តុលាការក្រុងភ្នំពេញនៅថ្ងៃសុក្រនេះ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នប្រឆាំងជំទាស់នឹងអង្គរក្សលោកឧកញ៉ាថោង សារ៉ាត់ចំនួន៤នាក់សង្ស័យពីបទ៖«ឃាតកម្មគិតទុកជាមុន» ទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែលឃាតកម្មនេះបានធ្វើឲ្យកក្រើកក្នុងទីក្រុងភ្នំពេញ។
ជនសង្ស័យទាំងបួននាក់ ដែលតុលាការបានសម្រេចឃុំខ្លួនរួមមាន៖ សៀង វាសនាសង្ស័យថា ជាជនដៃដល់ លី សៅ អ្នកបើកម៉ូតូដឹកជនសង្ស័យធ្វើសកម្មភាព និងពីរនាក់ផ្សេងទៀតគឺមាស សម្បត្តិ និងកូយ ចាន់ថុលជាអ្នកបើកម៉ូតូតាមពីក្រោយ បន្ទាប់ពីធ្វើសកម្មភាព។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកលី សុខឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងក្រុងភ្នំពេញ មិនបានទាក់ទងទេ ដោយលោកនិយាយថា កំពុងជាប់រវល់។ បើតាមការបញ្ជាក់ពីលោកកែវ សុជាតិ ព្រះរាជអាជ្ញារង មានប្រសាសន៍ថា៖«ខាងខ្ញុំសម្រេចចោទប្រកាន់ទៅចៅក្រមស៊ើបសួរ ឃាតកម្មគិតទុកជាមុន»។
នៅពេលដែលក្រុមសមត្ថកិច្ចបញ្ជូនជនសង្ស័យមកកាន់តុលាការ នៅខាងក្រៅនិងខាងក្នុងបរិវេណតុលាការមានការរិតបន្តឹងសន្តិសុខយ៉ាងមាំទាំ។ ក្រុមសមត្ថកិច្ចបានបំពាក់ដោយអាវុធអាកាស្វ័យប្រវត្តិគ្រប់ដៃ ព្រមទាំងរថយន្តប៉ូលិសជាច្រើនគ្រឿងដើម្បីការពារសុវត្ថិភាព។
ជនសង្ស័យទាំងបួននាក់មានស្នាមជាំមុខ និងជនសង្ស័យខ្លះបានពិការជើងដើរអូសជើងទៅនឹងដី ពេលដែលសមត្ថកិច្ចបានបណ្តើរចេញពីរថយន្តយកមកសាកសួរក្នុងអគារតុលាការ។
លោកលី សៅជនសង្ស័យមួយរូបក្នុងចំណោមជនសង្ស័យទាំង៤រូប ដែលជាអង្គរក្សលោកឧកញ៉ាថោង សារ៉ាត់ បានបដិសេធចម្លើយសារភាពរបស់ខ្លួននៅក្នុងដំណាក់កាលនៃចៅក្រមស៊ើបសួរ។
លោកបាននិយាយប្រាប់អ្នកកាសែតថា លោកមិនបានចូលរួមក្នុងករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺទេ។ លោកបានបញ្ជាក់ថា ចម្លើយដែលលោកបានឆ្លើយនៅស្នងការប៉ូលិសក្រុងភ្នំពេញគឺដោយសារតែលោកមិនអាចទ្រាំទ្រនឹងការវាយដំធ្វើទារុណកម្មដើម្បីយកចម្លើយសារភាព។
លោកលី សៅ ដែលមានអាការៈនៅឈឺចាប់នៅឡើយ មានប្រសាសន៍ថានៅថ្ងៃកើតហេតុ លោកនិងលោកថោង បូណា ប្អូនប្រុសលោកថោង សារ៉ាត់បានអង្គុយទទួលទានសាច់គោអាំងនៅហាងលក់សាច់គោអាំងមួយឈ្មោះ«ភូមិយើង» ដែលមានទីតាំងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោកបានបញ្ជាក់ទៀតថា ចំណែកជនសង្ស័យពីរនាក់ផ្សេងទៀតបានអង្គុយលេងបៀរនៅការដ្ឋានសំណង់៩៩៩។
បើទោះបីជាជនសង្ស័យបានបដិសេធចម្លើយរបស់ខ្លួនក៏ដោយ ក៏ក្រុមសមត្ថកិច្ចបានអះអាងថា ជនសង្ស័យទាំងបួននាក់ពិតជាជាប់ពាក់ព័ន្ធនៅក្នុងករណីឃាតកម្មទៅលើលោកឧកញ៉ាអ៊ឹង ម៉េងជឺពិតប្រាកដមែន។ សមត្ថកិច្ចក៏បានចោទប្រកាន់ទៀតថា លោកឧកញ៉ាថោង សារ៉ាត់មេខ្លោងនៅពីក្រោយខ្នងនៃអំពើឃាតកម្មទាំងនេះ។
លោកឧកញ៉ាថោង សារ៉ាត់ ដែលពេលនេះកំពុងរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចនោះ ធ្លាប់បានបដិសេធប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិក ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថា លោកមិនដែលស្គាល់ មិនមានទំនាស់ និងមិនបានរកស៊ីជាមួយលោកអ៊ឹង ម៉េងជឺទេ។
លោកនិយាយថា៖ «ដូច្នេះខ្ញុំគិតថា មិនមានការពាក់ព័ន្ធជាមួយអង្គរក្សខ្ញុំទេ។ មានសារព័ត៌មានមួយចំនួនគឺគាត់មានការបកស្រាយខុសៗគ្នា។ គាត់និយាយថា ខ្ញុំមានការពាក់ព័ន្ធជាមួយឃាតកម្មហ្នឹងដែរ។ អញ្ចឹងបានខ្ញុំឆ្ងល់ ការងារទីមួយគឺខ្ញុំជាមួយឧកញ៉ា អ៊ឹង ម៉េងជឺគឺមិនដែលស្គាល់គ្នាសោះ។ ខ្ញុំមិនដែលស្គាល់គាត់។ គាត់ក៏មិនដែលស្គាលខ្ញុំ។ ហើយមិនដែលរកស៊ីអ្វី ចូលគ្នាសោះ។ ហើយដល់ពេលថ្ងៃស្លាប់ហ្នឹង ឃើញហ្វេសប៊ុកបានឮឈ្មោះអ៊ឹង ម៉េងជឺលើហ្វេសប៊ុកហ្នឹងតែម្តង»។
បើទោះបីលោកថោង សារ៉ាត់ធ្លាប់បានបដិសេធក៏ដោយ ក៏សមត្ថកិច្ចបានចោទប្រកាន់ថា លោកជាមេគំនិតនៅពីក្រោយខ្នងនៃករណីឃាតកម្មដ៏រំជើបរំជួលនេះ។
សំណុំរឿងបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺរហូតមកដល់ពេលនេះក្រុមសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន១០នាក់ហើយ ទាំងអង្គរក្ស ប្អូនប្រុស ភរិយា និងឪពុក ម្តាយលោកឧកញ៉ាថោង សារ៉ាត់៕