ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ហាមឃាត់​ការធ្វើដំណើរ​និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​រយៈពេល១៤ថ្ងៃ


រូបឯកសារ៖ ទិដ្ឋភាពពេលរាត្រីនៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលអាជ្ញាធរអនុវត្តបម្រាមគោចរផ្សេងៗរយៈពេលពីរសប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ក្នុងសហគមន៍ កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ទិដ្ឋភាពពេលរាត្រីនៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលអាជ្ញាធរអនុវត្តបម្រាមគោចរផ្សេងៗរយៈពេលពីរសប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ក្នុងសហគមន៍ កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​នៅ​ថ្ងៃអង្គារ​ហាមឃាត់​ការធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅខេត្ត​មួយ​និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​រហូត​ដល់​ផុត​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខណៈ​ការឆ្លង​វីរុស​កូរ៉ូណា​ដ៏​ប្រល័យ​មិន​បាន​ថមថយ។

សេចក្តី​សម្រេច​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កំណត់​ហាមឃាត់​ការធ្វើ​ដំណើរ​និង​ការជួបជុំ​ដែល​មិនចាំបាច់​នានា​ចាប់ពី​ថ្ងៃពុធ​ទី៧ ដល់​ថ្ងៃអង្គារ​ទី​២០ ​ខែមេសា​ក្នុង​គោលបំណង​«ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត»។

ការបិទ​នេះ​ធ្វើ​ឡើង​នៅមុន​ពេល​ដែល​ពលរដ្ឋ​ជាច្រើនត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅស្រុក​កំណើត​និង​ជួបជុំ​គ្នា​រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​រយៈពេល​បីថ្ងៃ​ពី​ថ្ងៃទី​១៤ដល់​១៦​ខែមេសា​ដែល​នាំ​ឲ្យ​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថា​នឹង​បង្កើន​ការឆ្លង​កាន់តែខ្លាំង។

វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើឡើង​ក្នុងគ្រា​ដែល​ការឆ្លង​ជំងឺកូវីដ១៩​ ក្នុង​សហគមន៍​កំពុង​បន្ត​កើនឡើង​ជារៀងរាល់​ថ្ងៃ​ដែល​ជាមធ្យម​មាន​ចំនួន​៧០​នាក់​ក្នុង​មួយ​ថ្ងៃ​នា​រយៈពេល​២​សប្តាហ៍​ចុងក្រោយ​នេះ​និង​រីកសាយភាយ​ទៅដល់​ខេត្ត​ជាច្រើន​ដោយ​បាន​ដាក់​បន្ទុក​លើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ដែល​មាន​ភាព​ទន់ខ្សោយ​ស្រាប់។

ក្រសួង​សុខាភិបាល​បានរាយការណ៍​ថា​ត្រឹមថ្ងៃអង្គារ​ កម្ពុជា​មាន​អ្នកឆ្លង​ជំងឺ​កូវីដ១៩ សរុប ២.៨២៤​នាក់​និង​ អ្នកជា​សះស្បើយ​ចំនួន​១.៧៩៤នាក់។ រីឯ​អ្នកស្លាប់​មាន​ចំនួន ២២នាក់ និង​អ្នកស្លាប់​ដោយ​ជំងឺ​ផ្សេងៗ​ពេល​កំពុង​ព្យាបាល​កូវីដ១៩​មាន​ចំនួន៥នាក់។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​រាជធានី​ ខេត្តចាត់​វិធានការ​ចាំបាច់​នានា​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ សំដៅ «​ធានា​នូវ​ការគោរព​ និង​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ដោយ​ម៉ត់ចត់​និង​ខ្ជាប់​ខ្ជួន» ​ទាំង​នៅក្នុង​ការគ្រប់គ្រង​ចរាចរណ៍​និង​ការដឹកជញ្ជូន​មនុស្ស​និង​ទាំង​នៅ​តាម​ទីតាំង​ផ្សេង​ទៀត​អាច​មាន​សភាព​អ៊ូអរ​និង​មាន​មនុស្ស​ជួបជុំ​គ្នា​ក្នុង​ចំនួន​ច្រើន។

ទន្ទឹមគ្នា​នេះ​ដែរ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ក៏​បាន​ចេញ​បញ្ជា​ដោយឡែក​មួយ​ទៀត​ឲ្យ​រៀបចំ​ការព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល​នៅ​តាម​ផ្ទះ​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ការ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​និង​ក៏​បាន​បញ្ជា​ឲ្យរៀបចំ​ក្រុម​គ្រូ​ពេទ្យ​ចល័ត​ ដើម្បី​ទៅ​ព្យាបាល​អ្នក​ជំងឺ​ស្រាលនៅតាម​ផ្ទះ ប្រសិនបើ​អ្នក​ជំងឺមាន​ផ្ទះ​សម្បែង​សម​រម្យ​សម្រាប់ព្យាបាល​និង​អាច​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​បាន៕

XS
SM
MD
LG