ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងមហាផ្ទៃ​ប្រាប់​គណបក្ស​ភ្លើងទៀន​ឱ្យ​​ពិនិត្យ​ឡើងវិញចំពោះ​​ការ​តែង​តាំង​លោក ​សុន ឆ័យ ​ជា​អនុប្រធាន​បក្ស


រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឈរថ្លែងនៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ​នៅមុខអគារគណៈកម្មាធិការរៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឈរថ្លែងនៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ​នៅមុខអគារគណៈកម្មាធិការរៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កំពុង​ដំណើរ​ការ​ ក្រសួងមហាផ្ទៃ​ស្នើ​ឱ្យគណបក្ស​ភ្លើង​ទៀន ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះការតែងតាំង​អតីត​មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប​ពី​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​តំណែង​ជា​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ដែល​ជា​គណបក្ស​ជំទាស់​ទើប​កម្រើក​ខ្លាំង​ឡើវិញ​ក្នុងឆ្នាំ​២០២២នេះ។

នៅ​ក្នុង​លិខិត​មួយច្បាប់​ផ្ញើ​ជូន​ទៅ​កាន់​លោក​ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​មហាផ្ទៃ​លោក ស ខេង នៅ​ថ្ងៃ​ពុធ​ ទី​២៥​ ខែ​ឧសភានេះ​ បាន​ឱ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា ការ​សម្រច​តែងតាំង​ លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន គឺ​ផ្ទុយលក្ខនិ្តកៈ​គណបក្ស​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​ច្បាប់​ស្តី​ពីគណបក្ស​នយោបាយ។

ចំណុច​ផ្ទុយលើកឡើង​ក្នុង​លិខិត​ខាង​លើ​រួម​មាន ​ប្រការ​ ២០ និង​ប្រការ ៣៣ ​នៃ​លក្ខន្តិកៈ​របស់​ក្រសួង​មហាផ្ទៃ និង​លិខិត​លេខ​ ៥៧៩​ សជណ ចុះ​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ ព្រមទាំង​បញ្ញត្តិ​មាត្រា​ ២៦​ថ្មី នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក ​សុន ឆ័យ បាន​បញ្ជាក់​ប្រាប់វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​មិនទាន់បាន​ឃើញ​លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​វីអូអេ​ទទួល​បាន​នៅព្រឹកថ្ងៃពុធ​នៅ​ឡើយ​នោះ​ទេ ហើយលោក​ក៏មិន​ដឹង​ថា លិខិត​គោល​បំណង​យ៉ាង​ដូច​ម្តេច​ដែរមក​លើសកម្មភាព​នយោបាយ​របស់​លោក​ ដែលក្នុង​នោះ​លោក​បាន​ចូលរួម​ដឹក​នាំ​យុទ្ធនាការឃោសនា​បោះឆ្នោតធំមួយ​សម្រាប់​ថ្ងៃ​ដំបូង​របស់​គណបក្ស​ភ្លើង​ទៀន​កាលពី​សប្តាហ៍​មុន​។

លោកបាន​ថ្លែង​ថា៖ «យើង​មិន​ដឹង​ដែរ​ មិន​ទាន់​បាន​ឃើញ​លិខិត។ ហើយ​យើង​មិន​អាច​សន្និដ្ឋាន​ថា​មាន​បំណង​យ៉ាង​ណា។ ប៉ុន្តែ​រឿង​នេះ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គណបក្ស​ក្នុង​ការ​រៀបចំ​សមាសភាព​ថ្នាក់​ដឹកនាំ។ ក៏​ប៉ុន្តែ​បើ​ទោះ​បី​ក្រសួង​មហាផ្ទៃ​ ​លោក​ឈឺ​ឆ្អាល​ដល់​កម្រិត​ហ្នឹង ក៏​យើង​យក​មក​ពិនិត្យ​ដែរ»។ ​

​ដំណាល​គ្នា​នេះ លោក​ចាត់​ទុក​ថា បើ​ទោះ​បី​ការស្នើត្រួត​ពិនិត្យ​មក​លើ​រូបលោកអាច​ជា​ការ​ដាក់​សម្ពាធ​មួយ​ក៏​ដោយ លោក សុន ឆ័យ និយាយ​ថា ការណ៍​នេះមិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ​សម្រាប់​គណបក្ស​ភ្លើង​ទៀនក្នុង​ពេល​ធ្វើយុទ្ធនាការរក​សំឡេង​ឆ្នោត ដោយសារ​គណបក្ស​នេះ​នៅ​មាន​អនុប្រធាន​ចំនួន​ពីរ​រូប​ផ្សេង​ទៀត​ ក្រៅ​ពី​រូប​លោក។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ​ខៀវ សុភ័គ ​សង្ឃឹម​ថា គណបក្ស​ភ្លើង​ទៀន​នឹង​ពិចារណា​ករណី​ខាង​លើ​នេះ​ជាមួយ​អ្នក​ជំនាញ​ផ្លូវ​ច្បាប់​ និង​ថា «លោក​ សុន ឆ័យ យល់​បញ្ហា​នេះ​ច្បាស់​» ​ថា​ លោក​នឹង​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ក្នុង​រឿង​តែង​តាំង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​គណបក្ស​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ ស្រប​ពេល​មាន​លិខិត​ខាងលើ​ពី​ក្រសួង​មហាផ្ទៃ គណបក្ស​ភ្លើង​ទៀន ដែល​ទើប​នឹងបានដំណើរការ​ជាថ្មី​ អស់​រយៈ​ពេល​ជិត​៥ខែ​មកនេះ​ បាន​ឱ្យ​ដឹង​ថា គណបក្ស​បាន​ប្រឈម​នឹង​បញ្ហា​ផ្សេងៗពាក់ព័ន្ធ​នឹងមន្រ្តី​និងអាជ្ញាធរ​មូលដ្ឋាន​ដូចជា ការ​ដាក់​សម្ពាធ​មក​លើ​មន្រ្តី ឬ​ភ្នាក់ងារ​គណបក្ស​តាម​មូលដ្ឋាន និង​ការ​ដាក់​ស្លាកសញ្ញា​គណបក្ស​ជា​ដើម៕

XS
SM
MD
LG