ក្នុងខណៈពេលដែលក្រុមសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន លោកឧកញ៉ា ថោង សារ៉ាត់ នោះ តុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់ជាផ្លូវការប្រឆាំងជំទាស់និងជនសង្ស័យចំនួន៤នាក់ដែលជាអង្គរក្សរបស់លោកផ្ទាល់ពីបទសង្ស័យថា៖ «ឃាតកម្មគិតទុកជាមុន» ទាក់ទិននឹងការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលធ្វើឲ្យល្បីរន្ទឺក្នុងទៅក្រុងភ្នំពេញ។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ ដែលបានដឹកនាំប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ មានប្រសាសន៍ថា៖
«ខ្ញុំគ្រាន់តែដឹងពីប៉ូលិសមកដែលគេរៀបអង្គហេតុហ្នឹង ដែលខ្ញុំពិនិត្យពីដំបូងមកពាក់ព័ន្ធនឹងឃាតកម្មគិតទុកជាមុន ពីព្រោះមានរៀបចំគម្រោង រៀបចំអ្វីដូចយើងឃើញក្នុងវីដេអូឃ្លីបហ្នឹងហើយ»។
ចំណែកលោក កែវ សុជាតិ ព្រះរាជអាជ្ញារងម្នាក់ទៀត ដែលកាន់សំណុំរឿងក្តីនេះ មានប្រសាសន៍ថា លោកបានសាកសួរជនសង្ស័យទាំងបួននាក់រួចរាល់ហើយ ក៏ប៉ុន្តែមិនទាន់បានបញ្ចប់នីតិវិធីរបស់តុលាការនៅឡើយទេ។ លោកមានប្រសាសន៍ថា នៅថ្ងៃសុក្រស្អែកទៀត តុលាការនឹងបន្តកោះហៅជនសង្ស័យមកបំពេញនីតិវិធីចុងក្រោយ មុននឹងសម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។
លោកនិយាយថា៖ «អត់ទេ សាកសួរ យើងសាកសួរចប់ហើយ។ ប៉ុន្តែឯកសារយើងអត់ទាន់បានរៀបចំចប់សព្វគ្រប់ទេ។ យើងសាកសួរចប់សព្វគ្រប់ហើយ។ចាំស្អែក ចាំយកព័តមានបន្ថែម។ ខ្ញុំអត់អាចឆ្លើយបាន»។
សំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ ក្រុមអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យចំនួន១០នាក់ហើយដែលរួមមានអង្គរក្សចំនួនបួននាក់ ភរិយា ប្អូនប្រុស និងឪពុក ម្តាយរបស់ លោកឧកញ៉ា ថោង សារ៉ាត់។ ក៏ប៉ុន្តែសមត្ថកិច្ចមិនទាន់បានចាប់ខ្លួនលោកថោង សារ៉ាត់បាននៅឡើយទេ។
លោក ថោង សារ៉ាត់ បានរត់គេចខ្លួននៅកន្លែងមានសុវត្តិភាព ក្នុងខណៈពេលដែលសមាជិកក្រុមគ្រួសារទាំងអស់កំពុងត្រូវបានចាប់ឃុំខ្លួននៅស្នងការប៉ូលិសក្រុងភ្នំពេញ។
បើតាមរបាយការណ៍របស់ប៉ូលិសបានចោទប្រកាន់ជនសង្ស័យទាំង១០នាក់ពីបទ៖ «សង្ស័យបទមនុស្សឃាដ» ដែលរួមមានអង្គរក្សចំនួន៤នាក់ លោកស្រី ទាវ ធីតា អាយុ២៣ឆ្នាំ ភរិយាលោកថោង សារ៉ាត់ ប្អូនប្រុស ថោង បូណា និងលោកស្រី កែវ សារី ត្រូវជាម្តាយ និងឪពុកថោង ចំរើន។
សមត្ថកិច្ចបានបន្តសាកសួរភរិយា ប្អូនប្រុស និងឪពុកម្តាយលោកថោង សារ៉ាត់ នៅឡើយ បន្ទាប់ពីលោកថោង សារ៉ាត់ត្រូវបានសមត្ថកិច្ចបានសង្ស័យថា ជាមេគំនិតនៅពីក្រោយករណីឃាតកម្មទៅលើលោកឧកញ៉ាអ៊ឹង ម៉េងជឺ។
លោកឧកញ៉ា អ៊ឹង ម៉េងជឺត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ខែវិច្ឆកាកន្លងទៅនេះ ក្នុងខណៈពេលដែលលោកបានធ្វើដំណើរចាកចេញពីរថយន្តក្នុងគោលបំណងដើម្បីទៅទិញផ្លែឈើនៅទូបលក់ផ្លែឈើមួយនៅម្តុំអាងទឹកអូឡាំពិក។
ឃាតកម្មទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជីត្រូវបានបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះរូបជនសង្ស័យ ចុះពីលើម៉ូតូមកបាញ់ជនរងគ្រោះនៅចម្ងាយយ៉ាងកៀកបំផុតចំនួន៨គ្រាប់ដែលធ្វើឲ្យជនរងគ្រោះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកចាន់ សាវ៉េត អនុប្រធានក្រុមស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យក្នុងករណីបាញ់សម្លាប់ចុងក្រោយនេះមានលក្ខណៈលឿង បើប្រៀបធៀបនឹងករណីលោកឈូក បណ្ឌិត ដែលបានបាញ់កម្មករចំនួន៣នាក់រងរបួស តែមិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅឡើយ បន្ទាប់ពីព្រឹត្តិការណ៍នេះបានកើតឡើងអស់រយៈពេលជាងបីឆ្នាំមកហើយ។
លោកមានប្រសាសន៍ថា៖ «បើសិនជាមន្ត្រីរដ្ឋាភិបាលគាត់ចាត់វិធានការរន្ថើនបែបហ្នឹង លោកឈូក បណ្ឌិតក៏មិនអាចគេចខ្លួនរួចផុតដែរ។ លោកថោង សារ៉ាត់ក៏ដូចគ្នាដែរ។ លោកថោង សារ៉ាត់ បន្ទាប់ពីហៅសួរម្តងហើយព្រលែងទៅវិញ ហើយបានតាមចាប់សារថ្មីម្តងទៀត។ អញ្ចឹងទៅចាប់អ្វីបាននៅក្នុងរឿងហ្នឹង»។
លោក ថោង សារ៉ាត់ ដែលសមត្ថកិច្ចសង្ស័យថា ជាមេគំនិតនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះមិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ៕