ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្អាក​សវនាការ​លោក​កឹម សុខា ពីរ​សប្តាហ៍ ខណៈ​ក្រុម​មេធាវី​ដើរ​ចេញ​ពី​សវនាការ


រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមស្មាក្តី​បួនរូប​របស់​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​កឹម សុខា​ បាន​ដើរ​ចេញ​ពី​បន្ទប់​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​ ហើយបាន​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​នៃ​បំណែក​ភស្តុ​តាង​មួយ​ និង​ការណ៍ដែល​ពួកគេ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​លើក​ពីការ​មិន​សុខចិត្ត​របស់​ពួកគេ​នៅ​ក្នុង​តុលាការ។

បំណែក​ភស្តុតាង​ស្ថិត​ក្នុង​ការ​សួរ​ដេញ​ដោល​នោះ​គឺ​ជា​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដែល​លោក​ចៅ​ក្រម ​សេង​ លាង​ អះអាង​ថា​ ធ្វើ​ឡើង​ដោយលោក ​សម រង្ស៊ី​ និង​លោក ​កឹម សុខា​ ក្នុង​អំឡុង​ពេលនៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះជាតិ។ តុលាការ​កំពុង​ពិភាក្សា​អំពីការ​ងារ​របស់​លោក ​កឹម សុខា​ នៅ​ក្នុង​ពេល​នៃ​ការ​បង្កើត​គណបក្ស​ដែល​ឥឡូវ​ត្រូវ​បាន​រំលាយ។

សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ​ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ បាន​ចោទ​ថា​ ភស្តុតាង​នៃ​លេខ​កូដ​ឯកសារ​ដែល​មាន​នៅ​លើ​សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​ផ្តល់​ឲ្យ​ពួកគេ​នោះ​ គឺ​មិន​ត្រូវ​គ្នា​នឹង​លេខ​កូដ​នៃ​ភស្តុ​តាង​ចម្លង​ទុក​របស់​ព្រះរាជអាជ្ញា ឬ​ភស្តុតាង​ចម្លងទុករបស់​ចៅ​ក្រម។

ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ចោទសួរ​ពី​ហេតុផល​ដែល​ក្រុម​មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក កឹម សុខា ​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​ពី​ភាព​ខុសគ្នា​នៃ​ការ​ចុះ​លេខ​បំណែក​នៃ​ភស្តុតាង​នេះ។ ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ក៏​បាន​ចោទ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា​ ថា​ពួកគេ​បាន​កំពុង​ពន្យាពេល​សវនាការ​ និង​បាន​សួរ​ថា​ ហេតុអ្វី​បាន​ជា​បំណែក​នៃ​ភស្តុតាង​នេះ​សំខាន់​ម្ល៉េះ​សម្រាប់​ពួក​គេ​នោះ។

ជាការ​ឆ្លើយតប​ ក្រុម​មេធាវីការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា​ បាន​និយាយថា​ ការណ៍​ធ្វើដូច្នេះ​ គឺ​ចង់​ឲ្យ​កិច្ច​ការ​ទាំងអស់​ប្រព្រឹត្ត​ទៅ​តាម​នីតិវិធី​ និង​ធានា​ថា​រាល់​ទិដ្ឋភាព​នៃ​សវនាការ​រាប់បញ្ចូល​ទាំង​ភស្តុតាង​ដែល​បាន​បង្ហាញ​នោះ គឺ​បាន​ធ្វើឡើង​ទៅ​តាម​នីតិវិធី​ច្បាប់។

មួយ​ម៉ោង​ក្រោយ​ការ​ពិភាក្សា​អំពី​បំណែក​ភស្តុតាង​ដ៏​ចម្រូង​ចម្រាស​នេះ​ ក្រុម​មេធាវីការ​ពារក្តី​ឲ្យ​មេដឹក​នាំ​គណបក្ស​ជំទាស់​ បាន​ព្យាយាម​លើកឡើង​បញ្ហានេះ​ម្តងទៀត។​ ពួកគេ​បាន​បន្ថែមថា​ ពួកគេ​មិន​បាន​ទទួល​បាន​រាល់​ភស្តុតាង​នៅ​ក្នុង​សំណុំ​រឿងនេះ​ទេ។

ដំណាល​ពេល​នោះ​ លោក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ស្នើ​សុំ​យ៉ាង​សោះ​កក្រោះ​ឲ្យ​ស្មាក្តី​ការពារ​លោក ​កឹម សុខា​ គឺ​លោក​ អាង ឧត្តម​ អង្គុយ​ចុះ​ និង​មិនត្រូវ​និយាយ​ទៀត​ទេ​ នៅ​ក្នុង​តុលាការ​ពី​រឿង​មិន​ត្រូវគ្នា​នៃលេខ​កូដ​ឯកសារ​ភស្តុតាង​ដដែល​នោះ។

លោក ​កូយ​ សៅ​ មាន​ប្រសាសន៍​ថា៖ «​ថា​ឲ្យ​អង្គុយ​ចុះ។ បើអត់​ទៅ​រៀន​សាលាក្តី​ខ្មែរ​ក្រហម​ម្តង​ទៀត»។ លោក​ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះ​លើកឡើង​យ៉ាង​ដូច្នេះ​ ដោយសំដៅ​ដល់​ការ​ងារ​កាលពី​ពេល​មុន​របស់​លោក ​អាង ឧត្តម​ នៅ​ឯ​សាលាក្តី​ខ្មែរ​ក្រហម។

នៅ​ត្រង់​ចំណុច​នេះ​ ក្រុម​ស្មាក្តី​លោក ​កឹម សុខា​ បាន​យក​ពេល​ពីរ​បី​វិនាទី​ពិចារណា​ រួច​ក៏​ចាប់​ផ្តើម​រៀប​ចំ​របស់​របរ​ និង​ប្រាប់​តុលាការ​ថា​ ពួកគេ​ចាកចេញ​ពី​សវនាការ​ ដោយ​សារ​តែ​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​នៅ​ក្នុង​តុលាការ។

រូបឯកសារ៖ ប៉ូលិសយោធាឈរយាមកាមនៅមុខសាលាដំបូងរាជធានីភ្នំពេញ មុនសវនាការជំនុំជម្រះទោសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែល​ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ប៉ូលិសយោធាឈរយាមកាមនៅមុខសាលាដំបូងរាជធានីភ្នំពេញ មុនសវនាការជំនុំជម្រះទោសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែល​ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

អ្នកស្រី​ ម៉េង សុភារី​ សហមេធាវី​មួយរូប​ដែល​ការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា​ បាន​និយាយថា៖ «ខ្ញុំសុំ​លើក​សវនាការ។ ខ្ញុំ​សុំ​និយាយ​មួយម៉ាត់​ ពីរ​ម៉ាត់​អត់​ឲ្យ​និយាយ»។

លោក ​កូយ សៅ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​តប​ទៅ​អ្នកស្រី ​ម៉េង​ សុភារី​ ថា៖ «លោកស្រី​ដើរ​ចេញ​ ជា​សិទ្ធិ​របស់​លោក​ស្រី​ អង្គ​សវនាការ​បន្ត​ទៅ​មុខ»។

នៅ​ពេល​ក្រុមស្មា​ក្តីបី​នាក់ដើរ​ចេញ​ពី​បន្ទប់​សវនាការ​ ហើយ​នៅតែ​លោកមេធាវី ​ចាន់​ ចេន នោះ​ លោក​ កូយ សៅ ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ បាន​ប្រាប់​លោក​ កឹម សុខា​ ថា បើ​លោក ​កឹម សុខា មិន​ចូល​សវនាការ​នៅ​ពេល​ក្រោយ​ ក្រុម​ប្រឹក្សា​នឹងមាន«​វិធានការ​ស្រប​តាម​នីតិវិធី​ច្បាប់»។

លោក​ កូយ សៅ​ បាន​និយាយ​ថា៖ «​បើ​លោក​មួយ​លើក​ជាពីរលើក​មិនចូល​ មានវិធានការ​ច្បាប់​ មិន​អាច​ធ្វើ​ទំនើងទេ»។

លោក​មេធាវី​ ចាន់​ ចេន ភ្លាមៗ​នោះ​ ក៏​បាន​ប្រាប់​លោក ​កូយ សៅ ថា៖«ពួកយើង​មេធាវី​ មិនត្រូវការ​រាំង​ស្ទះទេ​ គឺខាតប្រយោជន៍​កូន​ក្តី។ យើងធ្វើ​ការ​ងារ​ជាក្រុម​ សហភាតា​ចេញ។​ ខ្ញុំ​សុំអនុញ្ញាត​សម្រាក»។

នៅ​មុនពេល​ក្រុម​ស្មាក្តី​របស់​លោក ​កឹម សុខា​ ទាំងអស់ បាន​ដើរ​ចេញ​ពីបន្ទប់​សវនាការ​នោះ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ បាន​ស្នើ​ឲ្យ​ក្រឡាបញ្ជី​យក​ឯកសារ​ភស្តុតាង​ដើម​ពី​ចៅក្រម​ស៊ើបសួរ​ មក​បន្ទប់​សវនាការ​ ដើម្បី​ឲ្យ​ភាគី​ទាំងអស់​អាច​ពិនិត្យ​ឯកសារ​ទាំងនោះ។ ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ក៏បាន​បញ្ជាក់​ទៅក្រុម​ស្មាក្តី​លោក​ កឹម ​សុខា​ ថា​ ភស្តុតាង​ទាំង​អស់​គឺ​ត្រឹមត្រូវ។

នៅ​ចំណុច​នេះ​ តំណាងអយ្យការ​ បាន​និយាយ​ថា​ ពួកគេ​មិន​ចង់​ខាត​ពេល​ផ្ទៀង​ផ្ទាត់​ឯកសារ​សម្រាប់​ក្រុម​ការពារ​ក្តី​ជន​ជាប់​ចោទ​ទេ​ ហើយ​ស្នើ​សុំ​ចេញ​ពី​សវនាការ។ ចៅក្រម​ក៏បាន​ធ្វើ​តាម​សំណើពួកគេ ហើយ​តំណាង​អយ្យការ​ក៏បាន​ចាក​ចេញ​ពី​តុលាការ។ ប៉ុន្តែ​ប៉ុន្មាន​នាទីក្រោយ​មក​ បន្ទាប់​ពី​ក្រុមស្មាក្តី​លោក​ កឹម សុខា​ បាន​ដើរចេញ​ តំណាង​អយ្យការ​ត្រឡប់​មក​វិញ។

បន្ទាប់​មក​ក៏​មាន​ការ​បង្ហាញ​ភស្តុតាង​ហិប​ដែក​មួយ​ដែលមាន​ចាក់​សោរ​ ហើយ​បាន​ប្រើពេល​អស់​ជិត​មួយម៉ោង។ រាល់​ភស្តុតាង​ដែលបាន​មក​ពី​ឯកសារ​សំណុំ​រឿង​របស់​ចៅក្រម​ស៊ើប​សួរ​ ត្រូវបាន​យក​ទៅដាក់​នៅ​លើ​តុ​របស់​ក្រុម​ស្មាក្តី​លោក ​កឹម សុខា​ ទោះបីពួកគេ​មិនស្ថិត​ក្នុង​តុលាការ​ក៏ដោយ។

ក្រឡាបញ្ជី​បាន​កកាយ​ឯកសារ​រក​មើល​ភស្តុតាង​ចម្រូងចម្រាស​ ដែល​នៅក្នុង​កញ្ចប់​ភស្តុតាង​មាន​លេខ​សម្គាល់«១២៦»។​ ឯកសារ​មួយនេះ​ ទំនង​ជា​សេចក្តី​ថ្លែងការណ៍​រួម​ ដែល​ត្រូវបាន​ចៅក្រម​ស្នើ​ឲ្យ​មើល​ដោយ​យកចិត្ត​ទុកដាក់​ ដើម្បី​បង្ហាញ​ដល់​ភាគី​ទាំង​អស់​ថា​ វាមាននៅ​ក្នុង​សំណុំ​រឿង​ ហើយ​ថែម​ទាំង​បាន​ស្នើ​ឲ្យ​លោក កឹម សុខា​ ពិនិត្យ​ឯកសារ​នេះ​ផង​ដែរ។

លោក​ចៅក្រម កូយ សៅ​ ចង់​ឲ្យ​អ្នក​បច្ចេកទេស​បង្ហាញ​ឯកសារ​ដដែល​ ដោយប្រើ​ឧបករណ៍​បញ្ចាំង​តាម​ម៉ាស៊ីន​កំព្យូទ័រ​យួរដៃ។ក្រោយ​មកលោក​ចៅក្រម​ត្រូវ​បាន​ប្រាប់​វិញ​ថា​ ម៉ាស៊ីន​កំព្យូទ័រ​យួរដៃ​នៅក្នុង​តុលាការ​មិន​មាន​កន្លែង​ចាក់​ឌិស។ កុំព្យូទ័រ​ទីពីរ​មាន​កន្លែង​ចាក់​ឌិស​ តែមិន​អាច​បញ្ចាំង​ឯកសារ​បាន។

ទីបំផុត​ ម៉ាស៊ីន​កំព្យូទ័រ​ ទីបី​ត្រូវបាន​យកមក​ ដែល​អាច​បង្ហាញ​ឯកសារ​ស្ថិត​ក្នុងការ​ចោទសួរ​នោះ។ បន្ទាប់​ពី​កា​រអូស​រំកិល​រំលង​ជាង​មួយ​រយ​ឯកសារ​ ឯកសារ​ត្រូវបាន​រកឃើញ​មានដាក់​លេខសមា្គល់​ «១២៦​/១១៩៤»។

លោក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ ក៏​បាន​កំណត់ថា​ រាល់​ភស្តុតាង​ទាំង​អស់​ គឺ​ស៊ី​គ្នា​នឹង​ភស្តុតាង​ដែល​បាន​ដាក់​បញ្ចូល​ក្នុង​ឯកសារសំណុំ​រឿង​របស់​ចៅក្រម​ស៊ើប​សួរ។

ក៏ប៉ុន្តែ​លោក ​កឹម សុខា​ បាន​ក្រោកឈរ​ និង​បាន​បង្ហាញ​ឯកសារ​ដែល​មេធាវី​លោក​មាន​ ហើយ​មាន​ប្រសាសន៍​ថា​ ឯកសារ​មាន​លេខកូដយោង​ «១២៦/១១៩៤​» នេះ​ បាន​បាត់​ពីឯកសារ​សំណុំ​រឿង។

លោក​ កូយ សៅ​ មាន​ប្រសាសន៍​ថា ​លោក​ជឿជាក់​ហើយ​ថា​ ភស្តុតាង​នេះ​គឺ​ពិត​ប្រាកដ​ និង​ត្រូវ​គ្នា​ជាមួយ​ឯកសារ​សំណុំរឿង​របស់​ចៅក្រម​ស៊ើបសួរ។ លោក​ក៏បាន​សួរ​លោក​ កឹម សុខា​ ប្រសិន​បើ​លោក​ កឹម សុខា​ ចង់​បន្តនីតិវិធី​ ឬ​ក៏ផ្អាក​នីតិវិធី​ និង​សួរថា​ តើលោក​ចង់​ប្តូរ​ក្រុម​មេធាវី​ ឬក៏ពឹង​ពាក់​ទុក​មេធាវី​ដដែល។

លោក​ កូយ សៅ​ កត់សម្គាល់​ក្រុមមេធាវី​លោក​ កឹម ​សុខា​ ដែលដើរចេញ​ពី​សវនាការ​ថា​ បានប្រើ«​កាយវិការ​ច្រងេង​ច្រងាង​ ប្រើ​សម្តី​មិន​សមរម្យ​» ហើយ​ថា​ ពួកគេ​បាន​«សម្រេចខុសឆ្គង​ ខុសសីលធម៌​ និង​វិជ្ជាជីវៈខ្លួន​ឯង» ដែល​ដូច្នេះ​ហើយ​ទើបក្រុមប្រឹក្សា​ថា​«មេធាវីទំនើង»។

ទោះ​យ៉ាង​ណា​ លោក​ កឹម សុខា​ បាន​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​ លោក​សុំ​លើក​ពេល​សវនាការ​ ព្រោះ​លោក​ត្រូវ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមមេធាវី​លោក។

លោក​ កឹម សុខា​ មាន​ប្រសាសន៍​ថា​៖ «​រឿង​ដូរមិន​ដូរ​ ខ្ញុំទៅ​ពិគ្រោះ​មេធាវី​របស់​ខ្ញុំ»។ «ខ្ញុំត្រូវការ​មេធាវី​ ដើម្បី​ពិគ្រោះ​»។

សវនាការ​នឹង​បន្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ នៅ​មុន​ពេល​ដែល​លោក​ កឹម សុខា​ ចាំបាច់​ត្រូវ​ជម្រាប​តុលាការ​ថា​ តើ​គាត់​ចង់​ប្តូរ​មេធាវី​របស់​គាត់ និង​ស្នើ​សុំ​រាល់​ឯកសារ​ទាំងអស់​ដែល​ក្រុមមេធាវីការ​ពារ​ក្តី​លោក​ កឹម សុខា ​អះអាង​ថា​ មិន​បាន​ទៅដល់​ដៃ​ពួកគេ។

រូបឯកសារ៖ អ្នកស្រី​ ម៉េង​ សុភារី​ មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម​ សុខា​ ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រាជធានី​ភ្នំពេញ នៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ​/VOA)
រូបឯកសារ៖ អ្នកស្រី​ ម៉េង​ សុភារី​ មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម​ សុខា​ ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រាជធានី​ភ្នំពេញ នៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ​/VOA)

អ្នកស្រី ​ម៉េង សុភារី ​សហមេធាវី​មួយរូប​របស់​លោក ​កឹម សុខា​ មាន​ប្រសាសន៍​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា​ កូន​ក្តី​របស់​អ្នកស្រីបាន​បញ្ជាក់​ថា​ លោក​មិន​មាន​បំណង​ផ្លាស់​ប្តូរមេធាវីទេ​ ហើយ​ក្រុម​មេធាវី​នឹង​ចូលរួម​សវនា​ការ​ជា​ធម្មតា។ ក៏ប៉ុន្តែ​ការ​ដើរ​ចេញ​ពី​សវនាការ​ ឬ​យ៉ាង​ណាទៀត​ នៅ​ពេល​ក្រោយ​នោះ​ គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្តែង។

អ្នកស្រី​ ម៉េង សុភារី ថ្លែង​ថា៖«យើង​ខ្ញុំនឹង​មើល​តាម​ស្ថានភាព​ជាក់​ស្តែង​ បើសិន​ជា​ យើង​ខ្ញុំ​មាន​ទទួលបាន​នូវសិទ្ធិ​បញ្ចេញ​មតិ​នៅ​ក្នុង​អង្គ​សវនាការ​ គឺ​យើង​អនុវត្ត​តាម​នីតិវិធី​ដូចកន្លងមកចឹង​ ហើយ​កន្លងមក​លោក​ចៅក្រម​ ក៏គាត់​តែង​តែ​ឲ្យ​គូភាគី​និយាយ​ឲ្យ​អស់​ចិត្ត​ទាំង​សងខាង​ ហើយ​លោក​ចៅក្រមក៏តែងតែ​បាន​លើក​ដែរ​ថា​ ឲ្យ​គូភាគី​ និយាយ​អស់​ចិត្ត​ទាំង​សង​ខាង​ ជារាល់​តែ​ដងហ្នឹង។ ប៉ុន្តែ​ព្រឹក​មិញ​ហ្នឹង​គឺ​យើង​ខ្ញុំ​ អត់​បាន​បញ្ចេញ​មតិ​ទាក់​ទង​នូវ​អ្វីដែល​យើង​ចង់​បង្ហាញ​ ហើយនិងចង់​ទាមទារ»។

អ្នក​ស្រី​មេធាវី​រូប​នេះ​ បាន​ការពារ​ការ​ដើរ​ចេញ​ពី​សវនាការ​ថ្ងៃ​នេះ​ថា​ មិនមែនជា​ «​អកប្បកិរិយា​ទំនើង​ទេ» ព្រោះ​ក្រុមមេធាវី​បានប្រើសិទ្ធិ​ជំទាស់​នឹង​ការ​បិទសិទ្ធិ​បញ្ចេញមតិ​ផ្លូវ​ច្បាប់​ក្នុងអង្គសវនាការ។

«ខ្ញុំចាក​ចេញពីបន្ទប់​សវនាការ​ក៏ដូច​ជា​ មេធាវី​ដទៃ​ទៀត​ គឺបាន​គោរព​តុលាការ​ ពីព្រោះ​យើង​ខ្ញុំ​ចង់​បញ្ជាក់​ថា​ យើង​ខ្ញុំ​គោរព​ស្ថាប័ន​តុលាការ​ ការ​ចាក​ចេញ​ពីបន្ទប់​សវនាការ​របស់​យើង​ខ្ញុំ​ គឺមាន​ហេតុ​ផល​ ហើយ​វាមិនមាន​ជារឿង​ចម្លែក​អីទេ​ មេធាវី​ដែល​រង​ផល​ប៉ះពាល់​សិទ្ធិ​តែង​តែ​ធ្វើបែបនេះ​ ដើម្បី​បង្ហាញ​អំពីការ​ទាមទារ​សិទ្ធិ​របស់​ខ្លួន»។

លោក​ ប្លង់ សុផល​ តំណាង​អយ្យការ​មួយ​រូប​បាន​លើក​ឡើង​ក្នុង​បន្ទប់​សវនាការ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ថា ការ​អធិប្បាយ​របស់​សហមេធាវី​លោក ​កឹម​ សុខា​ ថា​មិន​បាន​និយាយ​ក្នុង​សវនាការ​គឺ​មិន​សមហេតុផល​ ព្រោះគ្រប់​មេធាវី​ទាំងអស់​បាន​ប្តូរវេនគ្នា​និយាយ​ ឯ​ខាង​តំណាងអយ្យការ​បាន​ឡើង​និយាយ​ពីរដង​ ដូច​ដែល​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​ធ្វើ​ដូចគ្នានោះ។

លោក​តំណាង​អយ្យការ​យល់ថា​ ការ​តវ៉ា​ចំពោះ​ការណ៍​ដែល​មិន​បាន​និយាយ​ក្នុង​បន្ទប់​សវនាការ​នេះ​ គឺ​ «ជា​ចេតនា​អូសបន្លាយពេល​»។ ចំណែក​លោក​ចៅក្រម សេង លាង​ មាន​ប្រសាសន៍​មុន​ពេល​បិទ​សវនាការ​ថា អ្វីដែល​លោកសង្កេត​ឃើញនោះ​ គឺ​ការ​ចង់​ចាញ់​ឈ្នះ​របស់​ភាគី​ទំាងអស់។ លោក​កត់​សម្គាល់​ថា​ ភាគីពាក់ព័ន្ធ​មិន​គួរយក​ការ​ចាញ់ឈ្នះ​ ជាង​រក​យុត្តិធម៌​ក្នុង​សំណុំរឿង​ទេ៕

XS
SM
MD
LG