ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ជំរុញ​ពលរដ្ឋ​​ឱ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​ ដោយ​ចំអក​យុទ្ធសាស្ត្រ​«ដេក​ផ្ទះ​ឈ្នះ​ឯង»​​របស់​ដៃគូ​ប្រជែង​នយោបាយ​ជើងចាស់


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងពិធីគម្រប់ខួបទី​៧១ នៃគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងពិធីគម្រប់ខួបទី​៧១ នៃគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

នៅ​ក្នុង​ថ្ងៃដំបូង​នៃ​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត នា​ថ្ងៃព្រហស្បតិ៍ ទី ២០ ខែ​តុលា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ឱ្យទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យបានគ្រប់ៗ​គ្នា។

លោកក៏​ស្នើឱ្យ​គណបក្ស​នយោបាយ​ទាំង​អស់​ ជំរុញ​សមាជិក​និង​សកម្មជន​របស់​ខ្លួន ទៅចុះ​ឈ្មោះបោះឆ្នោត ដើម្បីប្រើប្រាស់​សិទ្ធិ​ជ្រើស​រើស​មេដឹកនាំ​ប្រទេស​កម្ពុជា​ថ្មី នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០២៣​ ខាង​មុខ​នេះ។

​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ធ្វើ​ឡើង​ នៅពេល​លោក​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​សារ​ជាថ្មី ​នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ​ដោយបាន​ប្តូរ​ឆ្នាំ​កំណើត​របស់​លោក​ពី​ថ្ងៃទី​ ៤ ខែ​មេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី៥ ខែ​សីហា ​ឆ្នាំ​ ១៩៥២។

លោក​ ហ៊ុន សែន ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ ​«[នេះ]​គឺជា​ឱកាស​ល្អ​ដែល​ខ្ញុំ​សូម​អំពាវ​នាវ​ទៅ​បណ្តា​បក្ស​នយោបាយ​ ដើម្បី​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ ដើម្បី​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ជ្រើស​រើស​មេដឹកនាំ»។

លោក ហ៊ុន សែន​ ក៏​បាន​ថ្លែង​ចំអក​ដល់​យុទ្ធសាស្ត្រ​ «ដេក​ផ្ទះ​ឈ្នះ​ឯង» របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​កាលពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពីឆ្នាំ​ ២០១៨ ថា មិន​មែន​ជា​យុទ្ធសាស្ត្រ​ឈ្នះ​ទេ តែ​ជា​ការ​នាំមក​នូវ​ការ​បរាជ័យ​ទៅវិញ។

គួរ​បញ្ជាក់​ថា កាលពី​ចុង​ឆ្នាំ ២០១៧ មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០១៨ តុលាការ​កំពូល​កម្ពុជា​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា។ ក្រោយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវបាន​ចេញ​ជា​ស្ថាពរ​នោះ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​រដ្ឋាភិបាល​ឯកបក្ស​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG