ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជីវករនៅ​ភ្នំពេញ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ខណៈ​​រដ្ឋាភិបាល​​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត


ក្រុមការងារដែលស្ថិតក្នុងសម្លៀកបំពាក់ការពារខ្លួនពីមេរោគ កំពុងត្រៀមបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារអូរឬស្សី បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអាជីវករនៅផ្សារនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។
ក្រុមការងារដែលស្ថិតក្នុងសម្លៀកបំពាក់ការពារខ្លួនពីមេរោគ កំពុងត្រៀមបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារអូរឬស្សី បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអាជីវករនៅផ្សារនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

អាជីវករ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​បន្ត​ដាក់​បម្រាម​គោ​ចរ ឬ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ដែល​អាច​លើស​ពី ​១៤ ​ថ្ងៃ ដែល​នឹង​បន្ត​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​ពួក​គេ។

បន្ថែម​លើការ​ដាក់​បម្រាម​គោចរ​ដែល​ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១ ខែ​មេសា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន កាល​ពី​ថ្ងៃ​អង្គារ ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​និង​បិទ​រមណីយដ្ឋាន​ទូទាំង​ប្រទេស ​រយៈ​ពេល​ ១៤ ​ថ្ងៃ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩។

អ្នកស្រី ស្រី លឹម អាយុ​ ៣៣ ​ឆ្នាំ អាជីវករ​លក់​ត្រីនៅ​ទីក្រុង​ភ្នំពេញ​ម្នាក់ ​ប្រាប់​វីអូអេ​ថា៖

«លើស​ហ្នឹង​អាច​ជា​ផល​វិបាក​សម្រាប់​ខ្ញុំ​ខ្លាំង​ណាស់ ព្រោះ​អី​យើង​ពិបាក​ដែរ​គ្រួសារ​យើង​រាងខ្សត់​ខ្សោយ​ដែរចឹង​យើង​មិន​មែន​ជា​អ្នក​មាន​យើង​ពឹង​តែ​មុខ​របរ​ហ្នឹង​ហើយ​ បើ​គេ​អត់​ឲ្យយើង​ដល់​រាង​យប់​ចឹង​វាអាច​ពិបាក​ដែរ អីវ៉ាន់​យើង​សល់​វា​ខូច វា​អីចឹង។ ហើយ​បើ​យើង​យក​មក​តិច ​វា​កាត់​បន្ថយ​យើង​ចាយ​ក្នុង​គ្រួសារ ​អត់​គ្រប់​តែ​ត្រឹម​ ១៤ ​ថ្ងៃ​អត់​អី​ទេ យើង​អាច​ទប់​ទល់​ទៅបាន​ កុំ​ឲ្យ​តែ​លើស​ហ្នឹង​យូរ​ចឹង»។

អ្នកស្រី​បន្ត​ថា ​អ្នកស្រី​មិន​ថ្នាំង​ថ្នាក់​នឹង​វិធាន​ការ​រឹត​បន្តឹង​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ទេ ​ប៉ុន្តែ​អ្នកស្រី​ចង់​ឃើញ​អាជ្ញាធរ​ផ្តល់​ដំណឹង​ជា​មុន​នូវ​រាល់​វិធាន​ការ​ទាំង​ឡាយ។ អ្នកស្រី​រំពឹង​ថា ​វិធាន​ការ​បម្រាម​គោចរ​និង​ការ​កំហិត​ម៉ោង​លក់​ដូរ​នឹង​បញ្ចប់​ទៅ​ត្រឹម​រយៈ​ពេល ​១៤ ​ថ្ងៃ ដោយ​មិន​មាន​ការ​អូស​បន្លាយ​ពេល​បន្ថែម​ទៀត។​

អ្នកស្រី​បន្ថែម​ថា៖ «អត់​អី​ទេ​សម្រាប់​ ១៤ ​ថ្ងៃ​ដែល​ៗ​ គេដាក់​ហ្នឹង​ ប៉ុន្តែ​បើ​លើស​ហ្នឹង​អាច​ជា​ផល​វិបាក​ដោយ​សារ​ចំណូល​យើង​ខ្វះ។ យើង​ញាំ​ផង​ កូន​ផង​ សង​គេ​ផង​យើង​មាន​បំណុល​ផង​អីចឹង។ តែ​ត្រឹម​ ១៤ ​ថ្ងៃ វា​អត់​អី​ទេ​តែ​កុំ​ឲ្យ​ទៅ​ដល់​ពីរ​បីខែ»។

ចំណែក​អ្នកស្រី ​មុំ សុរិនដា​ អាយុ​ ៤៦ ​ឆ្នាំ ​ជា​អាជីវ​ករ​មួយ​រូប​ទៀត​ និយាយ​ថា ​បម្រាម​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ក្នុង​ពេល​រាត្រី ចាប់​ពី​ម៉ោង ​៨ ​យប់ដល់​ម៉ោង​ ៥ ​ព្រឹក បង្ក​ការ​ព្រួយ​បារម្ភ​សម្រាប់​ការ​ធ្វើ​ដំណើរ។ ប៉ុន្តែ​អ្នកស្រី​ថា​ បម្រាម​ដដែល​នេះ​អាច​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

«យើង​ព្រួយ​បារម្ភ​ពី​អាជំងឺ​កូវីដ​ហ្នឹង​និយាយ​ទៅ។ យើង​បារម្ភ​ខ្លាំង ​បារម្ភ​ខ្លាំង​ថា​ ទៅ​មុខ​ទៅ​ដឹង​វា​យ៉ាង​ណា ​តែ​បើ​គេ​បិទ​ចឹង​ក៏ម្យ៉ាង​ដែរ​ដូច​ថា​ ក្មេង​ៗ​អី​វា​អត់​ដើរ​អត់​អី​យើង​អាច​កាត់​បន្ថយ​ពី​ជំងឺ​កូវីដ​ហ្នឹង​ច្រើន»។

ក្រុមការងារដែលស្ថិតក្នុងសម្លៀកបំពាក់ការពារខ្លួនពីមេរោគ កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារអូរឬស្សី បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអាជីវករនៅផ្សារនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។
ក្រុមការងារដែលស្ថិតក្នុងសម្លៀកបំពាក់ការពារខ្លួនពីមេរោគ កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារអូរឬស្សី បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអាជីវករនៅផ្សារនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

កាល​ពី​ដើម​ខែ​មេសា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​បម្រាម​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ក្នុង​ទីតាំង​ភូមិ​សា​ស្រ្ត​ទីក្រុង​ភ្នំពេញ ចាប់​ពី​ម៉ោង ​៨ ​យប់​ដល់​ម៉ោង ​៥ ​ទៀប​ភ្លឺ ក្នុង​រយៈ​ពេល ​១៤ ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មេសា ​ឆ្នាំ​ ២០​២១។ ចំណែក​ម្ចាស់​អា​ជីវ​កម្ម​លក់​ដូរ​ម្ហូប​អាហារ​និង​ភេសជ្ជៈ​ ក៏​ត្រូវ​ផ្អាក​ដំណើរ​ការ​ក្នុង​ម៉ោង​ពេល​ដូច​គ្នា​នេះ។

អ្នក​វិភាគ​សេដ្ឋកិច្ច​លោក ង៉ែត​ ជូ​ មើល​ឃើញ​ពី​លទ្ធ​ភាព​ដែល​រដ្ឋាភិបាល​អាច​មាន​វិធានការ​រឹត​បន្តឹង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​ ប្រសិន​បើ​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺកូវីដ​១៩​ មិន​ធូរ​ស្រាល ក្រោយ​រយៈ​ពេល​ ១៤ ​ថ្ងៃ​នៃ​ការ​ដាក់​បម្រាម​គោចរនិង​ការ​រឹត​បន្តឹង​សេដ្ឋកិច្ច​ពេល​រាត្រី។

«ប្រហែល​ជា​អាច​មាន​ទៀត ​ពីព្រោះ​ ១៤ ​ថ្ងៃ​ក្នុងការ​បម្រាម​គោចរ​ពេល​យប់​នេះ ​គឺ​ប្រហែល​ជា​អាច​គ្រាន់​តែ​ជួយ​បាន​មួយ​ផ្នែក ​ប៉ុន្តែ​មិន​មែន​ទាំង​ស្រុង​ទេ​ ដោយសារ​យើង​នៅ​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​ហើយ​ និង​ការ​ធ្វើ​ដំណើរ​ពេល​ថ្ងៃ​នៅ​ឡើយ។ ប្រសិន​ណា​បើ​ការ​ផ្អាក​ការ​ធ្វើ​ដំណើរ​ក្នុងពេល​យប់​នេះ​ក្នុងរយៈពេល​ ១៤ ​ថ្ងៃ​ ហើយ​រក​ឃើញ​ថា​ ការ​ឆ្លង​ការ​រីករាលដាល​ហ្នឹង​ គឺ​ដោយសារ​សកម្ម​ភាព​សេដ្ឋកិច្ច​នៅ​ពេល​ថ្ងៃ​ ក៏​ប្រហែល​ជា​អាច​ឈាន​ដំណាក់​កាល​ហ្នឹង​ទៀត»។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​អភិ​បាល​រាជ​ធានី​ខេត្តហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ​ចូល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះ​អាសន្ន​ សម្រាប់​រយៈ​ ១៤ ​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ទី​ ៧ ​ដល់​ថ្ងៃ​ទី​ ២០ ​ខែ​មេសា ​ក្នុង​គោល​បំណង​ប្រយុទ្ធ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ កូវីដ​១៩។

ដោយ​ឡែក​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​និង​ខេត្ត​កណ្តាល ​ត្រូវ​បាន​ចាត់​ទុក​ជា​តំប​ន់​តែ​មួយ​ដែល​មិន​ស្ថិត​ក្រោម​វិសាល​ភាព​នៃ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ​ចូល​ទៅ​វិញ​ទៅ​មក​នេះ​ទេ។ រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ឲ្យ​បិទ​រមណីយដ្ឋាន​ទេស​ចរណ៍​នៅ​ទូទាំង​ប្រទេស​រយៈ​ពេល​ ១៤ ​ថ្ងៃ​ដូច​គ្នា។​

យ៉ាងណាក៏ដោយ​ ការ​ហាម​ឃាត់​ធ្វើ​ដំណើរ​ខាង​លើ​ត្រូវ​បាន​លើក​លែង​ចំពោះ​ការ​បម្លាស់​ទី​សំខាន់​ៗមួយ​ចំនួន​ ដូច​ជា​ការ​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​ទាំង​តាម​ផ្លូវ​គោក ​ផ្លូវទឹក ​និង​ផ្លូវ​ដែក ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី​រាជ​ការ​សាធា​រណៈ​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ​ក្នុង​គោល​ដៅ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ ការ​ដឹក​ជញ្ជូន​ពលករ​ដែល​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ក្រៅ​ប្រទេស រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ​និង​ឯកជន​ រថយន្ត​ពន្លត់​អគ្គិភ័យ រថ​យន្ត​បម្រើ​សេវា​ដឹក​ជញ្ជូន​សំរាម​និង​កាក​សំណល់ ​និង​ការ​ដឹក​ជញ្ជូន​កម្មករ​ទៅ​កាន់​ទីកន្លែង​ការ​ងារ​នៅ​តាម​រោង​ចក្រ​សហគ្រាស ​ដែល​ត្រូវ​មាន​បណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ​ជា​ដើម។​

មុន​ការ​ដាក់​បម្រាម​គោចរ​និង​ការ​ចេញ​វិធាន​ការ​រឹត​ត្បិត​សកម្មភាព​សេដ្ឋកិច្ច​និង​ការ​ជួបជុំមួយ​ចំនួន​ទៀត រដ្ឋា​ភិបាល​បាន​ធ្វើ​ច្បាប់​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​នៃជំងឺ​កូវីដ​១៩ ​ក្នុង​នោះ​គឺ​មាន​ច្បាប់​ស្ដី​ពី​វិធាន​ការ​ទប់​ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ។

នេះ​ជា​ច្បាប់​ទី​ ២ ​ហើយ​ដែល​បាន​តាក់តែង​ដោយ​សារ​តែ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​គ្រា​មាន​អាសន្ន​ កាល​ពី​ដើម​ឆ្នាំ​ ២០២០ ​ដែល​មាន​គោល​បំណង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ​ដែរ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បីរូប ​ក្នុង​នោះ​មាន​លោក​ស្រី រ៉ូណា ស្មីត​ (Rhona Smith)​ អតីត​អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​ទើប​បញ្ចប់​អាណត្តិ​ បាន​បង្ហាញ​ក្តី​បារម្ភ​ថា ​ច្បាប់​នេះ​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​រឹត​ត្បិត ​ឬ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ការ​ជួបជុំ​និង​ការ​ជួប​ប្រជុំ​និង​កា​រជួប​ជុំ ការ​ប្រតិបត្តិការ​អាជីវកម្ម​និង​សកម្ម​ភាពអាជីព​មួយចំនួន ក៏​ដូចជាអំណាច​ក្នុង​ការ​ទប់​ស្កាត់​ឬ​រឹត​ត្បិត​តំបន់ និង​ទីកន្លែង​មួយ​ចំនួន​ផងដែរ។

លើស​ពី​នេះ​ទៀត​ ច្បាប់​នេះ​មាន​បទប្បញ្ញត្តិ​សម្រាប់​ការ​ដាក់​ទណ្ឌ​កម្ម​យ៉ាង​ធ្ងន់ធ្ងរ និង​មិន​សមាមាត្រ​ចំពោះ​បុគ្គល​ដែល​មិន​គោរព​តាម​វិធាន​ការ​សុខភាព វិធាន​ការ​រដ្ឋ​បាល និង​វិធានការ​ផ្សេង​ទៀត​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ»។

លោក ​ជិន ម៉ាលីន​ រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ការ​ពារ​ការ​ធ្វើ​ច្បាប់​ថ្មីៗ​ចុង​ក្រោយ​នេះ។ លោក​បន្ថែម​ថា ​ជន​បរទេស​មួយ​ចំនួន​មិន​បាន​យល់​អំពី​ស្ថានភាព​ជាក់​ស្តែង​របស់​កម្ពុជា​ដែល​តម្រូវ​ឲ្យ​មានការ​ធ្វើ​បទ​បញ្ញត្តិ​ខ្លះ​សម្រាប់​ការ​ពារ​សុខមាលភាព​ពលរដ្ឋ​ និង​សុវត្ថិ​ភាព​សុខភាព​សាធារណៈ៕

XS
SM
MD
LG