ប្រទេសជប៉ុននិងម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានចុះកិច្ចព្រមព្រៀងជំនួយផ្នែកសន្តិសុខ រួមមានទាំងជំនួយឥតសំណងមានទឹកប្រាក់ ៤០០លានយេន ស្មើនឹង ២.៨លានដុល្លារ ដើម្បីបង្កើនសន្តិសុខផ្លូវនាវាចរណ៍របស់ម៉ាឡេស៊ី។ កិច្ចព្រមព្រៀងនេះធ្វើឡើង ស្របពេលដែលប្រទេសនៅតំបន់អាស៊ីទាំងពីរនេះព្យាយាមទប់ទល់ជាមួយចិន ដែលកំពុងមានភាពក្រអឺតក្រទមកាន់តែខ្លាំង។
ជប៉ុននឹងផ្ដល់សម្ភារៈ ដូចជាកប៉ាល់ជួយសង្គ្រោះនិងឧបករណ៍ផ្សេងទៀតតាមរយៈកិច្ចព្រមព្រៀងផ្ដល់ជំនួយផ្លូវការផ្នែកសន្តិសុខ ដែលត្រូវបានចុះហត្ថលេខារវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ នៅទីក្រុងតូក្យូ នៅក្នុងជំនួបដាច់ដោយឡែកមួយដែលធ្វើឡើងក្នុងពិធីប្រារព្ធខួប ៥០ ឆ្នាំ នៃទំនាក់ទំនងជប៉ុនជាមួយនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬដែលហៅកាត់ថា អាស៊ាន។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្វាគមន៍ការដំឡើងទំនាក់ទំនងរវាងជប៉ុននិងម៉ាឡេស៊ីដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសជប៉ុន តាមរយៈសេចក្ដីថ្លែងការណ៍មួយ។
ម៉ាឡេស៊ីនិងសមាជិកអាស៊ានផ្សេងទៀតដូចជា ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី និងព្រុយណេ បានទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូងដែលមានជម្លោះជាមួយចិន ដែលបានទាមទារផ្លូវទឹកនេះស្ទើរតែទាំងអស់ដែលជាផ្លូវនាវាចរពាណិជ្ជកម្មមានទឹកប្រាក់ប្រចាំឆ្នាំជាង ៣ពាន់លានលានដុល្លារ។ តុលាការសម្របសម្រួលអន្តរជាតិបានកាត់សេចក្តីកាលពីឆ្នាំ ២០១៦ ថា ការទាមទាររបស់ចិនគ្មានមូលដ្ឋានផ្លូវច្បាប់នោះទេ។
កាលពីសប្ដាហ៍មុន ចិននិងជប៉ុនបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភលើផ្លូវសមុទ្រ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងឆ្មាំការពារដែនសមុទ្រនៃប្រទេសទាំងពីរនៅក្នុងដែនទឹកជុំវិញកោះមួយចំនួន ដែលពួកគេបានទាមទារនៅក្នុងសមុទ្រចិនខាងកើត។
ការផ្ដល់ជំនួយរបស់ជប៉ុនដល់ម៉ាឡស៊ីកើតមាន បន្ទាប់ពីកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងជាមួយប្រទេសហ្វីលីពីននិងបង់ក្លាដែស នៅឆ្នាំនេះ ហើយវាក៏ជាផ្នែកមួយនៃផែនការរបស់ជប៉ុនដែលបានប្រកាសកាលពីខែមេសា ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ពួកគេ។
នៅក្នុងជំនួបកំពូលរយៈពេលបីថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ ជប៉ុនបានស្នើផ្ដល់ការគាំទ្រដល់សមាជិកអាស៊ានដើម្បីបង្កើនកម្រិតតួនាទីរបស់ពួកគេ ក្នុងនាមជាតួអង្គអន្តរជាតិនិងជួយបណ្ដាប្រទេសទាំងនេះក្នុងការពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសឯទៀត រួមមានទាំងចិនផងដែរ។ នេះបើតាមមន្ត្រីមួយរូបនៃក្រសួងការបរទេសជប៉ុន។
នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida ក៏មានផែនការជួបដាច់ដោយឡែកជាមួយមេដឹកនាំនៃបណ្ដាប្រទេសអាស៊ានទាំងអស់ រួមមានទាំងកម្ពុជា សិង្ហបុរី ថៃ ឡាវ និងទីម័រខាងកើតផងដែរ៕
ប្រែសម្រួលដោយ នៀម ឆេង