ក្រុមអ្នកពាក់ព័ន្ធបានបង្ហាញក្តីព្រួយបារម្ភអំពីការចាប់ព្រះកាយរបស់ព្រះសង្ឃខ្មែរមួយអង្គដោយអាជ្ញាធរថៃ និងត្រូវបានផ្សឹក កាលពីថ្ងៃពុធ ដោយបារម្ភថា ព្រះសង្ឃអង្គនោះ អាចមានវាសនាដូចសកម្មជននយោបាយផ្សេងទៀត។
ព្រះអង្គ បូរ បេត ព្រះជន្ម៣៥ព្រះវស្សា ដែលជាសកម្មជនសង្ឃបរិស្ថានមួយអង្គ និងតែងតែរិះគន់រដ្ឋាភិបាល បានគេចចេញពីប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០២០ ហើយបានគង់នៅក្នុងប្រទេសថៃ។ ព្រះអង្គ បារម្ភអំពីការចាប់ព្រះកាយ ក្រោយពេលចេញព្រះភក្ត្រតវ៉ាទាមទាររកយុត្តិធម៌ដល់លោក រ៉ុង ឈុន មេដឹកនាំសហជីព។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) អន្តរជាតិទទួលបន្ទុកកិច្ចការតំបន់អាស៊ី គឺលោក Phil Robertson ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ការចាប់ខ្លួនជនភៀសខ្លួនជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកបន្ថែមថា វាជារឿង«កខ្វក់» ដែលមេដឹកនាំរដ្ឋាភិបាលថៃ និងកម្ពុជា យកជនភៀសខ្លួនដោះដូរសម្រាប់គោលដៅនយោបាយរបស់ខ្លួន។
លោកថ្លែងថា៖ «ថៃរំលោភសិទ្ធិមនុស្សយ៉ាងសាហាវម្ដងទៀត ដោយការចាប់ព្រះកាយនិងផ្សឹកព្រះសង្ឃ បូរ បេត ដែលជាជនភៀសខ្លួនទទួលស្គាល់ដោយឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ថា មានសិទ្ធិទទួលបានការការពារ។ វាច្បាស់ណាស់ថា លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha (ប្រាយុទ្ធ ចាន់អូចា) និងមេដឹកនាំរដ្ឋាភិបាលថៃផ្សេងទៀត បានឈានដល់កិច្ចព្រមព្រៀងដ៏កខ្វក់មួយចំនួនជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចាត់ទុកជនភៀសខ្លួនជាមនុស្សសម្រាប់គ្រប់គ្រងជួញដូរ ក្នុងគោលបំណងនយោបាយ»។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា អ្នកស្រី ឡាញ់ ថាវរី អតីតមេឃុំឫស្សីក្រោក ក្នុងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន ហើយបន្ទាប់មកបញ្ជូនមកកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ចំណែកកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ បុរសពីរនាក់ដែលម្នាក់ជាសកម្មជនសង្គម និងម្នាក់ទៀតជាសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ហើយបញ្ជូនមកកម្ពុជាដែរ។
ព័ត៌មាននៃការឃាត់ព្រះកាយព្រះអង្គ បូរ បេត ត្រូវបានលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរំលាយបានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា ព្រះតេជព្រះគុណ បូរ បេត ត្រូវបានប៉ូលិសថៃចាប់ផ្សឹក និងត្រៀមបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា។
លោកបញ្ជាក់កាលពីថ្ងៃពុធថា៖ «នៅវេលាម៉ោង៧យប់ ថ្ងៃពុធ ទី១ធ្នូនេះ ព្រះសង្ឃ បូរ បេត ដែលតែងមានសកម្មភាពឈឺឆ្អាលពីបញ្ហាសង្គមហើយកំពុងរស់ភៀសព្រះកាយនៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃចូលចាប់ផ្សឹកដល់ក្នុងវត្តទាំងយប់ ហើយកំពុងប្រឈមនឹងការបញ្ជូនខ្លួនឲ្យអាជ្ញាធររបប ហ៊ុន សែន»។
ព្រះអង្គ បូរ បេត គង់នៅក្នុងប្រទេសថៃ ដូចសកម្មជនគណបក្សនយោបាយបក្សប្រឆាំងផ្សេងទៀត ដែលបានគេចខ្លួនទៅរស់នៅទីនោះ។ ព្រះអង្គ ក៏ត្រូវបានទទួលស្គាល់ជាជនភៀសខ្លួន ដោយស្ថាប័នអង្គការសហប្រជាជាតិដែលធ្វើការលើសិទ្ធិជនភៀសខ្លួនផងដែរ។
វីអូអេ មិនទាន់អាចសុំការបញ្ជាក់ពីស្ថានទូតថៃប្រចាំកម្ពុជាបាននៅឡើយទេ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំប្រទេសថៃ ប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃព្រហស្បតិ៍ថា UNHCR មិនមានតួនាទីក្នុងការផ្តល់ព័ត៌មានលម្អិត ឬក៏បញ្ជាក់អំពីករណីជាក់លាក់របស់បុគ្គលណាមួយឡើយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា លោកមិនទាន់ទទួលបានព័ត៌មាននៃការចាប់ព្រះតេជព្រះគុណ បូរ បេត នៅឡើយទេ។
ព្រះតេជព្រះគុណ បូរ បេត បានចាប់ផ្តើមបួសតាំងពីព្រះអង្គមានព្រះជន្ម ១៣ វស្សា នៅក្នុងភូមិស្រែវាលខាងលិច ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលជាតំបន់សំបូរទៅដោយព្រៃឈើ គឺព្រៃឡង់ ដែលជាព្រៃអភិរក្សចុងក្រោយមួយរបស់កម្ពុជា។ ការរីកធំធាត់ក្នុងតំបន់ព្រៃឡង់នេះ បានធ្វើឲ្យព្រះតេជព្រះគុណស្រឡាញ់ព្រៃឈើ ហើយក៏បានក្លាយជាសកម្មជនមួយអង្គការពារព្រៃឈើរបស់ប្រទេសកម្ពុជា។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថា ទង្វើអាជ្ញាធរថៃដែលបានចាប់ខ្លួនសកម្មជនដែលមាននិន្នាការមិនគាំទ្ររដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់នេះ ជាការធ្វើទុក្ខបុកម្នេញ និងមិនបានគោរពតាមកតិកាសញ្ញាស្តីពីការការពារសិទ្ធិជនភៀសនោះទេ ខណៈសកម្មជនទាំងនោះ ខំប្រឹងស្វះស្វែងរកកន្លែងសុវត្ថិភាព ឬប្រទេសណាមួយ ដើម្បីឲ្យជួយការពារសិទ្ធិសេរីភាពរបស់ពួកគេ។
លោកថ្លែងថា៖ «ទោះបីជាជនភៀសខ្លួនហ្នឹង គាត់មានការទទួលស្គាល់ពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនក៏ដោយ ក៏នៅតែមានការចាប់បញ្ជូនខ្លួនឲ្យត្រឡប់មកប្រទេសកម្ពុជាវិញដដែល។ អ៊ីចឹងយើងយល់ថា នៅក្នុងការបញ្ជូនខ្លួននេះ ហាក់ដូចជាប្រទេសសាមី ដូចជាប្រទេសថៃ និងកម្ពុជាហ្នឹង គឺមិនបានគោរពទៅតាមអនុសញ្ញាសិទ្ធិជនភៀសខ្លួនហ្នឹងទេ»។
មន្រ្តីសិទ្ធិមនុស្សរូបនោះ ក៏ទទូចឲ្យអង្គការសហប្រជាជាតិដែលទទួលបន្ទុកជនភៀសខ្លួន ធ្វើអន្តរាគមន៍ និងការពារជនភៀសខ្លួនទាំងនោះឲ្យមានប្រសិទ្ធភាព បូករួមប្រទេសដែលបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីសិទ្ធិជនភៀសខ្លួនផងដែរ។
ក្រោយការចាប់ខ្លួនមនុស្សពីប្រទេសថៃបញ្ជូនមកកម្ពុជាជាបន្តបន្ទាប់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនធ្លាប់បានបញ្ជាក់ថា ការបញ្ជូននេះបំពានគោលការណ៍នៃការមិនបញ្ជូនជនភៀសខ្លួន ដែលរដ្ឋមានកាតព្វកិច្ចត្រូវគោរព គឺមិនបញ្ជូន ឬបណ្តេញប្រជាជនទៅដែនដី«ដែលជីវិត ឬសេរីភាពរបស់ពួកគេ នឹងត្រូវគំរាមកំហែងនោះទេ»៕