ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​រាជធានី​ភ្នំពេញ​បន្ត​សាកសួរ​លោកស្រី​ទេព វន្នី​អំពី​ករណី​ប្រព្រឹត្ត​អំពើហិង្សា​​​នៅ​ឆ្នាំ​២០១៣


ប្រជាពលរដ្ឋ​​សហគមន៍​បឹងកក់​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី​ទេព វន្នី​ នៅ​ថ្ងៃ ព្រហស្បត៌ ទី​០៨​ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)
ប្រជាពលរដ្ឋ​​សហគមន៍​បឹងកក់​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី​ទេព វន្នី​ នៅ​ថ្ងៃ ព្រហស្បត៌ ទី​០៨​ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក​ស្រី​ទេព វន្នី​ពី​បទ​«ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ»​​នៅ​ថ្ងៃ​ទី​១៧​​ខែ​សីហា ​ព្រមទាំង​សកម្មជន​សហគមន៍​បឹងកក់​ម្នាក់​ទៀត​គឺ​អ្នកស្រី​បូវ សោភា​ តែ​អ្នកស្រី​​​ត្រូវ​បាន​​ដោះលែង​វិញ​បន្ទាប់​ពី​ត្រូវ​​ឃុំខ្លួន​អស់រយៈពេល​​៦​ថ្ងៃ។​

តុលាការ​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បានសាកសួរលោក​ស្រី​ទេព វន្នី​បន្ថែម​លើ​ករណី​ប្រើប្រាស់​អំពើ​ហិង្សា ​នៅ​ពេល​អ្នកស្រី​និង​សហគមន៍​បឹងកក់​ផ្សេងទៀត​តវ៉ាឲ្យមាន​អន្តរាគមន៍ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​អំពី​វិវាទ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន ​Shukaku Inc របស់​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​គឺលោក​ឡៅ ម៉េងឃីន​ ដែល​បាន​ចាក់​ដី​លុប​បឹងកក់​តាំង​ពី​ឆ្នាំ​២០០៨​មក។​

លោក​ស្រី​ទេព វន្នី​ត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃ​ទី១៥​ខែ​សីហា​ ខណៈពេល​លោក​ស្រី​និង​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ផ្សេងទៀតរៀបចំ​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​តវ៉ា​ឲ្យ​ដោះលែង​មន្រ្តី​សិទ្ធិ​មនុស្សចំនួន​៤​រូប ​និង​មន្រ្តី​គ.ជ.ប.​មួយ​រូបដែល​កំពុង​ជាប់​ពន្ធនាគារ ព្រមទាំង​ទាមទារ​ឲ្យ​តុលាការ​រក​យុត្តិធម៌​លើ​ឃាតកម្ម​សម្លាប់​លោក​កែម ឡី ​អ្នក​វិភាគ​នយោបាយ។ ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក​ស្រី​ទេព វន្នី​ពី​បទ​«ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ»នៅ​ថ្ងៃ​ទី​១៧ខែ​សីហា ​ព្រមទាំង​សកម្មជន​សហគមន៍​បឹងកក់​ម្នាក់​ទៀត​គឺ​អ្នកស្រី​បូវ សោភា​ តែ​អ្នកស្រី​ត្រូវ​បានដោះលែង​វិញ​បន្ទាប់​ពី​ត្រូវឃុំខ្លួន​អស់រយៈពេល៦​ថ្ងៃ។​

ប្រជាពលរដ្ឋសហគមន៍​បឹងកក់​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី​ ទេព វន្នី​ នៅ​ថ្ងៃ ព្រហស្បត៌ ទី​០៨​ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)
ប្រជាពលរដ្ឋសហគមន៍​បឹងកក់​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី​ ទេព វន្នី​ នៅ​ថ្ងៃ ព្រហស្បត៌ ទី​០៨​ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

បច្ចុប្បន្ន​លោក​ស្រី​ទេព វន្នី​ ម្ចាស់​ជ័យលាភី​រង្វាន់​ស្ត្រី​ជាអ្នក​ដឹកនាំ​របស់​អង្គការ ​Vital Voices ​ត្រូវ​បាន​ឃុំ​ខ្លួនបណ្ដោះ​នៅ​ពន្ធនាគារ​ព្រៃស​ និង​រង់ចាំ​សវនាការ​ពី​តុលាការ បើ​ទោះ​ជា​មាន​ការស្នើ​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​ពី​សំណាក់មេធាវី​របស់​អ្នកស្រី​យ៉ាង​ណាក្ដី។​

លោក​លី សុផានណា​ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានៅ​ភ្នំពេញ​ បាន​ឲ្យ​ដឹង​តាម​បណ្ដាញ​សង្គម ​Telegram ​ថា​ ចៅក្រម​ស៊ើបសួរ​បាន​បន្ត​សាកសួរ​បន្ថែម​លើ​អ្នកស្រី​ទេព វន្នី​ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ប្រព្រឹត្ត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០១៣ ​តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ​លេខ​៩៥៦ ​ចុះថ្ងៃទី​២៦​ មីនា​២០១៣។​

លោក​សរសេរ​ថា៖

«ជាគោល​ការណ៍​ តុលាការ​នឹង​ពិចារណា​ទៅ​តាម​ច្បាប់​ដោយ​គោរព​ទៅ​តាម​នីតិ​វិធី​ជា​ធរមាន​ចំពោះ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​ជន​ត្រូវចោទ។​ សំណុំ​រឿង​របស់ជន​ត្រូវ​ចោទ​ទេព វន្នី​បាន​ដំណើរការ​ស៊ើប​អង្កេត​នៅ​អយ្យការ​តាំងពី​ឆ្នាំ ​២០១៣​ ហើយ​សម្រេច​បើក​ការ​ស៊ើប​សួរ​បញ្ជូន​ទៅ​ចៅក្រមស៊ើប​សួរ​ដើម្បី​ចាត់​ការ​បន្ត ​ក្រោយពី​អយ្យការ​បាន​រក​ឃើញ​ថា ​មាន​តម្រុយ​សន្មត់​ដើម្បី​ចោទ​ប្រកាន់​ជន​ត្រូវចោទ​រូប​នេះ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​នៅក្បែរ​វិមានឯករាជ្យ​សង្កាត់​ទន្លេបាសាក់ ​ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០១៣​តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ»។​

អ្នក​តំណាង​សហគមន៍​បឹងកក់គឺ​កញ្ញា​សុង ស្រីលាភ​ បដិសេធ​ថា​ប្រជា​ពលរដ្ឋ​សហគមន៍បឹងកក់​មិន​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ទេ ​ហើយ​ការ​ឃុំ​ខ្លួន​នេះ​ជា​ការបំភិត​បំភ័យ​លើ​សហគមន៍​ដែល​កំពុង​ប្រឈម​មុខ​នឹង​វិវាទ​ដីធ្លី​ជាមួយ​មន្រ្តី​មាន​អំណាច។​ កញ្ញា​បាន​បន្ទោស​ដល់​ធនាគារ​ពិភព​លោក​ដែល​នៅ​តែ​មិន​ព្រម​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​កម្ពុជា ​ហើយព្រងើយ​កន្តើយ​លើ​ករណី​រំលោភ​សិទ្ធិ​ដីធ្លី​នេះ។​

«ចំពោះ​ពួកខ្ញុំ​គឺ​ជា​គំនាប​នៃ​ការ​គាបសង្កត់​ពួក​ខ្ញុំ​មិន​ឲ្យ​តស៊ូ​មតិ​ក្នុង​ការ​ដោះស្រាយ​លើ​ជម្លោះ​ដីធ្លី​តំបន់​បឹងកក់​ទៀត​ ព្រោះ​ជាក់​ស្ដែង​មន្រ្តី​ដែល​មាន​តួនាទី​ក្នុង​ការ​ដោះស្រាយ​ដីធ្លី​នៅ​តំបន់​បឹងកក់​ គាត់​កំពុ​ងតែ​ព្យាយាម​បិទបាំង​អំពើ​ពុក​រលួយ​របស់​គាត់។​ អញ្ចឹងមន្រ្តី​ថ្នាក់​ក្រោម​ គាត់​ព្យាយាម​សើរ​រើ​ពាក្យ​បណ្ដឹង​ដើម្បី​ដាក់​គំនាប​កុំ​ឲ្យ​តវ៉ា​ទាមទារ​រឿង​ដីធ្លី​បន្ត​ទៀត»។​

លោក​អំ សំអាត ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​នៃអង្គការ​ការពារ​សិទ្ធិ​មនុស្សលីកាដូ​ ប្រាប់​ ​VOA ថា ​ការ​ឃុំ​ខ្លួន​អ្នកស្រី​ទេព វន្នី​ សកម្មជន​ដីធ្លីនេះ​គឺ​ជា​ការ​គំរាម​កំហែង​លើ​ការ​បញ្ចេញ​មតិ​របស់​ជន​រងគ្រោះ​ដោយ​រឿង​វិវាទ​ដីធ្លី​ផ្សេង​ទៀត។ ​លោក​បន្ត​ថា​ វា​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​សហគមន៍​បឹងកក់​ក្នុង​ការ​ទាមទារ​ឲ្យមាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​ប្រាំ​នាក់​ក៏ដូចជា​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត​កែម ឡី​តែ​ប៉ុណ្ណោះ។​

«រឿង​តុលាការ​វាជា​នីតិវិធី​ហើយ​ តែ​រឿង​ដែល​យូរ​ហើយ ​ហេតុ​អី​បាន​ជា​ចន្លោះ​ពេល​ហ្នឹង​យើង​មិន​មាន​ដំណើរ​ការ។​ ​នៅ​ពេល​ដែល​ការ​ចាប់​ខ្លួន​អ្នកស្រី​ទេព វន្នី​ និង​អ្នកស្រី​បូវ​ សោភា​ទៅ​លើ​រឿង​គាត់​បួងសួង ​ទៅ​លើ​ទីងមោង ​ចន្លោះ​ពេល​ហ្នឹង​ ហៅ​គាត់​មក​សួរ​ ហើយ​ចេញ​ដីកាឃុំ​ខ្លួន។ ​ ដោយសារ​តែរឿង​ចាប់​ខ្លួន​គាត់​រឿង​ទីង​មោង​មិន​មានបទ​ល្មើស​ណា​ក្នុង​ការ​ដាក់​ទម្ងន់​ទោស​ក្នុង​ការ​ឃុំ​ពួក​គាត់ ​ទើប​គេ​យក​រឿង​ចាស់ហ្នឹង​មក​ ហើយ​ចេញ​ដីកាឃុំ​ខ្លួន​ទៅ​ បាទ»។​

ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​បឹងកក់​ពីរ​នាក់​ផ្សេង​ទៀត​គឺ​លោកស្រី​គង់ ចន្ថា និង​លោក​ស្រី​បូ ឆវីត្រូវ​បាន​កោះ​ហៅ​ឲ្យ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ទី ១៩​កញ្ញា​ខាង​មុខ​នេះ​ ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ផ្សេង​ទៀត​ដែល​ចោទ​ថា​ ពួក​គាត់​ប្រើ​អំពើ​ហិង្សា​លើ​មន្រ្តី​សារធារណៈ​ចំនួន​ពីរ​រូបកាល​ពី​ឆ្នាំ​២០១១​កន្លង​មក។​

អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ចំនួន​៦០​ ​កាលពី​ពេលកន្លង​មក បាន​ស្នើ​សុំ​ឲ្យ​ទម្លាក់​បទចោទ​ប្រកាន់​ និង​ដោះ​លែង​សកម្ម​ជន​សិទ្ធិ​លំនៅដ្ឋាន​តំបន់​បឹងកក់​ចំនួន​ពីរ​រូប​គឺ​លោកស្រី​ ទេព​ វន្នី​ក្នុង​សំណុំ​រឿង​ការ​ធ្វើ​«យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»​ តាម​បែប​អហិង្សា​ហើយ​ដែល​រដ្ឋាភិបាល​យល់​ថា​ ជាចលនា​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌៕

XS
SM
MD
LG