បន្ទាប់ពីក្រសួងមហាផ្ទៃដាក់បណ្តឹងទៅតុលាការភ្នំពេញ ប្តឹងមន្រ្តីជាន់ខ្ពស់នៃចលនាសង្រ្គោះជាតិ ដែលកំពុងស្ថិតនៅបរទេស ពីបទធ្វើសកម្មភាពនយោបាយដោយខុសច្បាប់ នៅចុងខែមីនានេះ តុលាការបានចេញដីកាកោះហៅអ្នកពាក់ព័ន្ធនឹងចលនានេះចំនួន៦រូប ឲ្យចូលបំភ្លឺក្នុងនាមជាជនសង្ស័យ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ និងមន្រ្តីជាន់ខ្ពស់គណបក្សនេះ ចំនួន៥រូបផ្សេងទៀត ឲ្យចូលឆ្លើយបំភ្លឺនៅចុងខែឧសភាខាងមុខ ពាក់ព័ន្ធនឹងការបង្កើតចលនាសង្គ្រោះជាតិ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងមន្រ្តីជាន់ខ្ពស់នៃចលនាសង្គ្រោះជាតិដែលកំពុងធ្វើសកម្មភាពនៅខាងក្រៅប្រទេស ពីបទធ្វើសកម្មភាពនយោបាយដោយខុសច្បាប់ បន្ទាប់ពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូប បានហៅចលនានេះថាជា «ភេរវកម្ម» និងប្រកាសកម្ទេចមិនឲ្យកើតមាននៅកម្ពុជា។
ដីកាកោះចំនួន៦ ចុះថ្ងៃទី៣០ ខែមីនា ដែលទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធនេះ ឱ្យដឹងថាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក សម រង្ស៊ី និងភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមូរ៉ា ព្រមទាំងសមាជិកចលនានេះចំនួន៤រូបផ្សេងទៀត ឲ្យចូលឆ្លើយបំភ្លឺនៅតុលាការ ទៅតាមកាលបរិច្ឆេទផ្សេងៗគ្នា។
ក្នុងដីកាទាំងនោះ លោក សៀង សុខ បានកោះហៅលោក សម រង្ស៊ី ឲ្យចូលបង្ហាញខ្លួននៅថ្ងៃទី២២ ខែឧសភា លោក អេង ឆៃអ៊ាង កោះហៅឲ្យចូលថ្ងៃទី២៣ ខែឧសភា អ្នកស្រី ជូឡុង សូមួរ៉ា កោះហៅឲ្យចូលថ្ងៃទី២៤ ខែឧសភា លោក ហូរ វ៉ាន់ កោះហៅឲ្យចូលថ្ងៃទី២៨ ខែឧសភា លោក នុត រំដួល កោះហៅឲ្យចូលថ្ងៃទី២៩ ខែឧសភា និងលោក តុ វ៉ាន់ចាន់ កោះហៅឲ្យចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។
បើតាមដីកាកោះទាំង៦នោះបញ្ជាក់ដូចៗគ្នាថា តុលាការកោះហៅអ្នកទាំង៦ ក្នុងនាមជាជនសង្ស័យ ដើម្បីសាកសួរពីដំណើររឿង «ការបង្កើតចលនាសង្គ្រោះជាតិ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរ ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
ចលនាសង្គ្រោះជាតិ បង្កើតឡើងដោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ រួមជាមួយមន្រ្តីជាន់ខ្ពស់គណបក្សនេះជាច្រើនរូបទៀត ដែលបានរត់ភៀសខ្លួនទៅបរទេស។ ចលនានេះមានគោលបំណងទាមទារឲ្យមានការដោះលែងលោក កឹម សុខា ទាមទារឲ្យគណបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោត និងទាមទារឲ្យការបោះឆ្នោតក្នុងឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ចលនានេះបង្កើតឡើង បន្ទាប់ពីគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស ត្រូវបានតុលាការកំពូលរំលាយ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ដោយចោទថា គណបក្សនេះមានជាប់ពាក់ព័ន្ធជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ជាមួយគ្នានោះ មន្រ្តី និងតំណាងរាស្រ្តគណបក្សនេះចំនួន១១៨រូប ក៏ត្រូវបានព្យួរសិទ្ធិធ្វើនយោបាយម្នាក់ៗ៥ឆ្នាំ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។
ទោះយ៉ាងណា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានចាប់ឃុំខ្លួនពីបទក្បត់ជាតិ នៅមុនបន្តិចនៃការរំលាយគណបក្សប្រឆាំង បានប្រកាសមិនគាំទ្រ និងមិនចូលរួមជាមួយចលនានេះ៕