ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​សន្តិភាព


លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ ដែ​ល​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២២។ (Facebook/Cambodian PM Hun Sen)
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ ដែ​ល​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២២។ (Facebook/Cambodian PM Hun Sen)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នេះ ដែល​លោក​អះអាង​ថា​ដើម្បី​រក្សា​សន្តិភាព។

លោក ហ៊ុន សែន អំពាវនាវ​បែប​នេះ​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ ដែ​ល​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២២។

លោក​ថ្លែង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ដែល​គណបក្ស​នេះ​នឹង​បន្ត​គ្រប់គ្រង​ឃុំ​សង្កាត់​ស្ទើរ​តែ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ហើយ​សង្ឃឹម​ថា​បង​ប្អូន​នឹង​ផ្តល់​ឱកាស​សម្រាប់​គណបក្ស​ប្រជាជន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៣ នា​ពេល​ខាង​មុខ​នេះ»។

បើ​តាម​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​៥​លាន​ ៣​សែន​សំឡេង​ ឬស្មើ​៧៤,៣២%​នៃ​ចំនួន​សំឡេង​ឆ្នោត​សរុប និង​ទទួល​បាន​អាសនៈ​ចំនួន​៩.៣៧៦​ អាសនៈ ក្នុង​នោះមេ​ឃុំ​១.៦៤៨​នាក់​ ជំទប់​ទី​មួយ​ចំនួន​១.៦១៨​នាក់ និង​ជំទប់​ទី​ពីរ​ចំនួន​២៦១​នាក់។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​អះអាង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ហើយ​បាន​លើក​ឡើង​ពី​ភាព​មិន​ទុក​ចិត្ត​លើ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត។

លោក ហ៊ុន សែន បន្ថែម​ថា ​ការ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​ការ​បោះ​ឆ្នោត​ឱ្យ​ខ្លួន​ឯង ដើម្បី​រក្សា​សេចក្តី​សុខ សន្តិភាព និង​ការ​អភិវឌ្ឍ។

លោក​បន្ថែម​ថា៖ «ចាំ​ដល់​ពេល​បាត់​សន្តិភាព ទើប​នាំ​គ្នា​ស្រែក​រក​សន្តិភាព ពិបាក​ណាស់»។

កាល​ពី​ឆ្នាំ​២០១៧ មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ និង​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បន្ត​កាន់​អំណាច នោះ​ប្រទេស​នឹង​មាន​សង្រ្គាម។ ការ​ថ្លែង​នេះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ចាត់​ទុក​ជា​សារ​គំរាម​មួយ​ដល់​អ្នក​បោះ​ឆ្នោត។

លោក​ថ្លែង​កាល​នោះ​ថា៖ «វា​ជា​ចំណុច​ដែល​ខ្ញុំ​ត្រូវ​តែ​និយាយ​ថា សង្គ្រាម​វា​នឹង​កើត ខ្ញុំ​នៅ​តែ​អះអាង​ដាច់​ខាត​លើ​រឿង​នេះ ប្រសិន​បើ​គណបក្ស​ប្រជាជនមិន​បន្ត​ការ​គ្រប់​គ្រង​អំណាច​នោះ​ទេ»។

គួរ​បញ្ជាក់​ថា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិ​ទី​៧​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ គេ​មិន​ទាន់​ដឹងនៅ​ឡើយទេ​ថា​តើ​ការ​បោះឆ្នោត​មួយ​នេះ នឹង​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ដែល​ត្រូវ​បាន​រំលាយ​នៅ​ឆ្នាំ​២០១៧ និង​វត្តមាន​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ចូលរួម​ប្រកួត​ប្រជែង​ឬ​យ៉ាង​ណា​ទេ៕

XS
SM
MD
LG