មន្ត្រីនេសាទនិងឆ្មាំសមុទ្រមកពីប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក វៀតណាម និងឥណ្ឌូណេស៊ីបានហាត់បច្ចេកទេសឡើងលើនាវានិងចាប់ខ្លួនក្នុងវគ្គបណ្តុះបណ្តាលអំពីការអនុវត្តច្បាប់ដែនសមុទ្ររួមគ្នាមួយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភា្នក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ដែលយោងលើការបញ្ជាក់របស់ស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន។
វគ្គបណ្តុះបណ្តាលរយៈពេល ២ សប្តាហ៍នៅលើកោះ Mindanao ប៉ែកខាងត្បូងរបស់ហ្វីលីពីននេះបានធ្វើឡើងនៅក្នុងផ្នែកមួយនៃកិច្ចប្រឹងប្រែងថ្នាក់តំបន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ស្របពេលការភ័យខ្លាចអំពីជម្លោះដែនសមុទ្រជាមួយចិនកើនឡើង។
ការប៉ះទង្គិចគ្នាឬស្ថានភាពប្រឈមមុខដាក់គ្នាដ៏តានតឹងបានកើតឡើងជាញឹកញាប់រវាងនាវាហ្វីលីពីននិងនាវាចិនលើផ្លូវទឹកយុទ្ធសាស្ត្រ ហើយកាលពីពេលថ្មីៗនេះក៏មានឧប្បត្តិហេតុកើតឡើងពាក់ព័ន្ធនឹងនាវាវៀតណាមនិងនាវាឥណ្ឌូណេស៊ីផងដែរ។
មេបញ្ជាការកងឆ្មាំសមុទ្រហ្វីលីពីនប្រចាំភាគអាគ្នេយ៍តំបន់ Mindanao លោក Rejard V. Marfe បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយស្ថានទូតអាមេរិកថា៖ «យើងទាំងអស់គ្នាសូមបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់យើងក្នុងការធានាថាអធិបតេយ្យដែនសមុទ្ររបស់យើងនៅតែជាតំបន់សន្តិភាព សុវត្ថិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា»។
លោក Marfe បានហៅវគ្គបណ្តុះបណ្តាលពីថ្ងៃទី ១៣ ដល់ទី ២៤ ខែមករាកន្លងទៅនេះថា«មានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការធានាថាយើងមានឧបករណ៍កាន់តែប្រសើរក្នុងការដោះស្រាយការគំរាមកំហែងដែនសមុទ្រ» ទោះបីជាសេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ចំឈ្មោះប្រទេសចិនក៏ដោយ។
វគ្គហ្វឺកហ្វឺននេះគ្របដណ្តប់បច្ចេកទេសឡើងលើនាវានៅសមុទ្រ ច្បាប់សមុទ្រ ការប្រមូលនិងរក្សាភ័ស្តុតាង សុវត្ថិភាពនិងការកាត់បន្ថយហានិភ័យ និងបច្ចេកទេសចាប់ខ្លួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នេះ៕
វេទិកាបញ្ចេញមតិ