លោក សុវណ្ណ រិទ្ធី និពន្ធនាយកសារព័ត៌មានអនឡាញ TVFB ជាអ្នកសារព័ត៌មានម្នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្តីរបស់លោកនាយករដ្ឋមន្រ្តីទាក់ទងនឹងការថ្លែងថា រដ្ឋាភិបាលមិនអាចជួយអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុបបានទេ ក្នុងពេលរងគ្រោះដោយសារការរាតត្បាតពីវីរុសកូរ៉ូណា។
ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកធ្វើការលើវិស័យសារព័ត៌មានរិះគន់រដ្ឋាភិបាលកម្ពុជាថាកំពុងបង្ក្រាបបន្ថែមទៀតលើសេរីភាពនៃការបញ្ចេញមតិ រួមមានការចាប់ខ្លួនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋដែលបញ្ចេញមតិទាក់ទងនឹងជំងឺកូវីដ១៩។
ក្រសួងព័ត៌មានបានសម្រេចដកអាជ្ញាបណ្ណរបស់ TVFB និងចោទថា«ម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់បង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»។
ចាប់ពីខែមករាដល់ខែមេសាឆ្នាំ ២០២០ សមត្ថកិច្ចបានចាប់ខ្លួនអ្នកដែលបង្ហោះសារលើបណ្តាញសង្គមពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ប្រមាណ ៣០នាក់។ នេះបើតាមតួលេខរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ។ ក្នុងនោះសមត្ថកិច្ចបានដោះលែងវិញចំនួន ១៦នាក់។ ចំណែកចំនួន ១៤នាក់ទៀតត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ។
លោក សូត្រ សុខប្រាថ្នា អ្នកសារព័ត៌មានរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ចាប់តាំងពីមានការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយ និងការបង្ក្រាបគណបក្សប្រឆាំងក្នុងឆ្នាំ ២០១៧ មក រហូតមកដល់ពេលនេះស្ថានភាពចុះយកព័ត៌មាននិងរាយការណ៍របស់លោកនៅតែបន្តមានការរឹតត្បិត និងការប្រឈមច្រើន។ លោកបន្តថា ការបិទស្ថាប័នសារព័ត៌មានឯករាជ្យជាច្រើនការចោទប្រកាន់និងឃុំខ្លួនអ្នកសារព័ត៌មាន ព្រមទាំងការបង្កើតច្បាប់ថ្មីៗមួយចំនួន ដែលបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់អ្នកសារព័ត៌មានជាមូលហេតុធ្វើឲ្យលោកតែងបង្កើនការប្រុងប្រយ័ត្ន និងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
«យើងព្រួយបារម្ភទាក់ទងនឹងការរាយការណ៍ព័ត៌មានរបស់យើង ដែលគោរពវិជ្ជាជីវៈហ្នឹង អាចនឹងត្រូវបានគេចោទប្រកាន់ផ្សេងៗ។ ដូចករណីថ្មីៗយើងដឹងស្រាប់ ហើយមានករណីផ្សាយសម្រង់សម្តីរបស់លោកនាយករដ្ឋមន្រ្តីក៏ត្រូវបានគេចាប់ដាក់ពន្ធនាគារ ហើយបិទទាំងស្ថាប័នអីជាដើម។ អ៊ីចឹងហើយ គឺយើងព្រួយបារម្ភក្នុងការរាយការណ៍។ ហើយក្នុងមួយរយៈពេលចុងក្រោយហ្នឹង គឺខ្ញុំត្រូវរាយការណ៍ប្រយ័ត្នប្រយែងខ្ពស់ជាងមុនបន្ថែមទៀត»។
លោកបន្តថា លោកត្រូវបង្កើនការការពារបន្ថែមដោយសារបារម្ភពីការឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុងការរាយការណ៍អំពីជំងឺសួតប្រភេទថ្មីនេះ ស្របពេលដែលការទទួលព័ត៌មានពីមន្រ្តីរដ្ឋាភិបាលមិនទាន់ពេលវេលា។
«អាហ្នឹងក៏ជាអារម្មណ៍មួយដែលធ្វើឲ្យអ្នកសារព័ត៌មានត្រូវរងសម្ពាធផ្ទួនៗគ្នា។ រងសម្ពាធសេរីភាពសារព័ត៌មានដែលយើងផ្សាយហ្នឹង យើងត្រូវការមានការប្រយ័ត្នប្រយែងខ្ពស់ជាងមុន ហើយយើងត្រូវរងសម្ពាធផ្លូវចិត្ត នៅពេលដែលមុំព័ត៌មានរបស់យើង មិនអាចទទួលបានថ្មីៗពីខាងរដ្ឋាភិបាលដើម្បីឆ្លើយតបទៅនឹងអ្វីដែលយើងសរសេរ ហើយសម្ពាធមួយទៀតហ្នឹង គឺយើងចុះទៅផ្ទាល់ហ្នឹងយើងបារម្ភពីសុវត្ថិភាពសុខភាពរបស់យើងផ្ទាល់»។
កាលពីដើមខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថាអំឡុងពេលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតវីរុសកូរ៉ូណាអាជ្ញាធរអាចចាប់ខ្លួនអ្នក ដែលហ៊ានបញ្ចេញមតិណាមួយដែលរដ្ឋាភិបាលយល់ថា ប៉ះពាល់ដល់សន្តិសុខសង្គម។ លោកនាយករដ្ឋមន្រ្តីក៏បានព្រមានចំៗទៅលើលោក អំ សំអាត មន្រ្តីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ ក្រោយពេលដែលលោកបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអាស៊ីសេរី ជុំវិញវិធានការរបស់រដ្ឋាភិបាលទៅលើអ្នកបង្ហោះសារផ្សេងៗពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
កាលពីថ្ងៃទី ២៤ ខែមីនា អង្គការ Human Rights Watch ដែលមានមូលដ្ឋាននៅអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានបង្រ្កាបលើសេរីភាពនៃការបញ្ចេញមតិចំពេលមានការរាតត្បាតវីរុសកូរ៉ូណា។ អង្គការនេះបន្ថែមថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ឱកាសនៃការរាតត្បាតជំងឺកូវីដ១៩ ដើម្បីដាក់ពន្ធនាគារសកម្មជនបក្សប្រឆាំង និងអ្នកផ្សេងទៀតដែលបង្ហាញការព្រួយបារម្ភអំពីវីរុសនេះនិងការឆ្លើយតបរបស់រដ្ឋាភិបាល»។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងក្នុងកិច្ចពិភាក្សាមួយនៅថ្ងៃសុក្រនេះថា ការថ្លែងរិះគន់ប្រមុខរដ្ឋាភិបាលកម្ពុជាថា បានប្រើប្រាស់ករណីជំងឺកូវីដ១៩ដើម្បីបង្ក្រាបអ្នកបញ្ចេញមតិនិងអ្នកសារព័ត៌មានគឺជាការបង្កើតយុទ្ធនាការប្រឆាំងនឹងនាយករដ្ឋមន្រ្តី។
«គាត់និយាយហ្នឹងក្នុងទិសដៅ ក្នុងការធ្វើយុទ្ធនាការប្រឆាំងនឹងសម្តេចតេជោតែប៉ុណ្ណោះ»។
នៅឆ្នាំ ២០២០ នេះ ទិវាសេរីភាពសារព័ត៌មានពិភពលោកនឹងប្រារព្ធឡើងក្រោមប្រធានបទ «សារព័ត៌មានគ្មានការភ័យខ្លាចឬលម្អៀង (Journalism without Fear or Favor)។ ប៉ុន្តែនៅកម្ពុជា អ្នកសារព័ត៌មាននៅតែបន្តរងការរឹតត្បិតចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៧ ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
រហូតមកដល់ពេលនេះ អ្នកសារព័ត៌មានមួយចំនួនកំពុងរងបណ្តឹងនិងការចោទប្រកាន់តាមផ្លូវតុលាការនៅឡើយ ដោយសារការបំពេញការងាររបស់ពួកគេ ដូចជាអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ កំពុងរងការចោទប្រកាន់ពីបទផ្តល់ព័ត៌មានឲ្យរដ្ឋបរទេស។ អតីតអ្នកកាសែត The Cambodia Daily ពីររូប គឺលោក អូន ភាព និងលោក Peter Zomber ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារការសួរសំណួរទៅកាន់ពលរដ្ឋអំពីបោះឆ្នោត។ ចំណែកលោក រ៉ាត់ រត្នមុនី អ្នកបកប្រែឲ្យសារព័ត៌មានរដ្ឋរុស្ស៊ី RT(Russia Today) ក្នុងការផលិតវីដេអូស៊ើបអង្កេត «ម្ដាយខ្ញុំលក់ខ្ញុំ» កំពុងជាប់ពន្ធនាគារ។
លោក អូន ភាព អតីតអ្នកសារព័ត៌មានកាសែត The Cambodia Daily ដែលកំពុងភៀសខ្លួនទៅក្រៅប្រទេសក្រោយមានការចោទប្រកាន់ពីតុលាការ បានថ្លែងប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា លោកជំរុញឲ្យតុលាការពន្លឿនសវនាការលើរូបលោក ខណៈតុលាការខេត្តរតនគិរីបានពន្យារពេលតាំងពីខែធ្នូ ឆ្នាំ ២០១៩ ដោយមិនកំណត់ពេលនៅឡើយ។ លោកនៅតែបន្តចាត់ទុកថា ការចោទប្រកាន់លោក ដោយសារតែការសម្ភាសប្រជាពលរដ្ឋ គឺជារឿងអយុត្តិធម៌។
«វាជារឿងអយុត្តិធម៌ចំពោះខ្ញុំ និងសហការីខ្ញុំម្នាក់ទៀត ព្រោះថាអានេះយើងគ្រាន់តែអនុវត្តនូវតួនាទីការងារជាអ្នកកាសែតរបស់យើង ក្នុងការសម្ភាសប្រជាពលរដ្ឋរឿងអី ដែលអាជ្ញាធរហ្នឹងមកប្តឹងយើងចោទយើងពីបទញុះញង់អីជាដើមវាអត់ត្រូវ។ អ៊ីចឹងខ្ញុំមិនអាចទទួលយកបានទេ ការដែលចោទប្រកាន់នេះ»។
លោក អ៊ូច សូនី អតីតអ្នកសារព័ត៌មានកាសែត The Cambodia Daily មួយរូបដែលកំពុងធ្វើជាការអ្នកសរសេរព័ត៌មានឯករាជ្យនិយាយថា ចាប់តាំងពីកាសែត The Cambodia Daily លែងមានវត្តមាននៅកម្ពុជា លោកត្រូវស្វែងរកការងារដោយធ្វើជាអ្នកសារព័ត៌មានសរសេរអត្ថបទលក់ឲ្យស្ថាប័នផ្សេងៗជំនួសវិញ។ អ្នកសារព័ត៌មានដែលចាប់អាជីពកាសែតអស់រយៈពេលជាង ៦ ឆ្នាំរូបនេះបន្ថែមថា បច្ចុប្បន្ននេះលោកពិបាកក្នុងការសម្ភាសប្រភព និងពេលខ្លះមិនអាចរកចំណូលបានគ្រប់គ្រាន់ ជាពិសេសក្នុងអំឡុងការកើតមានជំងឺកូវីដ១៩។
«វាមានភាពលំបាកខ្លះដែរនៅក្នុងការសរសេរ ដោយសារប្រភពមួយចំនួនគាត់បដិសេធមិនសូវហ៊ាននិយាយជាមួយយើង ជាពិសេសគឺប្រជាពលរដ្ឋធម្មតាដោយសារគាត់បារម្ភពីបញ្ហាសុវត្ថិភាពរបស់គាត់»។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍ថា សេរីភាពសារព័ត៌មាននៅកម្ពុជាមិនមានភាពប្រសើរណាមួយនោះទេ ចាប់តាំងពីការបង្ក្រាបកាលពីឆ្នាំ ២០១៧ មក។
«អ្នកសារព័ត៌មានហ្នឹងគឺនៅតែទទួលរងនូវការប្តឹងផ្តល់ចោទប្រកាន់ ដូចជាករណីបណ្តឹងនៅតុលាការអីហ្នឹងក៏មិនមានការទម្លាក់ចោល។ ហើយរហូតមកដល់ចុងក្រោយនេះទៀតសោត ឃើញមានទាំងការដកអាជ្ញាបណ្ណការដកអីសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើសេចក្តីរាយការណ៍ព័ត៌មានទាន់ហេតុការណ៍អីផ្សេងៗផង»។
លោក ណុប វី បន្ថែមថា រដ្ឋាភិបាលគួរតែប្រើច្បាប់ស្តីពីរបបសារព័ត៌មានមកអនុវត្តលើអ្នកសារព័ត៌មាន ដែលមានកំហុសផ្នែកការផ្សាយមិនគួរប្រើក្រមព្រហ្មទណ្ឌ និងការដកអាជ្ញាបណ្ណភ្លាមៗនោះទេ។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារវិសាលភាពការផ្សព្វផ្សាយកាន់តែរីកចម្រើន ហើយចំនួនស្ថាប័នសារព័ត៌មានក៏កាន់តែច្រើន។
លោកបន្តថា ការចាត់វិធានការផ្លូវច្បាប់លើអ្នកសារព័ត៌មាននាពេលកន្លងមកនិងពេលថ្មីៗនេះ គឺធ្វើឡើងតាមច្បាប់ដោយសារអ្នកសារព័ត៌មានទាំងនោះមានកំហុសវិជ្ជាជីវៈ។
ពេល VOA សួរអំពីការកើនឡើងតែចំនួនស្ថាប័នសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាល ប៉ុន្តែស្ថាប័នព័ត៌មានមិនរណបរដ្ឋាភិបាលបានថយចុះជាបន្តបន្ទាប់នោះ លោក មាស សុភ័ណ្ឌ បានឆ្លើយថា៖ «ការកើនឡើងនៃចំនួនបណ្តាញសារព័ត៌មាន គឺវាបញ្ជាក់អំពីសេរីភាពសារព័ត៌មាន ដែលត្រូវបានធានាត្រូវបានទទួលស្គាល់ ដោយសារការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។ អ៊ីចឹងបើយើងយល់ឃើញថា គ្រាន់តែការកើនឡើងមិនមែនជាសេរីភាពសារព័ត៌មាន អាហ្នឹងវាទស្សនៈមួយរើសអើងហើយ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមេសា បានថ្លែងទៅកាន់អ្នកសារព័ត៌មាន VOAក្នុងសន្និសីទមួយថា លោកមិនចង់និយាយជាមួយអ្នកសារព័ត៌មាន VOA នោះទេ ដោយលោកហៅ VOA ថាជាស្ថាប័ន «ខូច»។
របាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២០ ចេញផ្សាយកាលពីថ្ងៃទី ១៩ខែមេសា ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានចាត់ថ្នាក់ប្រទេសកម្ពុជានៅលេខ ១៤៤ ក្នុងចំណោមប្រទេសសរុបចំនួន ១៨០ ដែលជាការធ្លាក់ចំណាត់ថ្នាក់ ៣ ឆ្នាំជាប់ៗគ្នា។
រដ្ឋាភិបាលកម្ពុជាក៏បានបង្កើត «ច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន» ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់ កាលពីថ្ងៃពុធ។ អ្នកធ្វើការផ្នែកសិទ្ធិមនុស្សលើកឡើងថា ច្បាប់នេះមានការចែងកម្រិតសេរីភាពនៃការផ្សព្វផ្សាយត្រង់ចំណុច «ហាមឃាត់ឬកម្រិតការចែកចាយឬការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឲ្យមានការភ័យខ្លាចដល់សាធារណជន ឬចលាចលដែលនាំឲ្យខូចខាតដល់សន្តិសុខជាតិ ឬធ្វើឲ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន»។
លោក សូត្រ សុខប្រាថ្នា អ្នកសារព័ត៌មានម្នាក់នៅវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បារម្ភថាប្រសិនបើច្បាប់នេះត្រូវយកមកប្រើក្នុងកាលៈទេសៈណាមួយនោះ សេរីភាពសារព័ត៌មាននៅកម្ពុជារឹតតែរួមតូចថែមទៀត ហើយសុវត្ថិភាពរបស់អ្នកសារព័ត៌មាននឹងត្រូវប្រឈមកាន់តែខ្លាំង។
«ចំណុចមួយចំនួនក៏បានចែងអំពីការរឹតត្បិត ការតាមដានរាល់ការផ្សាយព័ត៌មានការយកព័ត៌មាន ឬក៏ការសន្ទនារបស់ប្រជាពលរដ្ឋហ្នឹង ក៏ត្រូវបានឃុំគ្រងដោយរដ្ឋដែរ។ អ៊ីចឹងសេរីភាពសារព័ត៌មានរបស់កម្ពុជា បើពិតជាមានការប្រើប្រាស់ច្បាប់ហ្នឹងមែន វារឹតតែមានការរួមតូចថែមទៀត»៕