ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុនCIC​ ថា ខ្លួន​កំពុង​ប្រមូល​លុយ​ដើម្បី​ផ្តល់​ដំណោះ​ស្រាយ​ដល់​អ្នក​វិនិ​យោគិន​វិញ


រូបថតពីអេក្រង់ (screenshot) បង្ហាញទំព័រហ្វេសប៊ុកនៃក្រុមហ៊ុន​ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក ឬ Cambodian Investors Capital Partners Plc (CIC)។ (រូបថតពីហ្វេសប៊ុក)
រូបថតពីអេក្រង់ (screenshot) បង្ហាញទំព័រហ្វេសប៊ុកនៃក្រុមហ៊ុន​ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក ឬ Cambodian Investors Capital Partners Plc (CIC)។ (រូបថតពីហ្វេសប៊ុក)

ក្រុមហ៊ុន​ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) បាន​អំពាវនាវ​ឱ្យវិនិយោគិន​ចូលរួម​ក្នុង​យន្តការ​ដោះ​ស្រាយ​ពាក់ព័ន្ធលុយ​ជាង​ ១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ខណៈ​ក្រុមហ៊ុន​កំពុង​តែ​វេច​ខ្ចប់​ទ្រព្យដើម្បី​ដោះស្រាយ​ជូន​ទៅ​អ្នក​វិនិយោគ​វិញ​។ នេះ​បើ​តាមសេចក្តី​បំភ្លឺព័ត៌មាន​របស់​ក្រុមហ៊ុន​។ ​

ការ​អំពាវនាវ​យ៉ាង​ដូច្នេះ​ ធ្វើឡើងក្រោយ​លេចឮ​ព័ត៌មាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ថា​ក្រុមហ៊ុន​នេះ​បាន​បោក​ប្រាស់​យក​ប្រាក់​អ្នកវិនិ​យោគិន​ ដែល​បាន​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​នេះ​ ក្នុង​នោះ​ក៏មាន​អ្នកឧកញ៉ា គួច ម៉េងលី ដែល​គេស្គាល់​ថា​ជា​អ្នក​វិនិយោគ​ក្នុង​វិស័យ​អប់​រំ​ និង​សុខាភិបាល​លេច​ធ្លោ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា។​

ក្នុង​សេចក្តី​បំភ្លឺ​ព័ត៌មាន​ចុះ​ថ្ងៃទី​២៥​ ខែមីនា ឆ្នាំ​២០២៤​ ក្រុមហ៊ុន​ស៊ីអាយស៊ី​ ផាតនើ​រ​ បាន​រៀបរាប់​ថា ​បញ្ហា​ដែល​កំពុង​កើត​ឡើង​នៅក្នុង​ក្រុមហ៊ុន​គឺ​ជា​វិបត្តិ​ហិរញ្ញ​វត្ថុ​ដែល​រង​ឥទ្ធិពល​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ និងភាព​ខ្វះចន្លោះ​ក្នុងការ​ត្រៀម​ខ្លួន​របស់​ក្រុមហ៊ុន​ពោល​គឺ​មិនមែន​ជា​សំណុំ​រឿង​បោកប្រាស់​ដូចការ​ចោទ​ប្រកាន់​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គមមួយ​ចំនួន​ឡើយ​។

ក្រុមហ៊ុន​បញ្ជាក់​ថា​៖«ក្រុម​ហ៊ុន​នៅ​តែ​រក្សា​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ ដោយ​ធានា​ឱ្យ​បាន​ជាអតិ​បរមា​នូវ​ផលប្រយោជន៍​របស់​វិនិយោគិន​គ្រប់​រូប​។ ក្រុម​ហ៊ុន​នឹង​បន្ត​ធ្វើការ​ដោយ​អនុលោម​ទៅតាម​គោលការ​ណ៍​ និង​បទប្បញ្ញ​ត្តិ ដែល​កំណត់​ដោយ​ និយ័តករ​មូលប​ត្រ​កម្ពុជា​(នមក) ដែល​តែង​តែ​តម្កល់​ផល​ប្រយោជន៍​វិនិយោគិន​ជាអាទិភាព​»។

វីអូអេមិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពីក្រុមហ៊ុន​ CIC ​បន្ថែម​បាន​នៅឡើយ​ទេ។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ លោក វ៉ន ចាន់ឡូត​ ប្រាប់​វីអូអេ​ថា​ករណី​ក្រុមហ៊ុ​ន​CIC មិន​មែន​ជា​រឿង​តូច​តាច​ទេ ដោយសារ​តែវា​ប៉ះពាល់​ទៅ​ដល់មុខ​មាត់​របស់​រដ្ឋាភិបាល​ និង​ការ​វិនិយោគ​ពី​បណ្តា​វិនិយោគិន​ក្រៅ​ប្រទេស​ ជាពិសេស​សុខភាព​ហិរញ្ញវត្ថុ​របស់​អ្នក​វិនិយោគដែល​បាន​ខាត​ប្រយោជន៍​ពីក្រុមហ៊ុន​មួយ​នេះ​។

បើ​តាម​អ្នកជំនាញ​ច្បាប់រូបនេះ​ ​រដ្ឋាភិបាល​គួរតែ​មាន​ចំណាត់ការ​ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​បញ្ជាក់ពី​ការពិត​នៃរឿង​នេះ​ជាពិសេស​ពាក់ព័ន្ធ​នឹងការ​បង្ហូរ​សាច់ប្រាក់​ និង​ការ​មិន​អាច​ផ្តល់​ភាគលាភ​ដល់​អ្នកវិនិយោគ​បាន​។

លោក​ថ្លែង​ថា​៖«អ៊ីចឹង​ចំណុច​ពីរហ្នឹង​ហើយ​ដែល​អាជ្ញាធរ​ រដ្ឋាភិបាល​ជាពិសេស​ក្រសួង​យុត្តិធម៌​គួរតែ​ចាប់ផ្តើម​បើកការ​ស៊ើប​អង្កេត ហើយ​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​លាស់​ថាតើ​ក្រុមហ៊ុន​នៅ​ដំណើរការ​ ក្រុមហ៊ុ​ន​អាច​នឹង​ស្តារ​ស្ថានភាព​ឡើង​មក​វិញឬ​ក៏​ក្រុម​ហ៊ុនមិន​អាច​ស្តារ​ឡើង​មក​វិញ»។

​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​តាម​ទូរសព្ទ​ លោក​គួច ម៉េងលី​ដែល​ជា​វេជ្ជ​បណ្ឌិត​មួយរូប​ផង​នោះ និង​ជា​ស្ថាបនិកក្រុមហ៊ុន​ Mengly J. Quach Education PLC. លើកឡើង​ថា​លោក​បាន​ដាក់លុយ​វិនិយោគ​នៅក្នុង​ក្រុមហ៊ុន​CIC១០ឆ្នាំ​មកហើយ​ ដែល​សរុប​ជាទឹក​ប្រាក់​ចំនួន​ជិត​៣សែន​ដុល្លារ​។

លោក​បញ្ជាក់​ថា​៖«អ៊ីចឹង​ឱ្យសមត្ថកិច្ច​គេ​ស៊ើប​អង្កេតទៅ​ថាតើ​ជាក់ស្តែង​វាយ៉ាងម៉េច​ដែល​ប្រជាពល​រដ្ឋគេអាច​ដឹង​ថាវាមក​ពី​ស្អី​ទៅស្អី​ ហើយ​ពេលគេ​ស៊ើប​អង្កេត យើងនឹង​ឃើញ​ច្បាស់​ជាង​នេះទៀត​។តើមកពី​យ៉ា​ងម៉េច​?​»។​

រូបឯកសារ៖ លោក​ គួច ម៉េងលី ជា​វេជ្ជបណ្ឌិត​ និង​អ្នក​ជំនួញ​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក នៅ​ការិយាល័យ​របស់​លោក នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។ (រូបថតផ្តល់​ឲ្យ​ដោយ​លោក គួច ម៉េងលី)
រូបឯកសារ៖ លោក​ គួច ម៉េងលី ជា​វេជ្ជបណ្ឌិត​ និង​អ្នក​ជំនួញ​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក នៅ​ការិយាល័យ​របស់​លោក នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។ (រូបថតផ្តល់​ឲ្យ​ដោយ​លោក គួច ម៉េងលី)

បើ​តាម​លោក​គួច​ ម៉េង​លី​ ក្រុមហ៊ុន​CICពី​ដើមឡើយ​គឺជា​ក្រុមហ៊ុន​ប្រមូល​កៀរគរ​លុយ​ដើម្បី​ជួយ​អ្នក​ទើប​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ ប៉ុន្តែ​ក្រោយ​មក​វិវឌ្ឍ​ទៅ​ជា​អ្វី​ផ្សេង​ដែល​ខុស​ពី​ទម្រង់​ដើម​របស់​អាជីវកម្ម ហើយ​លោកក៏​លា​ឈប់ពី​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​នេះ​។

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន​ បាន​បង្ហោះ​ទៅលើ​ទំព័រហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​ន២០២៤ ថា​ស្ថាប័ន​មាន​សមត្ថកិច្ច​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ជាប់​ជា​ប្រចាំ​ចំពោះ​រឿងនេះ និង​បាន​ធ្វើការ​ជំហានៗ និងខិត​ខំ​សម្រប​សម្រួល​រ​កដំណោះ​ស្រាយ​ការពារ​ផលប្រយោជន៍​របស់​អ្នក​វិនិយោ​គតាម​ច្បាប់​ដែល​មាន​ជាធរមាន​។

លោក​លើកឡើងថា៖«​សូម​រង់​ចាំ​មើល​អ្វីដែល​ជាដំណោះ​ស្រាយ​តាម​ផ្លូវច្បាប់​ក្នុង​រឿង​នេះ ដោយ​អាជ្ញាធរ​ ហើយ​អ្នក​វិនិយោគ​ទាំងឡាយ​ក្នុង​ក្រុមហ៊ុន CIC គួរខិត​ខំរកវិធី​ដោះ​ស្រាយ​បញ្ហា​ក្នុង​ពេល​ដែល​ក្រុមហ៊ុន​ជួប​វិបត្តិ ពិសេស​ ត្រូវ​បាន​លើកទឹ​កចិត្តក្នុង​ការ​រក​ដំណោះ​ស្រាយ​មួយ​ដែល​ល្អបំផុត ដើម្បីធានា​ឱ្យបានជា​អតិបរមា​នូវផល​ប្រយោជន៍​របស់​អ្នកវិនិយោគ​ក្នុងគ្រា​ដែល​ក្រុមហ៊ុន​កំពុង​ជួប​ការ​លំបាក​»។

លោក​ ជិន ម៉ាលីន​ ប្រាប់​វីអូអេ​បន្ថែម​ថា៖«​សូម​រងចាំមើល​ចំណាត់​ការរបស់​ស្ថាប័ន​មាន​សមត្ថកិច្ច​ ដែល​ជានិយ័​តករ​មូល​បត្រកម្ពុជា​»​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG