ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវឱ្យអាជ្ញាធរពិនិត្យការប្រើប្រាស់ស៊ីហ្លេឡានខុសបច្ចេកទេស


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រោយ​មាន​ការ​រិះគន់​តាម​បណ្ដាញ​សង្គម​ទាក់ទង​នឹង​ករណី​សិស្សសាលា​មួយ​ចំនួន​ធ្វើ​សកម្ម​ភាព​រាំ​លេង​តាម​ដងផ្លូវ តាម​ចង្វាក់​ស៊ីហ្លេ (ស៊ីផ្លេ) ​របស់រថយន្ដ​ធំៗ​ លោក​នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ឱ្យ​មន្រ្ដី​ថ្នាក់​ក្រោម​ត្រួត​ពិនិត្យ​លើ​ករណី​នៃការ​ប្រើប្រាស់​ស៊ីផ្លេឡាន​មិន​ប្រក្រតីមួយ​នេះ។

ការ​អំពាវ​នាវ​របស់​លោក ហ៊ុន ម៉ាណែត​ ធ្វើឡើង​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ​ ​ក្រោយ​សង្កេត​ឃើញ​ថា​ ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ​ នៅ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន​ឃើញ​មាន​ការ​បង្ហោះ​វីដេអូ​ សកម្មភាព​របស់យុវជន​និង​កុមារ​រាំ​លេង​តាម​ដងផ្លូវ​ទៅ​តាម​ចង្វាក់​ស៊ីផ្លេ​បែប​ភ្លេង​របស់​រថយន្តធំៗ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់ បង្ក​ហានិភ័យ​ដល់​ការ​ធ្វើ​ដំណើរ​ និង​បណ្តាល​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​។

លោក ហ៊ុន ម៉ាណែត ក៏​បាន​បញ្ជា​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រម​ទាំង​អាជ្ញាធរ​រាជធានីនិង​ខេត្ត ត្រួត​ពិនិត្យ និង​ធ្វើ​ការណែនាំ​ពាក់ព័ន្ធ​នឹងលក្ខណៈ​បច្ចេកទេស​ស៊ីផ្លេ​រថយន្ត​ដល់​ពលរដ្ឋ​ ដើម្បី​ទប់​ស្កាត់​ភាព​អនាធិបតេយ្យ​តាម​ដង​ផ្លូវសាធារណៈ និង​គ្រោះថ្នាក់ដែល​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត និង​បានអំពាវនាវ​ដល់​អាណាព្យាបាល​ចូលរួម​អប់រំ​ណែនាំ​ដល់​កូន​ៗ​ឱ្យ​បញ្ឈប់​សកម្មភាព​រាំលេង​តាម​ដង​ផ្លូវ​ទាំងនោះ​។

​អ្នក​ជំនាញ​ និង​អ្នក​ពិគ្រោះ​យោបល់​លើ​បញ្ហា​ចរាចរណ៍​ផ្លូវ​គោក លោក​ គង់ រតនៈ ​ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារថា​ ការ​ស៊ីផ្លេ​របស់ឡាន​ធំៗ​នេះ​មិន​ខុស​ច្បាប់ចរាចរណ៍ទេ​ តែ​អ្នក​បើកបរ​ទាំង​អស់​ត្រូវ​មាន​ការ​យល់​ដឹងអំពីការប្រើប្រាស់ស៊ីផ្លេ​នៅ​ពេល​ណា​និង​កន្លែង​ណា​។

លោក​ថ្លែង​ថា៖ «ច្បាប់អត់​ទាន់ចែងថា​វា​ខុស​មែន​ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ស៊ីផ្លេ​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​ទី​សាធារណៈ​មួយ​ចំនួន ​ដូចជា​មាន​ចែង​ក្នុង​ច្បាប់​ហើយ​...បើនៅ​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន​វា​ក្បែរ​មន្ទីរ​ពេទ្យ​ ក្បែរ​សាលារៀន ​ចឹង​បើ​សិន​ជា​បើ​សំឡេង​វា​ខ្លាំង​ពេកឬ​ក៏​វា​បង្ក​ទៅ​ជាសំឡេង​ដូច​ជា​ភ្លេង​នេះ​វា​ជា​ការ​រំខាន់​ដល់​សាលារៀន​និងរំខាន់​ដល់​អ្នក​ជំងឺ​»។

លោកបន្ថែមថា ​លោក​ពិត​ជា​គាំទ្រ​ជា​ខ្លាំង​ចំពោះការ​អំពាវនាវ​របស់​លោក​នាយករដ្ឋ​មន្ត្រី​លើ​បញ្ហា​នេះ​ ហើយ​សមត្ថកិច្ច​គួរ​ចាត់​វិធាន​ការ​ឱ្យ​បាន​ត្រឹម​ត្រូវ​និងពង្រីក​ការ​ផ្សព្វផ្សាយ​នេះឱ្យ​បាន​ទូលំ​ទូលាយ។

ដោយឡែក​ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ ​លោក សេក សុជាតិ​ យល់​ឃើញ​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​ គួរ​តែ​អញ្ជើញ​អ្នក​បើក​បរ​រថយន្ត​ដែល​ប្រើ​ប្រាស់​ស៊ីផ្លេ​មិនត្រូវ​តាម​បច្ចេកទេស​ទាំងនោះមក​អប់រំ ពន្យល់​ណែនាំ និង​តម្រង់​ទិស​ដើម្បី​ឱ្យពួកគេ​បាន​យល់​ដឹង និង​ក្លាយ​ជា​ពលរដ្ឋ​ដែល​មាន​វិន័យក្នុង​ការ​បើក​បរ​។

លោក​ថ្លែងថា៖ «ដូច្នេះ​បើ​សិន​ជា​មាន​ករណី​ដែល​មាន​បញ្ហា​បែប​នេះ ​យើង​គួរ​តែ​ធ្វើ​ការ​អញ្ជើញ​គាត់​អប់រំ​គាត់​ណែនាំ​គាត់​ពន្យល់​គាត់ និងប្រាប់​គាត់​ហើយ​ស្វែង​រក​មូលហេតុ​ដើម្បី​ជួយ​គាត់ឱ្យ​គាត់​បញ្ឈប់​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី និងសេចក្តី​ថ្លៃថ្នូររបស់​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​»។

ក្រោយ​មានការ​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​ឱ្យទប់ស្កាត់​ការ​ប្រើប្រាស់​ស៊ីផ្លេឡាន​ដែលកំពុងស្ថិត​ក្រោម​ការរិះ​គន់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ណែនាំមួយ​កាលពីថ្ងៃ​អង្គារ​ ដោយ​ស្នើ​ឱ្យ​អ្នកប្រើប្រាស់​យានយន្ដ​ដែល​បំពាក់ស៊ីផ្លេ ​និង​បំពង់​ស៊ីម៉ាំង​ខុស​បចេ្ចកទេស​ត្រូវ​ដោះ​ចេញ​និង​ផ្លាស់​ប្ដូរ​ឱ្យ​បាន​ត្រឹមត្រូវ​។ ​

សេចក្ដី​ណែនាំ​ដដែល​បន្ថែម​ថា ​អាជីវករដែល​កំពុង​លក់​សម្ភារ​ទាំង​នោះ​និង​យានដ្ឋាន ឬ​ទីតាំង​កែច្នៃ​ស៊ី​ផ្លេ និង​បំពង់​ស៊ីម៉ាំង​កែច្នៃ​ខុស​បចេ្ចកទេស ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​ដោយ​ទុក​រយៈ​ពេលមួយ​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃអង្គារ​នេះ។ ប្រសិន​បើ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព អាជ្ញាធរ​នឹង​ដក​ហូត​សម្ភារៈ និងបិទទី​តាំង​អាជីវកម្ម​នោះ​តែ​ម្ដង​។

ជាមួយ​គ្នា​នេះ​ដែរ​ ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន បាន​ចេញ​សេចក្ដី​ណែនាំឱ្យអ្នក​បើក​បរ​យាន​យន្ដ​ទាំង​អស់គោរព​ទៅតាម​លក្ខខណ្ឌ​បច្ចេកទេស​នៃ​ការ​ប្រើប្រាស់​ស៊ីផ្លេ​ ដោយ​អ្នក​បើកបរអាច​ប្រើ​ស៊ីផ្លេ​បានពេលថ្ងៃ ដើម្បី​ឱ្យដំណឹង​ដល់​អ្នកប្រើប្រាស់ផ្លូវដទៃទៀត និងដើម្បីសុំជែង។ ចំណែកពេល​យប់អ្នកបើកបរ អាចប្រើភ្លើង​ហ្វាកូត​ឆ្លាស់គ្នា សម្រាប់​ឱ្យដំណឹង​សុំជែង ហើយ​ការ​ប្រើ​សញ្ញាសូរសព្ទ​ស៊ីផ្លេ​ មិនត្រូវយូរជាង​ការ​ចាំបាច់​ឡើយ។

ក្រសួងសាធារណការ និង​ដឹក​ជំញ្ជូន​បាន​បញ្ជាក់ទៀតថា​៖ «ការ​បំពាក់​សញ្ញា​សូរសព្ទ​ ភ្លើង​បំភ្លឺ​ ឬ​ភ្លើង​លម្អ​ផ្សេងៗ​ទៀត​ ក្រៅ​ពី​ការកំណត់​លក្ខខណ្ឌ​បច្ចេកទេស​របស់​យាន​ជំនិះ​ត្រូវបានហាម​ឃាត់»។

គួរ​បញ្ជាក់​ថា នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួនដូច​ជា​ខេត្ត​កំពង់ស្ពឺ អាជ្ញាធរ​មាន​សមត្ថកិច្ច​បានចាត់​វិធាន​ការ​ឱ្យ​អ្នកប្រើ​ប្រាស់​យានយន្ដ​ដែល​បំពាក់​ស៊ីផ្លេ​កែច្នៃ គ្រឿងភ្លើង និង​វាំងនន​បិត​បាំង​កញ្ចក់​តុបតែង​លើស​ពី​ការ​កំណត់​របស់​រថយន្ត​ដើម​ ​ត្រូវ​រុះរើ​ឧបករណ៍​កែច្នៃ​ទាំងនោះមក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរា​ចរណ៏​ផ្លូវគោក​ខេត្ត​ ដើម្បីទប់​ស្កាត់​បាតុភាពអនាធិបតេយ្យ​លើ​ដងផ្លូវ​ និង​ហានិភ័យ​ដែល​អាច​កើត​ឡើង​ទៅ​លើ​អ្នកធ្វើ​ដំណើរ​ និង​អ្នកបើកបរ​ផ្សេងទៀត​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG