ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ និង​លោក​ ហ៊ុន ម៉ាណែត​ ច្រាន​ចោល​របាយ​ការណ៍​និយាយ​អំពី​ការ​រឹតត្បិត​សេរី​ភាព​សារ​ព័ត៌មាន


រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បន្ទាប់​ពី​លោក​បំពេញទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បន្ទាប់​ពី​លោក​បំពេញទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក។ (ហ៊ាន សុជាតា/វីអូអេ)

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​ ខៀវ កាញារីទ្ធ ​និង​ លោក​ ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​នាយក​រដ្ឋមន្ត្រី ​បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​របាយ​ការណ៍​របស់​សមាគម​ការពារ​អ្នក​កាសែត​មួយ​ចំនួន​ និង​ថា ​របាយ​ការណ៍​របស់​ពួកគេ​ធ្វើ​ឡើង​ទៅ​តាម​ការ​ចង់​បាន​របស់​ម្ចាស់​ជំនួយ​តែ​ប៉ុណ្ណោះ។​

មន្រ្តី​ជាន់​ខ្ពស់​ទាំង​ពីរ​រូប​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក ​៣​ ឧសភា​ កាល​ពី​ថ្ងៃ​អង្គារ​ ក្រោម​ប្រធាន​បទ​«សារ​ព័ត៌មាន​ក្នុង​សម្ពាធ​ឌីជីថល» ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា​ នៅ​រាជ​ធានី​ភ្នំពេញ ​ក្រោម​កិច្ច​សហការ​រវាង​ក្រសួង​ព័ត៌មាន​និង​អង្គការ​យូណេស្កូ។​

លោក ​ខៀវ កាញារីទ្ធ​ថ្លែង​ថា​ កាល​ពី​កន្លង​ទៅ ​សមាគម​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ដែល​លើក​ឡើង​ថា​ សេរី​ភាព​សារ​ព័ត៌មាន​ធ្លាក់​ចុះ ​និង​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សារ​ព័ត៌មាន។​ លោក​រដ្ឋមន្រ្តី​បាន​ច្រាន​ចោល​របាយ​ការណ៍​ទាំង​នោះ​ ហើយ​ថា​ មិន​ត្រូវ​បាន​សរសេរ​ដោយ​អ្នក​សារ​ព័ត៌មាន​ ហើយ​ធ្វើ​ទៅ​តាម​តែ​ម្ចាស់​ជំនួយ។​ លោក​ជំរុញ​ឲ្យ​មាន​ការ​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ។​

លោក​ ខៀវ កាញារីទ្ធ​ ថ្លែង​ថា៖​ «អ៊ីចឹង​សូម​មេត្តា​របាយ​ការណ៍​ហ្នឹង​គឺ​ស៊ី​ឱ្យ​ជម្រៅ​តិច​ទៅ!​ ក្រសួង​ព័ត៌មាន​ស៊ី​ជ្រៅ​ជាង​រឿង​បញ្ហា​ហ្នឹង​ ព្រោះ​ក្រសួង​ព័ត៌មាន​ស្គាល់​អ្នក​កាសែត​ទាំង​អស់​ច្រើន​ជាង​អ្នក​សរសេរ​របាយ​ការណ៍»។​

លោក ​ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​នាយក​រដ្ឋមន្រ្តី ​និង​ជា​អនាគត​បេក្ខជន​នាយក​រដ្ឋមន្រ្តី​មួយ​រូប ​ដែល​ជា​អធិបតី​នៅ​ក្នុង​កម្មវិធី​នោះ ​បាន​ថ្លែង​ការពារ​ថា​ រដ្ឋាភិបាល​តែង​តែ​លើក​កម្ពស់​សេរីភាព​សារ​ព័ត៌មាន។​ លោក​បន្ត​ថា​ របាយ​ការណ៍​របស់​សមាគម​ការពារ​អ្នក​កាសែត​ដែល​និយាយ​អំពី​ការ​ធ្លាក់​ចុះ​ឬ​កើន​ឡើង​នៃ​សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​នោះ ​គឺ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​មួយ​ជ្រុង​ប៉ុណ្ណោះ។ ​ លោក​បន្ត​ថា​ ក្រុម​អង្គការ​ទាំង​នោះ​មាន​ពេល​វេលា​កំណត់​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ ​ ហើយ​ទិន្នន័យ​ដែល​ទទួល​បាន​ ក៏​មាន​កំណត់​ ដែល​នាំ​ឱ្យ​ការ​វិភាគ​ទិន្នន័យ​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ ​និង​មិន​សុក្រឹត។​

លោក​ ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖​«វា​សំខាន់​ទៅ​លើ​ស្ថានភាព​ជាក់​ស្តែង​របស់​យើង​...​[មាន​អ្នក​កាសែត]​៥​ពាន់​នាក់​ជាង​ ប្រជា​ពល​រដ្ឋ​១០​លាន​នាក់​ជាង​ មានអាយ​ហ្វូន ​មាន​ហ្វេសប៊ុក​ឆ្លង​ឆ្លើយ ​លម្ហ​ពេញ​ហ្នឹង។​ តើ​នេះ​ឬ​ជា​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ?»​

នេះ​ជា​លើក​ដំបូង​ដែល​លោក ​ហ៊ុន ម៉ាណែត​ ជា​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​បាន​ជួប​ជាមួយ​អ្នក​សារ​ព័ត៌មាន​ នៅ​ថ្ងៃ​ទិវា​សេរីភាព​សារ​ព័ត៌មាន។​ ប៉ុន្តែ​ក្នុង​ពិធី​នោះ ​លោក​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​សួរ​សំណួរ​ឡើយ។​

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​ខេមបូចា ​លោក​ ណុប វី​ ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ពិធី​នោះ ​និង​បាន​លើក​ឡើង​អំពី​ការ​រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ការ​សិក្សា​ស្រាវជ្រាវ​ណា​មួយ​ក៏​ដោយ​តែង​តែ​មាន​ចំណុច​ខ្វះ​ខាត​ និង​ទាន់​មិន​គ្រប់​ជ្រុង​ជ្រោយ។​ លោក​បន្ថែម​ថា​ បើ​សិន​ជា​លទ្ធផល​នៃ​ការ​សិក្សា​បង្ហាញ​ពី​ភាព​ជាក់​ស្តែង​ដែល​កំពុង​តែ​កើត​មាន​ឡើង​ក្នុង​សង្គម ​ វា​ពិត​ជា​មាន​តម្លៃ​សម្រាប់​ពិចារណា ​និង​ពិនិត្យ​មើល​ដើម្បី​រក​ដំណោះ​ស្រាយ​ ឬ​ក៏​ដាក់​ចេញ​ជា​វិធាន​ការ​ផ្សេងៗ។​

លោក​ថ្លែង​ថា៖​«រឿង​ទាក់​ទង​នឹង​ការ​អនុវត្ត​ការ​ងារ​ហ្នឹង ​វា​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​យក​លុយ​ពី​ម្ចាស់​ជំនួយ​ ដៃ​គូ​អភិវឌ្ឍន៍​ផ្សេងៗ។ ​ ខ្ញុំ​គិត​ថា ​អា​ទាំង​អស់​ហ្នឹង ​វា​មិន​មែន​ជា​បញ្ហា​ទេ។​ រឿង​បញ្ហា​សំខាន់​សួរ​ថា​ តើ​លទ្ធផល​នៃ​ការ​រក​ឃើញ​ លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ហ្នឹង​ វា​ពិត​ជា​បង្ហាញ​នូវ​អ្វី​ដែល​ជា​ចំណុច​ខ្វះ​ខាត​នៅ​ក្នុង​សង្គម​របស់​យើង​ដែរ​ឬ​ទេ?»​

លោក ​ណុប វី​ ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ទាំង​អស់​គួរ​តែ​ជួប​គ្នា​ជាមួយ​អ្នក​សារ​ព័ត៌មាន​ឱ្យ​បាន​ញឹក​ញាប់​ ដើម្បី​សិក្សា​ឈ្វេង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ពីព្រោះ​ថា​ អ្នក​កាសែត​ពិត​ជា​ដៃ​គូ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ប្រទេស។​

បើ​តាម​លោក​ ណុប វី​ ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ សេរី​ភាព​សារ​ព័ត៌មាន​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ធ្ងន់ធ្ងរ ​ ហើយ​លោក​ថា ​ក្នុង​ឆ្នាំ​២០២១ ​ករណី​ប្រឆាំង​ និង​យាយី​លើ​អ្នក​សារ​ព័ត៌មាន​ មាន​ជាង​៩០​នាក់​ ដែល​រួមមាន​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។​

ចំណែក​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ ​(CCIM)​ លោក​ អ៊ិត សូធឿត​ប្រាប់​វីអូអេ​ថា ​ការ​សិក្សា​ស្រាវជ្រាវ​ណា​ក៏​ដោយ​ក៏​មាន​កម្រិត​របស់​វា​ដែរ។​

លោក​ថា៖​«អ៊ីចឹង​ត្រឡប់​មក​វិញ​ រដ្ឋាភិបាល​គាត់​គួរ​តែ​ពិនិត្យ​មើល​របាយ​ការណ៍​នោះ​ឱ្យ​បាន​ច្បាស់​មុន​នឹង​ឆ្លើយ​តប​...​ទៅ​លើ​របាយ​ការណ៍​របស់​សង្គម​ស៊ីវិល​ ហើយ​យើង​ធ្វើ​នេះ​មិន​មែន​ថា​ ចេះ​តែ​ធ្វើ​ដោយ​អត់​មាន​មូលដ្ឋាន​ អត់​មាន​អី​ច្បាស់​លាស់​នោះ​ដែរ​ទេ»។​

គួរ​បញ្ជាក់​ថា​កន្លង​ទៅ​ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ធ្វើ​ការ​លើ​វិស័យ​សារ​ព័ត៌មាន​ បាន​ចេញ​របាយ​ការណ៍​ដែល​និយាយ​ពី​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​សារ​ព័ត៌មាន។​ នៅ​ក្នុង​នោះ ​ពួក​គេ​ក៏​បាន​បង្ហាញ​នូវ​កង្វល់​ផ្សេងៗ​ពី​ស្ថានភាព​សិទ្ធិ​សេរីភាព​នា​ពេល​បច្ចុប្បន្ន​ ដោយ​បង្ហាញ​ថា​ សារ​ព័ត៌មាន​មួយ​ចំនួន​ត្រូវ​ដក​អាជ្ញា​បណ្ណ​ផ្សព្វ​ផ្សាយ​ អ្នក​សារ​ព័ត៌មាន ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​ពី​ការ​គាប​សង្កត់​មិន​ឈប់​ឈរ​ និង​គោល​ការណ៍​រដ្ឋាភិបាល​មិន​អត់​ឱន​ចំពោះ​មតិ​រិះគន់៕

XS
SM
MD
LG