ការគ្រប់គ្រងសំរាមសំណល់រឹងដែលមិនមានប្រសិទ្ធភាពបានគំរាមកំហែងដល់និរន្តរភាពបរិស្ថាននិងសុខភាពសាធារណៈនៅរាជធានីភ្នំពេញ ជាពិសេសក្នុងតំបន់ក្រីក្រ ទីដែលមិនមានវិធីសាស្ត្រត្រឹមត្រូវនៅក្នុងការទុកដាក់កាកសំណល់ ហើយកាលវិភាគសម្រាប់ការប្រមូលសំរាមរបស់អ្នកផ្តល់សេវាកម្មក្នុងការប្រមូលកាកសំណល់ក៏មិនទៀងទាត់។ នេះបើតាមរបាយការណ៍ស្រាវជ្រាវមួយរបស់សមាគមអង្គការធាងត្នោតស្តីពី៖ «ការគ្រប់គ្រងសំរាម សំណល់រឹងក្នុងរាជធានីភ្នំពេញ ឆ្នាំ២០២៤» ដែលវីអូអេទទួលបាន។
បើតាមរបាយការណ៍នេះ នៅរាជធានីភ្នំពេញ បញ្ហាប្រឈមនៃការចោលសំរាមសំណល់រឹង ដោយអនុវត្តការទុកដាក់សំរាមមិនត្រឹមត្រូវគ្មានការញែកសំរាម ពេលវេលាបញ្ចេញចោលមិនត្រឹមត្រូវ និងការប្រមូលមិនទៀងទាត់ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ជាពិសេសទីតាំងលំនៅដ្ឋានក្រីក្រ។ លើសពីនេះ ការយល់ដឹងជាសាធារណៈពីការបែងចែកសំរាមសំណល់រឹងក៏នៅមានកម្រិតទាប ដែលទាមទារឲ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយ។
ប្រធានគម្រោងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត អ្នកស្រី គាំ ចាន់រស្មី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា គោលបំណងនៃស្រាវជ្រាវគឺដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាមសំណល់រឹងឲ្យមានប្រសិទ្ធភាពនិងសមធម៌នៅក្នុងទីក្រុង ដោយផ្តល់នូវផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់អ្នកធ្វើគោលនយោបាយនិងអ្នកពាក់ព័ន្ធនានា ដើម្បីចូលរួមដោះស្រាយបញ្ហាកំពុងប្រឈម។
អ្នកស្រីថ្លែងថា របាយការណ៍ស្រាវជ្រាវនេះបង្ហាញពីចំណុចសំខាន់ៗចំនួនបីរួមមាន៖ «កង្វះកន្លែងទុកដាក់ឬចោលសំរាមសំណល់រឹង។ ចំណុចទី ២ យើងឃើញថា ការយល់ដឹងជាសាធារណៈរបស់ប្រជាពលរដ្ឋនិងការអនុលោមតាមការបែងចែកសំរាម សំណល់រឹងនៅមានកម្រិតទាប ហើយចំណុចសំខាន់ចុងក្រោយនោះ គឺភាពមិនស៊ីចង្វាក់គ្នារវាងអ្នកផ្តល់សេវាប្រមូលសំរាម និងអ្នកប្រើប្រាស់សេវាប្រមូលសំរាម ដោយសារតែឃើញថា អ្នកបញ្ចេញសំរាម គាត់អត់ដឹងពេលវេលាច្បាស់លាស់ក្នុងការបញ្ចេញ ហើយមិនទទួលបានព័ត៌មាន។ ហើយអ្នកប្រមូលសំរាមក៏មិនទៀងទាត់ក្នុងការចុះប្រមូលក្នុងមូលដ្ឋានផងដែរ [...] ជាក់ស្តែងការគ្រប់គ្រងសំណល់រឹងក្នុងទីក្រុងនេះ យើងមើលឃើញថា មិនទាន់មានភាពល្អប្រសើរនៅឡើយ»។
បើតាមអ្នកស្រី គាំ ចាន់រស្មី អង្គការសមាគមធាងត្នោតនឹងបន្តចូលរួមលើកទឹកចិត្តឲ្យពលរដ្ឋសម្អាតនិងបែងចែកទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត សុខភាពល្អ និងស្នើឲ្យគ្រប់ភាគីទាំងអស់ពិនិត្យមើលការស្រាវជ្រាវរបស់អង្គការសមាគមធាងត្នោត ដើម្បីចូលរួមដោះស្រាយបញ្ហាដែលកំពុងកើតមាន។
អ្នកស្រីថ្លែងថា៖ «STT (អង្គការសមាគមធាងត្នោត) សង្ឃឹមថា រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរទទួលស្តាប់ក៏ដូចជាពិនិត្យមើលលើការស្រាវជ្រាវរបស់យើងទៅលើបញ្ហាគ្រប់គ្រងសំរាមសំណល់រឹងនេះផងដែរ។ ខ្ញុំគិតថា បញ្ហាសំរាមសំណល់រឹងនេះ វាជាបញ្ហារួមមិនចំពោះតែអង្គការសមាគមធាងត្នោតទេ គឺជាបញ្ហាទាំងអស់គ្នា»។
យោងតាមរបាយការណ៍ដែលមានកម្រាស់ ៤១ ទំព័ររបស់អង្គការសមាគមធាងត្នោត ក្រុមអ្នកសិក្សាស្រាវជ្រាវបានប្រមូលទំហំសំណាកដើម្បីវិភាគពីការគ្រប់គ្រងសំរាម សំណល់រឹងក្នុងរាជធានីភ្នំពេញ ក្នុងទីតាំងចំនួន ១៤ ដែលជាទីតាំងលំនៅដ្ឋានក្រីក្រ និងទីតាំងលំនៅដ្ឋានទូទៅ។ ទីតាំងទាំងនោះស្ថិតនៅក្នុងខណ្ឌចំនួន ៦ រួមមានខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោនិងខណ្ឌច្បារអំពៅ។
ជាលទ្ធផលនៃការស្រាវជ្រាវទីតាំងចោលសំរាមសំណល់រឹង អ្នកផ្តល់បទសម្ភាសន៍ ១២៨នាក់ ក្នុងចំណោម ២០៣នាក់ បញ្ជាក់ថា ពួកគេមិនមានទីតាំងសម្រាប់ចោលសំរាមសំណល់រឹងប្រចាំថ្ងៃនោះទេ ក្នុងនោះចំនួន ៧៥ នាក់ ជាប្រជាពលរដ្ឋរស់នៅទីតាំងទូទៅ និងចំនួន ៥៣ នាក់ មកពីទីតាំងលំនៅដ្ឋានក្រីក្រ។ ពួកគេកំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជាការចោលសំរាមសំណល់រឹងមិនបានត្រឹមត្រូវបណ្តាលឲ្យមានជម្លោះអ្នកជិតខាងនិងអ្នកជិតខាង ការវេចខ្ចប់សំរាមសំណល់រឹងមិនបានត្រឹមត្រូវ ការចោលសំរាមសំណល់រឹងលើដីទំនេររបស់អ្នកដទៃ និងការប្រមូលមិនស្អាតរបស់បុគ្គលិកប្រមូលសំរាមសំណល់រឹង។ នេះបើតាមរបាយការណ៍។
បើតាមរបាយការណ៍ដដែល កង្វះកន្លែងទុកដាក់ ឬចោលសំរាមមានចំនួន ២៦% កង្វះទីតាំងចោលសំរាមបែបនេះអាចបណ្តាលឲ្យមានការចោលសំរាមអាណាធិបតេយ្យនៅតាមទីសាធារណៈ ដែលនឹងបង្កឲ្យមានបញ្ហាដល់ផ្នែកសុខភាព និងប៉ះពាល់ដល់បរិស្ថាន។ ការយល់ដឹងជាសាធារណៈនិងការអនុលោមតាមការបែងចែកសំរាមសំណល់រឹងនៅតែមានកម្រិតទាបនៅឡើយ ព្រោះមានតែអ្នកផ្តល់បទសម្ភាសន៍ ៣១% ប៉ុណ្ណោះ ដែលបានញែកសំរាមសំណល់រឹងតាមប្រភេទសើមនិងស្ងួតជាទៀងទាត់។
របាយការណ៍នេះក៏បានសិក្សាអំពីបញ្ហាប្រឈមសំខាន់ៗទាក់ទងនឹងការគ្រប់គ្រងសំរាមសំណល់រឹងក្នុងរាជធានីភ្នំពេញ ដោយផ្តោតលើភាពខុសគ្នារវាងទីតាំងលំនៅដ្ឋានក្រីក្រនិងទីតាំងលំនៅដ្ឋានទូទៅ ដើម្បីស្វែងរកការអន្តរាគមន៍ភ្លាមៗនិងផ្តល់អាទិភាពដល់ទីតាំងលំនៅដ្ឋានក្រីក្រដែលងាយរងគ្រោះ និងពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចដើម្បីធានាការគ្រប់គ្រងសំរាមសំណល់រឹងប្រកបដោយសមធម៌ និងនិរន្តរភាព សម្រាប់ទាំងអស់គ្នានៅក្នុងរាជធានីភ្នំពេញ។
នៅក្នុងការចងក្រងរបាយការណ៍ចុងក្រោយនេះ អ្នកសិក្សាស្រាវជ្រាវរបស់អង្គការសមាគមធាងត្នោតបានរកឃើញភាពមិនស៊ីសង្វាក់គ្នានៃការផ្តល់សេវាកម្មប្រមូលសំរាមផងដែរ ដោយជាង ៧០% នៃអ្នកផ្តល់បទសម្ភាស៍បានលើកឡើងពីភាពមិនទៀងទាត់រវាងការបញ្ចេញសំរាម និងប្រមូលសំរាមឲ្យត្រូវតាមកាលវិភាគប្រមូលសំរាម។ មូលហេតុចម្បងៗដែលបណ្តាលឲ្យមានបញ្ហានេះ គឺដោយសារតែផ្លូវតូចមិនអាចឲ្យឡានដឹកសំរាមចូលមកប្រមូលសំរាមបាន និងពេលវេលាប្រមូលសំរាមមិនច្បាស់លាស់។ បន្ថែមពីនេះ ការចូលរួមជាសាធារណៈក្នុងកម្មវិធីគ្រប់គ្រងសំរាមសំណល់រឹងមានកម្រិតទាប ដោយមានអ្នកផ្តល់បទសម្ភាសន៍មានត្រឹមតែ ៣៣% ប៉ុណ្ណោះ ដែលបានដឹងពីកាលវិភាគប្រមូលសំរាម នៅក្នុងតំបន់របស់ពួកគេ។
ជាដំណោះស្រាយ អាជ្ញាធរពាក់ព័ន្ធត្រូវកែសម្រួលមួយចំនួន រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាបន្ទាន់ ជាពិសេសនៅក្នុងតំបន់ដែលមានផ្លូវតូចចង្អៀត និងមិនទាន់មានកន្លែងទុកដាក់សំរាមឬចោលសំរាម ដើម្បីពង្រីកសមត្ថភាពប្រមូលសំរាម។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាពពេលវេលា ជាក់ស្តែងលើកាលវិភាគប្រមូលសំរាម និងការតាមដាន GPS នៃរថយន្តប្រមូលសំរាមក៏អាចបង្កើនគណនេយ្យភាពនិងប្រសិទ្ធភាពនៃការប្រមូលសំរាមផងដែរ។
អភិបាលរងសាលារាជធានីភ្នំពេញលោក កើត ឆែ បដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយឲ្យអ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក (វីអូអេ) សួរទៅអ្នកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ។ ប៉ុន្តែអ្នកស្រី ដោ សម្ផស្ស បដិសេធផ្តល់ការអត្ថាប្បាយដោយឲ្យវីអូអេសួរទៅអង្គការសមាគមធាងត្នោតវិញ។
ទោះជាយ៉ាងណាក្តី ទាក់ទិនការគ្រប់គ្រងសំរាមនេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីដើមឆ្នាំ ២០២៤ បានណែនាំដល់ប្រជាពលរដ្ឋអំពីការទុកដាក់សំរាមនិងសំណល់រឹងឲ្យបានត្រឹមត្រូវ ដោយមានការកំណត់ប្រភេទថង់ច្រកសំរាមសើមនិងស្ងួត។ ជាមួយនឹងការណែនាំនេះ រដ្ឋបាលរាជធានីបានព្រមានពីការផាកពិន័យចំពោះសកម្មភាពល្មើសនឹងការគ្រប់គ្រងសំរាមសំណល់រឹងនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ និងចាត់វិធានការរដ្ឋបាលចាំបាច់ផ្សេងៗទៀត ដូចជាផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមការចាំបាច់ ចំពោះអ្នកមិនស្តាប់តាមការណែនាំ។
បើតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន មាត្រា ៣៩ ចែងថា ការមិនអនុវត្តតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រុង ស្រុក ខណ្ឌ ក្នុងការញែកនិងការវេចខ្ចប់ដោយឡែកនូវសំរាមសំណល់រឹងទីប្រជុំជនដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ចន្លោះពី ១ម៉ឺនរៀល ទៅដល់ ២០ម៉ឺនរៀល។ ក្នុងករណីមិនរាងចាលត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ទ្វេដងនៃប្រាក់ពិន័យអន្តរការណ៍លើកមុន៕
វេទិកាបញ្ចេញមតិ