ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​តុលាការ​ភ្នំពេញ​ត្រូវ​ដកចេញ​ ក្រោយ​ពី​លោក​ហ៊ុន សែន​រិះគន់​បាន​មួយ​ថ្ងៃ


ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ថ្មី​ លោក តាំង ស៊ុនឡាយ (រូប​ពាក់​ក្រវ៉ាត់​ក​ក្រហម) ត្រូវ​បាន​ប្រកាស​ចូល​កាន់​មុខ​តំណែង​នៅ​ថ្ងៃ​ពុធ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​ អង្គ​ចៅក្រម​សម្រេច​ដក​លោក​ អាំង មាលតី (រូប​ពាក់​ក្រវ៉ាត់​ក​ពណ៌​ស) ដោយ​សារ​មាន​ការ​មិន​សុខ​ចិត្ត​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​សំណុំ​រឿង​ដោះលែង​ឪពុកម្តាយ​ឧកញ៉ា ថោង សារ៉ាត់។ (ហេង រស្មី/VOA)
ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ថ្មី​ លោក តាំង ស៊ុនឡាយ (រូប​ពាក់​ក្រវ៉ាត់​ក​ក្រហម) ត្រូវ​បាន​ប្រកាស​ចូល​កាន់​មុខ​តំណែង​នៅ​ថ្ងៃ​ពុធ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​ អង្គ​ចៅក្រម​សម្រេច​ដក​លោក​ អាំង មាលតី (រូប​ពាក់​ក្រវ៉ាត់​ក​ពណ៌​ស) ដោយ​សារ​មាន​ការ​មិន​សុខ​ចិត្ត​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​សំណុំ​រឿង​ដោះលែង​ឪពុកម្តាយ​ឧកញ៉ា ថោង សារ៉ាត់។ (ហេង រស្មី/VOA)

រយៈ​ពេល​មួយ​ថ្ងៃ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រកាស​ឲ្យស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ទាន់​ទិន​នឹង​ការ​ដោះ​លែង​ឪពុក​ម្តាយ​របស់លោក​ ថោង សារ៉ាត់ ​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ផ្លាស់​ប្តូរ​តួនាទី​ភា្លមៗ​ក្រោម​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។​

លោក​ អាំង មាលតី​ អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​តួនាទី​ទៅ​ក្រសួង​យុត្តិធម៌​វិញ​ ចំណែក​លោក​ចៅ​ក្រមតាំង ស៊ុនឡាយ​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​តុលាការ​ថ្មី។​

លោក ​អាំង មាលតី​ បាន​ហៅ​ពិធី​ផ្លាស់​ប្តូរ​តួនាទី​របស់​លោក​ថា​ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប្រថុចញ៉ុច។ លោក​មិន​បាន​ផ្តល់​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៀត​ប្រាប់អ្នក​សារ​ព័ត៌មានទេ​ បន្ទាប់​ពី​ពិធី​ប្រកាស​ផ្លាស់​ប្តូរ​តួនាទី​រួច។​

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ជា​ឱ្យ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​ករណី​ភាព​មិន​ប្រក្រតី​ទាក់​ទិន​នឹង​ការ​ដោះ​លែង​ឪពុក​ម្តាយ​របស់​លោក ​ថោង​ សារ៉ាត់។​

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​មាន​បទ​បញ្ជា​យ៉ាង​ម៉ឺង​មាត់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​បាន​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ​ រួច​ហើយ​ក៏​បាន​សម្រេចផ្លាស់​ប្តូរ​តួនាទី​ប្រធាន​តុលាការ​តែ​ម្តង។​

មន្ត្រី​តុលាការ​កម្ពុជា ក្នុង​ពិធីផ្ទេ​តំណែង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​លោក លោក​ អាំង មាលតី​ មក​លោក តាំង ស៊ុនឡាយ នៅ​ថ្ងៃ​ពុធ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ (ហេង រស្មី/VOA)
មន្ត្រី​តុលាការ​កម្ពុជា ក្នុង​ពិធីផ្ទេ​តំណែង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​លោក លោក​ អាំង មាលតី​ មក​លោក តាំង ស៊ុនឡាយ នៅ​ថ្ងៃ​ពុធ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នេះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ (ហេង រស្មី/VOA)

លោក​អង្គ វង្សវឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ មាន​ប្រសាសន៍​ក្នុង​ពិធី​ផ្ទេរ​តំណែង​ថា​ការ​ផ្លាស់​ប្តូរ​តួនាទី​គឺ​ជា​រឿង​ធម្មតា​មួយ​របស់​តុលាការ។​ ​លោក​មាន​ប្រសាសន៍​ថា​តុលាការ​ត្រូវ​តែប្រកាន់​ភ្ជាប់​នូវ​មនសិការ​ និង​ឧត្តម​គតិ​ខ្ពស់​ក្នុង​ក្រប​ខណ្ឌ​វិជ្ជាជីវៈ​ ចៅក្រម ឬ ព្រះរាអាជ្ញា​ដែល​ជា​អ្នក​ផ្តល់​សេវា​យុត្តិធម៌​ស្រប​ទៅ​តាម​ច្បាប់។​ ​

ក្រោយ​ពី​មាន​បទ​បញ្ជា​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ មិន​មាន​ចៅ​ក្រម ឬ​ព្រះ​រាជ​អាជ្ញា​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​កាត់​ទោស​ទេ​ក្រៅ​ពី​ការ​ដាក់​វិន័យ​តាម​វិធានការ​រដ្ឋបាល​តែ​ប៉ុណ្ណោះ។​

លោក​ ឧិម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​និង​អំពើ​ពុក​រលួយ​នៅ​ពេល​ដែល​សួរ​សំណួរ​អំពើ​វិធានការបន្ទាប់​ទៀត​របស់​រដ្ឋាភិបាល។​ លោក​មិន​បាន​ឆ្លើយ​ទៅ​និង​សំណួរ​របស់​ VOA​ ទេ​ តែ​លោក​បាន​និយាយ​ថា​បាន​ត្រួត​ត្រា​ទៅ​លើ​សិទ្ធិ​របស់លោកទៅ​វិញ។​

លោក​និយាយ​ថា៖ ​«យើង​ស្នើ​គ្នា​ណា​ អូន​ឯង​កុំ​មក​ត្រួតា​ គេ​គោរព​សិទ្ធិ​គេ​ ទៅ​វិញ​ទៅ​មក​ផង»។​

លោក​ ថោង ចំរើន ​អាយុ​៦៥​ឆ្នាំ​ ត្រូវ​ជា​ឪពុក ​និង​ អ្នក​ស្រី​ កែវ សារី ​អាយុ​ ៥៥​ ឆ្នាំ​ ជនជាតិ​វៀតណាម​ ត្រូវ​ជាម្តាយ​លោក​ ថោង សារ៉ាត់​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​ ការ​បង់​ប្រាក់​ធានា​កាល​ពី​ចុង​សប្តាហ៍​មុន​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ ប្រាស់​អាវុធ​ខុស​ច្បាប់។​

ជន​ជាប់​ចោទ​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្តង​ទៀត​ក្នុង​ ខណៈ​ពេល​ដែល​ប៉ុន​ប៉ង​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម​ ហើយ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​ សារជាថ្មី​ ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ​កាល​ពី​ថ្ងៃ​ច័ន្ទ។​

លោក​ គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ទាក់​ទិន​នឹង​ការ​ដោះ​លែង​ភាព​មិន​ប្រក្រតី​នេះ។​

លោក​មិន​បាន​អត្ថាធិប្បាយ​ទេ​ថា​ តើ​មាន​ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា​ណា​ខ្លះ​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​ទេ។​

លោក​និយាយ​ថា៖​ «អត់​ទាន់​និយាយ​ដល់​វិធាន​ការ​នៅ​ឡើយ​ទេ​ សុំ​បញ្ជាក់​ជូន​ ដោយ​សារ​ក្រុម​អធិការ​កិច្ច​មិន​ទាន់​បាន​រក​ឃើញ​នូវ​លទ្ធផល​នៅ​ឡើយ​ទេ។ ​ដូច្នេះ​យើង​រង​ចាំ​លទ្ធផល​នៃ​ក្រុម​អធិការ​កិច្ច​ ហើយ​ផ្ញើរ​ជូន​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម»។​

សំណុំ​រឿង​បាញ់​សម្លាប់​លោក​ឧកញ៉ាអ៊ឹង ម៉េងជឺ​បាន​ធ្វើ​ឲ្យលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មាន​ប្រតិកម្ម​ ដោយ​សារ​តែ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​បាន​ចោទ​ប្រកាន់​ថា​ ការ​ដោះ​លែង​ឪពុក​ម្តាយ​របស់​លោក​លោក​ថោង សារ៉ាត់​គឺ​ធ្វើ​តាម​បទ​បញ្ជា​លោក​ហ៊ុន សែន។

លោក​ថោង សារ៉ាត់ ​ជន​ចាប់​ចោទ​ពី​បទ​សង្ស័យ​ថា​ ជា​មេខ្លោង​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា ​អ៊ឹង ម៉េងជឺ​កំពុង​រត់​គេច​ខ្លួន​យ៉ាង​មាន​សេរីភាព​ពី​ការ​តាម​ចាប់​របស់​សមត្ថ​កិច្ច។

លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ​ ថៅកែ​ស៊ីម៉ង់ត៍​សញ្ញា​ត្បូង​ពេជ្រ​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់កាល​ពី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤។​ ​ឥឡូវ​នេះ​មាន​តែ​អង្គ​រក្ស​ផ្ទាល់​របស់​លោក​ថោង សារ៉ាត់​ប្រមាណ​៥​នាក់​ប៉ុណ្ណោះ​កំពុង​ជាប់​ឃុំ​ឃាំង​ដើម្បី​រង់​ចាំជំនុំ​ជម្រះទោស៕

XS
SM
MD
LG