លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានបញ្ជាឲ្យរៀបចំការព្យាបាលអ្នកជំងឺកូវីដ១៩ស្រាលនៅតាមផ្ទះ ដើម្បីកាត់បន្ថយការកកស្ទះព្យាបាលនៅតាមមន្ទីរពេទ្យនានា។
នៅក្នុងសារសំឡេងមួយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ លោក ហ៊ុន សែន បានលើកឡើងថាត្រូវរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីទៅព្យាបាលអ្នកជំងឺស្រាលនៅតាមផ្ទះ ប្រសិនបើអ្នកជំងឺមានផ្ទះសម្បែងសមរម្យសម្រាប់ព្យាបាល និងអាចនៅឆ្ងាយពីក្រុមគ្រួសារបាន។ លោកបន្តថាវិធានការព្យាបាលនៅតាមផ្ទះ ក៏ត្រូវបានអនុវត្តក្នុងប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក បារាំងនិងប្រទេសនៅអឺរ៉ុបមួយចំនួនទៀត។
លោកថ្លែងថា៖ «យើងមិនអាចទទួលអស់ទេក្នុងករណីមានការកើនឡើងថែមទៀត។ អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀត ក៏វានៅតែមិនគ្រប់ដែរ។ អញ្ចឹងវិធីដោះស្រាយ គឺមានតែទុកអ្នកដែលមានវិជ្ជមានកូវីដ ប៉ុន្តែស្រាល ទុកព្យាបាលនៅតាមផ្ទះទៅវិញ។ ប៉ុន្តែត្រូវតែមានការវិនិច្ឆយឲ្យបានច្បាស់»។
លោក ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាលរៀបចំ«ក្រមប្រតិបត្តិ»មួយសម្រាប់ការព្យាបាលនៅតាមផ្ទះ ហើយដល់ពេលណាមួយ នឹងមានការអនុវត្ត ដោយសារស្ថានភាពឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍២០កុម្ភៈ មិនទាន់ថមថយនៅឡើយ។
លោកបន្ថែមថា៖ «ខ្ញុំគិតថាយើងនឹងអាចឈានទៅដល់ដំណាក់កាលនោះ ក្នុងករណីដែលព្រឹត្តិការណ៍២០កុម្ភៈនេះ មិនមានការថមថយ ដូចជាពេលនេះ ជាពិសេសដែលវាបាននិងកំពុងកើតនៅទីក្រុងភ្នំពេញនិងខេត្តកណ្តាល»។
បើតាមលោក ហ៊ុន សែន យ៉ាងតិចណាស់អ្នកជំងឺ៥០% មានលទ្ធភាព ហើយចង់ព្យាបាលនៅតាមផ្ទះ។ លោកបន្ថែមថារដ្ឋាភិបាលនឹងផ្តល់ថវិកា២ម៉ឺនរៀលក្នុងមួយថ្ងៃដល់អ្នកជំងឺស្រាល សម្រាប់ការហូបចុកផ្សេងៗនៅតាមផ្ទះ។ លោកក៏បានបញ្ជាឲ្យមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅតាមខណ្ឌនីមួយៗ ដើម្បីបំពេញការងារចល័តក្នុងការព្យាបាលតាមផ្ទះផងដែរ។
បើតាមក្រសួងសុខាភិបាល អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងមណ្ឌលទូទាំងប្រទេស មានចំនួន១.០០៣នាក់ គិតត្រឹមថ្ងៃអង្គារនេះ។
នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលកម្ពុជាបានរាយការណ៍ករណីឆ្លងថ្មីចំនួន៧១នាក់ទៀត ដែលនាំឲ្យករណីឆ្លងសរុបមានចំនួន២.២៩៣នាក់ គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មាន២៣នាក់ គិតត្រឹមថ្ងៃអង្គារនេះ។
លោក មាស នី អ្នកវិភាគសង្គម បានលើកឡើងថាការព្យាបាលតាមផ្ទះជាវិធីមួយដែលគេអនុវត្តនៅប្រទេសផ្សេងៗ ដោយសារការព្យាបាលនៅតាមមន្ទីរពេទ្យមិនអាចធ្វើទៅរួច។ ប៉ុន្តែលោកបារម្ភអំពីការអនុវត្តមិនបានល្អ ដែលនាំឲ្យមានការរត់គេចចេញ និងឆ្លងទៅអ្នកដទៃ។
លោកមានប្រសាសន៍ថា៖ «សូម្បីតែយើងទុកនៅក្នុងចត្តាឡីស័ក មានអ្នកខ្លះរត់ចេញទៅទៀត ចុះបើសិនដាក់ឲ្យនៅព្យាបាលនៅតាមផ្ទះ តើយើងត្រូវបង្កើននូវការអប់រំប៉ុនណា ដើម្បីឲ្យទាំងគ្រួសារ ទាំងអ្នកជិតខាងបានយល់អំពីវិធានការហ្នឹង ហើយនឹងចូលរួមក្នុងការព្យាបាលជំងឺហ្នឹងទាំងអស់គ្នា។ បើមិនអញ្ចឹងទេ វានឹងអាចធ្វើឲ្យវាពិបាកគ្រប់គ្រង»។
លោកបន្តថាប្រព័ន្ធសុខាភិបាលកម្ពុជាក៏នៅខ្វះខាតធនធានមនុស្សនិងមធ្យោបាយផ្សេងៗ។ លោកជំរុញឲ្យរៀបចំផែនការមួយច្បាស់លាស់ នៅពេលអនុវត្តការព្យាបាលនៅតាមផ្ទះ។
កាលពីខែមីនា កម្ពុជាបានប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយមានការដាក់ទោសទណ្ឌរហូតជាប់ពន្ធនាគារ សម្រាប់អ្នកបំពានវិធានការរដ្ឋបាល វិធានការចត្តាឡីស័ក និងវិធានការឃុំគ្រងសម្រាកព្យាបាល។ តួយ៉ាង អ្នកបំពានគេចវេះពីការធ្វើចត្តាឡីស័កអាចប្រឈមនឹងការជាប់ពន្ធនាគារដល់ទៅដល់៣ឆ្នាំនិងរងការពិន័យដល់ទៅ១០លានរៀល បើសិនជាបានចម្លងវីរុសដល់អ្នកដទៃអំឡុងការបំពាន៕