បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិថាជា «មេភេរវកម្ម» និងបានព្រមានចាប់បញ្ជូនមកកាត់ទោសនៅកម្ពុជា ប្រសិនបើអតីតប្រធានគណបក្សប្រឆាំងរូបនេះធ្វើដំណើរទៅប្រទេសអាស៊ីណាមួយ លោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍ ក៏បានឆ្លើយតបទៅនឹងការហៅនោះថា លោក ហ៊ុន សែន កំពុងបារម្ភពីឥទ្ធិពលនៃចលនាសង្គ្រោះជាតិ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ការពារការបង្កើតចលនាសង្គ្រោះជាតិ និងច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានចោទលោកជាមេភេរវកម្ម។
បើតាមវីដេអូដែលលោក សម រង្ស៊ី បានបង្ហោះលើទំព័រ Facebook របស់លោក កាលពីថ្ងៃសៅរ៍ លោក សម រង្ស៊ី ថ្លែងក្នុងកិច្ចប្រជុំមួយនៅទីក្រុងប៉ារីសប្រទេសបារាំងថា ចលនាសង្គ្រោះជាតិដែលត្រូវបានបង្កើតកាលពីចុងខែមករា នៅសហរដ្ឋអាមេរិក ជាចលនាដែលមានការទទួលស្គាល់ពីអន្តរជាតិ។ លោកបន្ថែមថា ការចោទចលនាសង្គ្រោះជាតិថាជាភេរវកម្ម គឺជាការចោទប្រកាន់ដែលបង្ហាញពីការបារម្ភរបស់លោក ហ៊ុន សែន ចំពោះឥទ្ធិពលនៃចលនានេះ។
លោកបញ្ជាក់ថា៖
«តាំងពីយើងបង្កើតចលនា ហើយយើងបានបង្ហើបថាយើងបង្កើតចលនា គាត់ជ្រួលច្របល់មែនទែន គាត់ស្លន់ស្លោរមែនទែន និយាយកាន់តែផ្តេសផ្តាសៗ។ តែខ្ញុំអស់សំណើច ខ្ញុំបង្ហោះតាមហ្វេសប៊ុករបស់ខ្ញុំកាលពីម្សិលមិញ ថាខ្ញុំសុំផ្តាំទៅ ហ៊ុន សែន សុំប្រាប់ទៅ ហ៊ុន សែន ថា ហ៊ុន សែន អើយ! ឈប់ឆ្កួតទៅ!»។
លោក សម រង្ស៊ី បានបន្ថែមដោយការពារការបង្កើតចលនាសង្គ្រោះជាតិរបស់លោកថា៖
«បើខ្ញុំ Terrorist (ភេរវករ) រឿងអីខ្ញុំរស់នៅប្រទេសបារាំងយ៉ាងសុខសាន្ត រឿងអីមានអ្នកគាំទ្រដូច........រឿងអីខ្ញុំទៅជួបគេ........ ក្រសួងការបរទេសបារាំង? រឿងអីខ្ញុំជួបឥស្សរជនគ្រប់មជ្ឈដ្ឋាន? បើ Terrorist (ភេរវករ) មែនគេអត់មើលមុខទេ គេចាប់ដាក់គុក គេបញ្ជូនទៅណា ទៅស្រុកដើមខ្លួនឯងអីបាត់ហើយ»។
ការថ្លែងរបស់លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានហៅលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅបរទេសថាជា «មេភេរវកម្ម» និងបានព្រមានចាប់បញ្ជូនខ្លួនលោក មកកាត់ទោសនៅកម្ពុជា ប្រសិនបើអតីតប្រធានគណបក្សប្រឆាំងរូបនេះធ្វើដំណើរទៅប្រទេសអាស៊ីណាមួយ។
ចលនាសង្រ្គោះជាតិ ត្រូវបានប្រកាសបង្កើតឡើងជាផ្លូវការដោយលោក សម រង្ស៊ី និងអតីតតំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួនទៀត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ក្នុងគោលបំណងស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឲ្យមានការដោះលែង លោក កឹម សុខា ទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា និងទាមទារឲ្យគណបក្សសង្គ្រោះជាតិបានចូលរួមការបោះឆ្នោតឡើងវិញ។ លោក សម រង្ស៊ី អះអាងថា ចលនានេះនឹងតស៊ូដោយសន្តិវិធី តាមរយៈការរៀបចំបណ្តាញរបស់ខ្លួននៅទូទាំងប្រទេស។ ប៉ុន្តែមន្រ្តីដែលមានអតីតភាពជាមួយគណបក្សសិទ្ធិមនុស្ស ដែលបង្កើតឡើងដោយលោក កឹម សុខា ព្រមទាំងលោក កឹម សុខា ផ្ទាល់បានប្រកាសមិនគាំទ្រនោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចប្រាប់ VOA នាល្ងាចថ្ងៃច័ន្ទនេះថា ការថ្លែងរបស់លោក សម រង្ស៊ី គឺជាការលើកឡើងដែលផ្ទុយពីការពិត និងថាជាការបោកប្រាស់ប្រជាពលរដ្ឋដែលកំពុងរស់នៅបរទេស។ លោកបន្តថា ក្រុមរបស់លោក សម រង្ស៊ី គឺជាក្រុមខុសច្បាប់ ដែលធ្វើសកម្មភាពញុះញង់ឲ្យមានការប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។
លោកមានប្រសាសន៍ថា៖
«ក្រុមមនុស្សខុសច្បាប់ទេដែលច្របូកច្របល់ ឥឡូវកំពុងតែច្របូកច្របល់នៅឯនាយសមុទ្រហើយ។ យើងដឹងហើយថា សម រង្ស៊ី ជាទណ្ឌិត ជាមនុស្សខុសច្បាប់ ទៅបង្កើតអង្គការចាត់តាំងមួយ គឺអង្គការចាត់តាំងដែលបង្កើតដោយមនុស្សខុសច្បាប់ហ្នឹង គឺជាអង្គការចាត់តាំងខុសច្បាប់។ បានសេចក្តីថា ចលនាសាងគ្រោះជាតិហ្នឹងជាចលនាខុសច្បាប់។ អញ្ចឹងមនុស្សខុសច្បាប់ និងចលនាខុសច្បាប់ ធ្វើសកម្មភាពក្រៅស្រុកដើម្បីញុះញង់ឲ្យប្រជាពលរដ្ឋបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ អាហ្នឹងហើយគឺជាសកម្មភាពឧទ្ទាមនិយមក្រៅច្បាប់»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទនេះ ក៏បានបង្ហោះសារលើទំព័រ Facebook របស់លោកថា ប្រជាពលរដ្ឋរីករាយក្នុងការរស់នៅជួបជុំគ្រួសារ មានឱកាសប្រកបមុខរបរតាមចំណូលចិត្ត និងធ្វើដំណើរទេសចរណ៍កម្សាន្តជិតឆ្ងាយដោយគ្មានការភ័យខ្លាច និងថា ប្រជាពលរដ្ឋសព្វថ្ងៃធុញទ្រាន់នឹងសង្រ្គាម មិនចង់ឮ មិនចង់រំឭកដល់ឡើយ។
លោកបន្ថែមក្នុងន័យដើមថា៖
«បងប្អូនគ្មានត្រូវការសាកល្បងផ្លាស់ប្តូរអ្វីទៀតទេ ព្រោះពេលនេះបងប្អូនបានរស់នៅសុខស្រួលហើយ។ ទន្ទឹមនឹងនេះ បងប្អូនជនរួមជាតិក៏បានដឹងច្បាស់ហើយថា មានតែគណបក្សប្រជាជនតែមួយគត់ដែលមានសមត្ថភាពពិត ក្នុងការថែរក្សាការពារសន្តិភាព និងផ្តល់ឱកាសពិតប្រាកដដល់ពលរដ្ឋ»។
ក្រោយពីការចាប់ខ្លួន និងរំលាយគណបក្សសង្គ្រោះជាតិ ដែលទទួលការគាំទ្រ ពីពលរដ្ឋខ្មែរជាង៤០ភាគរយនាពេលបោះឆ្នោតកន្លងមក និងហាមប្រាមមិនឲ្យអតីតមន្រ្តី និងអតីតតំណាងរាស្ត្រគណបក្សនេះចំនួន១១៨រូប មិនឲ្យចូលរួមនយោបាយចំនួន៥ឆ្នាំ តំណាងរាស្ត្រនិងមន្ត្រីសំខាន់ៗមួយចំនួនរបស់គណបក្សនេះបានរត់ភៀសខ្លួនទៅបរទេស។ អតីតមន្ត្រី និងតំណាងរាស្ត្រទំាងនោះ រួមទាំងលោក សម រង្ស៊ី បានសម្រេចបង្កើតចលនាសង្គ្រោះជាតិមួយកាលពីខែមករាកន្លងទៅ។
ក្រោយការប្រកាសបង្កើតចលនាសង្គ្រោះជាតិនេះ គេឃើញមន្រ្តីជាន់ខ្ពស់ដែលជាមេទាហាន និងមេនគរបាលជាច្រើនរូប រួមមាន លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាដើម បានហៅចលនានោះថា ជាភេរវកម្ម និងបានប្តេជ្ញាបង្រ្កាបចលនានោះ មិនឲ្យកើតមាននៅកម្ពុជា។
កាលពីសប្តាហ៍មុន គេឃើញទំព័រហ្វេសប៊ុកអនាមិកមួយឈ្មោះ «សារព័ត៌មានជំនាន់ថ្មី» បានបង្ហោះដោយអះអាងថា លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ ៤២ នៃកងយោធពលខេមរភូមិន្ទប្រចាំទិសប្រាសាទតាមាន់បានគាំទ្រចលនាសង្គ្រោះជាតិ។
ក្រោយការបង្ហោះនោះ គេឃើញលោក នាក់ វង្ស បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដោយបដិសេធការចោទប្រកាន់ និងហៅការផ្សព្វផ្សាយនោះថា ជាព័ត៌មានមិនពិត ក្នុងគោលបំណងបំបែកបំបាក់កងទ័ព។
ទោះជាយ៉ាងណាទំព័រ Facebook «សារព័ត៌មានជំនាន់ថ្មី» ត្រូវបានគេលុបចេញពីបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកការស៊ើបអង្កេតលើការបង្ហោះនោះ៕