ក្រុមយុវជនសកម្មជនបរិស្ថានជាង២០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រមូលផ្តុំគ្នានៅក្រសួងបរិស្ថានក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទាមទារឱ្យក្រសួងបំភ្លឺជុំវិញគម្រោងដាក់កោះកុងក្រៅក្នុងខេត្តកោះកុងជាឧទ្យានជាតិសមុទ្រ និងជំរុញពន្លឿនដំណើរការនេះ។ សកម្មជនអះអាងថា ក្រសួងបរិស្ថានធ្លាប់បានសន្យាថានឹងដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រក្នុងឆ្នាំ២០២១ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់បានដាក់នៅឡើយទេ។
សកម្មជនទាំងនោះបានដើរថ្មើរជើង ដោយកាន់បដា ដង្ហែញត្តិចេញពីផ្លូវសហព័ន្ធរុស្ស៊ី រហូតមកដល់ក្រសួងបរិស្ថាន នៅក្បែរកោះពេជ្រ។ សកម្មជនវ័យក្មេងទាំងនោះបានលាបម៉្សៅមុខពណ៌ស គូរង្វង់ភ្នែកពណ៌ខ្មៅ ដែលពួកគេថា ជាតំណាងឱ្យខ្មោច ហើយដៃរបស់ពួកគេកាន់នំនិងទានផងដែរ។
បើតាមញត្តិ សកម្មជនបានស្នើសុំឱ្យក្រសួងបរិស្ថានបង្ហាញលទ្ធផលនៃការស្រាវជ្រាវអំពីសក្តានុពលនៃកោះកុងក្រៅ ព្រមទាំងឱ្យក្រសួងពិចារណាជាបន្ទាន់ក្នុងការដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។ ពួកគេអះអាងថា កោះកុងក្រៅជាតំបន់សម្បូរដោយសត្វកម្រនិងជីវចម្រុះជាច្រើនប្រភេទដែលមិនអាចកាត់ថ្លៃបាន។ បន្ថែមពីនេះ ពួកគេមានការព្រួយបារម្ភអំពីបញ្ហាសំរាមនិងភាពខ្វះខាតការអប់រំអំពីផលវិបាកនៃសំណល់ផ្លាស្ទិក ដែលនាំឱ្យមានការបំផ្លាញសោភ័ណភាពនៅតាមភូមិទេសចរណ៍នៅទីនោះ និងការបំពុលតាមឆ្នេរនីមួយៗនៃកោះកុងក្រៅទាំងមូល។ នេះបើយោងតាមញត្តិរបស់សកម្មជន។
កញ្ញា រស់ ស្រីរ័ត្នអាយុ២១ឆ្នាំ សកម្មជនដែលបានចូលរួមដង្ហែញត្តិ ដោយមានការតុបតែងមុខ ប្រាប់វីអូអេថា ការដាក់ញត្តិនេះមានគោលបំណងចង់ឱ្យក្រសួងគោរពតាមពាក្យសន្យារបស់ខ្លួន។
កញ្ញាថ្លែងថា៖ «ដាក់ញត្តិដើម្បីឱ្យក្រសួងបរិស្ថានគោរពពាក្យសន្យាឡើងវិញ! ដោយសារគាត់បានសន្យាជាមួយពួកយើងកាលពីឆ្នាំ២០២១ថា នឹងដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ ប៉ុន្តែជិត៤ឆ្នាំហើយដែលក្រសួងបរិស្ថានអត់ទាន់បានគោរពពាក្យសន្យា។ ហើយក៏មិនទាន់មានចំណាត់ការណាមួយទាក់ទងទៅនឹងការដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រដែរ»។
កញ្ញាបន្ថែមថា កញ្ញាមិនមានការភ័យខ្លាចចំពោះការចូលរួមឱ្យមានការការពារសម្បត្តិធនធានធម្មជាតិ បើទោះបានដឹងថា សកម្មជនបរិស្ថានខ្លះកំពុងរងបណ្តឹងនៅតុលាការ និងខ្លះធ្លាប់ជាប់ពន្ធនាគារ ដោយសារសកម្មភាពរបស់ពួកគេក៏ដោយ។
កញ្ញាបញ្ជាក់ថា៖ «សម្រាប់ខ្ញុំផ្ទាល់ គឺខ្ញុំអត់ភ័យខ្លាចទេ! ដោយសារវាជាសិទ្ធិរបស់យើងក្នុងនាមជាពលរដ្ឋ ដើម្បីចូលរួមក្នុងសកម្មភាពសង្គមដែលត្រឹមត្រូវ។ វាមិនមែនខុសនឹងច្បាប់ទេ។ ពួកយើងនៅតែបន្តសកម្មភាពរបស់ពួកយើងរហូតដល់ក្រសួងបរិស្ថាននឹងដាក់កោះកុងក្រៅជាឧទ្យានជាតិ។ពួកយើងមិនមានភាពនឿយហត់ក្នុងការធ្វើសកម្មភាពរាល់ថ្ងៃហ្នឹងទេ។ យើងធ្វើដើម្បីពួកយើងទាំងអស់គ្នា ដើម្បីពលរដ្ឋខ្មែរទាំងអស់គ្នា។ ពួកយើងមិនមែនធ្វើដើម្បីសិទ្ធិបុគ្គល ឬក៏សិទ្ធិខ្លួនឯងផ្ទាល់ទេ»។
សកម្មជនម្នាក់ទៀត កញ្ញា ធួន ស្រីពៅ អាយុ២២ឆ្នាំ លើកឡើងថា កញ្ញាចូលរួមដាក់ញត្តិនេះ ដោយសារកញ្ញាបារម្ភអំពីការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតំបន់កោះកុងក្រៅ។
កញ្ញាប្រាប់អ្នកសារព័ត៌មានថា៖ «ពួកយើងនៅតែបារម្ភ ព្រោះយើងឃើញកន្លងមកធនធានធម្មជាតិឱ្យតែនៅក្រោមឈ្មោះឧកញ៉ា ក្រោមការអភិវឌ្ឍ គឺតែងតែទទួលរងការបំផ្លាញ។ កោះកុងក្រៅក៏ត្រូវបានផ្តល់សិទ្ធិទៅឱ្យឧកញ៉ា លី យ៉ុងផាត់ ដែលឧកញ៉ានេះមានឈ្មោះសុសសាយមែនទែនខាងបំផ្លាញធនធានធម្មជាតិដែលជាក្តីបារម្ភមួយរបស់ពួកយើង។ ក្នុងនាមជាម្ចាស់នៃធនធានធម្មជាតិខ្មែរ ប្រជាពលរដ្ឋដែលជាម្ចាស់នៃធនធានធម្មជាតិ គឺមានការព្រួយបារម្ភមែនទែន ព្រោះកោះកុងក្រៅជា កោះដែលស្រស់ស្អាតមែនទែនរបស់ខ្មែរបន្ទាប់ពីកោះត្រល់ ដែលត្រូវបានបាត់បង់ទៅប្រទេសវៀតណាម»។
សកម្មជនរូបនោះសង្ឃឹមថា ក្រសួងបរិស្ថាននឹងពិចារណាដកកោះកុងក្រៅចេញពីសម្បត្តិឯកជនមកទុកជាតំបន់ការពារសម្បត្តិធម្មជាតិវិញ។
ចំណែកយុវជនម្នាក់ដែលមកពីចលនាមាតាធម្មជាតិដែលចូលរួមក្នុងការដាក់ញត្តិនេះកញ្ញា មាន លីសា អាយុ២២ឆ្នាំ ប្រាប់អ្នកសារព័ត៌មាននៅមុខក្រសួងបរិស្ថានថា ការដាក់ញត្តិទាមទារឱ្យការពារតំបន់កោះកុងក្រៅនេះមិនមែនជាលើកទីមួយទេដែលសកម្មជនធ្វើយុទ្ធនាការ។ ប៉ុន្តែកញ្ញាកាន់តែបារម្ភនៅពេលទទួលបានព័ត៌មានថា កោះកុងក្រៅត្រូវបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជនក្នុងការអភិវឌ្ឍ។
កញ្ញាថ្លែងថា៖ «កោះកុងក្រៅទាំងមូលគឺទទួលបានសិទ្ធិអភិវឌ្ឍទៅឧកញ៉ា លី យ៉ុងផាត់ ដែលមានសិទ្ធិក្នុងការអភិវឌ្ឍលើកោះកុងក្រៅទាំងមូល។ ប៉ុន្តែវាខុសទៅនឹងច្បាប់ភូមិបាលដែលកោះកុងក្រៅគឺត្រូវបានផ្តល់សិទ្ធិឱ្យលោក លី យ៉ុងផាត់ តាំងពីឆ្នាំ២០១៩ តែបច្ចុប្បន្នកោះកុងក្រៅអត់ទាន់លេចចេញនូវការអភិវឌ្ឍណាមួយឱ្យឃើញចំពោះប្រជាពលរដ្ឋខ្មែរថា វាមានប្រយោជន៍មានតម្លៃទេ»។
កញ្ញាបញ្ជាក់បន្ថែមថា៖ «បើសិនជាលើសពី១២ខែ លើសពី១ឆ្នាំហ្នឹងត្រូវដកអាជ្ញាបណ្ណមកវិញ មានន័យថាបើសិនជាការផ្តល់សិទ្ធិអភិវឌ្ឍហ្នឹង វាអត់មានប្រយោជន៍។ យើងដឹងហើយថា លោក លី យ៉ុងផាត់ គឺជាអ្នកណា? អ្នកដែលមានអំណាច អ្នកដែលមានឥទ្ធិពលក្នុងជួររដ្ឋាភិបាល។ ហេតុអ្វីបានជាទឹកដីក៏ដូចជាកោះដែលជាធនធានសម្បត្តិរបស់រដ្ឋនេះត្រូវតែប្រគល់ឱ្យអ្នកមានអំណាចទាំងអស់ហ្នឹង? រដ្ឋអត់មានសមត្ថភាពក្នុងការអភិវឌ្ឍកោះខ្លួនឯងឬក៏យ៉ាងណា?»
លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោកតែងតែទទួលរងការចោទប្រកាន់ថា លោកបានទទួលសិទ្ធិគ្រប់គ្រងអភិវឌ្ឍនៅតំបន់កោះកុងក្រៅជាហូរហែ។ លោកបដិសេធថា លោកមិនបានទទួលសិទ្ធិអភិវឌ្ឍន៍អ្វីឡើយនៅតំបន់កោះកុងក្រៅ។
លោកប្រាប់វីអូអេថា៖ «ជម្រាបក្មួយឯងថា កោះកុងក្រៅខ្ញុំអត់មានអ្វីពាក់ព័ន្ធទេ គឺកោះកុងក្រៅនៅតែកោះកុងក្រៅ។ រដ្ឋនៅតែជារបស់រដ្ឋដដែលទេ។ គ្មានអ្នកណា ទៅធ្វើអីនៅនោះទេ! អត់មានទេ! មានតែប្រជាជនទៅទេសចរណ៍»។
តំណាងខាងក្រសួងបរិស្ថានដែលចេញមកទទួលញត្តិបានបញ្ជាក់ថានឹងនាំញត្តិនេះទៅដល់ដៃរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមជាសារអក្សរថា ក្រសួងកំពុងតែពិនិត្យមើលញត្តិរបស់ក្រុមសកម្មជនបរិស្ថាន។
គួរបញ្ជាក់ថា កោះកុងក្រៅមានទំហំ១០៣គីឡូម៉ែត្រការ៉េ មានឆ្នេរប្រវែង៥៣គីឡូម៉ែត្រ និងមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ កោះកុងក្រៅមានដើមឈើធំៗ កូនភ្នំ សត្វព្រៃ ទឹកធ្លាក់ជាច្រើនកន្លែង ឆ្នេរខ្សាច់សក្បុស និងផ្កាថ្មជាដើម។ នេះបើតាមឃ្លីបវីដេអូរបស់ក្រុមយុវជនមាតាធម្មជាតិ កាលពីកន្លងទៅ៕
វេទិកាបញ្ចេញមតិ