ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រីរបស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ផ្តល់​ការ​យល់​ឃើញ​ចម្រុះ​ ពាក់​ព័ន្ធ​នឹងការ​គប់​ស្បែក​ជើង​ទៅ​លើ​លោក ហ៊ុន សែន


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

ក្រុម​មន្ត្រី​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បង្ហាញ​ការ​យល់​ឃើញ​ចម្រុះ ទាក់ទិន​ការ​ដែល​បុរស​ខ្មែរ អាមេរិក​កាំង​ម្នាក់​ បានគប់​ស្បែក​ជើង​ម្ខាង​ទៅ​លើ​ប្រមុខ​ដឹក​នាំ​កម្ពុជា​ ដោយ​ពួកគេ​លើក​ឡើងថា​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​ មាន​ភារកិច្ច​ក្នុង​ការ​ការពារ​សុវត្ថិ​ភាព​របស់​មេដឹក​នាំ​នៃ​ប្រទេស​នីមួយ​ៗ​ ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​។

សកម្ម​ភាព​គប់​ស្បែក​ជើង​ដោយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​គឺ​លោក ​អ៊ុក ទូច ​ទៅ​លើលោក ហ៊ុន​ សែន​ កើត​ឡើង​នៅ​ចំ​ពេល​នាយក​រដ្ឋមន្ត្រី​កម្ពុជា​រូបនេះ​ កំពុង​សំណេះ​សំណាល​ និង​ថត​រូប​ selfie ជា​មួយ​ក្រុម​អ្នកគាំទ្រ​លោក​នៅ​ខាង​ក្រៅ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​ឧសភា​ ឆ្នាំ​ ២០​២២ មុន​មួយថ្ងៃ​នៃកិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន។

អ្នក​នាំ​ពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​លោក សុខ ឥសាន​ ​ប្រាប់​វី​អូ​អេ​កាលពី​សប្តាហ៍​មុន​ថា​ ករណីគប់​ស្បែក​ជើងទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ និង​ជា​ការ​ចាត់ចែងរបស់​ប្រទេស​ជាម្ចាស់​ផ្ទះ។​

ប៉ុន្តែ​លោក​យល់​ថា​ ការគប់​ស្បែក​ជើង​មក​លើ​មេដឹកនាំ​កម្ពុជា​កន្លង​មក​នោះ​ មិន​ត្រឹម​តែជា​កា​រប្រមាថទៅ​លើ​ប្រមុខ​ដឹក​នាំរដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បានប្រមាថ​មក​លើ​ប្រ​ទេស​ជា​ម្ចាស់​ផ្ទះ​គឺ​សហរដ្ឋ​អាមេរិក​ផងដែរ​។​

លោក​មាន​ប្រសាសន៍​ថា៖ «វា​ជា​ការ​ប្រមាថដល់​ការ​ទទួល​ខុស​ត្រូវរបស់​ម្ចាស់​ផ្ទះ​ហើយ។ មិន​មែនប្រមាថ​មក​ត្រឹម​តែ​សម្តេច​តេជោ​ហ៊ុន សែន​ ទេ គឺ​ប្រមាថ​ទៅ​ដល់​ម្ចាស់​ផ្ទះ​ទៀត ហើយ​គាត់​ជា​ពលរដ្ឋ​អាមេរិកកាំង​ទៀត។ អ៊ី​ចឹង​រដ្ឋាភិបាល​អាមេរិកកាំង​ដោះ​ស្រាយ​បែប​ម៉េច ​អាហ្នឹង​ទៅ​តាម​ច្បាប់​អាមេរិកាំងទៅ»។

​ស្រដៀង​គ្នា​នេះ​ដែរ​ អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​លោក ​ជិន ម៉ាលីន បា​ន​លើក​ឡើង​ថា​ រដ្ឋាភិបាល​គ្រាន់តែ​ចង់​ឱ្យ​មាន​កា​រអនុវត្ត​ច្បាប់​ស្រប​ទៅ​តាម​ច្បាប់​របស់​អាមេរិក ពី​ព្រោះ​ថា​ឧប្បត្តិហេតុ​ដែល​កើត​ឡើងនៅ​លើ​ទឹក​ដី​អាមេរិក​នោះ​ មាន​ការពាក់ព័ន្ធ​ជាមួយ​សុវត្ថិភាព​របស់​ប្រមុខ​ដឹកនាំ​រដ្ឋ និង​មន្ត្រី​ការទូត​ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ​។

​លោកថ្លែង​ថា៖ «អានេះ​វា​ប៉ះពាល់​ទៅ​ដល់​សុវត្ថិភាព​របស់​ប្រមុខ​រដ្ឋ ថ្នាក់​ដឹក​នាំ​ មន្ត្រី​ការទូត​ ជាពិសេស​បុគ្គល​ដែល​ត្រូ​វបាន​ការពារ​ជាអន្តរជាតិ ហើយ​បើសិន​បណ្តោយ​ឱ្យទង្វើនេះកើត​ឡើង​ អាហ្នឹងវាទៅ​ជាភាព​អនា​ធិបតេយ្យ​នៃ​សណ្តាប់​ធ្នាប់អន្តរជាតិ»។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ហេតុការណ៍​នៃការគប់​ស្បែក​ជើង​របស់​លោក​អ៊ុក ទូច​ទៅលើ​លោកហ៊ុន​ សែន​ក្នុង​រដ្ឋធានី​វ៉ា​ស៊ីន​តោន​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ឱ្យសំឡេង​សហរដ្ឋ​អាមេរិក​វីអូអេដឹង​តាម​សារ​អ៊ីមែល​មួយថា​ សហ​រដ្ឋ​អាមេរិក​យក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​សុវត្ថិភាព​ និង​សន្តិសុខ​របស់​អ្នកការទូត​ និង​មន្ត្រី​អ្នកមុខ​អ្នកការ​ ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​។

សារ​ដដែល​បាន​ផ្តល់​ការ​អត្ថា​ធិប្បាយ​តាម​ន័យ​ដើមថា៖ «​ទាក់​ទិន​ឧប្បត្តិហេតុ​កាលពី​ថ្ងៃទី​១១ ខែ ឧសភា​ មាន​ការ​ស៊ើប​អង្កេត​ដោយ​អាជ្ញាធរ​អនុវត្ត​ច្បាប់​អាមេរិក​នៅ​ក្នុង​ករណីនេះ​។ ការ​អង្កេត​នោះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ហ្មត់​ចត់ និង​ស្របតាម​ច្បាប់​ពេញ​លេញ​របស់​សហរដ្ឋអាមេរិក​»។

​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ លោក ផៃ ស៊ីផាន យល់ថា ការ​ណ៍​ដែល​សហរដ្ឋ​អា​មេរិក បើក​ការ​ស៊ើប​អង្កេត​ទៅលើ​ករណី​គប់​ស្បែក​ជើង​នេះគឺ​ជាការ​បោះ​ជំហាន​មួយ​ដ៏ល្អ ​ហើយ​លោក​ជឿ​ថា​សហរដ្ឋ​អាមេរិក​ជាប្រទេស​ដែល​មាន​នីតិរដ្ឋត្រឹម​ត្រូវ ដូច្នេះ​ច្បាស់​ជាមាន​វិធាន​ការ​ណាមួយ​ដាក់​ទៅ​លើ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ឆ្គាំឆ្គង​ដើម្បីកា​រពារ​មុខ​មាត់​របស់​អាមេរិក​។

លោកថ្លែង​ថា​៖«ខ្ញុំ​ជឿ​ជាក់​ថា​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​នីតិរដ្ឋ​ច្បាស់​ជា​មាន​ការ​ស៊ើប​អង្កេត​ ច្បា​ស់​នឹង​មាន​វិធាន​ការ​ណា​មួយ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ ​រក្សា​តម្លៃ​របស់​សហរដ្ឋអាមេរិក»។

​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្សនៃអង្គការ​លីកាដូ​លោក ​អំ សំអាត ​ថ្លែងថា​ លោក​មិន​គាំទ្រ​នូវ​ការ​ប្រព្រឹត្តទង្វើ​ហិង្សានោះ​ទេ​ ហើយ​ទង្វើបែបនេះ​ក៏​ខុស​ពី​ច្បាប់​ជាតិ​និង​អន្តរជាតិ​ដែល​បាន​ចែង​ពាក់ព័ន្ធ​ជា​មួយ​នឹង​សេរី​ភាព​នៃ​ការ​បញ្ចេញមតិ​ដែរ​។

លោក​និយាយថា៖ «អាហ្នឹង​ជាសេរី​ភាព​នៅ​ក្នុងការ​បញ្ចេញមតិ​ តែ​ធ្វើ​យ៉ាង​ណាកុំ​ឱ្យ​មាន​អំពើ​ហិង្សា​ ពី​ព្រោះ​បើ​យើ​ង​មើល​ទៅ​លើ​កតិកាសញ្ញា​អន្តរជាតិ​ក្តី​ ក៏​គេ​មាន​ចែង​ដែរ​»។

គួរ​បញ្ជាក់​ថា​ ក្រោយ​ការ​ចោល​ស្បែក​ជើង​មក​លើ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ពីសំណាក់​លោក ​អ៊ុក ទូចនោះ​ កូន​លោក​នាយក​រដ្ឋមន្ត្រី​ និង​ក្រុម​មន្ត្រី​ផ្លូវការ​កម្ពុជា​ បាន​ចាត់ទុក​សកម្មភាព​ដ៏​កម្រនោះ​ថា​ ជា​ការ​ប្រមាថ​មកលើ​លោក ហ៊ុន សែន​ ខណៈ​ឃ្លីប​វីដេអូ​នៃ​ការ​គប់​ស្បែក​ជើង​នោះត្រូវ​គេ​បង្ហោះ​ ឬ​ចែក​រំលែក​តៗ​គ្នា​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​៕

XS
SM
MD
LG