អាជ្ញាធរខ័ណ្ឌដង្កោបានបង្ខំឲ្យសកម្មជនទាំងប្រាំមួយនាក់ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការតវ៉ានៅមុខពន្ធនាគារព្រៃស ធ្វើកិច្ចសន្យាឈប់ប្រមូលផ្តុំគ្នាដោយគ្មានការអនុញ្ញាត មុនអនុញ្ញាតឲ្យពួកគេទទួលបានសេរីភាពឡើងវិញ។ នេះបើតាមការបញ្ជាក់ពីសកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់។
អ្នកទាំងប្រាំមួយនាក់នោះត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងបរិវេណវត្តមួយនៅក្បែរពន្ធនាគារព្រៃស ហើយត្រូវបានដោះលែងកាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញនេះ បន្ទាប់ពីការសួរនាំយកចម្លើយអស់ជាច្រើនម៉ោង។
លោកយាយង៉ែត ឃុន វ័យ៧៧ឆ្នំា ដែលគេស្គាល់ថា យាយ Momy ស្ថិតក្នុងចំណោមមនុស្សប្រាំមួយនាក់ដែលត្រូវបានឃាត់ខ្លួននោះ។ លោកយាយបានប្រាប់ VOA នាថ្ងៃអង្គារនេះថា លោកយាយត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលលោកយាយដើរចូលក្នុងវត្ត ដើម្បីយកប៉ោងៗមកធ្វើពិធីទាមទារឲ្យដោះលែងលោកស្រីទេព វន្នី សកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់ និងសកម្មជនការពារសិទ្ធិមនុស្សផ្សេងទៀតដែលកំពុងជាប់ឃុំ។
លោកយាយ Momy ដែលធ្លាប់ជាប់ពន្ធនាគារចំនួនពីរដង និងធ្លាប់រងការវាយដំពីអាជ្ញាធរ បាននិយាយថា អាជ្ញាធរបានសួរចម្លើយលោកយាយអំពីសកម្មភាពតវ៉ា ចំនួនមនុស្សចូលរួម និងឈ្មោះមនុស្សចូលរួមនៅក្នុងសកម្មភាពតវ៉ានោះ។ លោកយាយបន្តថា ក្រោយមក អាជ្ញាធរបានបង្ខំឲ្យលោកយាយផ្តិតមេដៃលើកិច្ចសន្យាថា នឹងមិនប្រមូលផ្តុំដោយគ្មានការអនុញ្ញាត ជាថ្នូរនឹងការទទួលបានសេរីភាពមកវិញ។
លោកយាយបានហៅការបងំ្ខនេះថា ជាការធ្វើព្យាយាមធ្វើឲ្យលោកយាយមានការខ្លបខ្លាចនឹងមិនហ៊ានតវ៉ាទៀត តែលោកយាយនិយាយថា៖
«នេះធ្វើនេះឲ្យខ្ញុំខ្លាច ឲ្យខ្ញុំមិនហ៊ានចេញ គឺខ្ញុំអត់មានថា ខ្លាចទេ។ វាធ្វើឲ្យខ្ញុំមានការឈឺចាប់រឹតកាន់តែខ្លាំង។ ខ្ញុំរឹតតែលែងខ្លាចស្លាប់ទៀត ច៎ា»។
លោកយាយបន្ថែមថា ទោះបីជាលោកយាយបានផ្តិតមេដៃលើកិច្ចសន្យារួចហើយក៏ដោយ ក៏អាជ្ញាធរមិនបានដោះលែងលោកយាយ និងមនុស្ស៥នាក់ផ្សេងទៀតភ្លាមៗនោះទេ គឺអាជ្ញាធរបានបន្តឃុំខ្លួន និងសួរចម្លើយលោកយាយ ហើយនឹងមនុស្ស៥នាក់ទៀតមកពីសហគមន៍ថ្មគោល អស់រយៈពេលជាង២៤ម៉ោង ទើបមានការដោះលែង។
ក្រុមសកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ ថ្មគោល និងបូរីកីឡា ហើយនិងសហគមន៍នានាផ្សេងទៀតបានទៅជួបជុំគ្នានៅមុខមណ្ឌលអប់រំកែប្រែទីពីរ ក្នុងខ័ណ្ឌដង្កោ ដើម្បីបញ្ជាក់ទឹកចិត្តរក យុត្តិធម៌ជូនលោកស្រីទេព វន្នី ជ័យលាភីរង្វាន់ស្រ្តីជាអ្នកដឹកនាំរបស់អង្គការ Vital Voices ក៏ដូចជាសកម្មជនសិទ្ធិមនុស្សផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
លោក ជឹម ស៊ីថា អធិការនគរបាលខ័ណ្ឌដង្កោ បានប្រាប់ VOA ថា អាជ្ញាធរមិនបានចាប់បង្ខំក្រុមអ្នកតវ៉ាដែលអាជ្ញាធរឃាត់ខ្លួននោះ ឲ្យចុះកិច្ចសន្យានោះទេ។ លោកថា អាជ្ញាធរក៏មិនបានបិទសិទ្ធិពលរដ្ឋក្នុងការប្រមូលផ្តុំគ្នាតវ៉ាដែរ។ ប៉ុន្តែការជួបជុំតវ៉ាទាំងអស់ត្រូវតែរៀបចំឡើងឲ្យស្របទៅតាមច្បាប់។
«អត់ទេ គ្រាន់តែថា យើងការប្រមូលផ្តុំអី ឲ្យមានច្បាប់ មានអីអញ្ចឹងទៅណ៎ា។ តែយើងដើរធ្វើអីៗ... អត់មានច្បាប់ទម្លាប់ហែអ៊ីអញ្ចឹង វាអត់ត្រូវ ឲ្យមានច្បាប់មានទម្លាប់អ៊ីអញ្ចឹងទៅណាបង»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានិយាយថា រដ្ឋាភិបាលបានព្យាយាមគាបសង្កត់សិទ្ធិសេរីភាពប្រជាពលរដ្ឋបង្កើតបញ្ហាប្រឈមមុខដាក់គ្នា ជាជាងព្យាយាមរកដំណោះស្រាយមកបញ្ចប់បញ្ហា ដែលទាក់ទិនការរំលោភបំពានសិទ្ធិទាមទាររកយុត្តិធម៌ និងសិទ្ធិធ្វើជាម្ចាស់ដីធ្លី។ ពួកគេបន្តថា បើការចាប់ចងនៅបន្តកើតមានទៀតនោះ សកម្មភាពតវ៉ានឹងមិនចុះថមថយឡើយ ហើយនឹងនៅតែបន្តកើតមានដដែលជាដដែលផងដែរ៕