មេធាវីជនជាតិអាមេរិកាំងលោក Jared Genser ជាមិត្តភក្តិរបស់សកម្មជនការពារសិទ្ធិមនុស្សកញ្ញាសេង ធារីប្រតិកម្មទៅនឹងបម្រាមរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញដែលហាមមិនឱ្យគាត់ចូលប្រទេសកម្ពុជាពេញមួយជីវិតនោះថា ជារឿងគួរឱ្យក្រៀមក្រំក្រោមហេតុផលថាលោកមិនបានបង្ហាញកាយវិការមិនសមគួរណាមួយមកលើរដ្ឋអំណាចកម្ពុជាទេ។
ការហាមឃាត់របស់រដ្ឋាភិបាលកម្ពុជាមិនឱ្យមេធាវីអន្តរជាតិលោក Jared Genser ចូលមកកម្ពុជានេះកើតមានឡើងបន្ទាប់ពីលោកបានមកចូលរួមឃ្លាំមើលសវនាការកាត់សេចក្តីសំណុំរឿងញុះញង់ និងរួមគំនិតក្បត់របស់កញ្ញាសេង ធារី ដែលបានធ្វើឡើងកាលពីដើមខែធ្នូឆ្នាំ២០២១។
ក្នុងការឆ្លើយតបរបស់លោកតាមសារអ៊ីមែលលោក Jared Genser បានបញ្ជាក់ថាគាត់ត្រូវបានរដ្ឋាភិបាលទីក្រុងភ្នំពេញហាមមិនឱ្យចូលទឹកដីប្រទេសកម្ពុជាអស់មួយជីវិត។ ប៉ុន្តែការណ៍នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេតែក៏ជាការបង្ហាញអំពីការភ័យខ្លាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះមតិរិះគន់។
ភ្លាមៗក្រោយមានប្រតិកម្មពីលោកJared Genser យ៉ាងដូច្នេះលោកនាយឧត្តមសេនីយ៍ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាអកប្បកិរិយារបស់លោកJared Genserដែលបង្ហាញភាព«ច្រងេងច្រងាង»ទៅលើតុលាការកម្ពុជានោះមិនអាចទទួលយកបានទេ ហើយមេធាវីអាមេរិកាំងរូបនេះក៏បានបំពានសំណើរបស់គាត់ដែលថាចូលមកកម្ពុជាជាទេសចរតែបែរជាមកចេញមុខការពារជនជាប់ចោទ។ លោកថ្លែងថា៖
«ប៉ុន្តែពេលចូលស្រុកខ្មែរមិនមែនជាទេសចរទៅធ្វើជាស្អីជើងកាងមេធាវីទៅការពារជនជាប់ចោទអីណាស្ថិតក្នុងនីតិវិធីរបស់តុលាការកម្ពុជាដែលជាស្ថាប័នមួយឯករាជ្យរបស់ជាតិមួយមានអធិបតេយ្យភាពត្រឹមត្រូវមានឯករាជ្យភាពត្រឹមត្រូវមានបូរណភាពទឹកដីត្រឹមត្រូវមានច្បាប់គ្រប់គ្រងគ្រប់សព្វទទួលស្គាល់ដោយអន្តរជាតិទៀតស្មើមុខស្មើមាត់នឹងគេនឹងឯង»។
លោកបន្ថែមថា៖ «មិនត្រឹមតែប៉ុណ្ណឹងសកម្មភាពរបស់ជនហ្នឹងច្រងេងច្រងាងមិនអាចទទួលយកបានថែមទាំងមើលស្រាលដល់ស្ថាប័នតុលាការរបស់កម្ពុជាផង មើលស្រាលស្ថាប័នផ្សេងៗរបស់រដ្ឋកម្ពុជាផង។សកម្មភាពដ៏គួរឱ្យខ្ពើមនេះគឺមិនអាចទទួលយកបានទេ ដូច្នេះក្នុងនាមជាអ្នកអនុវត្តន៍ច្បាប់របស់កម្ពុជាបានប្រើប្រាស់នូវច្បាប់របស់កម្ពុជាដើម្បីហាមឃាត់ជនហ្នឹងអត់ឱ្យចូលកម្ពុជាជារៀងរហូត»។
បន្ថែមពីលើបញ្ហានេះលោក កែវ វណ្ណថនអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួង មហាផ្ទៃបានបញ្ជាក់ប្រាប់វីអូអេតាមទូរសព្ទដែរថានៅថ្ងៃសុក្រថាចាប់តាំងពីក្រសួងបានប្រកាសមកគឺខាងប៉ូលិសអន្តោប្រវេសន៍បានចាប់អនុវត្តភ្លាមដែរ។
បើតាមសារអ៊ីមែលឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកលោកJared Genser បានផ្តល់ការអត្ថាធិប្បាយថារដ្ឋាភិបាលកម្ពុជាបានដាក់បម្រាមរូបគាត់មិនឱ្យចូលកម្ពុជាដោយគ្មានហេតុផល ។
លោកផ្តល់ការអត្ថាធិប្បាយជាភាសាអង់គ្លេសនិងត្រូវប្រែសម្រួលជាខេមរភាសាថា៖ «ខ្ញុំត្រូវបានហាមឃាត់មិនឱ្យត្រឡប់ទៅប្រទេសកម្ពុជាវិញអស់មួយជីវិត។ សម្រាប់ខ្ញុំនេះគឺជាការបកស្រាយដ៏សោះកក្រោះនៃការភ័យខ្លាចរបស់លោកហ៊ុន សែនដែលមានការរិះគន់ដែលគេអាចជឿបានទាំងក្នុងនិងក្រៅប្រទេស»។
លោក Jared Genser ដែលជាមេធាវីសិទ្ធិមនុស្សអន្តរជាតិបានអះអាងថា ការហាមឃាត់នេះរឹតតែធ្វើឱ្យគាត់មានលទ្ធភាពជួយកញ្ញាសេង ធារី និងសា្តរសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជូនដល់ប្រទេសកម្ពុជា។ មេធាវីរូបនេះ បានលើកឡើងទៀតថា លោកមិនបានធ្វើការប្រមាថតុលាការកម្ពុជាទេ។
លោក Jared Genser បានថ្លែងថា៖
«ខ្ញុំបានទៅចូលរួមសវនាការរបស់កញ្ញាសេង ធារីក្នុងនាមជាមិត្តភក្តិខណៈខ្ញុំមិនមានលទ្ធភាពគ្រប់គ្រាន់អនុវត្តន៍ច្បាប់នៅកម្ពុជាទេ។ ហើយទីពីរ ខ្ញុំគ្មានពេលឯណាទៅគំរាមកំហែងនិងជេរស្តីតុលាការទេ។ ខ្ញុំគ្រាន់តែនិយាយយ៉ាងសាមញ្ញថាការចោទប្រកាន់និងសវនាការប្រឆាំងនឹងកញ្ញាសេង ធារី បំពានកាតព្វកិច្ចកម្ពុជាក្រោមច្បាប់អន្តរជាតិហើយខ្ញុំបានសង្កត់ធ្ងន់ថាប្រសិនបើគាត់ត្រូវបានគេផ្តន្ទាទោសទាំងខុសឆ្គងនោះផលវិបាកជាច្រើននឹងមានសម្រាប់រដ្ឋាភិបាលកម្ពុជា»។
ការដាក់បម្រាមរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញមិនឱ្យលោក Jared Genser ជាន់ទឹកដីកម្ពុជានោះជាករណីទីពីរបន្ទាប់ពីលោក Alex Gonzalez-Davidson ដែលត្រូវរដ្ឋាភិបាលកម្ពុជាបណ្តេញចេញកាលពីខែកុម្ភៈឆ្នាំ២០១៥ បន្ទាប់ពីជនបរទេសសញ្ជាតិអេស្ប៉ាញរូបនោះបានធ្វើសកម្មភាពជាមួយសកម្មជនបរិស្ថានក្នុងស្រុកទប់ស្កាត់អាជីវកម្មបូមខ្សាច់ក្នុងខេត្តកោះកុង និងការប្រឆាំងគម្រោងកសាងទំនប់វារីអគ្គិសនីក្នុងតំបន់អារ៉ែងនៅក្នុងខេត្តជាប់ប្រទេសថៃមួយនេះ។
នៅឆ្នាំ២០១៦ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏បានដាក់អ្នកនយោបាយខ្មែរអូស្ត្រាលី គឺលោកហុង លីម ជាជនមិនត្រូវបានស្វាគមន៍ (non persona grata) មិនឱ្យចូលកម្ពុជាផងដែរក្រោយអតីតតំណាងរាស្ត្រអូស្ត្រាលីរូបនេះហៅការដឹកនាំរបស់លោកហ៊ុន សែនថាជា«របបតិរច្ឆាន»។
អ្នកនាំពាក្យរបស់សមាគមការពារសិទិ្ធមនុស្សអាដហុកលោកស៊ឹង សែនករុណា យល់ថាការហាមមិនឱ្យលោក Jared Genser ចូលក្នុងប្រទេសកម្ពុជានឹងជះឥទ្ធិពលអាក្រក់ដល់មុខមាត់ប្រទេសកម្ពុជាក្នុងក្រសែភ្នែករបស់ប្រទេសលោកសេរី ដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដែលខិតខំជួយប្រទេសកម្ពុជាទាំងក្នុងវិស័យសង្គមនិងសេដ្ឋកិច្ច។
បើតាមលោកស៊ឹង សែនករុណា លោក Jared Genser ហាក់ដូចជាមិនបានបង្ហាញកាយវិការគឃើ្លនណាមួយដូចការចោទប្រកាន់របស់ភាគីកម្ពុជាទេនៅពេលគាត់ចូលរួមឃ្លាំមើលសវនាការរបស់កញ្ញាសេង ធារី ដែលជាមេធាវីពលរដ្ឋខ្មែរអាមេរិកាំងមួយរូបផងនោះ។ លោកកត់សម្គាល់ថា លោកJared Genser ជាមេធាវីការពារសិទ្ធិមនុស្សទទួលស្គាល់ដោយប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដោយសារគាត់មានវិជ្ជាជីវៈជាអ្នកច្បាប់ច្បាស់លាស់មិនមែនចេះតែនិយាយអីតាមតែការនឹកឃើញទេ។
«យើងមានការព្រួយបារម្ភ។ យើងទទូចសុំឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាល ឬក៏អ្នកនយោបាយពិនិត្យមើលឡើងវិញអំពីផលប៉ះពាល់មកដល់ផលប្រយោជន៍របស់សង្គមជាតិយើងហ្នឹងគឺទុកផលតម្កល់ផលប្រយោជន៍សង្គមជាតិយើងជាធំអានោះទើបមានការគាំទ្រមានការសាទរពីប្រជាពលរដ្ឋរបស់ខ្លួន»។
លោក Jared Genser មានសាវតាធ្លាប់ជាស្មាក្ដីឱ្យបុគ្គលបរទេសល្បីៗមួយចំនួន រួមមាន សកម្មជនសិទ្ធិមនុស្សចិនជាជ័យលាភីណូបែលពិភពលោក Liu Xiaobo អ្នកនយោបាយម៉ាឡេស៊ី Anwar Ibrahim អតីតប្រធានាធិបតីឆែក Václav Havel និងអតីតប្រធានាធិបតីម៉ាល់ឌីវ Mohamed Nasheed ជាដើម។
ថ្លែងប្រាប់វីអូអេតាមទូរសព្ទភ្លាមៗក្រោយពីចំណាត់ការរបស់អាជ្ញាធរកម្ពុជានោះដែរកញ្ញាសេង ធារីចាត់ទុកថាវិធានការចុងក្រោយនេះគឺជា«ការប៉ុនប៉ងព្យាយាមមួយលើកទៀតក្នុងការដាក់នាងឲ្យនៅឯការពីបណ្តាមិត្តភក្តិអន្តរជាតិដែលមានឥទ្ធិពល» និងជាការគំរាមកំហែងនិងយាយីរំខានដល់នាងដោយសារមានការចាប់អារម្មណ៍កាន់តែខ្លាំងលើសកម្មភាពតស៊ូមតិរបស់នាងប្រឆាំងនឹងការបិទសិទ្ធិសេរីភាពអ្នករិះគន់រដ្ឋាភិបាលដោយមិនព្រមនៅស្ងៀម។
កញ្ញាសេង ធារីបានបញ្ជាក់ថា៖
«របបនេះចង់ឲ្យខ្ញុំគេចខ្លួនចង់ឲ្យខ្ញុំនៅស្ងៀម។ ខ្ញុំមិនព្រមទេ»។
សំណុំរឿងរបស់កញ្ញាសេងធារីដែលកំពុងត្រូវបានតុលាការក្រុងភ្នំពេញលើកមកជំនុំជម្រះនោះជាសំណុំរឿងក្បត់ជាតិមួយដ៏ធំ ព្រោះមានជាប់ពាក់ព័ន្ធនឹងអតីតសកម្មជន មន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ោងហាចណាស់១៤០នាក់។សំណុំរឿងនេះក៏មានជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលកម្ពុជាមិនបានសម្រេចរបស់លោកសម រង្ស៊ីកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ផងដែរ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាមិនផ្តល់ការអត្ថាធិប្បាយទៅលើវិធានការទិដ្ឋាការរបស់កម្ពុជាលើលោកJared Genser ប៉ុន្តែថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើដំណើរការសវនាការរបស់កញ្ញាសេង ធារី។ នេះបើតាមអ្នកនាំពាក្យរបស់ស្ថានទូត។
លោកChad Roedemeier បានប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃសុក្រថា៖
«រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងជាប់លាប់សវនាការដែលកំពុងបន្តរបស់កញ្ញាសេងធារី ព្រមទាំងនីតិវិធីផ្សេងទៀតដែលមានគោលដៅលើសកម្មជនសង្គមស៊ីវិល និងមេដឹកនាំនយោបាយជំទាស់»។
លោកបន្ថែមថាសេរីភាពបញ្ចេញមតិ និងការជួបជុំសិទ្ធិដើម្បីប្រមូលផ្តុំដោយសន្តិវិធីសេរីភាពសារព័ត៌មាននិងសង្គមស៊ីវិលរស់រវើកហើយនិងការអត់ឱនឱ្យទស្សនរិះគន់គឺជាធាតុផ្សំដ៏សំខាន់នៃអភិបាលកិច្ចបែបប្រជាធិបតេយ្យ។ លោកលើកឡើងថា៖
«យើងអំពាវនាវឱ្យអាជ្ញាធរតម្កល់កាតព្វកិច្ចអន្តរជាតិរបស់កម្ពុជានិងការពារសិទ្ធិទាំងអស់នោះដូចដែលបានចែងជាផ្លូវការក្នុងរដ្ឋធម្មនុញ្ញកម្ពុជា»៕
សេចក្តីរាយការណ៍បន្ថែមដោយ ម៉ែន គឹមសេង