អ្នកធ្វើដំណើរជាង ៤០ នាក់ ដែលភាគច្រើនជាអ្នកជិះរថយន្តក្រុង បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍រថភ្លើងបុករថយន្តក្រុងដើរលេងកម្សាន្តពេញមួយទំហឹង កាលពីម៉ោងប្រមាណ ១១:១៦នាទី ព្រឹកថ្ងៃសុក្រនេះ ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើតាមនគរបាលទទួលបន្ទុកនៅតំបន់នោះ។
លោក ញឹម វុត្ថា មេប៉ុស្តិ៍ឈើតុំ ប្រាប់វីអូអេនៅរសៀលថ្ងៃសុក្រនេះថា រថភ្លើងដឹកអ្នកដំណើរបានបើកបរពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តបាត់ដំបង។ ចំណែករថយន្តក្រុង ៤៥កៅអី បានដឹកអ្នកដំណើរជាលក្ខណៈគ្រួសារនិងសាច់ញាតិ ដើម្បីទៅលេងតំបន់ទឹកធ្លាក់ច្រកល្អៀង ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកបន្ថែមថា នៅតំបន់ឆ្លងកាត់ផ្លូវដែកនោះមានសញ្ញាបង្ហាញ ប៉ុន្តែមិនមានរនាំងដាក់បិទផ្លូវឡើយ។
បើតាមមេប៉ុស្តិ៍នគរបាល រថភ្លើងបានបន្លឺសំឡេងពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ប៉ុន្តែប្រហែលអ្នកបើកបរមិនបានឮសំឡេងរថភ្លើង ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។
លោកថ្លែងថា៖ «សង្ស័យឡាន អត់បានបើកកញ្ចក់ ឬអត់ស្តាប់ស៊ីផ្លេរទេះភ្លើង។ ឃើញរថភ្លើងស៊ីផ្លេរហូត ស៊ីផ្លេចម្ងាយរាប់រយម៉ែត្រនុះ។ ហើយឮខ្លាំងណាស់។ ឡានបើកអត់ដឹង បើកកើមៗ ចូលទៅដល់ពាក់កណ្តាលបុកទៅបណ្តោយ»។
លោកមេប៉ុស្តិ៍បញ្ជាក់ថា មនុស្ស ៥នាក់ រងរបួសធ្ងន់ ដោយអ្នកខ្លះបាក់ជើង។
បើតាមមន្រ្តីនគរបាល រថយន្តក្រុងនោះដឹកអ្នកដំណើរដែលជាក្រុមគ្រួសារសាច់ញាតិមកចូលរួមពិធីភ្ជាប់ពាក្យមួយ នៅក្នុងស្រុកក្រគរ ហើយក៏ឆ្លៀតធ្វើដំណើរទៅលេងទឹកធ្លាក់ច្រកល្អៀង។
នគរបាលអះអាងថា អាជ្ញាធរភូមិឃុំនឹងដាក់សំណើសុំដាក់រនាំងនៅតំបន់ឆ្លងកាត់ផ្លូវដែកនោះ។
វីដេអូនៃគ្រោះថ្នាក់នេះក៏ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពចេញពីកន្លែងលក់សាំងមួយផងដែរ។
លោក លី លីម អាយុ៤០ឆ្នាំ ជាអ្នកលក់គ្រឿងសំណង់នៅមិនឆ្ងាយពីកន្លងកើតហេតុ អះអាងថាប្រជាពលរដ្ឋបានស្នើឲ្យមានរនាំង ដើម្បីដាក់នៅពេលរថភ្លើងឆ្លងកាត់យូរមកហើយ ប៉ុន្តែមិនមានការរៀបចំឡើយ។ លោកបន្ថែមថា តំបន់នោះជាកន្លែងសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ផងដែរ៕
វេទិកាបញ្ចេញមតិ