ការចាប់ខ្លួនអ្នកតវ៉ារកយុត្តិធម៌បានកើតឡើងជាថ្មីម្តងទៀតនៅក្នុងខ័ណ្ឌដង្កោ នៅព្រឹកថ្ងៃអាទិត្យ។ សកម្មជនសិទ្ធិមនុស្សនិយាយថា ការចាប់ខ្លួនមិនមែនជាជម្រើសដោះស្រាយបញ្ហាបាននោះទេ ហើយស្នើឲ្យអាជ្ញាធរដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនទាំងអស់នោះមកវិញ។
អាជ្ញាធរខ័ណ្ឌដង្កោ នៅព្រឹកថ្ងៃអាទិត្យនេះ បានចាប់ខ្លួនអ្នកតវ៉ាការពារសិទ្ធិដីធ្លីជាស្ត្រីចំនួនប្រាំមួយរូប ដើម្បីឃុំខ្លួនសួរចម្លើយពាក់ព័ន្ធនឹងសកម្មភាពជួបជុំសម្តែងមតិរបស់ពួកគេ នៅមុខមណ្ឌលអប់រំកែប្រែទីពីរនៅពន្ធនាគារព្រៃស។ នេះបើតាមការបញ្ជាក់ពីអ្នកសង្កេតការណ៍សិទ្ធិមនុស្ស និងសកម្មជនការពារសិទ្ធិដីធ្លីក្នុងសហគមន៍បឹងកក់។
ក្នុងចំណោមអ្នកដែលត្រូវបានអាជ្ញាធរឃាត់ខ្លួននោះគឺមានលោកយាយង៉ែត ឃុន ដែលគេស្គាល់ថា លោកយាយ Momy ជាសកម្មជនដីធ្លីមកពីសហគមន៍បឹងកក់។ ស្រ្តីដែលត្រូវបានឃាត់ខ្លួនប្រាំរូបផ្សេងទៀតមកពីសហគមន៍ថ្មគោល ស្ថិតក្នុងខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុទ្ធនាការតវ៉ា ដែលរងការចាប់ខ្លួននេះ មានការចូលរួមពីសហគមន៍នានា រួមមានសហគមន៍ថ្មគោល សហគមន៍បូរីកីឡា និងសហគមន៍ផ្លូវរទេះភ្លើងជាដើម។
អ្នកស្រីបូវ សោភា ដែលទើបតែត្រូវបានដោះលែងពីពន្ធនាគារកាលពីពេលថ្មីៗ ពាក់ព័ន្ធនឹងការរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ បានប្រាប់ VOA នៅក្បែរអធិការដ្ឋាននគរបាលខ័ណ្ឌដង្កោកាលពីរសៀលថ្ងៃអាទិត្យថា អាជ្ញាធរបានចាប់អ្នកតវ៉ាទាំងនោះ នៅគ្រាពួកគេចូលទៅយកប៉ោងៗ ក្នុងវត្តមួយស្ថិតនៅក្បែរពន្ធនាគារព្រៃស ដើម្បីអបអរការធ្វើយុទ្ធនាការបញ្ចេញមតិតវ៉ាឲ្យមានការ ដោះលែងលោកស្រីទេព វន្នី និងសកម្មជនការពារសិទ្ធិមនុស្សសមាគមអាដហុក រួមទាំងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)មួយរូបគឺលោកនី ចរិយា។
អ្នកស្រីបានបន្តថា ការចាប់ខ្លួននេះបានកើតឡើង ក្រោយអាជ្ញាធរចាប់អ្នកលក់ប៉ោងៗបួនរូប តែបានដោះលែងមកវិញ។ អ្នកស្រីបានសម្តែងការសោកស្តាយចំពោះទង្វើរបស់អាជ្ញាធរនេះ។
«និយាយរួមទៅ ទង្វើអស់ហ្នឹងយើងមើលឃើញថា ព្យាយាមរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋមែនទែន។ អញ្ចឹង ពួកខ្ញុំមានការសោកស្តាយខ្លាំងណាស់»។
សកម្មជនដីធ្លីម្នាក់ទៀតគឺលោកចាន់ ពុទ្ធិស័ក្តិ ដែលចូលរួមការតវ៉ាកាលព្រឹកថ្ងៃអាទិត្យ បានឲ្យដឹងថា ការចាប់ខ្លួន នេះបានកើតឡើង ដោយអាជ្ញាធរបានអ្នកលក់ប៉ោងៗដោយហៅអ្នកតវ៉ាតាមទូរស័ព្ទបញ្ឆោតឲ្យពួកគេទៅយកប៉ោងៗ ដែលសប់រួចក្នុងវត្ត។ លោកបន្តថា ពេលអ្នកតវ៉ាទាំងប្រាំមួយនាក់ចូលទៅយកប៉ោងៗ អាជ្ញាធរក៏បានចាប់ខ្លួនពួកគេតែម្តង។
VOA មិនទាន់អាចទាក់ទងលោកមាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ កាលពីល្ងាចអាទិត្យ។ លោកនុត ពុទដារ៉ា អភិបាលខ័ណ្ឌដង្កោសុំមិនធ្វើការអធិប្បាយ ដោយលោកអះអាងថា ជាប់ប្រជុំ។
តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោកស្រីទេព វន្នី ក្រោមបទចោទថា បានប្រព្រឹត្តអំពើ«ហិង្សាដោយចេតនា»។ ការចោទប្រកាន់នេះធ្វើឡើងក្រោយពេលលោកស្រីទេព វន្នី ជ័យលាភីរង្វាន់ស្រ្តីជាអ្នកដឹកនាំរបស់អង្គការ Vital Voices បានដឹកនាំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ កាលពីពាក់កណ្តាលខែសីហា។
ការចោទប្រកាន់នេះត្រូវអ្នកឃ្លាំមើលសិទ្ធិមនុស្សឲ្យដឹងថា មិនជាប់ពាក់ព័ន្ធនឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះទេ ប៉ុន្តែជាការចោទភ្ជាប់នឹងការតវ៉ាមួយរបស់ក្រុមប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៣ នៅមុខគេហដ្ឋានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់ VOA នៅក្បែរអធិការដ្ឋាននគរបាលខ័ណ្ឌដង្កោថា អាជ្ញាធរមិនគួរយកការចាប់ខ្លួនដើម្បីបញ្ឈប់ការតវ៉ានោះទេ។ លោកថ្លែងថា ការតវ៉ានឹងកើតមានដដែលជាដដែល ល្គឹកណាអាជ្ញាធរបរាជ័យមិនបានផ្តល់ឲ្យក្រុមអ្នកតវ៉ានូវដំណោះស្រាយដែលពួកគេចង់បាន ដូចជាការផ្តល់យុត្តិធម៌ដល់អ្នកជាប់ឃុំដែលជាសកម្មជនសិទ្ធិមនុស្ស និងបញ្ហាដីធ្លីដែលកំពុងនៅជាប់គាំង។
«រដ្ឋាភិបាល ពីដើមឡើយ បើគាត់យកចិត្តទុកដាក់ទាក់ទងនឹងការដោះស្រាយបញ្ហាដីធ្លី សិទ្ធិមនុស្ស ដូចបឹងកក់អញ្ចឹង បើគាត់ព្យាយាមដោះស្រាយបញ្ហាបឹងកក់យូរហើយ ប្រហែលជាគ្មានបញ្ហារកាំរកូសរហូតទៅដល់មានការចាប់ខ្លួនជាបន្តបន្ទាប់ ដោយសារតែរឿងដីហ្នឹងទេ»។
អ្នកស្រីបូវ សោភាបានឲ្យដឹងបន្ថែមថា ប្រជាពលរដ្ឋចំនួន១៩គ្រួសារក្នុងសហគមន៍បឹងកក់នៅមិនទាន់ទទួលបានដំណោះស្រាយលើបញ្ហាប្លង់កម្មសិទ្ធិនៅឡើយទេ។ អ្នកស្រីនិយាយថា ក្រុមប្រជារាស្ត្រក្នុងសហគមន៍បឹងកក់ដែលស្អប់ខ្ពើមអំពើអយុត្តិធម៌សង្គម នឹងបន្តការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ នៅថ្ងៃច័ន្ទនេះ ដោយមិនបារម្ភពីការឃាត់ខ្លួន តែបារម្ភពីការដែលមិនទទួលបានយុត្តិធម៌។
អង្គការការពារសិទ្ធិមនុស្សក្នុងស្រុក និងអន្តរជាតិនានាបានរិះគន់ដល់វិធានការណ៍អាជ្ញាធរក្នុងការចាប់ឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស ដោយពួកគេបានស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការគាបសង្កត់សិទ្ធិប្រជារាស្ត្រក្នុងការជួបជុំសម្តែងមតិ ដែលជាមូលដ្ឋាននៃគោលការណ៍លទ្ធិប្រជាធិតេយ្យ។
រហូតមកដល់ម៉ោងប្រមាណ៧យប់ថ្ងៃអាទិត្យ អ្នកតវ៉ាទាំងប្រាំមួយនាក់នោះមិនទាន់ត្រូវបានអាជ្ញាធរខ័ណ្ឌដង្កោដោះលេងនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីអ្នកស្រីបូវ សោភា៕