ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ បានចាប់ផ្តើមបើកដំណើរការបេសកកម្មសម្អាតទន្លេ ក្នុងប្រទេសកម្ពុជាដែលមានរយៈពេល៥ឆ្នាំ ដើម្បីដោះស្រាយបញ្ហាប្រឈមបរិស្ថាន នៅក្នុងទឹក និងផ្តោតលើការអប់រំយល់ដឹង អំពីការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅក្នុងតំបន់ដែលជាប់មាត់ទន្លេ។
បេសកកម្មនេះមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និងអង្គការសម្អាតទន្លេ-សមុទ្រ (River Ocean Cleanup)។ បេសកកម្មដដែលនេះ ស្ថិតនៅយុទ្ធនាការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីសម្អាតកាកសំណល់ និងការពារបរិស្ថាននៅក្នុងទន្លេ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា បេសកកម្មនេះ មានគោលបំណងដោះស្រាយបញ្ហាប្រឈមបរិស្ថាន ជាពិសេសសម្អាតសំរាមនៅក្នុងទឹកដែលកំពុងបំពុលទឹកទន្លេ និងផ្តោតលើការអប់រំយល់ដឹងអំពីការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ។
ជាផ្នែកមួយនៃការចាប់ផ្តើមបេសកកម្មនេះ ភាគីពាក់ព័ន្ធនឹងធ្វើការសម្អាតផ្ទៃទឹកបឹងទន្លេសាប តាមរយៈការចាត់វិធានការទប់ស្កាត់ និងលុបបំបាត់សំណល់សំរាមប្លាស្ទីក ឬជ័រ ដែលហូរចូលក្នុងប្រភពទឹក និងការពង្រឹងការត្រួតពិនិត្យ លើទឹកកខ្វក់ហូរចេញពីរោងចក្រ ឧស្សាហកម្មនានាចូលទៅ អូរ ប្រឡាយ បឹង និងទន្លេជាដើម ដែលជាប្រភពទឹក ដ៏សំខាន់របស់ប្រជាពលរដ្ឋកម្ពុជា។
បន្ថែមលើនេះ ដើម្បីសម្អាតទន្លេឱ្យបានជោគជ័យក្នុងរយៈពេល៥ ឆ្នាំ ទៅតាមការដាក់ចេញយុទ្ធសាស្រ្តរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត នៅក្នុងបេសសកម្មនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបញ្ជាក់ក្នុងពិធីចាប់ផ្តើមបេសកកម្មសម្អាតទន្លេកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ថា៖«ទីមួយយើងត្រូវធ្វើយ៉ាងណា ទប់ស្កាត់ការបញ្ចេញសំរាម ទប់ស្កាត់ការបង្ហូរសំរាម ទៅក្នុងដែនទឹករបស់យើង។ បើយើងមិនធ្វើការទប់ស្កាត់ទេ យើងចាប់ផ្តើមសម្អាតតែម្តង យើងនឹងមិនទាន់ទទួលបានជោគជ័យ យើងមិនទាន់ទទួលបាន យើងនឹងមិនឈ្នះនូវការចោលទេ»។
នៅមុនពេលប្រកាសចាប់ផ្តើមបេសកកម្មសម្អាតទន្លេកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ភ្នាក់ងារប្រមូលសំរាមប្រមូលបាន កាកសំណល់ប្រមាណជាង ៨០តោន ចេញពីទន្លេក្នុងរាជធានីភ្នំពេញ ដោយប្រើទូកទាញយកសំរាមចេញ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤។ នេះបើតាមក្រសួងបរិស្ថាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ថ្លែងថា បរិមាណនេះបានបន្ថែមទៅលើ ចំនួនសំរាមដែលប្រមូលបានសរុបរហូតទៅដល់ជាង ១,៦៩៣.០៩តោន ដោយអង្គការសម្អាតទន្លេសមុទ្រ។
លោកបន្ថែមថា ក្រៅពីក្រសួងបានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃដី និងផ្ទៃមេឃ ក្រសួងក៏បានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃទឹកផងដែរ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។
ប្រធានក្រុមយុវជនប្លាស្ទីក លោក ហែម សុភេម អាយុ២៣ឆ្នាំ ប្រាប់វីអូអេថា ក្រុមយុវជនរបស់លោកបានចាប់ផ្តើមប្រមូលសំរាមឬកាកសំណល់តាមច្រាំងទន្លេសាប និងច្រាំងទន្លេមេគង្គ ដោយស្ម័គ្រចិត្តក្នុងការចូលរួមសម្អាតបរិស្ថានតាំងពីពាក់កណ្តាលឆ្នាំ២០២២មក។
លោកយល់ឃើញថា កិច្ចការដែលក្រសួងបានដាក់ចេញក្នុងបេសកកម្មសម្អាតទន្លេរយៈពេល៥ឆ្នាំ ពី២០២៣ដល់២០២៨នេះ គឺជាវិធានការការពារបរិស្ថានសមស្របមួយដើម្បីសម្អាតកាកសំណល់ និងថែរក្សាជីវៈចម្រុះនៅក្នុងទឹក។ ទោះយ៉ាងណា លោក សង្កេតឃើញថា ទីតាំងមួយចំនួននៅតែមានការបោះចោលសំរាមដដែល។
លោកថ្លែងថា៖«ជាក់ស្តែងកន្លែងដែលយើងធ្លាប់បានប្រមូល ធ្លាប់បានសម្អាតមួយចំនួនធំនៅតែស្អាតដដែល នៅតែមិនទាន់មានការចោលសំរាមច្រើនលើសលប់ណាទេ ហើយក៏នៅមានកន្លែងមួយចំនួនដែរ នៅមានការចោលច្រើន មិនច្រើនទេមួយចំនួនតូចទេ។ ឧទាហរណ៍នៅតាមប្រឡាយលូទឹកស្អុយនៅតែមានការបន្តចោលបើទោះបីយើងធ្វើសកម្មភាពហើយ បើទោះបីយើងធ្វើសកម្មភាពច្រើនហើយក៏ដោយ»។
ប្រធានក្រុមរូបនេះជំរុញឱ្យក្រសួងនិងភាគីពាក់ព័ន្ធទាំងអស់ បន្តបេសកកម្មនេះបន្តទៀត ហើយក៏ត្រូវបន្តអប់រំប្រជាពលរដ្ឋឱ្យមានទំលាប់ល្អក្នុងការទុកដាក់សំរាមផងដែរ។
លោកសាន ដារ៉ាវិត ស្ថាបនិកយុវជនសំរាមដែលដើរប្រមូលសំរាមនិងសម្អាតទីក្រុង ប្រាប់វីអូអេថា បេសកម្មសម្អាតទន្លេរយៈពេល៥ឆ្នាំរបស់ក្រសួងបរិស្ថាន គឺជាសកម្មភាពល្អមួយដែលពលរដ្ឋគ្រប់រូបត្រូវចូលរួម ជាពិសេសអ្នកដែលរស់នៅកន្លែងដែលមានប្រភពទឹក។ លោកបន្ថែមថា ក្រសួងគួរដាក់ពិន័យទៅលើអ្នកដែលនៅតែចោលសំរាមឥតសណ្តាប់ធ្នាប់។
លោកថ្លែងថា៖ «វាត្រូវការពេលវេលាពាក់ពន្ធ័នឹងការកែទម្លាប់ ប៉ុន្តែស្របពេលនឹងដែរយើងអាចបង្កើតជាច្បាប់ដើម្បីផាកពិន័យពួកគាត់ដើម្បីដាក់សម្ពាធ ទៅលើប្រជាជនមួយចំនួនដែលគាត់ដឹងហើយនៅតែប្រព្រឹត្តអញ្ចឹងយើងអាចរៀបចំច្បាប់ទម្លាប់ឬក៏បន្តការផ្សព្វផ្សាយ»។
ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជាលោក ហេង គឹមហុង យល់ថា ក្រៅពីប្រតិបត្តិការប្រមូលសំរាមឬកាកសំណល់ចេញពីទន្លេ ក្រសួងក៏ត្រូវគិតគូរពង្រឹងការអប់រំបន្ថែមស្តីពីការយល់ដឹងពាក់ព័ន្ធនឹងការទុកដាក់សំរាម និងចាត់វិធានការច្បាប់លើអ្នកបោះចោលសំរាមតែផ្តាសផងដែរ ទើបធ្វើឱ្យបេសសកម្មសម្អាតទន្លេកាន់តែមានប្រសិទ្ធិភាព។
លោកថ្លែងថា៖«ការអប់រំផ្សព្វផ្សាយមានគ្រប់គ្រាន់ហើយ គ្រាន់តែបន្ថែមសម្រាប់ថ្នាក់កុមារឱ្យមានការាគិតពីក្មេងមក។ ការដាក់កំហិតផ្នែកច្បាប់ទាំងការនាំចូល និងដាក់ពិន័យទោសទណ្ឌអ្នកដែលបោះចោលសំរាមពាសវាលពាសកាលហ្នឹង ខ្ញុំគិតថាជាកត្តាសំខាន់ ព្រោះអីផ្នែកសីលធម៌យើងធ្វើបានច្រើនហើយ នៅតែផ្នែកយន្តការច្បាប់ដើម្បីគ្រប់គ្រងដាក់កំហិតអ្នកបោះចោលសំរាមពាសវាលពាសកាលហ្នឹង យើងអត់ដែរបានធ្វើសោះមកដល់បច្ចុប្បន្ន»។
គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុន Leader Energy និង អង្គការសម្អាតទន្លេសមុទ្រ ដែលបានចាប់ផ្តើមនៅចុងឆ្នាំ២០២៣ បានក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការការពារប្រព័ន្ធអេកូឡូស៊ីទន្លេ ដែលជាប្រភពទឹកដ៏សំខាន់របស់កម្ពុជា។ បេសកកម្មនេះ គ្រោងនឹងដំណើរការរហូតដល់ឆ្នាំ២០២៨ ដោយរួមបញ្ចូលផែនការដ៏ទូលំទូលាយមួយ ដែលរួមមានប្រតិបត្តិការសម្អាតតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេ បាសាក់ ព្រមទាំងកម្មវិធីអប់រំដែលផ្តោតលើការអប់រំការយល់ដឹងអំពីការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ដែលស្ថិតនៅជាប់ទន្លេនានា៕
វេទិកាបញ្ចេញមតិ