នាយកអង្គការសុខភាពពិភពលលោក WHO បាននិយាយថា ខ្លួននឹងសម្រេចនៅថ្ងៃព្រហស្បតិ៍នេះ ថាតើនឹងត្រូវប្រកាសការផ្ទុះឆ្លងរាលដាលកូរ៉ូវីរ៉ុសដែលឥឡូវនេះបានសម្លាប់មនុស្ស១៧០នាក់ថាជាស្ថានភាពអាសន្នសុខភាពសកលឬក៏យ៉ាងណា។
អង្គការ WHO បានប្រកាសកាលពីសប្តាហ៍មុនថា ការផ្ទុះនេះមិនទាន់ជាស្ថានភាព អាសន្ននៅឡើយទេ ដោយពេលនោះមានការអះអាងឆ្លងមេរោគតែ៧៧១១ករណីប៉ុណ្ណោះ រួមទាំងករណីឆ្លងថ្មីទៀតចំនួនជាង១៧០០ករណីកាលពីថ្ងៃពុធ។
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯទីស្នាក់ការអង្គការ WHO ក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីលោកធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងថា «ការបន្តកើនឡើងករណីឆ្លងរាលដាល និងភស្តុតាងពីការឆ្លងពីមនុស្សទៅមនុស្សនៅខាងក្រៅប្រទេសចិនគឺពិតណាស់ជាក្តីកង្វល់យ៉ាងខ្លាំង។ បើទោះបីជាករណីឆ្លងនៅក្រៅប្រទេសចិនមានចំនួនតិចក៏ដោយ ក៏ការឆ្លងនេះអាចនឹងផ្ទុះឡើងកាន់តែខ្លាំង»។
ប្រទេសជាច្រើនបានជម្លៀសប្រជាជនរបស់ពួកគេចេញពីទីក្រុងវូហាន ប្រទេសចិន ដែលជាទីកន្លែងផ្ទុះមេរោគនេះឡើង។ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយចំនួនបានផ្អាកជើងហោះហើរចេញពីប្រទេសចិន។ លោក Tedros បាននិយាយថា ៩៩ភាគរយនៃការអះអាងឆ្លងមេរោគគឺនៅក្នុងប្រទេសចិន។ ប្រទេស១៥ផ្សេងទៀតបានអះអាងថាមានករណីឆ្លងកូរ៉ូណាវីរ៉ុស៦៨ករណី។ ហើយចំនួនមនុស្សស្លាប់ទាំង១៧០នាក់គឺនៅក្នុងទីក្រុងវូហាននិងខេត្តហ៊ូពៃ។ ចំនួនករណីឆ្លងវីរ៉ុសកូរ៉ូណាថ្មីឥឡូវនេះបានកើនឡើងលើសពីចំនួនករណីឆ្លង ជំងឺ SARS កាលពី២០០២ និងឆ្នាំ២០០៣ ដែលបានសម្លាប់មនុស្ស៨០០នាក់នៅទូទាំងពិភពលោក៕