វ៉ាស៊ីនតោន — ជាមេធាវីនិងជាអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សកញ្ញាសេង ធារីយល់ថាបេសកកម្មជិត៣០ឆ្នាំដើម្បីជួយបណ្តុះបណ្តាលលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាពិតជាបានហុចផ្លែផ្កានៅលើទឹកដីកំណើតក្រោយពីសង្គ្រាមប្រដាប់អាវុធបានបញ្ចប់ហើយគាត់អាចសម្រាកបាន។ ប៉ុន្តែការវិវត្តន៍នយោបាយក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយរហូតដល់មានការរំលាយគណបក្សប្រឆាំងដ៏ធំបានបង្ខំចិត្តអ្នកច្បាប់ខ្មែរអាមេរិកាំងរូបនេះឲ្យបន្តការតស៊ូមតិនេះដោយផ្ទាល់ជាថ្មីឡើងវិញ។
ការណ៍នេះដោយសារតែនៅខែវិច្ឆិកាឆ្នាំ២០១៧តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិដោយចោទថាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងបានហាមឃាត់ថ្នាក់ដឹកនាំនៅថ្នាក់ជាតិនិងមូលដ្ឋានជាង១០០នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ថ្នាក់ដឹកនាំខ្លះក៏បានរត់ភៀសខ្លួនទៅក្រៅប្រទេស។
កញ្ញាសេង ធារីបានបញ្ជាក់ប្រាប់វីអូអេក្នុងបទសម្ភាសកាលពីពាក់កណ្តាលខែមករាថា៖
«មុនដំបូងខ្ញុំគិតថាមានអ្នកនយោបាយហើយក្នុងការប្រឆាំងដែលខ្ញុំគាំទ្រជាគណបក្សសង្គ្រោះជាតិជាលោកសម រង្ស៊ី ជាលោកស្រីមូរ សុខហួរប៉ុន្តែឥឡូវគាត់អវត្តមានហើយក្រមានសំឡេងដែលដូចខ្ញុំដែលមានសញ្ជាតិពីរដែលមានការការពារខ្លួនក្នុងកម្រិតមួយធ្វើឲ្យខ្ញុំចូលដោយសកម្មបែបនេះ។មកពីឃើញមានភាពគ្រោះថ្នាក់»។
កត្តាសំខាន់មួយទៀតគឺឥទ្ធិពលរបស់ប្រទេសកុម្មុយនិស្តចិនដែលអ្នកជំនាញនិងអ្នកវិភាគ ជឿថាកំពុងតែរីកធំឡើងក្នុងនយោបាយកម្ពុជា។ កាលពី១០ឆ្នាំមុន នៅពេលដែលកម្ពុជាធ្វើជា ប្រធានអាស៊ាននោះ អាស៊ានបានបរាជ័យជាលើកដំបូងមិនអាចចេញសេចក្តីថ្លែងការណ៍រួមរបស់ក្រុមរដ្ឋមន្ត្រីការបរទេសបាន នៅទីបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងភ្នំពេញ។ នៅពេល នោះគេមើលឃើញថាកម្ពុជាបានរងសម្ពាធពីចិននៅក្នុងបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងរវាងចិននិងសមាជិកខ្លះរបស់អាស៊ាន។
កញ្ញាសេង ធារីបានបញ្ជាក់បន្ថែមថា៖
«ចិនជាមហាអំណាចឃោរឃៅដែលពិភពលោកកំពុងព្រួយបារម្ភកំពុងប្រើកម្ពុជាជាសមរភូមិនៅក្នុងការប្រយុទ្ធជាមួយលោកសេរីទាំងមូលតែម្តងធ្វើឲ្យខ្ញុំចាប់អារម្មណ៍ធ្វើឲ្យយើងទាំងអស់គ្នាមានការព្រួយបារម្ភអំពីការវិលត្រឡប់ទៅរករបបខ្មែរក្រហមវិញ។ ការត្រឡប់ទៅភាពកុម្មុយនិស្តដោយខ្មែរក្រហមផងបន្ទាប់មកដោយយោធាយួនឈ្លានពាន។ អ៊ីចឹងយើងកំពុងគ្រោះថ្នាក់ក្នុងភាពអាសន្នតែម្តង»។
ក្នុងរយៈពេលជាងមួយឆ្នាំនេះការតស៊ូមតិដោយអហិង្សារបស់កញ្ញាសេង ធារីក៏បាននាំឲ្យកញ្ញាជួបប្រទះនឹងបញ្ហាផ្ទាល់ខ្លួនផងដែរ។ តុលាការកម្ពុជាបានចោទប្រកាន់កញ្ញាថាបានពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិព្រោះតែភាពសកម្មក្នុងសង្គមក្នុងពេលកន្លងមក។ជាពិសេសនៅពេលដែលលោក សម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិនិងថ្នាក់ដឹកនាំជាច្រើនរូបទៀតក្នុងនោះមានអ្នកស្រីមូរសុខហួរដែលជាអនុប្រធានគណបក្សបានប្រកាសវិលចូលមាតុភូមិវិញនៅខែវិច្ឆិកាឆ្នាំ២០១៩ហើយកញ្ញាសេង ធារីបានបង្ហោះសារតាមបណ្តាញសង្គមដើម្បីសម្តែងការគាំទ្រ។
ក្នុងបញ្ជីជាមួយនឹងកញ្ញាសេង ធារីគឺមានជនជាប់ចោទចំនួន៤៦រូបផ្សេងទៀតក្នុងនោះមានលោក សម រង្ស៊ីផងដែរ។រហូតមកដល់ពេលនេះមានអ្នករិះគន់រដ្ឋាភិបាលជិត១៤០នាក់កំពុងប្រឈមមុខនឹងការកាត់ក្តីនយោបាយដ៏ធំដែលជាផ្នែកមួយនៃការជំរុញដោយនាយករដ្ឋមន្ត្រីហ៊ុន សែនដើម្បីកម្ទេចការតស៊ូនិងធានាការគ្រប់គ្រងតែមួយគត់របស់គាត់។ នេះបើតាមការបញ្ជាក់របស់អង្គការសិទ្ធិមនុស្សនៅកម្ពុជា។
ការចោទប្រកាន់លើអ្នកតស៊ូមតិខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនេះពីបទ«សមគំនិតក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ» និង «ញុះញង់ឲ្យបង្កើតភាពវឹកវរក្នុងសង្គម»ដែលអាចជាប់ពន្ធនាគាររហូតដល់១២ឆ្នាំត្រូវបានកញ្ញាសេង ធារីយល់ថាវាគឺជារឿងមិនសមហេតុផល។
ហេតុអ្វីបានជាកញ្ញាសេង ធារីប្តេជ្ញាជួយកម្ពុជា?
កញ្ញាសេង ធារីគឺជាកុមារីតូចម្នាក់ប៉ុណ្ណោះនៅពេលដែលពួកកុម្មុយនិស្តខ្មែរក្រហមបានដណ្តើមកាន់អំណាចនៅខែមេសាឆ្នាំ១៩៧៥។ របបម៉ៅនិយមនេះបានធ្វើឱ្យនាងក្លាយជាកុមារកំព្រាឪពុកម្តាយ។ ក្រោយពីរបបអាវខ្មៅនេះបានដួលរលំនៅខែមករាឆ្នាំ១៩៧៩ធារីនិងបងប្អូនបានរត់ភៀសខ្លួនចេញពីប្រទេសដើម្បីគេចចេញពីរបបដែលពួកកុម្មុយនិស្តវៀតណាមបានលើកបន្តុប។ នៅពេលនោះធារីមានអាយុ៧ឆ្នាំប៉ុណ្ណោះហើយបានធ្វើដំណើរដ៏គ្រោះថ្នាក់ជាមួយសាច់ញាតិជាច្រើនឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសថៃ។ បន្ទាប់ពីរស់នៅរយៈពេលមួយឆ្នាំនៅក្នុងជំរុំជនភៀសខ្លួនគ្រួសាររបស់នាងត្រូវបានក្រុមជំនុំគ្រិស្តសាសនិកនាំយកទៅតាំងទីលំនៅថ្មីនៅទីក្រុងGrand Rapids រដ្ឋ Michigan។ កញ្ញាធារីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យGeorgetownដ៏ល្បីក្នុងរដ្ឋធានីវ៉ាស៊ីនតោនខាងផ្នែកនយោបាយអន្តរជាតិនៅឆ្នាំ១៩៩៥ហើយបន្តសិក្សាទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យMichiganនៅឆ្នាំ២០០០។ កញ្ញាសេង ធារីបានប្រឡងជាប់ជាមេធាវីនៃគណៈមេធាវីប្រចាំរដ្ឋញូវយ៉កនិងគណៈមេធាវីអាមេរិកាំង។
កញ្ញាសេង ធារីបានវិលមកប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមជាអ្នកស្ម័គ្រចិត្តរបស់អង្គការខ្មែរអាមេរិកាំង CANDO (Cambodian American National Development Organization)ក្នុងខែសីហាឆ្នាំ១៩៩៥មុននឹងវិលមកតាំងទីលំនៅជាអចិន្ត្រៃយ៍នៅឆ្នាំ២០០៤។ តាំងពីវិលត្រឡប់ចូលប្រទេសកំណើតវិញកញ្ញាសេងធារីក៏បានជួយការងារជាទីប្រឹក្សាច្បាប់សហជីពគឺសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានិងបានធ្វើជាវាគ្មិនថ្លែងនៅក្នុងវេទិការអន្តរជាតិជាច្រើនដែលក្នុងនោះមានដូចជាកិច្ចប្រជុំអាស៊ីអឺរ៉ុបស្តីពីសិទ្ធិមនុស្សនិងការបង្កាសកម្មភាពហិង្សានិយមដែលរៀបចំនៅប្រទេសឥណ្ឌូណេស៊ីនិងការពិភាក្សានៅសាកលវិទ្យាល័យរដ្ឋមីឈីហ្គឹននៃសហរដ្ឋអាមេរិកក្រោយពីការបញ្ចាំងភាពយន្តឯកសាររឿង«អ្នកណាសម្លាប់ជា វិជ្ជា?»ជាដើម។
កញ្ញាសេង ធារីធ្លាប់បានកាន់តំណែងជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ហើយក្រោយមកបានបង្កើតមជ្ឈមណ្ឌលអប់រំដើម្បីពលរដ្ឋខ្មែរ។ កញ្ញាក៏ជានាយិកានៃសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហមនៅកម្ពុជាផងដែរ។
ក្នុងការបង្ហាញពីការតាំងចិត្តនិងការតស៊ូនឹងការចោទប្រកាន់ក្នុងតុលាការនោះកញ្ញា សេង ធារីបានកោរសក់ហើយបានផ្សាយផ្ទាល់នូវកាយវិការរបស់នាងក្នុងវីដេអូដែលផ្សាយតាមវិទ្យុអាស៊ីសេរីនៅដើមខែធ្នូឆ្នាំ២០២១។ កញ្ញាលើកហេតុផលថាដើម្បីត្រៀមលក្ខណៈក្រែងលោអាជ្ញាធរចាប់ដាក់ពន្ធនាគារហើយកញ្ញាត្រូវត្រៀមលក្ខណៈដើម្បីទប់ទល់នឹងស្ថានភាពអាក្រក់ក្នុងពន្ធនាគារដែលមានកើតចៃនិងរមាស់សើរស្បែកជាដើម។ ជាការពិតស្ថានភាពគុកកម្ពុជាមានលក្ខណៈចង្អៀតណែនណាន់ខ្វះអនាម័យនិងខ្វះការគោរពតម្លៃស្ត្រី។ នេះបើតាមការរៀបរាប់របស់អតីតអ្នកទោសម្នាក់គឺអ្នកស្រីសាត ផា។
នៅក្នុងសវនាការកាលពីថ្ងៃទី៧ខែធ្នូឆ្នាំមុនកញ្ញាសេង ធារីបានស្លៀកពាក់ជាតួអង្គអប្សរាដើរចូលក្នុងសវនាការដោយចាត់ទុកថាការកាត់ក្តីនេះធ្វើឡើងតាមបែបឆាកល្ខោននយោបាយ។
កញ្ញាសេង ធារីបានប្រាប់វីអូអេថា៖
«បានអ៊ីចឹងក្នុងការស្លៀកពាក់ខ្ញុំចង់ដាស់តឿនឬខ្ញុំចង់រំលឹកឡើងវិញដល់បងប្អូនទាំងអស់គ្នាថានេះគឺជាការសម្តែងនយោបាយ។ អ៊ីចឹងពេលយើងសម្តែងខ្ញុំចូលរួមប៉ុន្តែរូបភាពខ្ញុំចង់ឲ្យបងប្អូនចងចាំជានិច្ចថានេះជាការសម្តែងផ្នែកនយោបាយ»។
ពេលខ្លះកញ្ញាសេង ធារីស្លៀកពាក់ជាបុរសនិងពេលខ្លះស្លៀកពាក់ជាអ្នកទោស។ ពេលស្លៀកពាក់ជាអ្នកទោសកាលពីថ្ងៃទី៤ខែមករានាងត្រូវបានកងកម្លាំងសន្តិសុខចម្រុះរបស់ខណ្ឌដូនពេញចាប់យកពីទីសាធារណៈមកដាក់នៅស្ថានីយ៍ប៉ូលិសអស់រយៈពេលប្រហែលកន្លះម៉ោង។ កញ្ញារៀបរាប់ថានេះជាវិធីតស៊ូមតិដោយអហិង្សានិងដើម្បីឲ្យមហាជនជាតិនិងអន្តរជាតិយកចិត្តទុកដាក់ដល់ករណីអយុត្តិធម៌ក្នុងសង្គមកម្ពុជាដែលមិនមានតែករណីរបស់គាត់តែម្នាក់ទេ។
ទង្វើរបស់កញ្ញាសេង ធារីក៏បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខឹងសម្បារ។ លោក ហ៊ុន សែនដែលធ្លាប់សើចចំអកដល់ស្ត្រីអ្នកនយោបាយក្នុងពេលអតីតកាលដូចជាអ្នកស្រីមូរ សុខហួរ ជាដើម បានប្រើប្រាស់ពិធីសម្ពោធបើកការដ្ឋានសាងសង់អាកាសយានដ្ឋាននៅទីរួមខេត្តកណ្តាលកាលពីដើមខែធ្នូដោយវាយប្រហារអ្នករិះគន់លោកនិងនិយាយបញ្ឆិតបញ្ឆៀងថា៖«ឥឡូវមានឯណាមានអប្សរាក្បាលត្រងោលទៀតហ្ន៎»។
លោកហ៊ុន សែនបានកាន់អំណាចនៅប្រទេសកម្ពុជាចំនួន៣៧ឆ្នាំនិងបានរងការរិះគន់ពីក្រុមបស្ចិមប្រទេសថាបានបំផ្លាញបរិយាកាសនយោបាយសេរីពហុបក្សនិងធ្វើទុក្ខបុកម្នេញអ្នករិះគន់និងអ្នកនយោបាយប្រឆាំង។ពួកគេចាត់ទុកថាទង្វើនេះបានធ្វើឲ្យខូចដល់ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ការប្តូរផ្តាច់ចុងក្រោយ
ការប្តូរផ្តាច់លើកកម្ពស់តម្លៃសិទ្ធិមនុស្សនិងសិទ្ធិសេរីភាពនៃការបញ្ចេញមតិបាននាំកញ្ញាសេង ធារីឲ្យជួបជនរងគ្រោះកម្ពុជានិងអ្នកដែលគ្មានសំឡេងជាច្រើន។ ជារឿយៗពួកគេធ្វើសកម្មភាពតវ៉ារួមគ្នាដើម្បីបង្ហាញពីការធ្វើបាបសកម្មជននយោបាយប្រឆាំងនិងការធ្វើទុក្ខបុកម្នេញក្រុមសហជីពកម្មករជាដើម។
កញ្ញាសេង ធារីបានបញ្ជាក់ថា៖
«ខ្ញុំបានជួបប្រទះអតីតកាលហើយខ្ញុំគិតថាខ្លួនខ្ញុំសំណាងហើយពេលយើងសំណាងហើយយើងគួរចែករំលែកអ្វីដែលយើងយល់ដឹងអំពីការឈឺចាប់ហើយបើអាចជួយគេបន្តិចបន្តួចតាមរបៀបដែលមនុស្សម្នាក់ៗមានគួរធ្វើ។នេះជាជំនឿរបស់ខ្ញុំ។ អ្វីដែលខ្ញុំធ្វើជាធម្មតា»។
ក្នុងចំណោមអ្នករងគ្រោះមានអ្នកស្រីព្រុំចាន់ថាជាអ្នកដឹកនាំក្រុមតវ៉ាដែលមានឈ្មោះថាស្ត្រីថ្ងៃសុក្រ។ អ្នកស្រីគឺជាភរិយារបស់លោកកាក់ កុម្ភារដែលជាអតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនៃគណបក្សសង្គ្រោះជាតិនិងកំពុងជាប់ឃុំឃាំងក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពសង្គមនិងរិះគន់រដ្ឋាភិបាល។
អ្នកស្រីព្រុំ ចាន់ថាបានបញ្ជាក់ប្រាប់វីអូអេខេមរភាសាថា៖
«ខ្ញុំធ្វើនេះជាសរសៃឈាមទាំងមូលរបស់ប្រទេសកម្ពុជាដែលអ្នកខ្លះគាត់មិនហ៊ានងើបឈរសោះរហូតដល់តែពួកគាត់មានទឹកចិត្តគោរពនិងស្រឡាញ់រាល់ការឡាយ [ផ្សាយផ្ទាល់]និងខំមិន[អត្ថាធិប្បាយ]។ ជាពិសេសខ្ញុំចង់ឲ្យជាតិនិងអន្តរជាតិមើលឃើញថាទង្វើរបស់រដ្ឋាភិបាលអ្នកដឹកនាំរបបឯកបក្សក៏ដូចជាតុលាការដែលគ្មានក្រមសីលធម៌ដែលគ្មានចំណេះវិជ្ជាវិជ្ជាជីវៈដែលធ្វើតុលាការដើម្បីជួយប្រជាពលរដ្ឋបែរជាយកអ្នកមានមនសិការដូចជាក្រុមគ្រួសារពួកខ្ញុំដែលជាអ្នកអត់មានកំហុសសោះយកមកឃុំខ្លួនដែលអត់កំហុសសោះយកមកឃុំខ្លួនម្នាក់ៗជិត២ឆ្នាំហើយ»។
រីឯអ្នកស្រីសាត ផាអតីតសកម្មជនបឹងកក់ដែលទើបតែត្រូវដោះលែងចេញពីពន្ធនាគារកាលពីចុងខែតុលាឆ្នាំមុនក៏បានបន្តការតវ៉ាប្រឆាំងនឹងអំពើអយុត្តិធម៌ដែលមានមកលើអ្នកស្រីនិងអ្នកដទៃទៀត។ អ្នកស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
អ្នកស្រីសាត ផាបានថ្លែងប្រាប់វីអូអេខេមភាសាថា៖
«ខ្ញុំរងភាពអយុត្តិធម៌នៅក្នុងគុកហើយ។ ខ្ញុំចេញមកក្រៅមានភាពអយុត្តិធម៌នៅក្រៅច្រើន។ ទាមទារដើម្បីប្រទេសជាតិខ្ញុំ។ ខ្ញុំទាមទារឲ្យដោះលែងអ្នកទោសមនសិការ។ អ្នកទោសនយោបាយដែលពួកគាត់អត់កំហុសហើយចាប់គាត់យកទៅដាក់គុកដូចជារូបខ្ញុំ។ អ៊ីចឹងខ្ញុំនឹងទាមទាររកយុត្តិធម៌ចំពោះពួកគាត់ទាំងអស់គ្នា។ ខ្ញុំលើកទឹកចិត្តបងសេង ធារីដែលគាត់ក្លាហាន។ គាត់មិនខ្លាចឧបសគ្គអ្វីកើតឡើងទាំងអស់»។
មជ្ឈមណ្ឌលសម្រាប់សិទ្ធិមនុស្សនៃគណៈមេធាវីសហរដ្ឋអាមេរិកចេញផ្សាយរបាយការណ៍មួយកាលពីខែមិថុនាឆ្នាំ២០២១ដោយបានសន្និដ្ឋានថាដំណើរការនីតិវិធីតាមផ្លូវតុលាការប្រឆាំងនឹងកញ្ញាសេង ធារីរហូតមកដល់ពេលបច្ចុប្បន្ននេះបានរំលោភបំពានយ៉ាងខ្លាំងទៅលើសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌និងសិទ្ធិសេរីភាពបញ្ចេញមតិរបស់គាត់។
របាយការណ៍នោះបានបន្ថែមថា៖«ក្នុងការឆ្លុះបញ្ចាំងពីកង្វះភស្តុតាងក្នុងការប្រព្រឹត្តិខុសលក្ខណៈព្រហ្មទណ្ឌនោះបទចោទពីការញុះញង់និងការរួមគំនិតក្បត់គ្រាន់តែជាលេសសម្រាប់សងសឹកចំពោះនាងធារីប៉ុណ្ណោះ»។
របាយការណ៍នេះស្នើឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការផ្តោតគោលដៅទៅលើសំឡេងជំទាស់ដោយប្រើនីតិវិធីព្រហ្មទណ្ឌនិងត្រូវតែធ្វើមោឃភាពឬធ្វើវិសោធនកម្មមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌទៅលើពាក្យពេចន៍ស្រពេចស្រពិលដែលសម្រួលឲ្យមានការកាត់ទោសអ្នករិះគន់រដ្ឋាភិបាលជាច្រើននាក់។
លោកJared Genserមេធាវីអន្តរជាតិរបស់កញ្ញាសេង ធារីនិងជាមិត្តភក្តិជាង២០ឆ្នាំតាំងពីរៀននៅសាលាច្បាប់ជាមួយគ្នាបានរិះគន់នីតិវិធីរបស់តុលាការកម្ពុជានិងបទចោទប្រកាន់ទាំងនោះ។
លោកJared Genserបានបញ្ជាក់ប្រាប់វីអូអេថា៖
«នាងមានសិទ្ធិក្រោមច្បាប់អន្តរជាតិក្នុងការទទួលបានសេរីភាពនៃការបញ្ចេញមតិសេរីភាពក្នុងការបង្កើតសមាគមសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធីនិងសេរីភាពនៃការចូលរួមនយោបាយនិងពីអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានឃើញនិងពីការពិភាក្សារបស់ខ្ញុំជាមួយនាងអស់ជាច្រើនឆ្នាំនិងអ្វីដែលនាងកំពុងព្យាយាមធ្វើគឺនាងអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋានទាំងនោះនិងព្យាយាមកំណត់ផ្លូវឆ្ពោះទៅមុខកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជាដើម្បីអាចជ្រើសរើសមេដឹកនាំរបស់ពួកគេនិងរស់នៅក្នុងប្រទេសដែលសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេដែលត្រូវបានការពារ»។
កញ្ញាសេង ធារីក៏ធ្លាប់ជាដើមបណ្តឹងមួយរូបនៅក្នុងតុលាការខ្មែរក្រហមនៅក្នុងសំណុំរឿងលេខ០០២ប្រឆាំងនឹងមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមដែលមានលោកនួន ជា និងលោកខៀវ សំផនដោយសារកញ្ញាជាអតីតអ្នកទោសកុមារក្នុងរបបវាលពិឃាតនិងស្លាប់បាត់បង់ឪពុកម្តាយ។ប៉ុន្តែកញ្ញាធារីបានដកខ្លួនថយវិញបន្ទាប់ពីស្តីបន្ទោសតុលាការនេះពីការរងឥទ្ធិពលនយោបាយ។ ការដកខ្លួននោះធ្វើឡើងតែប្រាំមួយថ្ងៃប៉ុណ្ណោះមុននឹងអង្គជំនុំជម្រះសាលាដំបូងចាប់ផ្ដើមបើកសវនាការពេញអង្គសេចក្ដីលើសំណុំរឿងនេះនៅខែវិច្ឆិកាឆ្នាំ២០១១។
ដោយចាត់ទុកខ្លួនឯងថាមានចរិតមានៈនៅលើកនេះកញ្ញាសេង ធារីបានតាំងចិត្តដើម្បីតទល់នឹងប្រព័ន្ធយុត្តិធម៌កម្ពុជាបើទោះបីជាកញ្ញាមានលទ្ធភាពចាកចេញពីប្រទេសកម្ពុជាក្នុងនាមជាពលរដ្ឋអាមេរិកាំងក៏ដោយ។ កញ្ញាសេង ធារីបានអះអាងថានាងមិនមានចេតនាប្រើប្រាស់លិខិតឆ្លងដែនអាមេរិកាំងរបស់នាងដើម្បីភៀសខ្លួននោះទេ។
កញ្ញាសេង ធារីបានថ្លែងប្រាប់វីអូអេថា៖
«ក្នុងរយៈពេលជិត៣០ឆ្នាំហើយដែលខ្ញុំធ្វើការផ្នែកប្រជាធិបតេយ្យផ្នែកសិទ្ធិមនុស្ស។ អូហ៍! បងប្អូនងើបឈរឡើងតស៊ូមតិស្គាល់សិទ្ធិអនុវត្តសិទ្ធិហើយគ្រាន់តែឮតម្រុយភ្លាមខ្ញុំគេចខ្លួនហ្នឹងវារំសាយរំលាយអ្វីដែលខ្ញុំបានអះអាង។ ភាសាខ្ញុំ៣០ឆ្នាំកន្លងមកលែងមានន័យគឺសាបសូន្យតែម្តង។វាមិនអាចទៅរួចទេ»។
កញ្ញាសេង ធារីយល់ថាឆ្នាំ២០២២នេះគឺជាឱកាសដ៏ល្អដែលត្រូវទាក់ទាញការចាប់អារម្មណ៍របស់អន្តរជាតិលើបញ្ហារំលោភសិទ្ធិមនុស្សប្រចាំថ្ងៃនៅកម្ពុជាក្នុងខណៈប្រទេសនេះកំពុងតែធ្វើជាប្រធានប្តូរវេនរបស់អាស៊ានហើយអន្តរជាតិកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង។
កញ្ញាសេង ធារីបានថ្លែងថា៖
«អ៊ីចឹងវាទាក់ទងនឹងតុលាការនិងករណីរបស់ខ្ញុំផងហើយខ្ញុំឆ្លៀតឱកាសនេះក្នុងការដាស់តឿនទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជនទាំងអន្តរជាតិទាំងប្រជាជនខ្មែរនៅក្នុងប្រទេសក្តីនៅក្រៅប្រទេសក្តី»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកថារដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវការកាត់ក្តីដែលកំពុងបន្តលើករណី កញ្ញា សេង ធារីក៏ដូចជាដំណើរការដែលផ្តោតលើសកម្មជនសង្គមស៊ីវិលដទៃទៀត។ ស្ថានទូតក៏បានបញ្ជូនអ្នកតំណាងមកសង្កេតការកាត់ក្តីរបស់នាងក៏ដូចជាការកាត់ក្តីដែលស្ថានទូតចាត់ទុកថា«មានហេតុផលនយោបាយផ្សេងទៀត»ហើយតែងតែលើកឡើងពីការព្រួយបារម្ភនានាជាមួយនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជានិងមេដឹកនាំគណបក្សប្រឆាំង។
កញ្ញាStephanie Arzateអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានបន្ថែមថា៖
«សេរីភាពនៃការបញ្ចេញមតិនិងសមាគមសិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធីសេរីភាពសារព័ត៌មានសង្គមស៊ីវិលសកម្មនិងការអត់ឱនចំពោះទស្សនៈមិនយល់ស្របគឺជាធាតុផ្សំដ៏សំខាន់នៃអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។ យើងអំពាវនាវឱ្យអាជ្ញាធររក្សាកាតព្វកិច្ចអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជានិងការពារសិទ្ធិទាំងនេះដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»៕