ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ហ្វីលីពីន​ថា ហ្វីលីពីន​ត្រូវ​ត្រៀម​ខ្លួន​ទប់ទល់​នឹង​ការ​គំរាម​កំហែង​កើន​ឡើង​ពី​ខាង​ក្រៅ


រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីនលោក Ferdinand Marcos Jr. ថ្លែង​សុន្ទរកថានៅក្នុង​សន្និសីទសន្តិសុខ Shangri-La Dialogue នៅប្រទេស​សិង្ហបុរី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីនលោក Ferdinand Marcos Jr. ថ្លែង​សុន្ទរកថានៅក្នុង​សន្និសីទសន្តិសុខ Shangri-La Dialogue នៅប្រទេស​សិង្ហបុរី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. បាន​និយាយ​ថា ហ្វីលីពីន​គួរតែ​ត្រៀមខ្លួន​សម្រាប់​យថាហេតុ​ណាមួយ​ ដោយសារ​ភាព​តានតឹង​កើនឡើង​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ទាក់ទិន​នឹង​ការ​ទាមទារ​អធិបតេយ្យភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក៏​ដូចជា​បញ្ហា​សន្តិសុខ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ប្រទេស​ហ្វីលីពីន​បាន​ប៉ះ​ទង្គិច​ជា​យូរ​មក​ហើយ​ជាមួយ​នឹង​ប្រទេស​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ប៉ុន្តែ ចម្ងាយ​របស់​ប្រទេស​នេះ​ដែល​ស្ថិត​នៅ​ជិត​តៃវ៉ាន់​ក៏​ធ្វើ​ឱ្យ​ចិន​ចាប់អារម្មណ៍​លើ​ហ្វីលីពីន​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Marcos ដែល​ថ្លែង​ប្រាប់​ទាហាន​ហ្វីលីពីន​នៅ​ជំរំ​យោធា​មួយ​កន្លែង​ក្នុង​ខេត្ត Isabela នៅ​ក្នុង​តំបន់ Cagayan នៅ​ភាគ​ខាង​ជើង​ប្រទេស​ហ្វីលីពីន ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​កោះ​តៃវ៉ាន់។

ចិន​អះអាង​ថា ​តៃវ៉ាន់​គឺជា​ដែនដី​របស់​ខ្លួន និង​មិន​ដែល​ទាត់ចោល​ការ​ប្រើ​កម្លាំង​ដើម្បី​ដណ្ដើម​គ្រប់គ្រង​កោះ​តៃវ៉ាន់​នោះទេ។ តៃវ៉ាន់​ច្រានចោល​ការ​អះអាង​របស់​ចិន​នេះ​និង​ថា​មានតែ​ប្រជាជន​តៃវ៉ាន់​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​អំពី​អនាគត​របស់​តៃវ៉ាន់​បាន។ ជនជាតិ​ហ្វីលីពីន​ជាង ១៥០.០០០ នាក់​ រស់នៅ​តៃវ៉ាន់​នៅ​ពេល​បច្ចុប្បន្ន​នេះ។

លោក Marcos បាន​ប្រាប់​ទាហាន​ហ្វីលីពីន​កាលពី​ថ្ងៃ​ទី ១០ ខែ​មិថុនា​ថា៖ «ការ​គំរាមកំហែង​ខាងក្រៅ​ឥឡូវ​នេះ​គឺ​កាន់តែ​ខ្លាំងឡើង​និង​កាន់តែ​គួរឱ្យ​ព្រួយ​បារម្ភ។ ហេតុនេះហើយ​យើង​ត្រូវតែ​ត្រៀម​ខ្លួន»។

កាលពី​ឆ្នាំ​មុន លោក Marcos បាន​ផ្ដល់​សិទ្ធិ​ដល់​កងទ័ព​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្រើប្រាស់​មូលដ្ឋាន​យោធា​ក្នុង​ចំនួន​ស្ទើរតែ​ទ្វេដង​នៅ​ចំ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ ទាក់ទិន​នឹង​សកម្មភាព​កើនឡើង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​ភាព​តានតឹង​ទាក់ទិន​នឹង​តៃវ៉ាន់។

ចិន​បាន​បញ្ជាក់​ថា ការ​ពង្រីក​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នេះ​គឺ​ជា «ការ​បំពក់​ភ្លើង​ឱ្យ​កាន់តែ​ខ្លាំងឡើង»។

យោធា​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​រយៈពេល​ពីរ​ថ្ងៃ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ខែ​ឧសភា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សមយុទ្ធ​សាកល្បង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ «ដណ្ដើម​អំណាច» និង​ត្រួតត្រា​លើ​តំបន់​សំខាន់ៗ​ផងដែរ។

លោក Marcos បាន​ប្រាប់​ទាហាន​ហ្វីលីពីន​ដោយ​សង្កត់ធ្ងន់​អំពី​តម្រូវការ​នៅក្នុង​ការ​ពង្រឹង​សមត្ថភាព​ការពារ​ខាងក្រៅ​ថា៖ «ឥឡូវ​នេះ អ្នក​មាន​បេសកកម្ម​ពីរ ដោយ​ពី​មុន​មានតែ​មួយ​ប៉ុណ្ណោះ​ដែល​នោះ​គឺ​សន្តិសុខ​ផ្ទៃក្នុង»។

លោក Marcos បាន​និយាយ​ថា ហ្វីលីពីន​មិន​មែន​ព្យាយាម​ដើម្បី​គូស​ផែនទី​ទឹកដី​ឡើង​វិញ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​រួម​ទាំង​តំបន់​សមុទ្រ​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ខ្លួន​នោះទេ និង​ថា ខ្លួន​តាំងចិត្ត​នៅក្នុង​ការ​ការពារ​ខ្លួន​ខណៈ​ដែល​ខ្លួន​ប្រឡូក​នៅក្នុង​ផ្នែក​ការទូត៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG