ក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងមន្រ្តីជាន់ខ្ពស់នៃចលនាសង្គ្រោះជាតិដែលកំពុងធ្វើសកម្មភាពនៅខាងក្រៅប្រទេស ពីបទធ្វើសកម្មភាពនយោបាយដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នៅព្រឹកថ្ងៃពុធនេះថា ក្រសួងបានដាក់ពាក្យបណ្តឹងទៅតុលាការរាជធានីភ្នំពេញកាលពីសប្តាហ៍មុនដោយប្តឹងមន្រ្តីជាន់ខ្ពស់នៃចលនាសង្គ្រោះជាតិចំនួន៥រូបពីបទ «ធ្វើសកម្មភាពនយោបាយដោយខុសច្បាប់» នៅខាងក្រៅប្រទេស។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិតពីឈ្មោះនិងសកម្មភាពរបស់អ្នកទាំង៥រូបនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ការដាក់បណ្តឹងនេះធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃប្រមូលបានភ័ស្តុតាងជាច្រើន ពាក់ព័ន្ធនឹងសកម្មភាពធ្វើនយោបាយរបស់អ្នកទាំង៥ក្នុងពេលកន្លងមក។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា៖
«មានជន៥រូបដែលបានធ្វើសកម្មភាពកន្លងទៅ។ នេះជាការកត់សម្គាល់របស់ក្រសួង។ យើងបានប្តឹងទៅតុលាការហើយ។ រង់ចាំឲ្យតុលាការគេនឹងកោះអញ្ជើញទៅ! ពូមិនទាន់ប្រាប់ឈ្មោះទេ... យើងរង់ចាំមើលសកម្មភាពបន្តទៀតដើម្បីកាន់តែមានស្ថានទម្ងន់ទោសបន្ថែមទៀត»។
លោក គី តិច មេធាវីតំណាងក្រសួងមហាផ្ទៃ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយអះអាងថា លោកកំពុងជាប់រវល់។
ចំណែកលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងភ្នំពេញ មិនឆ្លើយតបនឹងសំណួររបស់ VOA ដែលសួរតាមរយៈសារអេឡិចត្រូនិកនោះទេ រហូតដល់ល្ងាចថ្ងៃពុធនេះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ តុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សិទ្ធិធ្វើនយោបាយរបស់អ្នកនយោបាយគណបក្សនេះចំនួន១១៨នាក់ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា គណបក្សនេះមានជាប់ពាក់ព័ន្ធជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ការរំលាយនេះកើតឡើងក្រោយការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំង យកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយតុលាការបានចោទលោកកឹម សុខាពីបទក្បត់ជាតិ។
ក្រោយការរំលាយគណបក្សប្រឆាំង តំណាងរាស្ត្រ និងមន្រ្តីជាន់ខ្ពស់គណបក្សនេះជាងពាក់កណ្តាលបានរត់ភៀសខ្លួនទៅបរទេស និងបានចូលរួមបង្កើតចលនាសង្គ្រោះជាតិជាមួយលោកសម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំងមួយរូប ក្នុងគោលបំណងទាមទារឲ្យមានការដោះលែងលោក កឹម សុខា ទាមទារឲ្យគណបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោត និងទាមទារឲ្យការបោះឆ្នោតក្នុងឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលទើបត្រូវបានរំលាយ និងជាអ្នកចូលរួមយ៉ាងសកម្មភាពក្នុងការបង្កើតចលនាសង្គ្រោះជាតិឯក្រៅប្រទេស បានប្រាប់ VOA ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែនតែងតែរកគ្រប់វិធីដើម្បីកម្ទេចក្រុមប្រឆាំង បើទោះបីត្រូវរំលោភច្បាប់ដែលមានចែង។
អ្នកស្រីបន្ថែមថា ចលនាសង្គ្រោះជាតិនឹងនៅតែបន្តដើម្បីសម្រេចគោលដៅរបស់ចលនានេះ ដោយមិនខ្វល់ពីការប្តឹងផ្តល់របស់រដ្ឋាភិបាលនោះទេ។
អ្នកស្រីបញ្ជាក់ថា៖
«ឲ្យតែស្រមោលនៃគណបក្សសង្គ្រោះជាតិគឺជនផ្តាច់ការបារម្ភភ័យខ្លាច បង្ហាញឲ្យឃើញថា អ្វីដែលអ្នកស្នេហាជាតិកំពុងតែធ្វើដើម្បីសង្គ្រោះជាតិ ជាការត្រឹមត្រូវ។ យើងអត់មានហេតុផលអ្វីបញ្ឈប់ចលនារបស់យើងទេ បើសិនជាដំណោះស្រាយទាំងពីរនោះអត់មានបានផ្តល់អ្វីទាំងអស់ជូនដល់ប្រជាពលរដ្ឋជាងពាក់កណ្តាលនគរដែលទាមទារ មិនមែនជាការទាមទាររបស់បុគ្គល៥រូបឯណា?»
លោក សម រង្ស៊ី អះអាងថា ការបង្កើតចលនាសង្រ្គោះជាតិដែលត្រូវបានសម្ភោធជាផ្លូវការកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨គឺដើម្បីតស៊ូដោយសន្តិវិធី តាមរយៈការរៀបចំបណ្តាញរបស់ខ្លួននៅទូទាំងប្រទេស។ លោក សម រង្ស៊ីក៏បានអំពាវនាវកុំឲ្យថ្នាក់ដឹកនាំសំខាន់ៗរបស់ចលនាសង្រ្គោះជាតិប្រកាសការគាំទ្ររបស់ខ្លួនចំពោះចលនានេះជាសាធារណៈ ដើម្បីធានាសុវត្ថិភាពនិងធានាប្រសិទ្ធភាពការងាររបស់ចលនានេះ។
ក្រោយការប្រកាសបង្កើតចលនាសង្គ្រោះជាតិនេះ គេឃើញមន្រ្តីជាន់ខ្ពស់ដែលជាមេទាហាន និងមេនគរបាលជាច្រើនរូប បានហៅចលនានោះថា ជាភេរវកម្ម និងបានប្តេជ្ញាបង្រ្កាបចលនានោះ មិនឲ្យកើតមាននៅកម្ពុជា។
លោក សុក សំអឿន មេធាវីជើងចាស់មួយរូបដែលតែងការពារក្តីពាក់ព័ន្ធនឹងសិទ្ធិមនុស្ស លើកឡើងថា កម្ពុជាមានច្បាប់ស្តីពីគណបក្សនយោបាយ ប៉ុន្តែលោកថា មិនមានការចែងលម្អិតពីអ្នកនយោបាយដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ មិនឲ្យចូលរួមការធ្វើសកម្មភាពជាមួយសមាគម ឬចលនាណាមួយនៅក្រៅប្រទេសនោះទេ។ លោកបន្ថែមថា តាមច្បាប់ អំពើណាមួយដែលមិនមានចែងក្នុងច្បាប់ មិនអាចចាត់ទុកថា ជាបទល្មើសបានទេ។
លោកបញ្ជាក់ថា៖
«វាពិបាកត្រង់តុលាការកំពូលគាត់ចេញសេចក្តីសម្រេចបិទមិនឲ្យធ្វើនយោបាយ។ ដល់អីចឹងមិនដឹងថា មិនឲ្យធ្វើនយោបាយក្នុងស្រុក ក្រៅស្រុកយ៉ាងម៉េច? អត់មាននិយាយច្បាស់! នយោបាយហ្នឹងនយោបាយស្អី? ស្អីទៅដែលថា ការធ្វើនយោបាយ? បើគោលការណ៍អន្តរជាតិ បើច្បាប់អត់ច្បាស់ វាមិនមែនជាច្បាប់ មិនអាចដាក់ទោសគេបានទេ។ គ្រាន់តែការបកស្រាយស្រុកខ្មែរ បើច្បាប់មិនច្បាស់ក៏ដោយ តែតុលាការដាក់ទោសគឺដាក់ទោសហើយ»។
ស្រដៀងគ្នានោះដែរលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកឃ្លាំមើលការវិវត្តន៍នយោបាយនៅកម្ពុជាមានប្រសាសន៍ថា ការប្តឹងអ្នកដឹកនាំចលនាសង្គ្រោះជាតិ ដែលទើបត្រូវបានបង្កើតដោយក្រុមមន្រ្តីនយោបាយរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយគឺបានបង្ហាញពីការប្រើយុទ្ធសាស្រ្តបែបផ្តាច់ការដើម្បីបង្ក្រាបលើក្រុមប្រឆាំង។
អ្នកវិភាគចាស់វស្សារូបនេះបញ្ជាក់ថា៖
«នេះគឺជាវិធានការប្រើប្រាស់តុលាការដែលនៅក្រោមសម្ពាធរបស់រដ្ឋាភិបាលហ្នឹង ដើម្បីដាក់ទណ្ឌកម្មបង្រ្កាបអ្នកណាដែលធ្វើសកម្មភាព ដែលគេចាត់ទុកថាប្រឆាំងនឹងបក្ស។ នេះជាបែបផែនកុម្មុយនីស្ត និងយុទ្ធសាស្រ្តកុម្មុយនីស្ត»។
ការចាប់ឃុំខ្លួនលោក កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិ ការហាមឃាត់មន្រ្តីជាន់ខ្ពស់ និងអ្នកតំណាងរាស្រ្តគណបក្សនេះជាង១០០នាក់មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ និងការបង្រ្កាបផ្សេងៗលើក្រុមដែលរដ្ឋាភិបាលកម្ពុជាហៅថា ជាអ្នកមាននិន្នាការប្រឆាំងក្នុងពេលកន្លងមក ត្រូវបានអង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើន រិះគន់ជាបន្តបន្ទាប់។ ពួកគេបានបង្ហាញការបារម្ភអំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ចំណែកអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិចាត់ទុកថា សកម្មភាពទាំងនេះជាការបង្ហាញថា គណបក្សកាន់អំណាចកំពុងបារម្ភអំពីបរាជ័យក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ៕