តុលាការក្រុងភ្នំពេញសម្រេចកាត់ទោសដាក់ពន្ធនាគារលោកឧកញ៉ា ថោង សារ៉ាត់ ចំនួន២ឆ្នាំ៦ខែ និងឪពុកម្តាយ រួមទាំងអង្គរក្សផ្ទាល់របស់លោកក្នុងម្នាក់ៗ២ឆ្នាំ ហើយពិន័យជាទឹកប្រាក់ក្នុងម្នាក់៦លានរៀលលើបទល្មើសលាក់ទុកអាវុធដោយខុសច្បាប់។
តុលាការក្រុងភ្នំពេញបានសម្រេចកាត់ទោសឪពុកម្តាយ និងអង្គរក្សម្នាក់របស់លោកឧកញ៉ា ថោង សារ៉ាត់ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួនពីរឆ្នាំពីបទកាន់កាប់អាវុធខុសច្បាប់ ខណៈពេលដែលលោកថោង សារ៉ាត់ខ្លួនឯងផ្ទាល់ត្រូវបានតុលាការកាត់ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំនិង៦ខែ។
តុលាការក៏បានបញ្ជាឲ្យជនជាប់ទោសទាំងបួននាក់ រួមមានអ្នកស្រី កែវ សារី អាយុ៥៥ឆ្នាំដែលត្រូវជាម្តាយ និងលោកថោង ចំរើន អាយុ៦៥ឆ្នាំ ដែលត្រូវជាឪពុករបស់លោក ថោង សារ៉ាត់ និងលោកថោង សារ៉ាត់ខ្លួនឯងព្រមទាំងលោក តាំង សុខ ដែលកំពុងរត់គេចខ្លួនឲ្យបង់ប្រាក់ពិន័យក្នុងម្នាក់ៗ៦លានរៀល។
នៅក្នុងបន្ទប់សវនាការ ដែលមានវត្តមានតែអ្នកស្រីកែវ សារីឈរនៅពីមុខអង្គជម្រះ ចៅក្រមជំនុំជម្រៈលោកឃី ឆៃបានប្រកាសប្រគល់វត្ថុតាងសម្ភារៈប្រើប្រាស់ដូចជារថយន្ត និងទូរស័ព្ទដៃឲ្យម្ចាស់ដើមវិញ រីឯសម្ភារៈយោធា ដូចជាកាំភ្លើង និងគ្រាប់ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ។
បន្ទាប់ពីការប្រកាសសាលក្រមអស់រយៈពេលជិតកន្លះម៉ោង អ្នកស្រី កែវ សារី ត្រូវបានប៉ូលិសនាំខ្លួនត្រឡប់ទៅកាន់ពន្ធនាគារព្រៃសវិញ។ អ្នកស្រីបដិសេធមិនធ្វើអធិប្បាយជាមួយនឹងអ្នកសារព័ត៌មានទេក្រោយពីការប្រកាសសាលក្រមរួច។
លោក លឹម វណ្ណា មេធាវីរបស់ឪពុកម្តាយលោក ថោង សារ៉ាត់បានបដិសេធមិនធ្វើអធិប្បាយលើការកាត់ទោសនេះទេ ដោយលើកឡើងថា លោកចាំការសម្រេចពីកូនក្តីរបស់លោកថា នឹងបន្តប្តឹងទាស់ឬយ៉ាងណា នៅគ្រាដែលឪពុកលោកថោង សារ៉ាត់គឺលោកថោង ចំរើន កំពុងទទួលការព្យាបាលវះកាត់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
«បើកូនក្តីគេថា យើងពឹងពាក់ យើងធ្វើការបន្តទៅសាលាឧទ្ធរណ៍បន្តទៀត អាហ្នឹងក៏ធ្វើជូន។ បើគេថា អត់ទេ ខ្ញុំពឹងលោកមេធាវីតែតុលាការថ្នាក់ក្រោមទេ ចំពោះតុលាការឧទ្ធរណ៍ខ្ញុំពឹងមេធាវីផ្សេងទៀត»។
ការសម្រេចផ្តន្ទាទោសឪពុកម្តាយលោកថោង សារ៉ាត់ និងរូបលោកថោង សារ៉ាត់ផ្ទាល់ ហើយនឹងអតីតអង្គរក្សរបស់លោកនោះគឺជាការផ្តន្ទាទោសដាច់ដោយឡែកពីបទចោទប្រកាន់របស់តុលាការក្រុងភ្នំពេញដែលបានចោទថា លោក ថោង សារ៉ាត់ ជាមេគំនិតនៅពីក្រោយការបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍សញ្ញាត្បូងពេជ្រដែលបានកើតឡើងកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៤។
មុនពេលតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ថា លោកថោង សារ៉ាត់ជាមេក្លោងក្នុងការបាញ់សម្លាប់ដែលនាំឲ្យកក្រើកទីក្រុងភ្នំពេញនោះ លោកថោង សារ៉ាត់បានរត់គេចខ្លួនទៅប្រទេសវៀតណាមជាច្រើនខែ ទម្រាំត្រូវបានអាជ្ញាធរវៀតណាមចាប់បញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញកាលពីខែមេសា។
បច្ចុប្បន្ននេះ លោកថោង សារ៉ាត់ និងអង្គរក្សផ្ទាល់ចំនួន៤នាក់កំពុងជាប់ឃុំឃាំងដើម្បីរង់ចាំជំនុំជម្រះទោស។
សំណុំរឿងឃាតកម្មនេះក៏បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានប្រតិកម្មទាក់ទងនឹងភាពមិនប្រក្រតី ដែលតុលាការក្រុងភ្នំពេញបានសម្រេចដោះលែងឪពុកម្តាយរបស់លោកថោង សារ៉ាត់គឺប្រហែលជាជិតពីរខែក្រោយការបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ។ ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះបាននាំឲ្យមានការផ្លាស់ប្តូរលោកអាំង មាលតី ប្រធានតុលាការក្រុងភ្នំពេញទៅបម្រើការនៅក្រសួងយុត្តិធម៌ ហើយជំនួសមកវិញដោយលោកចៅក្រមតាំង ស៊ុនឡាយ៕