លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតដើម្បីបង្ហាញសិទ្ធិជ្រើសរើសមេដឹកនាំ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ឆ្នាំក្រោយ។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។
លោក ហ៊ុន សែន បានជំរុញឲ្យបណ្តាគណបក្សនយោបាយទាំងអស់ត្រូវរុញសមាជិកសមាជិកា និងអ្នកគាំទ្ររបស់ខ្លួនទៅចុះឈ្មោះបោះឆ្នោតក្នុងរយៈពេលកំណត់ដោយស្ថាប័នរៀបចំការបោះឆ្នោត។
លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវ ខ្ញុំព្រះករុណាខ្ញុំអំពាវនាវសាជាថ្មីម្តងទៀត ជាមួយនឹងប្រជាពលរដ្ឋទាំងអស់ គ្រប់និន្នាការនយោបាយ ឲ្យទៅចុះឈ្មោះបោះឆ្នោត ហើយក្នុងនោះយុវជនដែលទើបដល់អាយុបោះឆ្នោតក៏ត្រូវទៅចុះឈ្មោះបោះឆ្នោត។ បើមិនអ៊ីចឹងទេ គឺការអនុវត្តសិទ្ធិមិនអាចទៅរួចទេ»។
ការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រជាពលរដ្ឋអាយុគ្រប់១៨ឆ្នាំមានប្រមាណ១៩ម៉ឺននាក់។ ចំណែកចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតបច្ចុប្បន្នមានប្រមាណ៩,២លាននាក់៕