អង្គការការពារសិទ្ធិមនុស្ស Amnesty International ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវដល់តុលាការកម្ពុជាឲ្យទម្លាក់បទចោទប្រឆាំងនឹងអ្នកជួយបកប្រែឲ្យបណ្តាញព័ត៌មានរដ្ឋរបស់ប្រទេសរុស្ស៊ី RT ដែលបានផលិតភាពយន្តឯកសារស្តីពីការរំលោភបំពានផ្លូវភេទកុមារក្នុងប្រទេសកម្ពុជា។
សេចក្តីអំពាវនាវរបស់អង្គការការពារសិទ្ធិមនុស្សអន្តរជាតិមួយនេះ ធ្វើឡើង ស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោសលោក រ៉ាត់ រត្នមុនី សកម្មជនសិទ្ធិពលករនិងជាអ្នកបកប្រែក្នុងការផលិតភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ» ដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃស បន្ទាប់ពីតុលាការចោទលោកពីបទ«ញុះញង់ឲ្យមានការរើសអើង»តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។
នៅមុនពេលបើកសវនាការកាត់ទោសលោក រ៉ាត់ រត្នមុនីនៅរសៀលថ្ងៃព្រហស្បតិ៍នេះ សេចក្តីប្រកាសរបស់អង្គការការពារសិទ្ធិមនុស្ស Amnesty International បានស្រង់សម្តីលោក Nicholas Bequelin នាយកអង្គការ Amnesty Internationalនៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតក្នុងន័យដើមថា៖
«មុនីកំពុងត្រូវបានដាក់ទោសដោយគ្រាន់តែតួនាទីរបស់លោកជាអ្នកបង្ហាញនូវរឿងរ៉ាវគួរឲ្យតក់ស្លុតនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅប្រទេសកម្ពុជា។ ការចោទប្រកាន់ក្លែងក្លាយប្រឆាំងនឹងរូបលោកត្រូវបានរៀបចំឡើង ដើម្បីគំរាមកំហែងនរណាក៏ដោយ ដែលការងាររបស់ពួកគេបានរួមចំណែកដល់ការបង្ហាញនូវអ្វីៗដែលបង្កទុក្ខសោក និងភាពអសកម្មរបស់រដ្ឋាភិបាលដ៏គួរឲ្យសោកស្តាយ»។
លោកបានបន្ថែមថា៖ «អាជ្ញាធរគួរតែទម្លាក់បទចោទប្រឆាំងនឹងលោករ៉ាត់ រត្នមុនី និងដោះលែងលោកជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ»។
កាលពីឆ្នាំ២០១៧ លោក រ៉ាត់ រត្នមុនី ត្រូវបានបណ្តាញព័ត៌មាន RT ជួលឲ្យជួយធ្វើការផលិតភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»។ គាត់បានធ្វើការជាមួយបណ្តាញសារព័ត៌មាននេះ ដើម្បីផលិតភាពយន្តឯកសារផ្សេងៗជាច្រើនទៀត។
ក្រោយពីវីដេអូឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»នេះត្រូវបានផ្សព្វផ្សាយនៅខែកញ្ញា ឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបានបង្ហាញការរិះគន់ ហើយចោទថា ភាពយន្តឯកសារនោះគឺជាការប្រឌិតក្នុងគោលបំណងធ្វើឲ្យខូចកិត្តិយសរបស់កម្ពុជា។ ដោយមានការភ័យខ្លាចពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលនោះ លោក រ៉ាត់ រត្នមុនី និងគ្រួសារលោកបានគេចទៅប្រទេសថៃ ដើម្បីស្វែងរកសុំសិទ្ធិជ្រកកោន។
ដោយមានការស្នើសុំពីរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលថៃក៏បានចាប់ខ្លួននិងបញ្ជូនលោកមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០១៨។ លោក មុនីត្រូវបានចោទពីបទញុះញង់ឲ្យមានការរើសអើង ហើយប្រសិនបើត្រូវបានរកឃើញថាមានទោសនោះ លោកអាចនឹងត្រូវជាប់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ។
យ៉ាងណាក៏ដោយ សាលាដំបូងរាជធានីភ្នំពេញ រហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ មិនទាន់អាចសម្រេចបានថា លោក រ៉ាត់ រត្នមុនី ពិតជាមានទោសឬយ៉ាងណានោះទេ ដោយតុលាការត្រូវការពេលវេលាបន្ថែមដើម្បីសម្រេចសេចក្តី។
ដោយឡែក នៅក្រៅរបងតុលាការក្រុងភ្នំពេញ មានក្រុមពលរដ្ឋជាង១០នាក់ ដែលភាគច្រើនជាអ្នកធ្លាប់រងគ្រោះដោយការរំលោភសិទ្ធិដីធ្លីក្នុងរាជធានីភ្នំពេញ បានមកប្រមូលផ្តុំគ្នាដោយស្ងៀមស្ងាត់ ហើយបានលើកបដាតូចៗ ទាមទារឲ្យតុលាការដោះលែងលោក រ៉ាត់ រត្នមុនី ឲ្យមានសេរីភាពជួបជុំគ្រួសារវិញផងដែរ៕