ក្រុមមេធាវីការពារក្តីទាំងបួនរូបរបស់លោក កឹម សុខាមេដឹកនាំគណបក្សជំទាស់ដើរចេញពីបន្ទប់សវនាការមួយម៉ោងក្រោយពីការចាប់ផ្តើមសវនាការបន្ទាប់ពីពួកគេមិនត្រូវបានអនុញ្ញាតឲ្យសួរបន្ថែមពីហេតុផលនៃភាពមិនប្រក្រតីនៃលេខសម្គាល់ឯកសារភស្តុតាងមួយដែលប្រើនៅក្នុងតុលាការ។
ឯកសារភស្តុតាងនេះសំដៅដល់សេចក្តីថ្លែងការណ៍រួមរបស់គណបក្សសិទ្ធិមនុស្សដឹកនាំដោយលោកកឹម សុខា និងគណបក្សសម រង្ស៊ីដឹកនាំដោយលោកសម រង្ស៊ី ដែលធ្វើនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ សម្រាប់ការបង្កើតគណបក្សសង្គ្រោះជាតិ។
ក្នុងសវនាការទាំងពីរថ្ងៃសប្តាហ៍នេះមេធាវីការពារក្តីទាំងបួនរូបនោះថាលេខសម្គាល់សេចក្តីថ្លែងការណ៍ដែលផ្តល់ទៅពួកគេមិនដូចគ្នាទៅនឹងលេខសម្គាល់ឯកសារដដែលដែលផ្តល់ដោយព្រះរាជអាជ្ញា។
នៅពេលដែលពួកគេសួរលោកចៅក្រមដើម្បីបញ្ជាក់ពីតួលេខដែលខុសគ្នាទៅលើសេចក្តីថ្លែងការណ៍ដែលត្រូវបានប្រើជាភស្តុតាងនៅក្នុងបន្ទប់សវនាការលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រាប់ឲ្យមេធាវីការពារក្តីលោកកឹម សុខា គឺលោកអាងឧត្តមស្ងាត់មាត់ម្តងហើយម្តងទៀតនិងបន្តប្រាប់ពួកគេឲ្យអង្គុយចុះ។
តិចជាងមួយនាទីបន្ទាប់ពីនោះ ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខានិយាយគ្នាក្នុងសំឡេងតិចបន្ទាប់មក ពួកគេរៀបចំឥវ៉ាន់របស់ពួកគេ ហើយដើរចេញពីបន្ទប់សវនាការបន្តបន្ទាប់គ្នា ដោយទុកឲ្យ លោក កឹម សុខា នៅក្នុងតុលាការប្រឈមនឹងក្រុមប្រឹក្សាជំនុំនិងភាគីពាក់ព័ន្ធផ្សេងទៀតតែម្នាក់ឯង៕