ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធររាជធានីភ្នំពេញណែនាំឱ្យពលរដ្ឋ​បែង​ចែក​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ បើ​មិន​ចង់​ប្រឈម​ការ​ផាក​ពិន័យ


រូបឯកសារ៖ ស្ត្រីម្នាក់យក​ថង់​សំរាម​ទៅចោល ខណៈ​កម្មករ​កំពុង​ប្រមូល​សំរាម​នៅ​លើ​ដងផ្លូវ​មួយ​ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។
រូបឯកសារ៖ ស្ត្រីម្នាក់យក​ថង់​សំរាម​ទៅចោល ខណៈ​កម្មករ​កំពុង​ប្រមូល​សំរាម​នៅ​លើ​ដងផ្លូវ​មួយ​ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។

រដ្ឋបាល​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​អំពី​ការ​ទុក​ដាក់​សំរាម ​និង​សំណល់​រឹង​ឱ្យ​បាន​ត្រឹម​ត្រូវ ​ដោយ​មាន​ការ​កំណត់​ប្រភេទ​ថង់​ច្រក​សំរាម​សើម ​និង​ស្ងួត។​

សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ស្តីពី​«ការ​ផាក​ពិន័យ​ចំពោះ​អំពើ​ល្មើស​នឹង​ការ​គ្រប់​គ្រង​សំរាម ​សំណល់​រឹង​ទី​ប្រជុំ​ជន​ រាជធានី​ភ្នំពេញ» ​ចុះ​ថ្ងៃ​ទី ​៨ ​ខែ​មករា​ បញ្ជាក់​ថា​ ចាប់​ពី​ពេល​នេះ​តទៅ ​ចំពោះ​អ្នក​ដែល​មិន​គោរព​តាម​សេចក្តី​ណែនាំ ​អាជ្ញាធរ​នឹង​ផាក​ពិន័យ​ទៅ​តាម​ច្បាប់ ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ​ព្រម​ទាំង​មាន​វិធាន​ការ​រដ្ឋបាល​ចាំបាច់​ផ្សេងៗ​ទៀត ​ឬ​ការ​ផ្អាក​ការ​ធ្វើ​អាជីវ​កម្ម​ ជា​បណ្តោះ​អាសន្ន​តាម​ការ​ចាំបាច់។​

បើ​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង​សំរាម​សំណល់​រឹង​ទី​ប្រជុំ​ជន​ មាត្រា​ ៣៩ ​ចែង​ថា​ ការ​មិន​អនុវត្ត​តាម​ការ​កំណត់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ក្រុង​ ស្រុក ​ខណ្ឌ ​ក្នុង​ការ​ញែក ​និង​ការ​វេច​ខ្ចប់​ដោយ​ឡែក​នូវ​សំរាម​សំណល់​រឹង​ទី​ប្រជុំ​ជន​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ឬ​កែ​ច្នៃ​បាន​ ត្រូវ​ទទួល​ការ​ពិន័យ​ អន្តរ​ការណ៍​ជា​ប្រាក់ ​ចន្លោះ​ពី​១​ម៉ឺន​រៀល​ទៅ​ដល់​២០​ម៉ឺន​រៀល។ ​ក្នុង​ករណី​មិន​រាង​ចាល ​ត្រូវ​ទទួល​ការ​ពិន័យ​អន្តរ​ការណ៍​ជា​ប្រាក់​ទ្វេដង​នៃ​ប្រាក់​ពិន័យ​អន្តរ​ការណ៍​លើក​មុន។​

ប្រជា​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ខ្លះ​សាទរ​ចំពោះ​វិធាន​ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ការ​ណែនាំ​បន្ថែម​ទៀត។​

កញ្ញា ​ជា លីណា ​អាយុ ​៣១ ​ឆ្នាំ ​អ្នក​លក់​ផ្លែ​ឈើ​នៅ​រាជធានី​ភ្នំពេញ ​ប្រាប់​វីអូអេ​ថា ​កញ្ញា​បាន​បែង​ចែក​សំរាម​ទៅ​តាម​ប្រភេទ​ផ្សេងៗ​ពី​គ្នា​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ។​

កញ្ញា​ថ្លែង​ថា៖​ «គ្រឿង​កំប៉ុង​អី​ផ្សេង ​ស្ងួត ​និង​គ្រឿង​ អា​[មាន]​ទឹក ​យើង​បែង​ចែក​ផ្សេង​គ្នា​ទៅ»។​

អ្នក​លក់​ផ្លែ​ឈើ​រូប​នេះ​បន្ថែម​ទៀត​ថា​ កាល​ពី​កន្លង​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ពី​ការ​គ្រប់គ្រង​សំរាម​ដែរ​ ប៉ុន្តែ​កញ្ញា​ថា​ ការ​ណែនាំ​នោះ​មិន​បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​យល់​ដឹង​ទូលំទូលាយ​នៅ​ឡើយ​ទេ​អំពី​ការ​ទុក​ដាក់​សំរាម។​ កញ្ញា​ស្នើ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គួរ​តែ​ពង្រឹង​ការ​ណែនាំ​ដល់​ពលរដ្ឋ​បន្ថែម​ទៀត​ ដោយ​កុំ​ទាន់​ចាត់​វិធានការ​ផាក​ពិន័យ។​

កញ្ញា​លើក​ឡើង​ថា៖​ «ខ្ញុំ​គិត​ថា​ វា​អត់​ទាន់​គួរតែ​គាត់​ផាក​អាហ្នឹង។​ បើ​សម្រាប់​ខ្ញុំ​ ព្រោះ​ប្រជាជន​យើង​អត់​ទាន់​យល់​ដឹង​ពី​ខាង​ហ្នឹង​ទេ​ អត់​ទាន់​ច្រើន។ ​បើ​សម្រាប់​ក្មេងៗ​អា​ហ្នឹង​គាត់​អាច​ថា​ គាត់​យល់​ដឹង​បាន​ខ្លះៗ។​ បើ​សម្រាប់​ចាស់ៗ​វិញ​ គាត់​ភាគ​ច្រើន​ចង់​៨០-៩០%​ ហើយ​គាត់​អត់​ទាន់​យល់​ដឹង​អារឿង​ការ​បែងចែក​សំរាម។​ អ៊ីចឹង​បើ​គាត់​ចេញ​ពិន័យ​ផាក​ គឺ​ពិបាក។ ​គាត់​[រដ្ឋបាល​រាជធានី​ភ្នំពេញ]​បង្រៀន​ពី​ខាង​ហ្នឹង​សិន​ ចាំ​យើង​រឹត​បន្តឹង​ច្បាប់​វា​អត់​សូវ​អី ដល់​ពេល​អ៊ីចឹង​ទៅ​វា​រាង​ពិបាក​ស្តាប់​ ពិបាក​មើល»។​

ចំណែក​អ្នក​លក់​ដូង​ក្រអូប​នៅ​រាជធានី​ភ្នំពេញ ​អ្នកស្រី ​ប៊ុន ដា ​អាយុ​៦៤​ឆ្នាំ​ ប្រាប់​វីអូអេ​ថា​ សំរាម​របស់​អ្នក​ស្រី​ភាគ​ច្រើន​គឺ​សំបក​ដូង ​ដែល​អ្នក​ស្រី​តែង​តែ​ប្រមូល​ច្រក​ដាក់​ការុង ​ដើម្បី​ឱ្យ​រថយន្ត​ដឹក​សំរាម​ងាយ​ស្រួល​លើក​ដាក់។​ អ្នក​ស្រី​ក៏​សំណូម​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ឱ្យ​គ្រប់គ្រង​សំរាម​ឱ្យ​បាន​ល្អ​ ដើម្បី​ចូល​រួម​ថែ​រក្សា​បរិស្ថាន​ទីក្រុង។​

អ្នកស្រី​ថ្លែង​ថា៖​ «បើ​អ៊ំ​ដូច​សំបក​ដូង​អី​មាន​ឡាន​ស៊ិនទ្រី​ អី​មក​យក​ដល់ៗ​កន្លែង ។​អ៊ីចឹង​យើង​ចាក់​ទៅ។ ​យើង​រៀប​បោស​ឱ្យ​ស្អាត​ទៅ​ហើយៗ។ ​សំណូម​ពរ​ថា​ ឱ្យ​យើង​ប្រជា​ពលរដ្ឋ​ឬ​ទាំង​អស់​គ្នា ​យើង​ជួយ​ថែទាំ​ទីក្រុង។ ​យើង​ជួយ​អនាម័យ​គ្នា​ គួរតែ​ជួយ​សម្អាត​ទាំង​អស់​គ្នា​ទៅ។ ​[បើ]​សម្អាត​ម្នាក់​ អ្នក​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ពង្រាយ​ អ្នក​ធ្វើ​ម៉េច​ស្អាត?​ ដល់​តែ​យើង​ជួយ​គ្នា»។​

អ្នកស្រី​បន្ថែម​ថា​ សំរាម​ក្នុង​ផ្ទះ​អ្នក​ស្រី​វិញ​ អ្នកស្រី​ច្រក​ដាក់​ចូល​ក្នុង​ថង់​លាយ​គ្នា​ដោយ​ចង​បិទ​ជិត​ ទើប​យក​ទៅ​ចោល​នៅ​ពេល​មាន​រថយន្ត​ដឹក​សំរាម​មក​យក។​ អ្នក​ស្រី​ថា ​ការ​ដែល​អ្នក​ស្រី​ធ្វើ​បែប​នេះ ​ដោយ​សារ​តែ​អ្នក​ស្រី​មិន​បាន​ដឹង​ច្បាស់​ពី​ការ​គ្រប់គ្រង​សំរាម​នៅ​ឡើយ។​

ចំណែក​អ្នកស្រី ​អឿង ស៊ីណេត ​អាយុ​២៦​ឆ្នាំ​ដែល​ជា​អ្នក​លក់​បាយ​ឆា ​និង​មីឆា​លើ​រទេះ​ ប្រាប់​វីអូអេ​ថា​ អ្នកស្រី​សាទរ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ផាក​ពិន័យ​លើ​អំពើ​ទាំង​ឡាយ​ណា​ដែល​ល្មើស​នឹង​ការ​គ្រប់គ្រង​សំរាម។​

អ្នកស្រី​និយាយ​ថា៖​ «ហ្នឹង​ហើយ​ជា​រឿង​ល្អ​បង ​បើ​គេ​ផាក។​ប៉ុន្តែ​ខ្ញុំ​អត់​ដែល​ចោល​នេះ​ទេ។ ​ខ្ញុំ​មាន​សំរាម​សុទ្ធ​តែ​ស្ងួត​ទាំង​អស់​ [ដាក់]​ចូល​គ្នា​ទាំង​អស់​ហ្មង​ តែ​អត់​មាន​អារាវ​ទេ ​មាន​សុទ្ធ​តែ​អា​ស្ងួត​ទាំង​អស់​បង។ ​[សំរាម​របស់]​ខ្ញុំ​ដាក់​ចូល​ក្នុង​ធុង​[សំរាម​ជិត​ហ្នឹង]​ហ្មង ​ដាក់​ក្រៅ​គេ​អត់​យក​ទេ … ​ឡាន​ស៊ិនទ្រី»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ម៉េត​ មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បាន​នៅ​ឡើយ​ទេ។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ កាល​ពី​ថ្ងៃ​ចន្ទ​ថា ​រដ្ឋបាល​ធ្លាប់​បាន​ចេញ​សេចក្តី​ណែនាំ​មួយ ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០២១​ ស្តីពី​ការ​គ្រប់​គ្រង​សំរាម​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ ​ដោយ​បាន​ណែនាំ​លម្អិត​អំពី​ការ​ញែក ​ការ​វេច​ខ្ចប់​ ការ​ទុក​ដាក់ ​និង​ការ​បញ្ចេញ​សំរាម សំណល់​រឹង។​

រដ្ឋបាល​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា​ កន្លង​ទៅ ​ម្ចាស់​លំនៅ​ដ្ឋាន ​ម្ចាស់​អាជីវ​កម្ម​ ស្ថាប័ន​រដ្ឋ ​និង​ឯកជន ​រោងចក្រ ​សហ​គ្រាស ​និង​បងប្អូន​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​សេចក្ដី​ណែនាំ​នេះ ​ប៉ុន្តែ​នៅ​មាន​មួយ​ចំនួន​តូច​ទៀត​នៅ​មិន​ទាន់​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​នៅ​ឡើយ។​

បើ​តាម​សាលា​រាជធានី​ភ្នំពេញ ​សំរាម​ស្ងួត​ មាន​ដូច​ជា​ក្រដាស ​ក្រដាស​កាតុង ​ឡាំង គ្រឿង​ប្លាស្ទីក​ ហ្វូម ​ជ័រ​ ដែក​ កំប៉ុង​ និង​ដប​ជា​ដើម​ ត្រូវ​ដាក់​ក្នុង​ថង់​ពណ៌​ស។ ​ចំណែក​សំរាម​សើម​ ដូចជា​សំណល់​ម្ហូប​អាហារ ​សំណល់​សរីរាង្គ ​ផ្លែ​ឈើ ​និង​ផ្កា​ជា​ដើម​ ត្រូវ​ដាក់​ក្នុង​ថង់​ពណ៌​ខ្មៅ។ ​ក្នុង​ករណី​ការ​ទុក​ដាក់​សំរាម​មិន​ត្រឹម​ត្រូវ​តាម​ពណ៌​ថង់​ខ្មៅ ​និង​ស ​ដូច​ដែល​បាន​កំណត់​ខាង​លើ​ ក្រុមហ៊ុន​នឹង​មិន​ប្រមូល​សំរាម​ឡើយ។​

សេចក្តី​ណែនាំ​ឱ្យ​ដឹង​ថា៖​ «ការ​ដាក់​សំរាម​ សំណល់​រឹង​ក្នុង​ថង់​ពណ៌​ផ្សេង​ក្រៅ​ពី​ពណ៌​ខ្មៅ​និង​ពណ៌​ស ​ក្រុមហ៊ុន​នឹង​មិន​ប្រមូល​សំរាម​ឡើយ។ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​អាច​រក​ទិញ​ថង់​ទាំង​២​ពណ៌​ខាង​លើ​នេះ​នៅ​តាម​បណ្តា​ទី​ផ្សារ​នានា»។​

ចំពោះ​សំណល់​ដែល​បង្ក​គ្រោះ​ថ្នាក់​ មាន​ដូចជា​ អំបែង​កញ្ចក់ ​និង​សំណល់​មុត​ស្រួច​នានា ​មិន​ត្រូវ​វេច​ខ្ចប់​លាយ​ឡំ​នឹង​សំរាម​សើម ​និង​សំរាម​ស្ងួត​ឡើយ​ ពោល​ត្រូវ​ដាក់​ចូល​ក្នុង​ធុង​សំរាម​ឬ​ប្រអប់​ដោយ​ឡែក​ឱ្យ​បាន​ត្រឹមត្រូវ។​

សម្រាប់​ការ​ទុក​ដាក់​សំរាម​វិញ ​គឺ​ត្រូវ​ទុក​ដាក់​ទៅ​តាម​ទីតាំង​ទុក​ដាក់​សំរាម​ដែល​កំណត់​ដោយ​អាជ្ញាធរ​មូលដ្ឋាន ​និង​ប្រតិបត្តិ​ករ​ប្រមូល​សំរាម ​ដោយ​ត្រូវ​សម្រិត​ទឹក​ចេញ​ពី​ថង់​សំរាម​ ចង​មាត់​ថង់​សំរាម​ឱ្យ​ជិត​ត្រឹម​ត្រូវ​ មុន​នឹង​យក​ទៅ​បោះ​ចោល​តាម​ទីតាំង​ចោល​សំរាម៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG