ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នគរបាលភ្នំពេញចាប់ផ្តើមល្បាតមើលក្មេងៗលេងគប់ទឹកប៉ាតម៉្សៅតាមដងផ្លូវ ក្រោយរងការរិះគន់


យុវជនជាច្រើននាក់​បានប្រមូលផ្តុំគ្នាដោយអនាធិបតេយ្យដើម្បីលេងគប់ទឹកនិងប៉ាតម្ស៉ៅនៅបរិវេណវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក នៅរាជធានីភ្នំពេញ។ (Facebook / ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
យុវជនជាច្រើននាក់​បានប្រមូលផ្តុំគ្នាដោយអនាធិបតេយ្យដើម្បីលេងគប់ទឹកនិងប៉ាតម្ស៉ៅនៅបរិវេណវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក នៅរាជធានីភ្នំពេញ។ (Facebook / ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ក្រោយ​មាន​ការរិះគន់​លើ​សកម្ម​ភាព​ក្រុម​ក្មេងៗ​ដែល​លេង គប់​ទឹក​ប៉ាត​ម៉្សៅ និង​បើក​ម៉ូតូ​ជា​ក្រុមៗ​តាម​ដង​ផ្លូវ​សាធារណៈ​ បណ្តាល​ឱ្យ​កើត​មានភាព​អនាធិប​តេយ្យ​នោះ ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានបញ្ជូន​កម្លាំង​ចុះ​ល្បាត​លើ​សកម្ម​ភាព​ទាំង​អស់​នោះ​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់សាធារណៈ​ និង​ការ​ពារសុវត្ថិភាព​អ្នក​ដំណើរ។

អ្នក​តាម​ដាន​សង្គម​យល់ថា អាជ្ញាធរនិង​ភាគី​ពាក់​ព័ន្ធ​ដូច​ជា​ឪពុក​ម្តាយ ឬ​អាណា​ព្យា​បាល​ក្មេង​ទាំងនោះ​ៗ​ ​ត្រូវ​ចូល​រួម​គិត​គូ​រ និង​ដោះ​ស្រាយ​ និង​ទប់​ស្កាត់​សកម្មភាព​អនា​ធិប​តេយ្យនេះ​ ដើម្បីរក្សា​ភាព​ថ្លៃថ្នូរ និងលើកកម្ពស់​សីលធម៌​ក្នុង​សង្គម​កម្ពុជា។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ ​លោក សេក សុជាតិ ថ្លែងថា បច្ចុប្បន្ន​នេះ​យុវជន​មួយ​ចំនួន​ហាក់ដូច​ជា​ ដើរ​ខុស​ឆ្ងាយ​ខ្លាំង​ពី​គន្លង​សីលធម៌​ វប្ប​ធម៌​ប្រពៃណី​របស់​ជាតិ​។ លោក​ថា សកម្មភាពរបស់​ក្មេង​ៗ​ដែល​បង្ក​ឡើង​តាម​ទីសាធារណៈប៉ុន្មាន​ថ្ងៃ​មក​នេះ​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ពួកគេកំពុងងប់​នឹង​វប្បធម៌​ពី​ខាង​ក្រៅ​ រហូត​ដល់ភ្លេចគិត​ពីតម្លៃ​សីលធម៌​ និង​ទំនៀម​ទម្លាប់​របស់​ប្រជាជាតិ​ខ្មែរ​។

លោក​ថ្លែងថា​៖ «ក្មេងៗ​ទាំង​អស់​ហ្នឹង​សុទ្ធ​សឹង​តែ​ជា​សិស្ស​សាលា​ ស្ថិត​នៅ​ក្នុងកម្រិត​ចំណេះ​ដឹង​ទូទៅ​។ សកម្មភាព​របស់​គាត់​ទាំង​អស់​ហ្នឹង​វា​បាន​ បង្ហាញ​ពី​ការធ្លាក់​ចុះ​វប្បធម៌​ប្រពៃ​ណី​ ទំនៀម​ទម្លាប់​ជា​ពិសេស​ប៉ះពាល់​សិទ្ធិ​ជាស្រ្តី​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្រ្តី​ខ្មែរ​យើង​ ដែល​ជា​មនុស្ស​កាន់​ទំនៀម​ទម្លាប់​ប្រពៃ​ណី​បានល្អ​ណាស់​មិន​មែន​ បណ្តែត​បណ្តោយ​ឱ្យ​មនុស្ស​ប្រុស​មាន​ការ​ឱប​ថើប​ឬ​ក៏​បង្ហាញ​នៅ​ទី​សាធា​រណៈ​ទេ​»។

មន្ត្រីមានសមត្ថកិច្ចចុះល្បាតនៅបរិវេណ​វិទ្យាល័យ​ ជា ស៊ីម សន្ធរម៉ុក បន្ទាប់ពី​មាន​អសណ្តាប់ធ្នាប់សាធារណៈ​ដែល​បង្ក​ឡើងដោយក្រុម​យុវជនកម្ពុជា​លេងគប់ទឹកនិងប៉ាតម្សៅ​ដោយ​អនាធិបតេយ្យ។ (Facebook / ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
មន្ត្រីមានសមត្ថកិច្ចចុះល្បាតនៅបរិវេណ​វិទ្យាល័យ​ ជា ស៊ីម សន្ធរម៉ុក បន្ទាប់ពី​មាន​អសណ្តាប់ធ្នាប់សាធារណៈ​ដែល​បង្ក​ឡើងដោយក្រុម​យុវជនកម្ពុជា​លេងគប់ទឹកនិងប៉ាតម្សៅ​ដោយ​អនាធិបតេយ្យ។ (Facebook / ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក ​យង់ គិមអេង យល់​ថា សកម្មភាព​នៃ​ការ​លែង​របស់​ក្រុម​សិស្ស​សាលា​ទាំងអស់​នោះ​ បាន​បង្ក​ការ​រំខាន​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដែល​គួរតែ​ទទួល​បានការណែនាំ​ និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់។

លោក​ថ្លែងថា​៖ «ការលេង​នេះ​វា​មិន​មែន​ជា​រឿង​សម​រម្យ​ទេ​។ សំខាន់​បំផុត​បើ​គាត់​លេង​តែ​ក្នុងសាលា​របស់​គាត់ ក្នុង​មិត្តភក្តិ​ដែល​យល់​ព្រម​លេង​ជា​មួយ​គ្នា​នោះ​អត់​អីទេ។ប៉ុន្តែ​អ្នក​ដែល​គេ​ធ្វើ​ដំណើរ​គេ​ទៅ​ធ្វើ​ការ​ អ្នក​ខ្លះ​ទៅ​មើល​ម្តាយ​ឈឺ​ អ្នក​ខ្លះ​មាន​ទុក្ខត្រូវ​ទៅ​ពេទ្យ​ គ្នា​មក​សប្បាយ​រីករាយ​អី​ហ្នឹង​ប៉ាត​ម៉្សៅ។ រឿង​ទាំង​អស់​ហ្នឹង​ជា​រឿង​មិន​សម​ស្រប​ អ៊ីចឹង​គួរតែ​មាន​ការណែនាំ​មាន​ការ​បញ្ឈប់​កុំ​ឱ្យ​គាត់​ធ្វើ​បែប​នោះ​ ព្រោះ​វា​ប៉ះ​ពាល់​ដល់​អារម្មណ៍​សាធារណៈជន​ដែលមិន​ពេញ​ចិត្ត​នឹង​លេង​»។

បើតាម​លោក​យង់ គិមអេង​ ការធ្វើ​សកម្មភាព​របស់​ក្រុម​ក្មេងៗ​សិស្ស​សាលា​ទាំង​អស់​នោះ​ គឺ​មក​ពី​ទម្លាប់​របស់​ពួកគេ បូក​រួម​ទាំង​កង្វះ​វិធានការ​ទប់​ស្កាត់​ពីសំណាក់អាជ្ញាធរ ក៏​ដូច​ជា​កង្វះ​ការ​ណែនាំ​ពី​សាលា​រៀន​។

ការ​ចាត់​វិធាន​ការរបស់​នគរបាល​រាជធានី​ភ្នំពេញ​លើ​សកម្មភាព​អនាធិបតេយ្យ​របស់ ​សិស្ស​នាពេល​ថ្មីៗ​នេះ កើតឡើង ក្រោយ​មានការ​ចែក​រំលែក​ឃ្លីប​វីដេអូ​បង្ហាញ​ពី​ សកម្ម​ភាព​ ​សិស្ស​នៅ​វិទ្យាល័យ​ ជា ស៊ីម ​សាមគ្គី​ និង​សិស្ស​មក​ពី​សាលា​ផ្សេង​ទៀត​ ចូល​រួមលេង​ប៉ាត​ម្ស៉ៅ​ គប់ទឹក​ បាញ់​ទឹក​ នៅ​ក្រៅ​បរិវេណ​សាលា​ និង​ជិះ​ម៉ូតូ​ជា​ក្រុមៗ​ បង្ក​ភាព​អនាធិបតេយ្យ​ និង​បង្ក​ការ​រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ​។

ការ​ចាត់​វិធានការ​ទប់​ស្កាត់​ភាពអនាធិបតេយ្យនេះ​ ក្មេង​ៗ​ ឬសិស្ស​ដែល​មិន​ស្តាប់​តាម​ការណែ​នាំរបស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ នឹងត្រូវប្រឈមនឹង​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង បើ​ពួក​គេ​នៅ​រឹងត្អឹង​បង្ក​ផល​ប៉ះពាល់​លើ​សណ្តាប់​ធ្នាប់​សាធារណៈ​។ នេះបើតាម​សេចក្តីថ្លែង​ការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ ចេញ​ផ្សាយ​កាល​ពីថ្ងៃចន្ទ​។

អ្នក​នាំ​ពាក្យ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា បាន​បញ្ជាក់​វីអូ​អេឱ្យ​ដឹងនៅ​ថ្ងៃ​អង្គារ​នេះ​ថា​ កម្លាំង​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ដាក់​ចេញ​វិធាន​ការ​ចុះ​ល្បាត​ជា​បន្ទាន់​រួច​រាល់​ក្នុង​ការ​ទប់​ស្កាត់​រាល់​សកម្មភាព​របស់​ក្រុមក្មេងៗ​ទាំង​អស់​នោះ ​ដើម្បី​រក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់​ដល់ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​។

លោក​បន្ថែម​ថា​៖ «ក្នុង​ករណី​គាត់​ពួកគាត់​ធ្វើ​សកម្មភាព​ប៉ះ​ពាល់​រូបរាង​កាយ​របស់​ស្រ្តី​វ័យ​ក្មេង មើល​ទៅ​មាន​ភាព​អសីលធម៌​ក្នុង​សង្គម​ យើង​នឹង​មាន​វិធាន​ការ​ជាក់​ស្តែង​ និង​សុំ​គោលការណ៍​ពី​ថ្នាក់​លើ​ដើម្បី​ពិនិត្យថា​ តើ​ក្នុង​កម្រិត​អនុវត្ត​ច្បាប់​ឬ​កម្រិត​ធ្វើ​ការ​អប់រំ​...យើង​កុំ​លេង​អ្វី​ដែល​ប្រាស​ចាក​នឹង​ប្រពៃណី​សីលធម៌​ ដែល​ធ្វើ​ឱ្យ​មាន​ការស្អប់​ខ្ពើម​ពី​សំណាក់​សង្គម​ក៏​ដូច​ជា​ សំណាក់​ប្រជា​ពលរដ្ឋ​»។

ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជា​ឱ្យ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ទាំង​១៤ សហការ​ជា​មួយនាយក​សាលា​ និង​គ្រូបង្រៀន​ តាម​បណ្តា​សាលា​រៀនទាំង​អស់​ អប់រំ​ឱ្យ​សិស្សានុ​សិស្សចូល​រួម​គោរព​ច្បាប់​ និង​គោរព​តាម​សេចក្តី​ណែនាំ​របស់​អាជ្ញាធរ​មូល​ដ្ឋាន​ ដើម្បីលើក​កម្ពស់​ថែ​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិភាព​សង្គម​ និង​បញ្ឈប់​រាល់​សកម្មភាព​ ទាំង​ឡាយ​ណា​ដែល​បង្ក​ប៉ះ​ពាល់លើ សន្តិ​សុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សីលធម៌​របស់​ពលរដ្ឋ​ម្នាក់​ៗ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG