អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ អះអាងនៅថ្ងៃសុក្រនេះថា លោកមិនគេចវេះនៅក្រៅប្រទេសឡើយ ខណៈលោកកំពុងប្រឈមនឹងពាក្យបណ្តឹងពីរពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា ដែលប្តឹងទៅតុលាការនាសប្តាហ៍នេះ។
នៅថ្ងៃសុក្រនេះ គ.ជ.ប បានដាក់ពាក្យបណ្តឹងទៅតុលាការរាជធានីភ្នំពេញ ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការអធិប្បាយអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ នេះជាពាក្យបណ្តឹងមួយទៀត ដែលថ្នាក់ដឹកនាំគណបក្សប្រឆាំងរូបនេះ ប្រឈមបន្ទាប់ពីត្រូវបានប្តឹងដោយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃអង្គារ។
លោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃសុក្រថា អ្វីដែលលោកបានថ្លែង គឺយោងទៅលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន កាលពីកន្លងទៅ ហើយគណបក្សដទៃទៀត និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត ក៏រកឃើញភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតផងដែរ។ លោកបញ្ជាក់ថា លោកនឹងពិនិត្យមើលថា តើពាក្យពេចន៍របស់លោកលើសលោះត្រង់ចំណុចណា រហូតដល់មានការប្តឹងប្រឆាំងរូបលោកទៅតុលាការ។ លោក សុន ឆ័យ ក៏នឹងរកមេធាវី ដើម្បីតតាំងក្តីនេះផងដែរ។
លោកបញ្ជាក់ថា៖ «ដូច្នេះការលើកឡើង ប្រហែលជាមានការលើសលោះយ៉ាងណានោះ ខ្ញុំនឹងពិនិត្យមើលថាតើខ្ញុំអាចនឹងធ្វើតាមការណែនាំរបស់គជប បានឬយ៉ាងម៉េចនោះ ខ្ញុំនឹងពិនិត្យ ក្រោយពីបានស្តាប់យោបល់មេធាវីខ្ញុំសិន»។
លោក សុន ឆ័យ ដែលបច្ចុប្បន្ននៅក្នុងប្រទេសអូស្រ្តាលី បានបញ្ជាក់ថាលោកមិនគេចវេះឡើយ ហើយលោកនឹងវិលត្រឡប់មកកម្ពុជាវិញនៅសប្តាហ៍ក្រោយ។
អង្គហេតុនៃពាក្យបណ្តឹងរបស់គ.ជ.ប គឺដូចគ្នានឹងអង្គហេតុដែលលើកឡើងដោយគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការថ្លែងរបស់លោក សុន ឆ័យ កាលពីថ្ងៃទី៧ ខែមិថុនា ជាមួយសារព័ត៌មានអនឡាញឌឹខេមបូឌា។
ការថ្លែងរបស់លោក សុន ឆ័យ ដែលឈានទៅដល់ការប្តឹងផ្តល់នេះ គឺពាក់ព័ន្ធនឹងពាក្យពេចន៍ថា«លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង» និងការថ្លែងមួយចំនួនទៀត។
គ.ជ.ប បញ្ជាក់ថាការលើកឡើងនេះបានប៉ះពាល់ដល់អព្យាក្រឹតភាពរបស់ស្ថាប័ន ដើម្បីធានាការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
នៅក្នុងពាក្យបណ្តឹងនោះ ស្ថាប័នគ.ជ.ប បានស្នើសូមតុលាការផ្តន្ទាទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ និងឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសគ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។ បើតាមមាត្រា៣០៥ ការបរិហារកេរ្តិ៍ជាសាធារណៈត្រូវពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ១០លានរៀល។
ចំណែកគណបក្សកាន់អំណាច ក៏បានទាមទារសំណងជំងឺចិត្តចំនួន៤.០០០លានរៀល ឬប្រហែល១លានដុល្លារអាមេរិក ពីលោក សុន ឆ័យ ផងដែរ៕
លោក សុន ឆ័យ ថាលោកមិនគេចវេះនៅក្រៅប្រទេសឡើយ ខណៈលោកប្រឈមពាក្យបណ្តឹងរបស់គ.ជ.ប និងបក្សកាន់អំណាច
ភ្នំពេញ —