តែ​ពួក​គេ​មាន​ផល​ប្រយោជន៍​ផ្សេង​គ្នា​ ខណៈ​កម្ពុជា​ងាក​ទៅ​រក​ចិន​ដោយសារ​តែ​ចិន​ផ្តល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ច្រើន​ដោយ​ឥត​លក្ខខណ្ឌ ហើយ​វៀតណាម​ងាក​ទៅ​រក​អាមេរិក​ ដោយ​សារ​អាមេរិក​ផ្តល់​នូវ​សន្តិសុខ​ដល់​ខ្លួន។​

លោក​ថ្លែង​ថា៖​ «បើ​យើង​និយាយ​ថា​ ប្រទេស​អស់​ហ្នឹង​ឱ្យ​វា​independent​[ឯករាជ្យ]​ហ្មង ​គឺ​អត់​ទេ​ ដោយ​សារ​តែ​អាស៊ាន​ជា​បណ្តុំ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទន់​ខ្សោយ។​ និយាយ​ទៅ​ប្រទេស​ដែល​ទើប​តែ​ងើប​ពី​សង្គ្រាម​ពី​អី​ អ៊ីចឹង​បាន​ន័យ​ថា​ ទាំង​សេដ្ឋ​កិច្ច​ ទាំង​សន្តិសុខ​គឺ​វា​អត់​ខ្លាំង​ទេ»។​

លោក ​សុខវី​ កត់​សម្គាល់​ថា​ការ​មាន​ទំនោរ​ផ្សេងៗ​គ្នា​ទៅ​កាន់​បណ្តា​ប្រទេស​មហា​អំណាច​ទាំង​នោះ​ ប៉ះពាល់​ឬ​ក៏​ធ្វើ​ឱ្យ​ផុយ​ស្រួយ​ដល់​មជ្ឈភាព​របស់​អាស៊ាន​ ប៉ុន្តែ​មិន​ខ្លាំង​ក្លា​ឡើយ​ ខណៈ​ថា​ វា​អាច​ប៉ះពាល់​ភាព​ជា​កណ្តាល​របស់​អង្គការ​តំបន់​នេះ​ខ្លាំង​ នៅ​ពេល​ដែល​ការ​ប្រកួត​ប្រជែង​ឥទ្ធិពល​របស់​មហា​អំណាច​ឡើង​កំដៅ​ខ្លាំង​ ហើយ​ពួក​គេ​បង្ខំ​ឱ្យ​ប្រទេស​តូចៗ​ជ្រើស​រើស​រវាង​មហា​អំណាច​ណា​មួយ។​

សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក​ ឯម សុវណ្ណារ៉ា ​លើក​ឡើង​ថា​ អាស៊ាន​កាល​ពី​មុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជាកូន​ជឹង​របស់​សហ​រដ្ឋ​អាមេរិក​ ប៉ុន្តែ​ឥឡូវ​សមាគម​អាស៊ាន​មិន​មែន​ជាកូន​ជឹង​របស់​មហា​អំណាច​ណា​មួយ​ឡើយ។​

ទោះ​ជា​យ៉ាង​ណា ​បើ​តាម​សាស្ត្រា​ចារ្យ​រូប​នេះ​ ប្រទេស​ជា​សមាជិក​របស់​អាស៊ាន​មាន​សម្ព័ន្ធ​ភាព​ស្និទ្ធ​ស្នាល​ផ្សេង​គ្នា​ទៅ​កាន់​មហា​អំណាច​ ខណៈ​ថាការ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សាមគ្គី​ភាព​និង​ភាព​ជា​កណ្តាល​របស់​អង្គការ​តំបន់​មួយ​នេះ។​ លោក​បន្ត​ថា​ សាមគ្គី​ភាព​និង​ភាព​ជា​កណ្តាល​ទើប​តែ​ចាប់​ផ្តើម​ពង្រឹង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ខណៈ​ភូមា​កំពុងតែ​ស្ថិត​នៅ​ក្រៅ​ក្រប​ខណ្ឌ​នៃ​ប្លុក​១០​ប្រទេស​នេះ។​

លោក​ថ្លែង​ថា ៖​ «ដូច្នេះ​ភាព​រឹង​មាំ​នេះ​ វា​មិន​ដឹង​ថា​ អាច​ទប់ទល់​ជាមួយ​ការ​ជ្រៀត​ជ្រែក ​ឬ​ក៏​ឥទ្ធិ​ពល​នៃ​មហា​អំណាច​បាន​កម្រិត​ណា​ទេ​ ទាល់​តែ​យើង​រង់​ចាំ​មើល​សិន​ ព្រោះ​ភាព​ជា​កណ្តាល​ ភាព​ជា​សាមគ្គី​ភាព​គ្នា​នេះ​ហាក់​ដូច​ជា​ទើប​ចាប់​ផ្តើម​ពីរ​បី​ឆ្នាំ​នេះ​ទេ។ ​វា​មិន​ទាន់​....​ថ្មី​ទេ​ថ្វី​ដ្បិត​អង្គការ​តំបន់​អាស៊ាន​នេះ​វា​មាន​យូរ​ហើយ។ ប៉ុន្តែ​នៅ​ទាញ​យក​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​ទាន់​លុប​បំបាត់​ មិន​ទាន់​គិត​ពី​ផល​ប្រយោជន៍​រួម​ទេ។​ គិត​ពី​ផល​ប្រយោជន៍​រដ្ឋ​ជា​សមាជិក​រៀងៗ​ខ្លួន​ខ្លាំង​ជាង»។​

អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការ​ និង​សន្តិ​ភាព​ លោក​វណ្ណ ប៊ុនណា​ ប្រាប់​វីអូអេ​ថា​មជ្ឈ​ភាព​អាស៊ាន ​គឺ​អាស៊ាន​ចង់​ឱ្យ​ខ្លួន​ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​បើក​បរ​នាវា​សន្តិភាព ​ឬ​នាវា​សន្តិសុខ​ក្នុង​តំបន់​ ដែល​មាន​ន័យ​ថា​ មហា​អំណាច​ខាង​ក្រៅ ​ក៏​ដូច​ជា​ដៃ​គូ​សន្ទនា​ខាង​ក្រៅ​ ត្រូវ​តែ​ចូល​រួម​តាម​យន្ត​ការ​ដែល​រៀប​ចំ​ដោយ​អាស៊ាន ​ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ភាព​សំខាន់​នៃ​មជ្ឈភាព​របស់​អាស៊ាន។ ប៉ុន្តែ​លោក​ថា​ រឿង​ដែល​សំខាន់​គឺ​លុះត្រា​តែ​អាស៊ាន​មាន​សាមគ្គី​ភាព​គ្នា។ ​ខណៈ​ពេលនេះ​ សាមគ្គី​ភាព​អាស៊ាន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ភាព​ផុយ​ស្រួយ​នៅ​ឡើយ​ ដោយ​មាន​ប្រទេស​អាស៊ាន​ខ្លះ​ចាប់​យក​ចិន ​និង​ខ្លះ​ចាប់​យក​សហ​រដ្ឋ​អាមេរិក​ជា​ដើម។​

ក្នុង​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អាស៊ាន​ លោក​ ហ៊ុន សែន ​ថ្លែង​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​បណ្តា​ប្រទេស​អាស៊ាន ​និង​ថ្នាក់​ដឹកនាំ​ពិភព​លោក​ថា ​មជ្ឈ​ភាព​អាស៊ាន​គឺ​ជា​កម្លាំង​ចលករ​ចម្បង​សម្រាប់​កិច្ច​សន្ទនា ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​ដៃគូ​ខាង​ក្រៅ។​

ក្រោយ​ទទួល​ញញួរ​ប្រធាន​អាស៊ាន​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​លោក ​ចូកូ វីដូដូ ​(Joko Widodo) ​ ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី​ ដែល​នឹង​ក្លាយ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​ក្រោយ ​ថ្លែង​ថា​ អាស៊ាន​ត្រូវ​តែ​ក្លាយ​ជា​តំបន់​សន្តិភាព​មួយ ​និង​ជា​វេទិកា​សម្រាប់​សន្តិភាព​ពិភព​លោក​ដោយ​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​អន្តរ​ជាតិ ​និង​មិន​មែន​ជា​អ្នក​តំណាង​ឱ្យ​មហា​អំណាច​ណា​មួយ​ឡើយ។ ​ អាស៊ាន​ត្រូវតែ​ជា​តំបន់​មួយ​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ ​រក្សា​តម្លៃ​នៃ​មនុស្ស​ជាតិ​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​ លោក​បន្ថែម​ថា​ អាស៊ាន​មិន​គួរ​បណ្តោយ​ឱ្យ​ចលនា​ភូមិ​សាស្ត្រ​នយោបាយ​បច្ចុប្បន្ន​ក្លាយ​ទៅ​ជា​សង្គ្រាម​ត្រជាក់​ថ្មី​មួយ​នៅ​ក្នុង​តំបន់​ឡើយ៕

XS
SM
MD
LG