ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​ធ្វើ​សមយុទ្ធ​កងទ័ព​ជើងទឹក​ជាមួយ​សម្ព័ន្ធមិត្ត ចំ​ពេល​មាន​ភាព​តានតឹង​នៅក្នុង​តំបន់


ឆ្មាំរសមុទ្រ​ហ្វីលីពីន ត្រៀម​ខ្លួន​ចត​នាវា​នៅ​ខេត្ត Palawan កាលពីថ្ងៃទី​១៥ កញ្ញា ឆ្នាំ២០២៤។
ឆ្មាំរសមុទ្រ​ហ្វីលីពីន ត្រៀម​ខ្លួន​ចត​នាវា​នៅ​ខេត្ត Palawan កាលពីថ្ងៃទី​១៥ កញ្ញា ឆ្នាំ២០២៤។

កងទ័ព​នៃ​ប្រទេស​ហ្វីលីពីន សហរដ្ឋ​អាមេរិក និង​ប្រទេស ៤ ទៀត បាន​ចាប់ផ្តើម​សមយុទ្ធ​កងទ័ព​ជើងទឹក​រួមគ្នា​កាលពី​ថ្ងៃ​ចន្ទ​នៅឯ​សមុទ្រ​នៃ​កោះ Luzon នៅ​ភាគ​ខាងជើង​ហ្វីលីពីន​ទល់​មុខ​នឹង​កោះ​តៃវ៉ាន់​ដើម្បី​បង្ហាញ​កម្លាំង​ជើងទឹក ចំ​ពេល​មាន​ភាព​តានតឹង​កើនឡើង​ជាមួយ​ចិន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

សមយុទ្ធ​ឆ្នាំ​នេះ​ដែល​មាន​ឈ្មោះ​ថា «Sama Sama» ឬ​មាន​ន័យ​ថា «ទាំងអស់​គ្នា» មាន​វត្តមាន​ចូលរួម​ពី​ពល​ទាហាន​ជើងទឹក​ជិត ១.០០០ នាក់​មកពី​ប្រទេស​អូស្ត្រាលី កាណាដា បារាំង ជប៉ុន សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន។ សមយុទ្ធ​នេះ​គឺ​ជា​ការ​ហ្វឹកហ្វឺន​ដ៏​តានតឹង​ដែល​ផ្តោត​លើ​តាក់តិច​សង្គ្រាម​ប្រឆាំង​នាវា​មុជទឹក ប្រឆាំង​ការ​វាយ​ប្រហារ​លើ​ផ្ទៃទឹក​និង​ពី​លើ​អាកាស។

លោក​ឧត្តមនាវីទោ Todd Cimicata នៃ​សហរដ្ឋ​អាមេរិក បាន​ថ្លែងប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​កំពង់ផែ Subic នៅ​ខាង​លិច​ទីក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន​ថា ការ​កសាង​ភាព​ជា​ដៃគូ​ជាមួយ​សម្ព័ន្ធមិត្ត​សំខាន់ៗ​បាន​បង្កើត​នូវ «ឥទ្ធិពល​ទប់ស្កាត់» ប៉ុន្តែ​ថា​សមយុទ្ធនេះ​មិន​បាន​ដៅ​លើ​ប្រទេស​ណាមួយ​ទេ។

សមយុទ្ធ​រយៈពេល ៩ ថ្ងៃ​នេះ​នឹង​ប្រមូល​ផ្តុំ​គ្នា​នូវ​នាវា​ចម្បាំង​បំពាក់​ក្បាល​គ្រាប់​មីស៊ីល​ប្រភេទ Arleigh Burke របស់​កងទ័ព​ជើង​ទឹក​អាមេរិក នាវា​ចម្បាំង HMCS Vancouver ប្រភេទ Halifax និង​ឧទ្ធម្ភាគចក្រ​ម៉ាស៊ីន​ភ្លោះ CH-148 របស់​កាណាដា យន្តហោះ​ប្រភេទ Shin Maywa US-2 ដែល​អាច​ចុះចត​និង​ហោះ​ឡើង​ពី​លើ​ផ្ទៃ​ទឹក​បាន​និង​យន្តហោះ​ល្បាត​លំហ​សមុទ្រ Kawasaki P-1 របស់​ជប៉ុន និង​នាវា​ចម្បាំង​ហ្វីលីពីន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG