ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ច​ចាប់​​មនុស្ស​២៧​នាក់​នៅ​កន្លែង​ជល់មាន់​និង​លេង​អាប៉ោង​ តែ​​ដោះ​លែងវិញ​ក្រោយ​ពី​«ធ្វើការ​អប់រំ ​និង​ធ្វើ​កិច្ច​សន្យា»


រូបឯកសារ៖ មាន់ជល់នៅក្នុងភូមិទួលព្រឹកក្នុងខេត្តកំពង់ស្ពឺនៃប្រទេសកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០០៦។
រូបឯកសារ៖ មាន់ជល់នៅក្នុងភូមិទួលព្រឹកក្នុងខេត្តកំពង់ស្ពឺនៃប្រទេសកម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០០៦។

គេហទំព័រ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឲ្យ​ដឹង​ថា​ ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​ និង​ចាក់​អាប៉ោង​មួយ​កន្លែង​ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ទី៣ ​ខណ្ឌ​មានជ័យ​ កាល​ពី​ថ្ងៃទី​២៤​ ខែ​ឧសភា។ ​ក្នុង​ការ​បង្ក្រាប​នោះ​ សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន ​២៧ ​នាក់​ ក្នុង​នោះ ​១៣ ​នាក់​អាច​ជា​អ្នក​កាសែត ​ដោយសារ​មាន​បណ្ណ​អ្នក​សារព័ត៌មាន។ ចំណែក​ជន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ផ្សេង​ទៀត​ភាគ​ច្រើន​ជា​អ្នក​រត់​ម៉ូតូ​ឌុប ​ជាង​សំណង់ ​និង​កម្មករ​រោង​ចក្រ។​

នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យទី​៣ ​លោក​ ឯម ភារី ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​លម្អិត​ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ការ​ឃាត់​ខ្លួន​អ្នក​កាសែត​ទាំង​ ១៣ ​នាក់​ នៅ​ទី​កន្លែង​ជល់​មាន់​ទេ។​ ប៉ុន្តែ​លោកប្រាប់​ VOA​ថា ​ អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ទាំង ​២៧​ នាក់​នោះ ​ត្រូវ​បាន​ដោះ​លែង​ កាល​ពី​ថ្ងៃ​អង្គារ​ ​ក្រោយ​ទទួល​បាន​ «ការ​អប់រំ និង​ធ្វើ​កិច្ច​សន្យា»។​

«អប់រំ កិច្ច​សន្យា​កុំ​ឲ្យ​មាន​ចូល​ទីតាំង​ការ​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​ហ្នឹង​ទៀត​ ប្រព្រឹត្ត​ទង្វើ​ដែល​ខុស​ច្បាប់​»។

លោក​ ញ៉ែម ចាន់ណា ​ចាងហ្វាង​កាសែត​និង​គេហ​ទំព័រ​ខ្មែរ​ប្រជាប្រិយ​ ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា ​អ្នកសារ​ព័ត៌មាន​របស់​ស្ថាប័ន​លោក ​២ ​នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ល្បែង​ជល់​មាន់​នោះ។ ​ប៉ុន្តែ​លោក​ថា​ ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​ដោះ​លែង​នៅ​ម៉ោង​ប្រមាណ​ ៨​ យប់​ កាល​ពី​ថ្ងៃ​អង្គារ។​

លោក​បន្ត​ថា បុគ្គលិក​របស់​លោក​ទាំង​ពីរ​នាក់​បាន​ទៅ​យក​ព័ត៌មាន​នៅ​ទីនោះ ​មុន​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប។​

«ក្រោយ​ពី​ខ្ញុំ​ប្រតិកម្ម​ផ្សេងៗ​ ក៏​ត្រូវ​បាន​ខាង​ប៉ុស្តិ៍​គាត់​បាន​ដោះ​លែង​ម្សិលមិញ​ នៅ​ម៉ោង ​៧ ​ជាង ​៨​ យប់​គឺ​ត្រូវ​បាន​ដោះ​លែង​ទាំង​អស់​គ្នា​ ទាំង​ក្រុម​ការងារ​របស់​ខ្ញុំ ​ហើយ​នឹង​ទាំង​ស្ថាប័ន​កាសែត​ផ្សេងៗ​ទៀត ​ដូចជា​ជាង ​១០ ​នាក់»។​

លោក​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ។​

VOA បាន​ព្យាយាម​ទំនាក់​ទំនង​ទៅ​កាន់​ស្ថាប័ន​ព័ត៌មាន​ផ្សេងទៀត ​ ប៉ុន្តែមិនអាច​ទាក់ទង​បាន។​

បើ​តាម​គេហទំព័រ​របស់​ប៉ូលិស​ ​ អ្នក​កាសែត​ទាំង​ ១៣ ​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ មាន​ស្រ្តី ​៣ ​នាក់ ​និង​ប្រុស​ ១០ ​នាក់។​ ពួកគេ​ធ្វើ​ការ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​សំឡេង​មាស រស្មីជាតិ ​អភិវឌ្ឍន៍​សង្គម ខ្មែរ​ប្រជាប្រិយ​ SNT News ​សេនា​ដៃប្រាំបី ​RSKY ​ផ្សះផ្សា​ជាតិ​ PCK News ​និង​សេដ្ឋកិច្ច​សង្គម។​

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ លោក ​មាស សុភ័ណ្ឌ ​ប្រាប់ ​VOA​ ថា​ ក្រុម​ការងារ​របស់​ក្រសួង​កំពុង​ពិនិត្យ​ករណី​នេះ។ ​លោក​ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​គោរព​តាម​ក្រម​សីលធម៌​និង​វិជ្ជាជីវៈ។ ​

«យើង​អនុវត្ត​នូវ​យន្តការ​សំខាន់​បី ​គឺ​ អំពាវនាវ​ លើក​ទឹក​ចិត្ត​ឲ្យ​គោរព​ច្បាប់ ​គោរព​ក្រម​សីលធម៌ ​ យន្តការ​ទី​ ២ ​គឺ​ការ​អប់រំ ​និង​យន្តការ​ទី​បី ​គឺ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​បញ្ចប់​ភាព​ស្របច្បាប់​នៃ​អង្គភាព​សារ​ព័ត៌​មាន ​ឬ​ក៏​អ្នក​សារ​ព័ត៌មាន​នោះ​ តាម​រយៈ​ការ​បញ្ចប់​ប្រកាស​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​ពួក​គាត់»។​

លោក​បន្ថែម​ថា ​កន្លង​ទៅ​ក៏​មាន​ករណី​អ្នកសារ​ព័ត៌មាន​ទារ​លុយ​ពី​ប្រភព​ជា​ថ្នូរ​នឹង​ការ​មិន​ចុះ​ផ្សាយ​ផង​ដែរ ​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​លម្អិត​បាន​ទេ។

អ្នកនាង​ ឡុង គីមម៉ារីតា​ អ្នកសារ​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ និយាយ​ថា​ ជា​រឿយៗ​ អ្នកនាង​តែងតែ​ឃើញ​ការ​ចុះ​ព័ត៌មាន​ពី​ការ​ឃាត់​ខ្លួន​អ្នក​កាសែត បន្ទាប់​ពី​អាជ្ញាធរ​បង្ក្រាប​កន្លែង​ជល់​មាន់ ឬ​ល្បែង​ខុស​ច្បាប់​ផ្សេងៗ។

ប៉ុន្តែ​អ្នកនាង​មិន​ធ្លាប់​ស្គាល់​ឈ្មោះ​អ្នក​សារ​ព័ត៌មាន​ទាំង​នោះ​ ហើយ​ស្ថាប័ន​កាសែត​របស់​ពួកគេ​មួយ​ចំនួន ​ក៏​អ្នក​នាង​មិន​ធ្លាប់​បាន​ឮ​ឈ្មោះ​ដែរ។​ អ្នក​នាង​បន្ថែម​ថា ​ប្រសិន​បើ​អ្នក​កាសែត​ទាំង​នោះ​ប្រើប្រាស់​អាជីព​ជាអ្នក​កាសែត ​ទៅ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់ ​និង​មិន​បាន​បំពេញ​វិជ្ជាជីវៈ​ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​សារ​ព័ត៌មាន​ផ្សេងទៀត។ ​

«រូបភាព​បែប​នេះ​វា​ធ្វើ​ឲ្យ​វិស័យ​សារ​ព័ត៌មាន​របស់​យើង​ ក៏វា​មាន​ភាព​មិន​ល្អ ​ស្រប​ពេល​ដែល​យើង​រង​ការ​ប៉ះ​ទង្គិច​នូវ​បញ្ហា​ការ​គាប​សង្កត់ ​ការ​បិទ​សិទ្ធិ​សេរីភាព​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើការ​របស់​យើង​ផ្សេងៗ​ក៏​មាន។ ​ការ​ធ្វើការ​របស់​អ្នក​កាសែត​ដែល​មិន​ប្រកប​ដោយ​វិជ្ជាជីវៈ​មួយ​ចំនួន ​ក៏​បាន​ទាញ​អ្នក​កាសែត​អាជីព​ដែល​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ ​ឲ្យ​ទៅ​ជា​រូបភាព​អាក្រក់​មួយ​ក្នុង​សង្គម​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ដែរ»។​

លោក ​ណុប វី ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​ហៅ​កាត់​ថា ​ ខេមបូចា ​មាន​ប្រសាសន៍​ថា​ ការ​ឃាត់​ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​កន្លែង​ជល់​មាន់​និង​ភ្នាល់​អាប៉ោង​ គឺ​ខុស​គ្នា​ទៅ​នឹង​អ្នក​សារ​ព័ត៌​មាន​ដែល​ត្រូវ​បាន​គេ​សូក​លុយ ​ជា​ថ្នូរ​កុំ​ឲ្យ​ចេញ​ផ្សាយ​ព័ត៌មាន។ លោក​បញ្ជាក់​ថា​ ការ​ទទួល​យក​សំណូក​ពី​ម្ចាស់​ទីតាំង​ជាថ្នូរ​នឹង​ការ​មិន​ចេញ​ផ្សាយ​ព័ត៌មាន ​គឺ​ជា​កំហុស​វិជ្ជាជីវៈចំណែក​ការ​គំរាម​កំហែង​ម្ចាស់​ទីតាំង​ ដើម្បី​បាន​លុយ​នោះ​ជា​បទ​ល្មើស​ផ្នែក​ព្រហ្មទណ្ឌ។​

លោក​អំពាវ​នាវ​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​ មុន​នឹង​មាន​ការ​ចោទ​ប្រកាន់​អ្នកសារ​ព័ត៌មាន។​

«កាល​ណា​គាត់​ទៅ​សម្លុត​គេ ​ទៅ​ដាក់​ជា​ថ្នូរ​ការ​មិន​ចេញ​ផ្សាយ​ព័ត៌មាន​ ជា​ការ​សម្លុត​គំរាម​កំហែង​គេ​អញ្ចេះ​ គឺ​គាត់​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ ​ដូច​បុគ្គល​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​អ៊ីចឹង។ ​វា​លើក​លែង​តែ​គាត់​ទៅ​ដល់​ ហើយ​ត្រូវ​បាន​គេ​ឲ្យ​ហើយ​គេ​ស្នើ​សុំ​ថា​ មិន​បាច់​ចេញ​ផ្សាយ​ទេ។​ គាត់​ទៅ​យក​លុយ​យក​កាក់​គេ​អី​អ៊ីចឹង​ អាហ្នឹង​ខ្ញុំ​ថា​ វា​ជា​រឿង​កំហុស​វិជ្ជាជីវៈ​របស់​អ្នកសារ​ព័ត៌មាន ​ដែល​គួរ​តែ​មាន​ការ​ផ្តល់​ការ​អប់រំ​ផ្នែក​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ជាជាង​ការ​ប្រើប្រាស់​ក្រម​ព្រហ្មទណ្ឌ​មក​ចាត់​វិធានការ»។​

លោក​ មាស សុភ័ណ្ឌ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​ឲ្យដឹង​ថា ​គិត​ត្រឹម​ត្រីមាស​ទី​១ ​ឆ្នាំ​ ២០២០​ ក្រសួង​បាន​ផ្តល់​បណ្ណ​ព័ត៌មាន​ទៅ​ឲ្យ​អ្នក​សារ​ព័ត៌មាន​ជាង​ ៣​ ពាន់​នាក់​ ក្នុង​នោះ​ស្រ្តី​ជិត​ ៣០០​ នាក់។​ លោក​បន្ត​ថា​ គិត​ត្រឹម​ត្រីមាស​ទី១ ​នៃ​ឆ្នាំ​ ២០២០​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រួម​មាន​ទូរទស្សន៍​ វិទ្យុ ​កាសែត ​ទស្សនាវដ្តី ​គេហទំព័រ​ជាដើម ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ សរុប​មាន​ប្រមាណ ​១.៧០០​ ស្ថាប័ន​នៅ​ទូទាំង​ប្រទេស។​

ការ​ផ្តល់​បណ្ណ​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​មិន​មែន​ជា​អ្នក​សារព័ត៌មាន​អាជីព​ និង​មិន​មាន​ស្ថាប័ន​ជាក់​លាក់ ​នាំ​ឲ្យ​មាន​ការ​រិះគន់​ ព្រោះ​ពួកគេ​ប្រើប្រាស់​បណ្ណ​នេះ​ទៅ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ​ក្នុង​នោះ​មាន​ការ​ជម្រិត​ទារ​ប្រាក់​ផង​ដែរ។​

ប៉ុន្តែ​លោក​ មាស សុភ័ណ្ឌ ​ អនុ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ​បាន​ថ្លែង​ថា​ ការ​ផ្តល់​បណ្ណ​សារ​ព័ត៌មាន​ទៅ​ឲ្យ​អ្នក​សារ​ព័ត៌មាន​គឺ​ធ្វើ​ឡើង​ទៅ​តាម​បែប​បទ​នីតិវិធី​ត្រឹម​ត្រូវ៕

XS
SM
MD
LG