សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃអង្គារ បានសម្រេចតម្កល់ការកាត់ទោសរបស់សាលាដំបូងលើអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ពី«បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង» ចំពោះការថ្លែងសារនយោបាយពាក់ព័ន្ធនឹងថ្ងៃ ៧ មករា និងការបង្កើតគណបក្សប្រជាជនកម្ពុជា។ នេះបើតាមមេធាវីការពារក្តីរបស់លោក ថាច់ សេដ្ឋា។
លោក ថាច់ សេដ្ឋា អាយុ ៧០ ឆ្នាំ ជាអ្នកនយោបាយដែលមានដើមកំណើតខ្មែរក្រោម និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។ លោកក៏ជាអតីតសមាជិកព្រឹទ្ធសភាផងដែរ។
មេធាវីការពារក្តីលោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃអង្គារ គឺយោងទៅតាមការអត្ថាធិប្បាយរបស់កូនក្តីលោក អំពីថ្ងៃ ៧ មករា និងការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលកូនក្តីលោកថា ជាការថ្លែងក្នុងន័យផ្សះផ្សាជាតិ មិនមែនក្នុងន័យឱ្យមានការញុះញង់ ឬការរើសអើងនោះទេ។
លោកថ្លែងថា៖ «គាត់ថា អយុត្តិធម៌សម្រាប់គាត់។ គាត់អត់មានបំណងញុះញង់អីផងហ្នឹង! គាត់មានបំណងចង់ឱ្យមានការផ្សះផ្សាជាតិ ខ្លាចជាតិបែកបាក់»។
កាលពីខែតុលា ឆ្នាំ ២០២៣ លោក ថាច់ សេដ្ឋា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៣ ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល (ប្រហែល ១.០០០ ដុល្លារអាមេរិក)។ លោកត្រូវបានកាត់ទោសដោយផ្អែកលើព្រឹត្តិការណ៍នៅពេលលោកថ្លែងសារទៅកាន់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ អំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា តុលាការសាលាឧទ្ធរណ៍លើកយកសារនយោបាយរបស់លោក ថាច់ សេដ្ឋា ដែលបានថ្លែងនៅប្រទេសកូរ៉េខាងត្បូងអំពីប្រវត្តិនៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងថ្ងៃ ៧ មករា មករក្សាការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ។
លោកផ្តល់ការកត់សម្គាល់ថា ការកាត់សេចក្តីលើសំណុំរឿងដែលជាប់ហេតុផលនយោបាយនឹងនាំឱ្យមានការរិះគន់បន្តបន្ទាប់ទៀតពីក្រុមប្រទេសប្រជាធិបតេយ្យ។
លោកប្រាប់វីអូអេថា៖ «យើងឃើញសហគមន៍អឺរ៉ុបក្តី សហរដ្ឋអាមេរិក ឬក៏អង្គការអន្តរជាតិជាច្រើន គេតែងតែសម្តែងនូវការព្រួយបារម្ភ ហើយមានការទាមទារឱ្យមានការទម្លាក់បទចោទទៅលើអ្នកយោបាយ សកម្មជន សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនការងារសង្គម សកម្មជនបរិស្ថានជាដើម។ គេថា ដើម្បីពង្រឹងឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអីជាដើម។ អ៊ីចឹង ករណីទំាងអស់នេះ ខ្ញុំមើលឃើញថា អាចនឹងមានការរិះគន់ដដែលៗទេ ជាបន្តទៅទៀត សម្រាប់កម្ពុជាយើង»។
វីអូអេព្យាយាមទាក់ទងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមដើម្បីសុំកាអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ឃុន លាងម៉េង ប៉ុន្តែមិនអាចទាក់ទងបានទេ។
នេះជាករណីទីពីរហើយដែលលោក ថាច់ សេដ្ឋា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស ហើយសេចក្តីសម្រេចនេះក៏ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ទុកជាបានការ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។
សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថា កាលពីខែមករា ឆ្នាំ ២០២៤ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលថា លោក សេដ្ឋា មានពិរុទ្ធលើបទចោទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ហើយបានសម្រេចផ្តន្ទាទោសលោក ដោយដាក់ពន្ធនាគារចំនួន១៨ខែ ពិន័យជាប្រាក់ចូលថវិការដ្ឋ និងផ្តល់សំណងទៅដើមបណ្តឹង។
ក្នុងសំណុំរឿងចេញសែកអត់ប្រាក់នេះ លោក ថាច់ សេដ្ឋា ធ្លាប់ប្រាប់ចៅក្រមក្នុងអង្គសវនាការកន្លងមកថា លោកមិនធ្លាប់ចេញសែកឱ្យដើមបណ្តឹងរដ្ឋប្បវេណី គឺហាងបញ្ចាំរិន ឆាយ (Rin Chhay Pawn Shop) នោះទេ តាំងពីឆ្នាំ ២០១៦ មក តែលោកបែរជាត្រូវបានចាប់ខ្លួនដោយគ្មានភស្តុតាងគ្រប់គ្រាន់ រហូតត្រូវផ្តន្ទាទោសទាំងអយុត្តិធម៌។ នេះបើតាមលោកសឺន ជុំជួន មេធាវីការពារក្តីម្នាក់ទៀតរបស់លោក ថាច់ សេដ្ឋា។
បើតាមអង្គការលីកាដូ លោក ថាច់ សេដ្ឋា បានជាប់ពន្ធនាគារអស់រយៈពេល ៤០៧ ថ្ងៃមកហើយ ក្នុងសំណុំរឿងចេញសែកគ្មានប្រាក់នេះ។ លោកត្រូវបានដាក់ឱ្យស្ថិតក្នុងពន្ធនាគារគិតចាប់តាំងពីមានការចាប់ខ្លួនលោក កាលពីខែមករា ឆ្នាំ ២០២៣៕
វេទិកាបញ្ចេញមតិ