ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ស្នើ​​ឱ្យ​រក្សា​មជ្ឈភាព​​អាស៊ាន​ដើម្បី​ការពារ​ភាព​រឹង​មាំ​របស់​សមាគម


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​លើក​ទី ៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​លើក​ទី ៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​រាជ​ធានី​ភ្នំពេញ ​នា​រសៀលថ្ងៃ​អាទិត្យ​នេះ​ លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ដែល​ជា​ប្រធាន​អាស៊ាន​បាន​ស្នើឱ្យ​រក្សា​មជ្ឈភាពអាស៊ាន​ ឬ​ភាព​ជា​អ្នក​នៅ​កណ្តាល​របស់​អាស៊ាន​ ដើម្បី​ការពារ​ភាព​រឹង​មាំ​របស់​សមាគមដែល​មាន​អាយុ​៥៥​ឆ្នាំនេះ។​

លោក ហ៊ុន​ សែន ​ថ្លែង​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​បណ្តា​ប្រទេស​អាស៊ាន​ និង​ថ្នាក់​ដឹកនាំ​ពិភព​លោក​ថា មជ្ឈ​ភាព​អាស៊ាន​គឺ​ជា​កម្លាំង​ចលករ​ចម្បង​សម្រាប់​កិច្ច​សន្ទនា​ និង​កិច្ច​សហ​ប្រតិបត្តិ​ការជាមួយ​ដៃគូខាង​ក្រៅ ​តាម​រយៈ​យន្តការ​ដែល​ដឹក​នាំ​ដោយ​អាស៊ាននេះ​ ដើម្បី​ដោះ​ស្រាយ​ និង​ទប់​ស្កាត់​រាល់​បញ្ហា​ប្រឈមក្នុងតំបន់​ដែល​នឹង​ឈាន​ទៅ​រក្សា​សន្តិ​ភាព​ វិបុល​ភាព​ និង​សុខដុម​រមនា​សម្រាប់​គ្រួសារ​អាស៊ាន។ ​

ក្នុងពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០​និង​លើក​ទី៤១ ​និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​ និង​ពិធី​ប្រគល់​តំណែង​ប្រធាន​អាស៊ាន​ប្តូរ​វេន​ ​ជូន​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី​ ​លោក ហ៊ុន សែន ​ថ្លែង​ថា៖ ​«ជា​ចុង​ក្រោយ​ខ្ញុំ​សូម​បញ្ជាក់​ដោយ​សង្កត់​ធ្ងន់​ថា ​មជ្ឈ​ភាព​អាស៊ាន​គឺ​ជា​កម្លាំង​ចលករ​ចម្បងសម្រាប់​កិច្ច​សន្ទនា​ និង​កិច្ច​សហ​ប្រតិបត្តិ​ការជាមួយ​ដៃគូខាង​ក្រៅ ​តាម​រយៈ​យន្តការ​ដែល​ដឹកនាំ​ដោយ​អាស៊ាន។ ​ទោះ​បី​ស្ថិត​ក្នុង​ស្ថាន​ការណ៍​ណា​ក៏​ដោយ​ យើង​ត្រូវ​រក្សា​ឯក​ភាព​អាស៊ាន​ដើម្បី​អត្ថ​ប្រយោជន៍​ខ្ពស់​បំផុត​សម្រាប់​តំបន់ទាំង​មូល។​ ការ​លើក​កម្ពស់​សាម​គ្គី​ភាព ​និង​ឯក​ភាព​នៅ​តែ​អាទិភាព​កំពូល​របស់​យើង​នៅ​ក្នុង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។ ​ជា​សក្ខី​ភាព​ជាក់ស្តែង​នៃ​សកម្ម​ភាពរួប​រួម​គ្នា​នៅឆ្នាំ​នេះ​ យើង​អាចដោះ​ស្រាយ ​និង​ទប់​ស្កាត់​បញ្ហា​ប្រឈម​ជា​ច្រើន​នៅ​ក្នុង​តំបន់​យើង​ ដែល​នាំ​ឱ្យ​យើង​មាន​លទ្ធ​ភាព​ក្នុង​ការ​រក្សា​នូវ​សន្តិភាព​ វិបុល​ភាព​ និង​សុខដុម​រមនា​សម្រាប់គ្រួសារ​អាស៊ាន​របស់​យើ​ង»។​

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​មាន​ជំនឿ​ថា សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី​ ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២៣​ នឹង​បន្ត​ដឹក​នាំ​អាស៊ាន​ដើម្បី​សម្រេច​បាន​នូវ​គោល​បំណងចម្បង​នៃ​សមាគម​អាស៊ាន​ប្រកប​ដោយ​សុខ​សន្តិ​ភាព​ ភាព​ធន់​ និង​បរិយាប័ន្ន។

​អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិ​ភាព​ លោក​វណ្ណ ប៊ុនណា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អាទិត្យនេះ​ ដោយ​កត់​សម្គាល់​ថា​ មជ្ឈ​ភាព​អាស៊ាន​គឺ​អាស៊ាន​ចង់​ឱ្យ​ខ្លួន​ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​បើក​បរ​នាវា​សន្តិ​ភាព ​ឬ​នាវា​សន្តិសុខ​ក្នុង​តំបន់ ដែល​មាន​ន័យ​ថា​ មហា​អំណាច​ខាង​ក្រៅ ​ក៏ដូចជា​ដៃ​គូ​សន្ទនា​ខាង​ក្រៅ​ ត្រូវ​តែ​ចូល​រួម​តាម​យន្ត​ការ​ដែល​រៀប​ចំ​ដោយ​អាស៊ាន ​ដោយមិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ភាព​សំខាន់​នៃ​មជ្ឈភាព​របស់​អាស៊ាន​។ ​ប៉ុន្តែ​លោក​ថា ​រឿង​ដែល​សំខាន់​គឺ​លុះត្រា​តែ​អាស៊ាន​មាន​សាមគ្គី​ភាព​គ្នា។ ​ខណៈ​ពេលនេះ​ សាមគ្គី​ភាព​អាស៊ាន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​ផុយ​ស្រួយ​នៅ​ឡើយ​ ដោយ​មាន​ប្រទេស​អាស៊ាន​ខ្លះ​ចាប់​យក​ចិន ​និង​ខ្លះ​ចាប់​យក​សហ​រដ្ឋអាមេរិក​ជា​ដើម។

លោក​ថ្លែង​ថា៖ ​«អាហ្នឹង​ [មជ្ឈ​ភាព​អាស៊ាន] ​វាធ្វើ​បាន​លុះត្រា​តែ​អាស៊ាន​មាន​សាមគ្គី​ភាព។ ​អាស៊ាន​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើលឃើញ​ថា​ វា​មាន​ភាព​ផុយ​ស្រួយ​មែន​ទែន​ ដោយ​សារ​អាស៊ាន​បែក​បាក់​សាមគ្តី ​ដោយ​សារ​ប្រទេស​មួយ​ចំនួន​ចាប់​យក​ចិន​ ប្រទេស​មួយ​ចំនួន​ចាប់យក​សហ​រដ្ឋ​អាមេរិក​ ដែល​ធ្វើ​ឱ្យ​អាស៊ា​ន​មាន​គំនិត​ខ្វែង​គ្នា​ច្រើន ​ ហើយគេ​មើល​ឃើញ​ថា​ សាមគ្គី​ភាព​អាស៊ាន​មាន​ភាព​ផុយ​ស្រួយ។ ​កាល​ណា​សាមគ្គី​ភាព​របស់​អាស៊ាន​ផុយ​ស្រួយ​ ​វាធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​តួនាទី​សំខាន់​របស់​អាស៊ាន​ក្នុង​តំបន់ ​ជាពិសេស​ទាក់​ទង​ផ្នែក​នយោបាយ ​និង​សន្តិ​សុខ»។​

បើ​តាម​លោក ​វណ្ណ ប៊ុនណា​ តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុង​កិច្ច​ការ​រក្សា​សន្តិសុខ​តំបន់​ក៏​បាន​រង​សម្ពាធ​ពី​ការ​ចង​សម្ព័ន្ធ​ភាព​សន្តិសុខ​មួយ​ចំនួន​ផ្តួច​ផ្តើម​ដោយ​ក្រុម​ប្រទេស​ដែល​មាន​ទំនោរ​ទប់​ទល់​នឹង​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ក្នុង​នោះ គឺ​សម្ព័ន្ធ​ភាព​សន្តិសុខ​ Quad ​និង ​Aukus ​ដែល​មាន​ការ​ចូល​រួម​ពី​ប្រទេស​ឥណ្ឌា​ ជប៉ុន​ អូស្ត្រាលី​ ចក្រភព​អង់គ្លេស​ និង​សហ​រដ្ឋអាមេរិក។​ សម្ព័ន្ធ​ភាព​ទាំង​អស់​នេះ​ក៏​ទំនង​ជា​ធ្វើ​ឲ្យ​មជ្ឈភាព​អាស៊ាន​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​ផង​ដែរ។​

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​នៅ​កម្ពុជា​ លោក ​ឯម សុវណ្ណារ៉ា ​ធ្លាប់ប្រាប់​វីអូអេ​ថា ​អាស៊ាន​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​មាគ៌ា​«មជ្ឈ​ភាព»​របស់​ខ្លួន​ឱ្យបាន​ដើម្បី​អាច​ទាញ​យក​ផល​ប្រយោជន៍​ទាំង​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត។​

ដោយ​ឡែ​កទាក់​ទង​នឹង​កិច្ច​ប្រជុំ​អាស៊ាន​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​ជា​ប្រធាន​ប្តូរ​វេន​ឆ្នាំ​២០២២​នេះ​ បានថ្លែង​ពី​ភាព​ជោគជ័យ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​នេះ ​គឺ​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា ​ដែល​អាស៊ាន​ខិត​ខំស្តារ​ឡើង​វិញ​នូវផល​ប៉ះ​ពាល់​នៃ​ជំងឺ​កូវីដ​១៩ ​និង​ដោះ​ស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា ​ស្ថានភាព​មិន​រំពឹង​ទុក​ដែលកើត​មាន​ឡើង​ ផលប៉ះ​ពាល់ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​និង​សេដ្ឋកិច្ច​ជា​ដើម។​

​លោក ​ហ៊ុន សែន​ ថ្លែង​ថា៖ ​«អាស៊ាន​បាន​គ្រប់​គ្រង​ និង​សម្រប​សម្រួល​លើ​បញ្ហា​ប្រឈម​ទាំង​នោះ​រហូត​ទទួល​បាន​លទ្ធផល​ជាច្រើន​គួរ​ជាទី​គាប់​ចិត្ត។ ​យើង​ពិត​ជា​បាន​អនុវត្ត​មូល​បទ​ភាព​នៃ​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជានៅឆ្នាំ​នេះ។ ​អាស៊ាន​រួម​គ្នា​ធ្វើ​ ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​អស់​គ្នា។​ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤០​ និង​[លើកទី]៤១​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ និង​សូម​អរគុណ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ពេញលេញ ​ការ​គាំទ្រ​ និង​ភាព​ទន់ភ្លន់​ដែល​បាន​ផ្តល់​ឱ្យ​ប្រទេស ​ដែល​ជា​សមាជិក​អាស៊ាន ​និង​ប្រទេស​ដៃ​គូ​ បាន​នាំ​មក​នូ​វ​លទ្ធ​ផល​ដ៏​ច្រើន​ក្រៃលែង​គួរ​ជាទី​មោទនៈ»។

​នៅ​ក្នុង​ពិធី​បិទ​ជាផ្លូវ​ការ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០​ និង​លើក​ទី​៤១​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ​បានប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ជូន​ទៅ​លោក ​ចូកូ វីដូដូ ​(Joko Widodo)​ ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី ដែល​នឹង​ក្លាយ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG